កុំភ្លេចសាកល្បងចំណុចសំខាន់ៗទាំងនេះ ដើម្បីបង្កើនការលក់ផលិតផលឲ្បយបានកាន់តែកើនឡើងខ្ពស់!
ក្រុមហ៊ុនមួយអាចបន្តជីវិតទៅបាន លុះត្រាតែមានផលិតផល ឬ សេវាកម្មរបស់ខ្លួន ទទួលបានការពេញនិយមនៅលើទីផ្សារ។ ដូច្នេះហើយ គេអាចនិយាយបានថា ការលក់ផលិតផល ឬ សេវាកម្មជារឿងសំខាន់បំផុត ព្រោះពេលខ្លះទោះបីជាមានផលិតផល ឬ សេវាកម្មល្អក្តី តែបើជំនាញលក់នៅខ្សោយ ក៏ធ្វើឲ្យអត្រានៃការលក់ខ្សោយដែរ។ ដើម្បីឲ្យការលក់ផលិតផលរបស់អ្នកមានការកើនឡើងខ្ពស់ គួរកុំភ្លេចចំណុចសំខាន់ៗទាំងនេះ៖
១) មានភាពរួសរាយរាក់ទាក់ និង ផ្តល់តម្លៃដល់អតិថិជន
បើទោះបីជា អតិថិជនជាអ្នកមាន ឬ អ្នកក្រក្តី គឺពួកគេត្រូវតែទទួលបាននូវការស្វាគមន៍យ៉ាងរាក់ទាក់បំផុត។ វាជាចំណុចសំខាន់មួយដែលមិនអាចមើលរំលងបាន ព្រោះអតិថិជនទាំងនោះ មានលុយមកទិញទំនិញ ឬ សេវាកម្មរបស់អ្នក មិនមែនមកសុំទទេនោះឡើយ។ ការធ្វើបែបនេះ នឹងធ្វើឲ្យអតិថិជនមានអារម្មណ៍ថា សប្បាយចិត្ត ហើយក៏ឆាប់ទិញផលិតផលរបស់អ្នកផងដងដែរ។
២) ណែនាំអំពីរបៀបប្រើប្រាស់ឲ្យច្បាស់
ប្រសិនបើ ផលិតផលមានលក្ខណៈស្មុគស្មាញក្នុងការប្រើប្រាស់ ជាពិសេសផ្នែកបច្ចេកវិទ្យា អ្នកត្រូវតែផ្តល់ការណែនាំលម្អិតដល់អតិថិជន ព្រោះនេះជាការផ្តល់នូវទំនុកចិត្តដល់ពួកគេក្នុងការប្រើប្រាស់។ ការធ្វើបែបនេះ នឹងធ្វើឲ្យអតិថិជនយល់ឃើញថា ក្រុមហ៊ុនរបស់អ្នកបានផ្តល់ព័ត៌មានច្បាស់លាស់ ហើយក៏ចង់បន្តប្រើប្រាស់ផលិតផលរបស់អ្នកទៀតដែរ។
៣) ព្យាយាមស្តាប់យោបល់របស់អតិថិជន
ដើម្បីដឹងថា ផលិតផល ឬ របស់អ្នកមានបញ្ហាអ្វីខ្លះនោះ អ្នកគួរតែព្យាយាមស្តាប់មតិរបស់អតិថិជនឲ្យបានច្រើន ទោះបីជាពេលខ្លះពួកគេនិយាយអ្វីដែលអ្នកមិនចង់ស្តាប់ក៏ដោយ។ ការបើកចិត្តឲ្យទូលាយដើម្បីទទួលយករាល់មតិនេះ អាចជួយឲ្យអ្នកដឹងថា គួរពង្រឹងផលិតផល ឬ សេវាកម្មរបស់អ្នកឲ្យប្រសើរដោយវិធីណា។
៤) ផ្សព្វផ្សាយឲ្យបានច្រើន
បើទោះបីជា អ្នកមានផលិតផល ឬ សេវាកម្មល្អប៉ុណ្ណាក៏ដោយ តែបើអ្នកមិនផ្សាយឲ្យគេដឹង នោះគ្មានថ្ងៃដែលមានគេស្គាល់នោះឡើយ។ ដូច្នេះហើយ អ្នកត្រូវតែផ្សព្វផ្សាយឲ្យបានច្រើន ជាពិសេសនៅលើបណ្ដាញសង្គម ព្រោះបច្ចុប្បន្ននេះកំណើនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើងខ្លាំងណាស់៕
ដោយ៖ រតនា វិចិត្រ
ប្រភព៖ www.briantracy.com