​​ចំណុច​គោល​​ទាំង​៥​​ ​​ដែល​​អ្នក​ត្រូវ​​​​គិត​​​​ឲ្យ​ច្បាស់​​សិន​ ​​មុន​ពេល​សម្រេច​​ចិត្ត​រក​ស៊ី​ ​ដើម្បី​កុំ​ឲ្យ​​​​​​មាន​វិប្បដិសារី​​ធ្ងន់ធ្ងរ​ថ្ងៃ​ក្រោយ​​



​​ថ្វីត្បិត​តែ​ ​គោល​ដៅ​នៃ​ការ​រកស៊ី​​គឺ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន ​និង ​​រីកចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នោះ ​តែ​វា​មិន​មែន​ជា​​រឿង​ងាយ​ឡើយ ​​ហើយ​មាន​មនុស្ស​ក៏​មិន​តិច​ដែរ​ ​ដែល​បរាជ័យ​​ហើយ​បាក់ស្បាត​ និង ​មាន​វិប្បដិសារី​​ដោយសារតែ​ការ​រកស៊ី​​បរាជ័យ​។ ​ដូច្នេះ​ហើយ​ដើម្បី​បញ្ចៀស​បញ្ហា ​អ្នក​គួរ​ត្រៀម​ខ្លួន​​ឲ្យ​រួចរាល់​​សិន​៖​​

១) ​​បទពិសោធន៍​​ ​និង ​ជំនាញ​៖​

សូម​កុំ​គិត​ថា ​ការងារ​រក​ស៊ី​ងាយ​ស្រួល​ដូច​ការ​គិត​​ឲ្យ​សោះ ​ព្រោះ​បើ​មិន​មាន​បទពិសោធន៍ ​និង ជំនាញ​ច្បាស់លាស់​នោះ​ទេ ​គឺ​​ប្រៀប​ដូច​ជា​យក​លុយ​ទៅ​​ចាក់ចោល​អ៊ីចឹង​។ ​ដូច្នេះ​ហើយ​ចំណុច​សំខាន់​​ដែល​អ្នក ​ត្រូវ​តែ​​​​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​នោះ ​​ថា​តើ​ខ្លួន​មាន​បទពិសោធន៍ ​​និង ជំនាញ​ផ្នែក​​អាជីវកម្ម​នោះ​ហើយ​ឬ​នៅ​ ​ដើម្បី​កុំ​ឲ្យ​​ស្ដាយ​ក្រោយ ​និង បាក់ស្បាត​ថ្ងៃ​ក្រោយ​​​​។​

​២) ​​​​​ដើមទុន​៖

បើ​មាន​តែ​គំនិត​ និង បទពិសោធន៍​​ តែ ខ្វះ​ដើម​ទុន​នោះ​​ក៏​មិន​ស្រួល​ដែរ ​​ព្រោះ​ក្នុង​ពេល​ដំណើរ​ការ​អាជីវកម្ម​នោះ ​គឺ​តែងតែ​មាន​ការ​ចំណាយ​​ ​ជា​ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ៗ​ គឺ​​ពិបាក​ក្នុង​ការ​រក​ចំណូល​ខ្លាំង​ណាស់​។ ​​​ត្រូវ​តែ​សន្សំ​ឬ ​រក​វិធី​យ៉ាងណា​ដើម្បី​ប្រាកដ​ថា ដើម​ទុន​របស់​អ្នក​គឺ​សម​រម្យ ​ដើម្បី​អាច​ដំណើរការ​​ ​និង ​អាច​ទប់ទល់​ក្នុង​រយៈពេល​​មួយ​ដែល​មិន​ទាន់​រក​ចំណូល​បាន​។​

៣) ​​ផលិតផល​ ​ឬ សេវាកម្ម​ដែល​ថ្មី ​ឬ ​​ប្លែក​ពី​គេ​

​ក្នុង​ជំហាន​ក្នុង​ការ​រកស៊ី ​​និង ការ​ដើរ​ចូល​ក្នុង​ទីផ្សារ​នោះ ​វា​ទាមទារ​ឲ្យ​មាន​ផលិតផល​ ឬ​សេវាកម្ម​ដែល​ថ្មី ​និង ប្លែក​​ពិសេស​ជាង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ​ដើម្បី​ទាក់ទាញ់​ការ​ចាប់អារម្មណ៍​របស់​អតិថិជន​។ ​បើ​អ្នក​មិន​ទាន់​​រក​ឃើញ​ទេ ​​ហើយ​គ្រាន់​តែ​ចង់​រកស៊ី​ដែល​ចម្លង​តាម​គេ​ទាំង​ស្រុងនោះ​​ប្រាកដ​ជា ​ងាយ​នឹង​បរាជ័យ​ខ្លាំង​ណាស់​។

៤) ​ការ​អត់ធ្មត់​៖

ដូច​ដែល​បាន​លើក​ឡើង​ហើយ​ថា ​ការ​រក​ស៊ី​មិន​ចេះ​តែ​ស្រួល​ដូច​ការ​គិត​នោះ​ឡើយ​ ​ដូច្នេះ​ហើយ ​ត្រូវ​តែ​រៀន​អត់ធ្មត់ ​និង តស៊ូ​ឲ្យ​ខ្លាំង​បំផុត ​ទើប​អាច​ជោគជ័យ​។ ​មនុស្ស​ជាច្រើន​​ជ្រួលជ្រើម​ចង់​រក​ស៊ី​ខ្លាំង​ណាស់ ​ប៉ុន្តែ​នៅ​ពេល​ជួប​ការ​លំបាក​បន្តិចបន្តួច​ ​ក៏​បាក់ទឹកចិត្ត ហើយ​សម្រេច​ចិត្ត​បោះបង់​ទៅវិញ​។

៥) ​ត្រៀម​ចិត្ត​ឲ្យ​បាន​ប្រសិន​បើ​បរាជ័យ​៖

វា​ជា​ចំណុច​សំខាន់​បំផុត​មួយ​ដែល​ ​អ្នក​ត្រូវ​តែ​គិត​ និង ត្រៀម​ខ្លួន​ឲ្យ​ហើយ ​ព្រោះ​ថា ​​អ្វីៗ​គឺ​មិន​អាច​មើល​ដឹង​នោះ​ឡើយ​។ ដូច្នេះ​​បើ​បរាជ័យ​មែន អ្នក​ត្រូវ​គិត​ថា ​វា​ជា​បទពិសោធន៍​សំខាន់​មួយ​សម្រាប់​ជីវិត​ ​​ដើម្បី​រក​ឃើញ​ផ្លូវ​ជោគជ័យ​នៅ​ថ្ងៃ​ក្រោយ​។ បើ​អ្នក​មិន​ត្រៀម​បែបនេះ​ទេ ​អ្នក​នឹង​បាក់ស្បាត​នៅ​ថ្ងៃ​ក្រោយ​ពេល ​ហើយ​លែង​ចង់​ធ្វើ​អ្វី​ទៀត​ហើយ​៕

ដោយ​៖ អ៊ុន ​ភក្តី​

X
5s