មកស្គាល់ startup ទាំង ៥ របស់សឹង្ហបុរីដែលកំពុងជួយដោះស្រាយបញ្ហាសង្គមយ៉ាងច្រើន​



ផ្នែក​មួយ​ដែល​ជួយឲ្យ​អាជីវកម្ម​​ទទួល​បាន​ជោគជ័យ​នោះគឺ​ការយល់ពី​ពេល​ដែល​ត្រូវ​ដំណើរ​ការ​អាជីវកម្ម​ (បើក​អាជីវកម្ម​ចំពេល​វេលាដែល​មាន​តម្រូវ​ការ​) បូកជាមួយនឹងគំនិត​ច្នៃ​ប្រឌិត​ខ្ពស់។ ពេលអ្នក​ដឹង​ច្បាស់​ពី​តម្រូវ​កា​រនៅ​ក្នុង​សង្គម​ ហើយ​មានគំនិត​ឆ្នៃប្រឌិតខ្ពស់ថែមទៀតនោះ ​នោះអ្នកអាចបម្លែងតម្រូវកា​រនោះ​ឲ្យ​ទៅប្រយោជន៍​សម្រាប់សង្គមបាន។

លោក Mark Lim អ្នកគ្រប់​គ្រង​ផ្នែកឌីជីថល​តិច​ណូ​ឡូ​ជីនៅក្រុម​ហ៊ុន​វិនិយោគ​​​ Temasek មាន​ស្នាក់​ការ​កណ្តាល​ក្នុ​ងប្រទេស​សឹង្ហ​បុរី​បាន​លើក​ឡើង​ថា ពេល​ខ្លះ​គំនិត​ល្អ​ៗ​​ក្នុ​ង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​កើ​ត​មានក្នុងសង្គមមានភាពចាំបាច់ខ្លាំងណាស់ ហើយ​យើងសង្កេតឃើញ​ថា​ Startup កំពុ​ង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​សព្វ​ថ្ងៃ​នេះ​

ខាង​ក្រោម​នេះ​ ជា​គំនិត​អាជីវកម្ម startup ​ថ្មីៗចំនួន​ ៥ នៅ​ក្នុ​ងប្រទេស​សឹង្ហ​បុរី​ ហើយ​ភាគច្រើន​បង្កើត​ឡើង​ដោយ​យុវជន​ដែ​ល​មាន​អាយុ​តិច ហើយ​ត្រូវ​បានគេ​កត់​សំគាល់​ថា​ បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្នុ​ងសង្គម​បាន​ច្រើន​៖

១) Mind Palace
ជា​ប្រភេទ​ startup មួយ​ដែល​អាចជួយ​ដល់ចាស់​ជរា​។ សាក​ស្រ​មៃ​ថាអាយុ​កាន់​តែ​ជ្រេទៅ​ អ្នក​ត្រូវ​​រស់​នៅ​ក្នុង​បរិយាកាស​មួយ​ដែល​អ្នក​ចាំបាច់​ត្រូវ​កា​អ្នក​មើល​ថែ​ទាំ ចាំ​ប្រាប់​ថាដល់​ពេល​ញ៉ាំ​បាយ ដល់​ពេល​គេង អ្នក​ត្រូវ​ទៅ​នេះឬទៅ​នោះ​ មិនខុស​ទេ​គឺ​ការ​រស់​នៅ​ក្នុង​មមណ្ឌល​ចាស់​ជរា​ គ្មាន​កូន​ចៅ​ សាច់​ញាត្តិ​នៅ​កំដរ​អ្នក​ងាយ​នឹង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ខ្លាំង​បំផុត។ ដូច​នេះ Eugene Soh ដែល​ជា​ស្ថាបនិក​ Mind Palace បាន​រក​ដំណោះ​ស្រាយ​សម្រាប់មនុស្ស​ចាស់​ក្នុ​ងសង្គម​ដោយ​បង្កើត​ App មួយ​ដែលរស់នៅក្នុងតិច​ណូ​ឡូជី​នៃ​ការពិតនិម្មិត virtual reality (VR) Technology។ ទោះ​ជា​ជន​ចាស់​ជរា​រស់​នៅក្នុង​មណ្ឌល​ចាស់​ជរាក៏​ពិត​មែន​តែ​គាត់​មិន​ឯកាទេ ដោយ​ប្រើ​កាស VR ជជែក​កំសាន្ត​ជា​មួយ​មិត្ត​ភក្តិជាដើម។ មិន​ត្រឹម​តែ​អ្នក​ដែល​មាន​វ័យ​ចំ​នាស់​ទេ​ដែល​អាច​ប្រើ​សេវាកម្មនេះ​បាន​ ទោះ​មនុស្ស​វ័យ​កណ្តាល​ដែល​គិត​ថា​ខ្លួន​ឯង​ឯកោ ឬ​ឆាប់​មានជំងឺបាក់​ទឹក​ចិត្ត​ក៏អា​ច​ប្រើ​ App នេះ​បាន​ដែរ។

២) The Kint Sotry
គិត​ត្រឹម​ឆ្នាំ ២០១៨ សឹង្ហ​បុរី​បានធ្វើ​ការបោះ​ចោល​សំ​លៀក​បំពាក់​ គ្រឿង​វា​យ​ន​ភណ្ឌ​ និង​ផលិត​ផល​ផលិត​ពី​ស្បែក​សុទ្ធ​ប្រមាណ ២១៩,៨០០តោន​ ហើយ​ក្នុង​នោះ​មាន​តែ ៦%​ ប៉ុណ្ណោះ​ត្រូវបាន​យក​មក​កៃ​ច្នៃ ឬ​ប្រើ​ប្រាស់​ឡើង​វិញ។ ជា​ទូទៅ គេ​ចា​ត់​ទុក​សឹង្ហ​បុរី​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ក្នុង​ការ​បោះ​ចោល​ នូវសំលៀក​បំពាក់ ឬ​ផលិត​ផល​ប្រើ​ប្រាស់​នានា​ដោយ​គ្រាន់​តែ​ប្រើ​បាន​ម្តង​ទៅពីរដង​ប៉ុណ្ណោះ ទោះ​ជា​ផលិត​ផល​នោះ​វា​ជា​ផលិត​ផល​ល្អ​កម្រិ​តណាក៏​ដោយ​។ Yushu Huang បាន​រក​ឃើញ​គំនិត​អាជីវកម្ម​ startup មួយជាមួយ​មិត្ត​របស់​គេ​គឺ​ Elisa Goh ដោយ​បាន​ដាក់​ឈ្មោះ​ឲ្យ​អាជីវកម្ម​របស់ខ្លួន​ថា ហាងសន្សំ​សំចៃអន​ឡាញ។ ហាង​របស់​គាត់​មានលក់​សំលៀក​បំពាក់​មួយ​ទឹក​ ដែល​​សម្រាំង​យក​ Fashion ល្បីៗ ក្នុង​នោះ​ក៏មានរបស់​ម្ចាស់​ហាង​ដែរ។ ​អាជីវកម្ម​មួ​យ​នេះ​ត្រូវ​បាន​បំផុ​សគំនិត​ឡើង​នៅ​ដើម​ឆ្នាំ ២០១៩​ នេះប្រតិ​បត្តិ​ការ​នៅក្នុង​ប្រទេសសឹង្ហ​បុរី ហើយ​នៅ​ពេល​អនាគត​ពួកគេ​មាន​បំណង​ពង្រីក​ខ្លួនឲ្យ​ដូច​ផ្សិត​​ទៅ​កាន់​ទី​ផ្សារ​ក្រៅ​ប្រទេស​ទូទាំង​ប្រទេស​ក្នុង​តំបន់​ងអាស៊ី​អាគ្នេយ៍ ក៏​ដូចជា​បណ្តា​ប្រទេស​ដទៃ​ទៀត។

៣) Bridge
ការ​ទូ​ទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និចគឺ​ធ្វើ​ឡើង​ស្ទើរ​គ្រប់​កន្លែង​ក្នុង​ប្រទេស​សឹង្ហ​បុរី ដែល​គិត​ចាប់​ពី​អ្នក​ដែល​​មានជីវភាពទាប ដល់​អ្នក​ដែល​មានជីវភាពខ្ពស់​តែម្តង។ ​​តែទោះ​ជា​យ៉ាង​ណា​ការ​ដែល​ឈាន​ទៅរក​កម្រិត​មួយ​មិន​ប្រើ​ប្រាស់​សាច់​ប្រាក់​សុទ្ធ​ក្នុ​ងទីផ្សារវា​មិន​ជា​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​ក្មេង​ជំទង់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនសប្បាយ​ចិត្ត។

Rafael Soh វ័យ​ ១៥ ឆ្នាំជាសិស្ស​នៅ​អនុវិទ្យា​ល័យ​មួយ​គិត​ថា​គេ​នឹង​ធ្វើ​កា​រផ្លាស់​ប្តូរ​វា​។ រួម​ជាមួយ​មិត្ត​រួម​ថា្នក់​បីនាក់​ទៀត​បាន​សម្រេច​គ្នា​បង្កើត​ផ្លេត​ហ្វម​នៃ​ការ​ទូទាត់​តាម​ទូរស័ព្ទ​ដៃមាន​ឈ្មោះ​ថា BridgeApp នេះ​បង្កើ​តឡើងដើម្បីជួយដល់​យុវវ័យ​ក្នុង​ការ​ចំណាយ ធ្វើ​គម្រោង​ថវិកា និង​អាចសន្សំ​ប្រាក់​ក្នុ​ងហោ​ប៉ៅ​របស់​ពួកគេ​បាន​ ដែល​ឪ​ពុក​ម្តាយ​អាចធ្វើ​ការ​ផ្ទេ​រប្រាក់​ឲ្យកូន​បា​ដោយ​ងាយស្រួល។ ​មិនតែ​ប៉ុណ្ណោះ​សិស្ស​នៅក្នុង​សាលា​អាច​ទិញ​សៀវ​ភៅនៅ​ហាង​លក់​សៀវ​ភៅ ឬ​បណ្ណាគារ និង​ទូទាត់​នៅ​កង់​ទីន​ និង​សេវា​ដឹក​អ្នក​ដំណើរ​ដូចជា Grab ជាដើម​។


៤)
StaffAny
លោក Janson Seah អ្នក​ចាត់ការនៅ​កន្លែង​លក់​អាហារ​និង​ភេសជ្ជៈ​មួយ​កន្លែង​ដែល​បាន​ចូល​ទីផ្សារនៅឆ្នាំ ២០១៤ បា​ន​មើល​ឃើញ​ថា ការ​គ្រប់​គ្រង​កំណត់​ពេល​វេលា​របស់​បុគ្គលិក​លោក​មិ​ន​មានប្រសិទ្ធិ​ភាព​ទេ​។ ៤ឆ្នាំ​ក្រោយ​មក​បញ្ហា​នេះ​បាន​ជំរុញបំផុស​គំនិត​ឲ្យ​គាត់​បង្កើត​ App មួយ​នេះ​ឡើង ជា​មួយមិត្តលោក ​​​ Eugene Ng រួម​ដោយ​​មិត្ត​នៅ​សាកល​វិទ្យា​ល័យ​ពីរ​នាក់​ទៀត​ Jeremy Hon និង​ Kai Yi Lee

StaffAny app បង្កើត​ឡើង​ដើម្បីជួយ​ដល់​ម្ចាស់​អាជីវកម្ម​លក់​អាហារ​ និង​ភេសជ្ជៈគ្រប់​គ្រង​បុគ្គលិក​ឲ្យ​​មាន​ប្រសិទ្ធភាព​។ វា​ជួយ​ដល់​ការ​កំណត់ម៉ោ​ងពេល​ការងារ ផ្លាស់​ប្តូរ​ចេញ​នូវ​ការ​ងារ​រដ្ឋបាល​មួយ​ចំនួន​ដែល​កត់​ត្រា​ ឬធ្វើ​ឡើង​ដោយ​ដៃ ​និងជួយ​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​ផ្តោត​លើ​កា​រងារ​សំខាន់​ដទៃ​ទៀត​បាន​។ ទោះជាយ៉ាងណាក៏ដោយការចាប់ផ្តើមអាជីវកម្មនេះបានជួបប្រទះបញ្ហាមួយចំនួននៅពេល​ដំណើរ​ដំបូង ដោយសារតែក្រុមរបស់​ខ្លួន​មិនបានធ្វើការស្រាវជ្រាវទីផ្សារត្រឹមត្រូវ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បាត់​បង់​អតិថិជន​ក្នុ​ងពេល​នោះ។ តែបើ​គិតមក​ទល់​ពេល​នេះ​ ​ StaffAny មាន​ម្ចាស់​ហាង​លក់​អាហារ​ និង​ភេសជ្ជៈប្រមាណ ៧០ ហើយ​ដែល​ប្រើ​ប្រាស់​សេវាកម្ម​មួយ​នេះ​ក្នុង​ប្រទេស។

៥) Master
ជា​ប្រភេទ​ Startup មួយ​ជួយ​ដល់​ការសិក្សា​ពិសេស​ជំនួយ​លើ​ការ​ចង​ចាំ​មេរៀន​សម្រាប់​ត្រៀម​ប្រលង។ Dalton Ng បាន​ជួប​បញ្ហា​លើ​ការ​ចង​ចាំ​មេរៀន​សម្រាប់​ការ​ប្រលង​របស់​គេ​ក្នុ​ងឆ្នាំ​មុន​ ហើយ​គេ​ទទួល​ស្គាល់​ថា គេ​ត្រូ​វការជំនួយ​ដើម្បីឲ្យ​ការសិក្សា​មាន​ប្រសិទ្ធភាព​។ កាលពី​នៅ​អាយុ ១១ឆ្នាំ គេ​បាន​បង្កើត​ App មួយ ហើយ​​ឆ្នាំ​បន្ទាប់សិស្ស​ពហុបច្ចេកទេស​រូប​នេះបាន​ធ្វើ​ការ​អភិ​វឌ្ឍ​កម្មវិធី​មួយដែលពង្រឹងបញ្ញាស្មារតីដើម្បីជួយគាត់រៀនកាន់តែប្រសើរ។ ដោយ​មើល​ឃើញ​ពី​ការ​កើន​ឡើង​នូវ​សមត្ថ​ភាព​នៃ​ការ​រៀន​សូត្រ​បន្ទាប់ពី​ប្រើ​ប្រាស់​កម្ម​វិធី​នេះ​មក មិត្ត​របស់​គេ​បាន​សុំ​ដើម្បីអាចប្រើ​កម្ម​វិធី​មួយ​នេះ​ដែរ ដែល​ជា​ហេតុ​ជំរុញទឹក​ចិត្ត​ឲ្យ​គាត់​បង្កើត​ App មួយ​នេះ​ដាក់​ឈ្មោះ​ថា Master ជួយ​ដល់​ខ្លួន​ឯង ជួយ​ដល់​មិត្ត​ភក្តិ ហើយ​ចុង​ក្រោយ​ក៏​បានរួ​ម​ចំណែក​ជួយ​ដល់​សង្គម និ​ងអាច​ស្វែង​រក​ចំណូល​សម្រាប់​ខ្លួន​បាន​ទៀត​ផង៕

ដោយ៖ យ៉ា​យ៉ា