ការពិត ១១ យ៉ាងដែលអ្នកអាចមិនបានដឹងពីសេដ្ឋកិច្ចអាមេរិក
អស់រយៈពេលជាង ១ សតវត្សរ៍មកហើយដែលអាមេរិកបានគ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតក្នុងលោក។ រាប់ចាប់តាំងពីការឈានមុខគេលើទីផ្សារភាគហ៊ុន រហូតដល់ទំហំ GDP ទឹកដីមួយនេះគឺជាដែនដីពោរពេញទៅដោយការប្រកួតប្រជែង សំបូរអ្នកមាន សំបូរធនធានមនុស្ស សំបូរសាលាល្បីៗ និងជាទឹកដីបណ្ដុំទៅដោយផលិតកម្មខាងបច្ចេកវិទ្យាទំនើបៗក្នុងលោក។
យ៉ាងណាមិញ បើគេមើលទៅអនាគតសេដ្ឋកិច្ចរបស់មហាអំណាចមួយនេះកំពុងដើរទៅមុខឆ្ពោះទៅកាន់ស្ថានភាពមួយដែលស្ថិតនៅក្នុងភាពមិនប្រាកដប្រជា ថ្វីត្បិតបំណុលរបស់ខ្លួនបានបន្តកើនឡើង និងការចូលមកដល់នៃសករាជមហាអំណាចថ្មីគឺចិន។ ប៉ុន្តែមុននឹងលើកយកប្រធានបទផ្សេង អ្នកគួរមកស្វែងយល់ពីសេដ្ឋកិច្ចអាមេរិក ១១ ចំណុចខាងក្រោមនេះ៖
១. អាមេរិកកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនសេដ្ឋកិច្ចដ៏យូរអង្វែងបំផុត
កាលពីខែឧសភាកន្លងទៅ សេដ្ឋកិច្ចរបស់អាមេរិកមានកំណើនជាបន្តបន្ទាប់អស់រយៈពេលជាង ៨ ឆ្នាំដែលនេះ បានក្លាយជាកំណត់ត្រាលូតលាស់នៅក្នុងរយៈពេលវែងជាងគេជាលើកទី២សម្រាប់មហាអំណាចមួយនេះ។ ប្រសិនបើសេដ្ឋកិច្ចបច្ចុប្បន្នបន្តលូតលាស់រហូតដល់ខែ កក្កដាឆ្នាំនេះ នេះមានន័យថា វាកំពុងឈរនៅក្នុងដំណាក់កាលលូតលាស់ដ៏យូរបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីលើកទី១ ខ្លួនបានធ្វើល្អបំផុតកាលពីចន្លោះឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០១។
២. ប៉ុន្តែ ១៣ ឆ្នាំទៅនេះ ខ្លួនមិនទាន់ស្គាល់ជាតិកំណើន GDPពិតប្រាកដ ៣% ម្តងណាឡើយ
ថ្វីត្បិតតែកំណើនសេដ្ឋកិច្ចបន្តលូតលាស់នៅក្នុងរយៈពេលយូរបំផុតមួយក្នុងកំណត់ត្រា ក៏ប៉ុន្តែកំណើន GDP ពិតប្រាកដរបស់ខ្លួននៅក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះមិនដែលមានកំណើនដល់ ៣% ម្តងណាឡើយ។ កាលពីឆ្នាំ ២០១៨ កន្លងទៅ វាមានកំណើនជិត ៣% ដែរ ពោលគឺ ២,៩%។ ប៉ុន្តែគិតពីឆ្នាំ ២០០៥ មកដែលកាលនោះវាកំណើន ៣,៥% កំណើន GDP អាមេរិកមានកំណើននៅក្រោម ៣% រហូតមក។
៣. កំណើនសេដ្ឋកិច្ចបន្តលូតលាស់ជាប់ៗគ្នាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយបានបង្កើតការងារ ២០ លានកន្លែង
ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តួលេខសំខាន់ៗនៅតែបន្តកើនមានឡើង។ កំណើនប្រាក់ឈ្នួលប្រចាំឆ្នាំបានកើនឡើង ៣,៤% ដែលជាសញ្ញាណល្អធ្វើឲ្យប្រជាជនឋានៈកណ្តាលបានធ្លាក់ចុះ ខណៈដែលអត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកត្រឹម ៣,៨%។
៤. ប្រជាជនទទួលទានដំណេកមិនគ្រប់គ្រាន់ធ្វើឲ្យអាមេរិកខាតបង់ប្រាក់រាប់ពាន់លានដុល្លារ
ជាងមួយភាគបីនៃប្រជាជនពេញវ័យរបស់អាមេរិក មិនទទួលបានការទទួលទានដំណេកគ្រប់គ្រាន់ឡើយ។ នេះបានធ្វើឲ្យរដ្ឋាភិបាលខាតបង់ប្រាក់ ៤១១ ពាន់លានដុល្លារដោយសារតែពលរដ្ឋបោះបង់ថ្ងៃធ្វើការងារ ១,២ លានថ្ងៃក្នុងមួយឆ្នាំៗ។ គេងមិនគ្រប់គ្រាន់ដែលអាចបណ្តាលមកពីកត្តាជាច្រើនដូចជា ការធ្វើការច្រើនម៉ោង ទម្លាប់មិនល្អក្នុងការថែទាំសុខភាព ឬសូម្បីតែពន្លឺពណ៌ខៀវចេញពីគ្រឿងអេឡិចត្រូនិកបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
៥. នៅអាមេរិកមានត្រឹម ១ សែនដុល្លារនឹងអាចបែកចែករវាងពលរដ្ឋឋានៈកណ្តាល និងអ្នកមាន
កាលពីឆ្នាំ ២០១១ ៥១% នៃពលរដ្ឋអាមេរិកត្រូវបានចាត់ទុកថា ជាពលរដ្ឋឋានៈកណ្តាល ហើយចំនួននេះបានកើនឡើងបន្ថែមទៀតដល់ ៥២%នៅក្នុងឆ្នាំ ២០១៦។ នៅក្នុងរយៈពេលដូចគ្នានេះ កំណើនប្រាក់ចំណូលប្រជាជនឋានៈកណ្តាលបានកើនឡើងយឺតបំផុតពី ៧៤ ០០០ ដល់ ៧៨ ០០០ ខណៈដែលប្រាក់ចំណូលរបស់ពលរដ្ឋអ្នកមានបានកើនឡើងពី ១៧២ ០០០ ដល់ ១៨៩ ០០០ ដុល្លារ។
៦. ប្រជាជនជំនាន់ Z អាចនឹងចំណាយប្រាក់ ១៤៣ ពាន់លានដុល្លារនៅឆ្នាំក្រោយ
ប្រជាជនជំនាន់ Z ដែលបានកើតនៅចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១២ នឹងរួមចំណែកដល់ទៅ ៤០% នៃទីផ្សារចំណាយទាំងមូលរបស់អាមេរិកនៅក្នុងឆ្នាំក្រោយ។ ការចំណាយរបស់ពួកគេត្រូវគេរំពឹងថា នឹងកើនឡើងដល់ទៅ ១៤៣ ពាន់លានដុល្លារដែលនេះនឹងធ្វើឱ្យអ្នកលក់រាយកាន់តែមានភាពស្មុគស្មាញដើម្បីកំណត់ថា តើពួកគេត្រូវដោះស្រាយដោយរបៀបណាទៅនឹងទម្លាប់ផ្លាស់ប្ដូរនៃតម្រូវការប្រើប្រាស់របស់មនុស្សជំនាន់ថ្មីនេះ។
៧. កាណាដា និងម៉ិកស៊ិកគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់អាមេរិក ខណៈដែលចិននៅចន្លោះកណ្តាលរបស់ប្រទេសទាំងពីរ
ម៉ិកស៊ិកគឺជាដៃគូពាណិជ្ជកម្មសំខាន់បំផុតមួយរបស់អាមេរិកដែលការនាំចេញមានតម្លៃស្មើនឹង ២១,៩ ពាន់លានដុល្លារ ខណៈដែលការនាំចូលមានតម្លៃ ២៧,៧ ពាន់លានដុល្លារ ឬស្មើនឹង ១៤,៨% នៃទំហំពាណិជ្ជកម្មរបស់អាមេរិកទាំងមូល។ ចំណែកការនាំចេញទៅកាណាដាមានតម្លៃ ២៣,៤ ពាន់លានដុល្លារ និងនាំចូលមានតម្លៃ ២២,៦ ពាន់លានដុល្លារ ស្មើនឹង ១៣,៨% នៃទំហំពាណិជ្ជកម្មរបស់អាមេរិកទាំងមូល។ ដោយឡែកសម្រាប់ចិនវិញ ស្ថិតនៅចន្លោះរបស់មហាអំណាចទាំងពីរគឺទំហំពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនមានតម្លៃ ១៤,៦%។
៨. ប្រសិនបើរដ្ឋ California ជាប្រទេសមួយវិញ គេអាចចាត់ទុកវាជាប្រទេសមានទំហំ GDP ធំជាងគេបំផុតទី៥នៅលើពិភពលោក
សេដ្ឋកិច្ចនៅក្នុងរដ្ឋទាំង ៥០ របស់អាមេរិកមិនដូចគ្នាទេ។ តួយ៉ាងដូចជាសេដ្ឋកិច្ចរបស់រដ្ឋ California មួយគឺមានទំហំធំជាងរដ្ឋណាៗទាំងអស់ក្នុងប្រទេសនេះដែលមានទំហំ ២,៧៤៧ ពាន់ពាន់លានដុល្លារ។ បើគេចាត់ទុកវាជាប្រទេសវិញ រដ្ឋនេះមានទំហំ GDP ធំជាងគេបំផុតទី៥ក្នុងលោក ពោលគឺមានទំហំធំជាងសេដ្ឋកិច្ចអង់គ្លេសទៀតផង តាមពីក្រោយអាល្លឺម៉ង់ ជប៉ុន ចិន និងអាមេរិកខ្លួនឯង។
៩. គ្រាន់តែការចំណាយលើវិស័យការពារជាតិ គឺមានទំហំជាងប្រទេស ៧ បូកបញ្ចូលគ្នា
អាមេរិកជាប់ឈ្មោះជាមហាអំណាចដែលចំណាយថវិកាលើវិស័យការពារច្រើនជាងគេ ពោលគឺមានចំនួន ៦១០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៨ កន្លងទៅ ឬស្មើនឹង ១៥% នៃថវិកាចំណាយសរុបរបស់ខ្លួនទាំងមូល។ ចំនួននេះស្មើនឹងការចំណាយលើវិស័យការពារជាតិរបស់ចិន រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌា បារាំង អង់គ្លេស និងជប៉ុនបូកបញ្ចូលគ្នាទៅទៀត។
១០.បំណុលរបស់អាមេរិកកំពុងកើនឡើងកាន់តែខ្លាំងស្ថិតនៅក្នុងកំណត់ត្រាខ្ពស់បំផុត
គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០១៩ នេះ បំណុលរបស់ អាមេរិកបានកើនឡើងដល់កំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មាន ពោលគឺមានចំនួនដល់ទៅ ២២ ពាន់ពាន់លានដុល្លារ។ ចំនួននេះទំនងមិនធ្លាក់ចុះនោះឡើយ ព្រោះរដ្ឋាភិបាលសហព័ន្ធបានរាយការណ៍ថា ឱនភាពពាណិជ្ជកម្មនៅតែបន្តកើតមានទៀតគឺគិតជាមធ្យមមានចំនួន ១,២ ពាន់ពាន់លានក្នុងមួយឆ្នាំ ឬស្មើនឹង ៤,៤% នៃទំហំ GDP ប្រចាំឆ្នាំរបស់ខ្លួន។
១១.គ្រាន់តែវិស័យកីឡាមួយគឺមានទំហំ ៧៣,៥ ពាន់លានដុល្លារ
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០១៥ បានឲ្យដឹងថា វិស័យកីឡារបស់អាមេរិកនឹងមានចំណែកស្មើនឹង ៧៣,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៩នេះ។ នេះរួមបញ្ចូលទាំងសិទ្ធិផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយដែលគេរំពឹងថា នឹងកើនឡើងដល់ទៅ ២០,៦ ពាន់លានដុល្លារក្នុងឆ្នាំ នេះ៕
ប្រភព៖ businessinsider