អាថ៌កំបាំង ៩ ចំណុច​​អ្នក​អាច​មិនបាន​ដឹង​ពី​​កូរ៉េខាងជើង​



កូរ៉េខាងជើង​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ប្រទេស​ក្រីក្រ​ និង​ឯកាបំផុត​មួយ​ក្នុង​លោក។ អស់​រយៈពេល​ជាង ៧០ ឆ្នាំ​​​មក​នេះ ត្រកូល​ គីម បាន​​ក្តោប​ក្តាប់​ប្រើ​​​អំណាច​​ផ្ដាច់ការ ​​​​គ្រប់គ្រង​​ទៅ​លើ​ជោគវាសនា​ប្រជាជន​ដ៏​កំសត់​ដែល​មាន​ប្រមាណ​សរុប​ ២៥ លាន​នាក់។ 

ខាងក្រោម​នេះ អ្នក​នឹង​ដឹង​ការ​ពិត​មួយ​ចំនួន​ពី​ប្រទេស​កូរ៉េខាងជើង​ថា តើ​​មាន​អ្វី​ប្លែក​ខ្លះ​នៅ​ក្នុង​រដ្ឋ​កុម្មុយនិស្ត​មួយ​នេះ? 

១. ជាង ៤០% នៃ​ប្រជាជន​កូរ៉េខាងជើង​ជួប​​ភាព​អត់ឃ្លាន​
ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក​​អត្រា​ភាព​អត់ឃ្លាន​​របស់​ប្រជាជន​កូរ៉េខាងជើង​​បាន​កើន​ឡើង​ពី ៣៧,៥ % ទៅ ៤៣,៤% គិត​ត្រឹម​ឆ្នាំ ២០១៨ កន្លង​ទៅ នេះ​បើ​យោង​តាម​​ឯកសារ​ស្រាវជ្រាវ​សន្ទស្សន៍​ភាព​អត់ឃ្លាន Global Hunger Index របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​​គោលនយោបាយ​ម្ហូបអាហារ(IFPRI) ។

២. ប្រព័ន្ធ​​អ៊ីនធឺណិត​នៅ​កូរ៉េខាងជើង ស្ទើរតែ​គ្មាន​អ្នក​ប្រើប្រាស់
ការ​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​​នៅ​កូរ៉េខាងជើង​គឺ​ពិត​ជា​មាន​ការ​រឹតត្បិត​តឹងតែង​មែនទែន​ពី​រដ្ឋាភិបាល។  ​អ្នក​ដែល​ប្រើប្រាស់​​អ៊ីនធឺណិត គឺ​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​របស់​រដ្ឋ​ដែល​មាន​ឈ្មោះ​ថា Kwangmyong។ យ៉ាងណាមិញ ពលរដ្ឋ​កូរ៉េខាងជើង​ដែល​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​គឺ​មាន​​តែ​​ក្រុម​មន្ត្រី​កំពូលៗ​​កាន់​តំណែង​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល សិស្ស​និស្សិត​ដែល​ជា​កូនៗ​របស់​ត្រកូល​អ្នក​​អភិជន និង​​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​អង្គភាព​​ចារកម្ម​អ៊ីនធឺណិត​​​របស់​រដ្ឋ។

៣.​ ធនធាន​រ៉ែ​នៅ​ក្រោម​ដី​របស់​កូរ៉េខាងជើង​ត្រូវ​បាន​គេ​វាយតម្លៃ​ថា មាន​តម្លៃ​រាប់​ពាន់​ពាន់​លាន​ដុល្លារ​​ឯណោះ
ថ្វីត្បិត​តែ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​លោក កូរ៉េខាងជើង​ប្រៀប​ដូច​ជា​ដែនដី​ដ៏​ពិសិដ្ឋ​មួយ​តាំង​​នៅ​លើ​កំណប់​រ៉ែ​​មាន​តម្លៃ​ច្រើន​មហាសាល​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​ចម្រាញ់​យក​នៅ​ឡើយ​ទេ​។ យោង​តាម​អង្គការ Quartz បាន​ឲ្យ​ដឹង​ថា ធនធាន​រ៉ែ​ក្រោម​ដី​របស់​ប្រទេស​នេះ​អាច​មាន​​តម្លៃ​ពី ៦​ទៅ ១០​ពាន់​ពាន់​លាន​ដុល្លារ​​​។

៤. កាល​នៅ​រស់​ឪពុក​របស់​លោក គីម ជុងអ៊ុន គឺ​លោក គីម ជុងអ៊ីល​ចំណាយ​ប្រាក់ ៨​សែន​ដុល្លារ​សម្រាប់​ទិញ​ស្រា Hennessy ក្នុង​មួយ​ឆ្នាំៗ
យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន usnews បាន​ឲ្យដឹង​ថា នៅ​ក្នុង​មួយ​ឆ្នាំៗ លោក Kim Jong IL បាន​ចំណាយ​ប្រាក់ ៨ សែន​ដុល្លារ​សម្រាប់​យក​ទៅពិសារ​ក្នុង​កម្មវិធី​ធំៗ​របស់​រដ្ឋ។ ជា​ទូទៅ​ស្រា​ប្រភេទ​នេះ​លក់​ក្នុង​តម្លៃ ៦៣០ ដុល្លារ​ក្នុង​មួយ​ដប​សម្រាប់​ទីផ្សារ​កូរ៉េខាងជើង​ ឬ​ស្មើ​នឹង​ពាក់​កណ្តាល​នៃ GDP របស់​ម្នាក់​ដែល​ប្រជាជន​របស់​ខ្លួន​រក​បាន​ក្នុង​មួយ​ឆ្នាំ។

៥. នៅ​កូរ៉េខាងជើង​មាន​ស្តង់ដារ​សេដ្ឋកិច្ច​២ ហើយ​តម្លៃ​​អ្វីៗ​ទាំងអស់​​ក៏​បែងចែក​ជា​ពីរ​ដែរ
លោក Bill Brown ដែល​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Georgetown បាន​​ប្រាប់​​សារព័ត៌មាន Marketplace កាល​ពី​ឆ្នាំ​ទៅ​មិញ​ថា ការ​កំណត់​តម្លៃ​​អ្វីៗ​នៅ​រដ្ឋ​ឯកា​មួយ​នេះ​គឺ​បែងចែក​ជា​ពីរ។ កម្មករ​​ម្នាក់​​​​ដែល​ធ្វើ​ការ​ក្នុង​មុខ​តំណែង​ដូចគ្នា​​ឲ្យ​ក្រុមហ៊ុន​រដ្ឋ អាច​ទទួល​បាន​ប្រាក់ខែ​តិច​ជាង​កម្មករ​ផ្សេងទៀត​ដែល​ធ្វើ​ការ​ឲ្យ​រោងចក្រ​ចិន​ដែល​​​អាច​រក​ប្រាក់​ចំណូល​បាន​លើស​ដល់​ទៅ ១០០ ដង។

៦. ផ្លូវលំ​មួយ​ដែល​មាន​តម្លៃ​ ៣,៩ លាន​ដុល្លារ​ គឺ​ជា​ចំណុច​ស្នូល​នៃ​គម្រោង​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ
នៅ​ក្នុង​​ខែ​មេសា​នេះ គណៈកម្មាធិការ​ផ្លាស់ប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​អន្តរ​កូរ៉េ​បាន​អនុម័ត​​កញ្ចប់​ថវិកា ៣,៩  លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្លូវ​​លំ​មួយខ្សែ​នៅ​តំបន់​​​​គ្មាន​វត្តមាន​យោធា​ ឬ DMZ ដែល​បែងចែក​ព្រំដែន​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង។  គម្រោង​នេះ​គឺ​ជា​ជំហាន​មួយ​ដែល​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​កាល​ពី​ខែ​មុន​ដើម្បី​ចាប់ផ្តើម​ចាត់វិធានការ​​​ប្រែក្លាយ​តំបន់ DMZ ទៅ​ជា​តំបន់​សន្តិភាព។

៧.​ ក្រុម​​ Hackers ឬ​ក្រុម​វាយប្រហារ​តាម​អ៊ីនធឺណិត​របស់​កូរ៉េខាងជើង​ធ្លាប់​លួច​លុយ​ពី​ធនាគារ​​ផ្សេងៗ​បាន ៦៧០ លាន​ដុល្លារ
យោង​តាម​របាយការណ៍​ចេញ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថាក្រុម​ Hacker របស់​​កូរ៉េខាងជើង​ធ្លាប់​បាន​លួច​លុយ​សរុប ៦៧០ លាន​ដុល្លារ​ពី​ធនាគារ​ជា​ច្រើន​ដូច​ជា  ៨១ លាន​ដុល្លារ​ពី​ធនាគារ​​កណ្តាល​របស់​បង់ក្លាដេស ១៣,៥ លាន​ដុល្លារ​ពី​ធនាគារ Cosmos របស់​ឥណ្ឌា ១០ លាន​ដុល្លារ​ពី​​បណ្ដាញ​តួ ATM របស់​ប្រទេស​ឈីលី និង​បណ្តា​ស្ថាប័ន​ហិរញ្ញវត្ថុ ជា​ច្រើន​ទៀត។

៨. កូរ៉េខាងជើង​អាច​រក​លុយ​ពីអំពើ​ខុសច្បាប់​ផ្សេង​យ៉ាងហោចណាស់​ក៏ ៥០ លាន​ដុល្លារ​ដែរ​ក្នុង​មួយ​ឆ្នាំៗ
ក្រៅ​ពី​ការ​ពី​ការ​​វាយប្រហារ​តាម​អ៊ីនធឺណិត រដ្ឋាភិបាល​ប្រទេស​នេះ​អាច​រក​លុយ​បាន​យ៉ាងហោចណាស់​ក៏ ៥០ លាន​ដុល្លារ​ផង​ដែរ​ក្នុង​មួយ​ឆ្នាំៗ ​ពី​អំពើ​ខុសច្បាប់​ជា​ច្រើន​ទៀត​ដូច​ជា ការ​ជួញដូរ​គ្រឿងញៀន និង​ការ​ចរាចរណ៍​លុយ​ក្លែងក្លាយ។ ខ្លួនធ្លាប់​បាន​បដិសេធន៍​នឹង​របាយការណ៍​នេះ ប៉ុន្តែ​​មិន​បាន​បង្ហាញ​ភស្តុតាង​​ច្បាស់លាស់​ណាមួយ​តទល់​នឹង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ ហើយ​លុយ​កង្វក់​ទាំង​នេះ​ គឺ​ត្រូវ​បាន​គេ​រាយការណ៍​ថា  បាន​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ជីវិត​​ស៊ីវិល័យ​​របស់​មេដឹកនាំ​កូរ៉េខាងជើង។ 

៩. ចង់​រត់ចេញ​ពី​កូរ៉េខាងជើង​ត្រូវ​បង់​ប្រាក់​ឲ្យ​អ្នក​រត់ការ ១២ ០០០ ដុល្លារ
ប្រសិន​បើ​អ្នក​ជា​ប្រជាជន​កូរ៉េខាងជើង ហើយ​ចង់​រត់ចេញ​ពី​ប្រទេស​នេះ អ្នក​ត្រូវ​ចំណាយ​ប្រាក់​​យ៉ាង​ច្រើន​ទៅ​ឲ្យ​អ្នក​រត់ការ ហើយ​វិធី​នេះ​កាន់តែ​តឹងតែង​ខ្លាំង​ចាប់តាំង​ពី​លោក Kim Jong Un ចូល​កាន់​តំណែង​​ក្នុង​ឆ្នាំ ២០១១ មក។  តម្លៃ​នេះ​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ​ពី​តម្លៃ ៤៥ ដុល្លារ​ក្នុង​ឆ្នាំ ២ ០០០ ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ​ក្នុង​ឆ្នាំ ២០១២។ ប្រសិន​បើ​​​ពួកគេ​ចង់​រត់​ឆ្លងដែន​ទៅ​កូរ៉េខាងត្បូង​នៅ​ពេល​នេះ​ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងហោចណាស់​ក៏​ ១២ ០០០ ដុល្លារ​ឡើង​ទៅ ​ទៅ​ឲ្យ​អ្នក​រត់ការ​​ផង​ដែរ​៕

ប្រភព៖ Businessinsider 

X
5s