ដឹង ១០ ចំណុច​នេះ​ហើយ​ទើប​ដឹង​ថា សេដ្ឋកិច្ច​របស់​អារ៉ាប៊ីសាអ៊ូឌីត​ពិត​ជា​មិន​ធម្មតា​



ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត​ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៣២ ហើយ​គិត​មក​ដល់ ពេល​នេះ គឺ​មាន​​រយៈពេល​ជិត ៩ ទសវត្សរ៍​​មក​ហើយ។ ក្នុង​នាម​ជា​​មហាអំណាច​ប្រេង ​​ប្រទេស​នេះ​បាន​ប្រែ​ក្លាយ​​មុខមាត់​ជា​ប្រទេស​​អ្នក​មាននិង​មាន​ធនធាន​ធម្មជាតិ​​ដ៏​ច្រើន​​មហាសាល​បំផុត​​មួយ​នៅ​លើ​ផែនដី​។ ប្រាក់​ចំណូល​ជាតិ​សរុប​របស់​ខ្លួន​​ស្ទើរតែ​ទាំងស្រុង​គឺ​បាន​ពី​ចំណូល​ប្រេង ​និង​ឧស្ម័នធម្មជាតិ​​ថ្វីត្បិត​តែ​នៅ​ពេល​បច្ចុប្បន្ន​​ខ្លួន​​កំពុង​​បោះជំហាន​យ៉ាង​ឆាប់រហ័ស​​ផ្ដោត​ទៅ​វិស័យសេដ្ឋកិច្ច​ដទៃទៀត​ដូច​ជា​ផលិតកម្ម​កសិកម្ម​ក៏ដោយ​។ 

ដោយសារ​តែ​ប្រទេស​នេះ​មាន​​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​វិស័យ​សេដ្ឋកិច្ច Bizkhmer សូម​លើក​យក​ចំណុច​សំខាន់ៗ​ចំនួន ១០ របស់​​ស្តេច​ប្រេង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​ដូច​ខាងក្រោម៖ 

១. គេ​វាយតម្លៃ​ថា អារ៉ាប៊ីសាអ៊ូឌីត​មាន​ធនធាន​ធម្មជាតិ​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៣៤ ពាន់​ពាន់​​លាន​ដុល្លារ
អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ប្រទេស​ដែល​ស្ថិត​នៅ​លើ​គំនរ​ប្រេង​ដែល​មាន​ប្រហែល ២០% នៃ​​ធនធាន​ប្រេង​បម្រុង​​សរុប​នៅ​ទូទាំង​ពិភពលោក​ ហើយ​វា​​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ខ្លួន។ ​​ប្រទេស​នេះ​ក៏​មាន​ហាង​លក់​ស្ពាន់ ប្រាក់ និង​ធនធាន​​មាន​តម្លៃ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។

២. ក្រុមហ៊ុន​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក មាន​ប្រភព​មក​ពី​​អារ៉ាប៊ីសាអ៊ូឌីត
ជា​មួយ​នឹង​ប្រាក់​ចំណូល​​ ១១១ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ ក្រុមហ៊ុន​ប្រេង​យក្ស Saudi Aramco ត្រូវ​បាន​គេ​​រាយការណ៍​ថា ជា​ក្រុមហ៊ុន​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​គឺ​មាន​ចំនួន​ច្រើន​ជាង​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Alphabet ដែល​រក​បាន​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

៣. នៅ​ខណៈ​ពេល​​ដែល​​​ប្រេងឆៅ​រួមចំណែក​ដល់​ទៅ ៩០% នៃ​ប្រាក់​ចំណូល​ជាតិ​សរុប ធនធាន​មួយ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ទឹកដី របស់​ខ្លួន​​ចាប់​ឆ្នាំ ១៩៣៨ មក
ថ្វីត្បិត​តែ​អារ៉ាប៊ីសាអ៊ូឌីត​ជា​ស្តេច​ប្រេង​ធំ​ជាងគេ​បំផុត​លំដាប់​ទី២​នៅ លើ​ពិភពលោក​ក៏​ពិត​មែន ប៉ុន្តែ​គេ​ទើប​នឹង​រក​ឃើញ​ប្រេងឆៅ​នៅ​ក្នុង​ឆ្នាំ ១៩៣៨ មក​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ដែល​រុករក​ប្រេង​មុន​គេ​នៅ​លើ​ទឹកដី​នេះ គឺ​ក្រុមហ៊ុន​​អាមេរិក Standard Oil ​ដែល​​បន្ត​​គ្រប់គ្រង​ការ​ផលិត​ប្រេង​រហូត​ដល់​ឆ្នាំ ១៩៨០ ទើប​​ប្រគល់​ឲ្យ​រាជវង្ស​អារ៉ាប៊ីសាអ៊ូឌីត​មក​កាន់កាប់​ម្តង។​​​​​​​

៤. អារ៉ាប៊ីសាអ៊ូឌីត​ឈរ​នៅ​ក្នុង​តំណែង​ទី​៤ ជា​ប្រទេស​ដែល​​ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​​ក្នុង​​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​នៅ​​ភាគ​ខាងជើង​តំបន់​មជ្ឈិមបូព៌ា
ក្នុង​នាម​ជា​ប្រទេស​មាន​ជាងគេ​បំផុត​មួយ​នៅ​​​​​តំបន់​មជ្ឈិមបូព៌ា អារ៉ាប៊ីសាអ៊ូឌីត​ឈរ​នៅ​ក្នុង​តំណែង​ទី​៤ ជា​ប្រទេស​ដែល​​ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​​ក្នុង​​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​តាម​​ពី​ក្រោយ កាតារ គុយវ៉ែត និង​អារ៉ាប់រួម។ គិត​ជា​មធ្យម ប្រាក់​ចំណូល​របស់​ប្រជាជន​ខ្លួន​គឺ ៥៤ ១០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៥. យ៉ាងណាមិញ អារ៉ាប៊ីសាអ៊ូឌីត​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​ចំណាយ​ប្រាក់​លើ​វិស័យ​យោធា​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ចំណាត់​ថ្នាក់​ទី​៣​នៅ​លើ​ពិភពលោក
អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ប្រទេស​​ដែល​ចំណាយ​ប្រាក់​លើ​វិស័យ​យោធា​ខ្ពស់​ជាងគេ​បំផុត​ទី៣​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​អាមេរិក និង​ចិន។ រដ្ឋាភិបាល​របស់​ខ្លួន​ហ៊ាន​ចំណាយ​លើ​វិស័យ​យោធា​​​រហូត​ដល់​ទៅ ១០% នៃ​ទំហំ GDP សរុប ឬ​ស្មើ​​នឹង ៦៩ ពាន់​លាន​ដុល្លារ​​គិត​ត្រឹម​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ខណៈ​ដែល​អាមេរិក​បាន​ចំណាយ​រហូត​ដល់​ទៅ ៦១០ ពាន់​លាន​ដុល្លារ ប៉ុន្តែ​​ស្មើ​នឹង ៣,១% នៃ GDP របស់​ខ្លួន​ទាំងមូល​តែ​ប៉ុណ្ណោះ​។

៦. យ៉ាងណាមិញ អារ៉ាប៊ីសាអ៊ូឌីត​មិន​ទាន់​​ជាប់​ឈ្មោះ​ជា​ប្រទេស​នាំ​ចេញ​ច្រើន​ជាងគេ​​កំពូលៗ​បំផុត​ ទាំង ២០ នៅ​លើ​ពិភពលោក​នៅ​ឡើយ​ទេ
គិត​ត្រឹម​ឆ្នាំ ២០១៧ កន្លង​ទៅ  អារ៉ាប៊ីសាអ៊ូឌីត​​ឈរ​នៅ​​លេខរៀង​ទី ២២ ជា​ប្រទេស​ដែល​មាន​ទំហំ​នាំចេញ​ច្រើន ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​តម្លៃ​សរុប ២៣១,៣ ពាន់​លាន​ដុល្លារ។ នេះ​បាន​ធ្វើ​ឲ្យ​​ខ្លួន​ឈរ​នៅ​ពី​ក្រោយ​ឥណ្ឌា ដែល​មាន​ទំហំ​នាំ​ចេញ ២៩៩,៣ ពាន់​លាន​ដុល្លារ និង​ឈរ​នៅ​លើ​ពី​លើ​ថៃ​​ដែល​មាន​ទំហំ​នាំ​ចេញ ២២៨,២ ពាន់​លាន​ដុល្លារ។ 

៧. អារ៉ាប៊ីសាអ៊ូឌីត​មាន​រោងចក្រ​ផលិត​ទឹកដោះគោឆៅ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក
អារ៉ាប៊ីសាអ៊ូឌីត​មាន​រោងចក្រ​ផលិត​ទឹកដោះគោឆៅ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​ឈ្មោះ​ថា  Almarai។ គេ​បាន​វាយតម្លៃ​ថា គោ​ផលិត​ទឹកដោះ​ប្រមាណ ៩៥ ០០០ ក្បាល​មាន​វត្តមាន​នៅ​​ក្នុង​កសិដ្ឋាន​​ក្រុមហ៊ុន​​មួយ​នេះ​ដែល​អាច​ផលិត​ទឹកដោះ​បាន​ ១ ពាន់​លីត្រ​ក្នុង​មួយ​ថ្ងៃៗ។

៨. គ្រាន់តែ​តំបន់​ប្រេង​មួយ​របស់​អារ៉ាប៊ីសាអ៊ូឌីត អាច​ផ្ទុក​ប្រេង​ស្មើ​នឹង​ទំហំ​​អាង​ហែល​ទឹក​អូឡាំពិក​ជាង​ ៤,៧៧ លាន
គ្រាន់តែ ប្រេងឆៅ​ដែល​​ស្ថិត​នៅ​តំបន់​ប្រេង Ghawar ត្រូវ​បាន​គេ​អះអាង​ថា មាន​​ផ្ទុក​ប្រេងឆៅ​ដល់​ទៅ ៧៥ ពាន់​បារ៉ែល​ ពោល​គឺ​ស្មើ​នឹង​ទំហំ​អាងហែលទឹក​អូឡាំពិក ៤ ៧៧០ ៨៩០ កន្លែង​ដែល​អាង​ហែលទឹក​នីមួយ​ៗ​ទាំង​នោះ​​អាច​ផ្ទុក​ប្រេងឆៅ​បាន ៦៦០ ២៥៣ កាឡុង​ (១ កាឡុង​ស្មើ​នឹង ៣,៧៨ លីត្រ)។

៩.​ អារ៉ាប៊ីសាអ៊ូឌីត​មាន​ប្រជាជន​សរុប ៣៣ លាន​​នាក់ និង ៦ លាន​អ្នក​ផ្សេង​ទៀត​ជា​ពលករ​បរទេស
ក្រុមហ៊ុន​ប្រេង និង​ឧស្សាហកម្ម​​ឧស្ម័ន​​​នៅ​ក្នុង​ប្រទេស​នេះ​ភាគច្រើន​បាន​ជួល​កម្លាំង​ពលកម្ម​មក​ពី​ក្រៅ ប្រទេស​ដែល​មាន​រហូត​ដល់​ទៅ ៦ លាន​នាក់។ នេះ​មានន័យ​ថា ១៥% នៃ​ប្រជាជន​ដែល​រស់​នៅ​​ក្នុង​ប្រទេស​នេះ​គឺ​ជា​ជនបរទេស។

១០. ទោះបី​ជា​បែប​នេះ​ក្តី  អារ៉ាប៊ីសាអ៊ូឌីត​ក៏​ប្រឈមមុខ​ទៅ​នឹង​វិបត្តិ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​អត្រា​មួយ​ខ្ពស់​ផង​ដែរ
ទោះបីជា​ជនបរទេស​នាំ​គ្នា​​សម្រុក​ទៅ​​ធ្វើ​ការ​នៅ​ក្នុង​​វិស័យ​ប្រេង ឧស្ម័ន និង​រោងចក្រ​ចម្រាញ់​ប្រេង​​​ក្តី ក៏​ប្រជាពលរដ្ឋ​របស់​ខ្លួន​កំពុង​ប្រឈម​​ទៅ​នឹង​​វិបត្តិ​គ្មាន​ការងារ​ដ៏​រ៉ាំរ៉ៃ​​មួយ​។ នៅ​ឆ្នាំ ២០១៨ កន្លង​ទៅ​ អត្រា​​គ្មាន​ការងារ​ធ្វើ​របស់​ប្រទេស​នេះ​បាន​កើនឡើង​ដល់ ១២,៩%  ឬ​ស្មើ​នឹង ២ លាន​​នាក់៕

ប្រភព៖ Businessinsider 

X
5s