សង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សចិននិងអាមេរិកជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ចពិភពលោក?
មានការរំពឹងទុកថា សេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះបញ្ហាមួយចំនួនក្នុងឆ្នាំនេះ ហើយក៏អូសបន្លាយទៅឆ្នាំក្រោយដែរ ដោយសារកំហុសដែល លោក ដូណាលត្រាំ បានបង្កឡើង។ មូលនិធិរូបបិយវត្ថុអន្តរជាតិ IMF បានចេញរបាយការណ៍កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ នេះស្តីពីសេដ្ឋកិច្ចពិភពលោកដែលនឹងមានការកើនឡើង ៣.៧% ដែលតួលេខនេះទាបជាង ០.២ ពិន្ទុនៃការព្យាករណ៍កាលពីខែមេសាកន្លងទៅ។ អត្រាកំណើននេះវាដូចទៅនឹងឆ្នាំ ២០១៧ វាក៏ជាការឆ្លុះបង្ហាញពីការធ្លាក់ចុះបន្តិច ហើយគោលនយោបាយពាណិជ្ជកម្មរបស់ លោកត្រាំ គឺជាហេតុផលដ៏សំខាន់មួយ។
តាមការព្យាករណ៍កំណើនសម្រាប់ឆ្នាំ ២០១៩ ត្រូវបានកែប្រែដោយសារការប្រកាសពីការដាក់កំណត់លើការនាំចេញនាំចូល ហើយក្នុងនោះសហរដ្ឋអាមេរិកបានសម្រេចដាក់ពន្ធលើការនាំចូលទំនិញពីប្រទេសចិន ២០០ ប៊ីលានដុល្លារ (ការលើកឡើងនេះ មាននៅក្នុងរបាយការស្តីពីទិដ្ឋភាពសេដ្ឋកិច្ចពិភពលោករបស់ IMF)។ វាហាក់ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសចិនខណៈដែលសហរដ្ឋអាមេរិកគិតថា ចិនបានអនុវត្តដោយអយុត្តិធម៌លើការធ្វើពាណិជ្ជកម្ម ក៏ដូចជាការលួចចម្លងកម្មសិទ្ធិបញ្ញាពីអាមេរិកដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចខ្លួនផ្តាច់មុខ។ តែជាក់ស្តែងការដែលដាក់ទណ្ឌកម្មលើប្រទេសចិននេះវាមិនបានរងផលអាក្រក់តែចិនម្នាក់ឯងនោះទេ វាក៏បណ្តាលឲ្យពិភពលោកទាំងមូលជួបវិបត្តិផងដែរ។
IMF បានកត់សម្គាល់ថា សេដ្ឋកិច្ចប្រទេសចិននឹងមានការធ្លាក់ចុះដល់កម្រិត ៦.២% ដែលវាមានការផ្ទុយពី ការព្យាករណ៍ថានឹងកើនឡើងដល់ ៦.៦%។ ស្របពេលជាមួយគ្នានេះដែរ ចិនបានធ្វើការឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកនេះ ដោយដាក់គំនាបលើក្រុមហ៊ុនអាមេរិកក្នុងការលក់ផលិតផលរបស់ខ្លួននៅក្នុងទីផ្សារចិនដូចគ្នា។
វាបានបង្ហាញយ៉ាងច្បាស់ថាវាពិតជាមានផលប៉ះពាល់ផលសេដ្ឋកិច្ចសកល បន្ថែមពីនេះ សេដ្ឋវិទូនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ លោក Maurice Obstfeld បានលើកឡើងថា “នៅពេលដែលប្រទេសសេដ្ឋកិច្ចធំទាំងពីររបស់ពិភពលោកកំពុងពាក់មុខយក្សដាក់គ្នា វាបានបាចសាចការឈឺចាប់ទៅដល់មនុស្សដែលនៅជុំវិញខ្លួន ហើយសេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះទៀតប្រសិនបើសង្គ្រាមពាណិជ្ជកម្មនេះនៅតែបន្តអូសបន្លាយ”។ លោក Obstfeld ក៏បាននិយាយផងដែរថាភាពមិនច្បាស់លាស់ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មពីរដែលពាក់ព័ន្ធនឹងអាមេរិក-ចិន កិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាដែលមានបំណងជំនួស NAFTA និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប ក៏អាចនឹងនាំទៅរកការធ្លាក់ចុះសេដ្ឋកិច្ចបន្តិចដែរ។
នេះក៏អាចបង្ហាញពីបញ្ហាមួយសម្រាប់អាមេរិកផងដែរ ពីព្រោះសេដ្ឋកិច្ចប្រទេសមួយនេះក៏ពឹងផ្អែកលើប្រទេសក្រៅសម្រាប់ទំនិញជាច្រើនដើម្បីផ្គត់ផ្គង់តម្រូវការ។ ប្រសិនបើបណ្តាប្រទេសដទៃទៀតចាប់ផ្តើមជួបប្រទះការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ពួកគេផ្ទាល់ សហរដ្ឋអាមេរិកទំនងជានឹងមានការលំបាកបន្ថែមទៀតក្នុងការធ្វើជំនួញជាមួយពួកគេ។
តែក្រឡែកទៅ មើលប្រទេសដែលតូចទន់ខ្សោយមួយចំនួនទើបជាអ្នករងផលប៉ះពាល់យ៉ាងពិតប្រាកដ ព្រោះនៅពេលដែលសេដ្ឋកិច្ចពិភពលោកជួបនឹងបញ្ហា គ្នានរណាចង់បណ្តាក់ទុនវិនិយោគ ឬធ្វើអាជីវកម្មទេ ច្បាស់ជាត្រូវរក្សាប្រាក់បំរុង ដើម្បីបង្ការហានិភ័យជាយថាហេតុណាមួយមិនខាន។ បន្ថែមពីនេះទៀត IMF បានព្យាករណ៍ថា សង្គ្រាមពាណិជ្ជកម្មនឹងបង្កជាភាពឈឺចាប់ដល់សេដ្ឋកិច្ចអាមេរិកដោយសារវានឹងធ្លាក់ចុះ ២.៥% ផ្ទុយពីការរំពឹងទុក ២.៩%។
ផលប៉ះពាល់ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរបស់មហាអំណាចទាំងពីរ៖
ទីផ្សារភាគហ៊ុន
ភាគហ៊ុនសកលត្រូវបានគេកត់សម្គាល់ថាមានការធ្លាក់ចុះក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការប្រកាសតម្លើងពន្ធលើការនាំចូលផលិតផលរបស់ចិនចូលសហរដ្ឋអាមេរិក ដែលគិតជាទឹកប្រាក់ខ្ទង់ប្រមាណ ២០០ ប៊ីលានដុល្លារអាមេរិក (ពន្ធនេះកើនឡើង ២៥%)។ Dow Jones industrial ក៏មានការធ្លាក់ចុះ ចំណែកសន្ទស្សន៍ S&P 500 មានការធ្លាក់ចុះ ០.៥% នៅម៉ោង ៤ រសៀល ថ្ងៃទី 0៦ ឧសភា ២០១៩ នេះ (ពេលបិទផ្សារហ៊ុន)។ ជាមួយនឹងហានិភ័យដែលមានការកើនឡើងនេះ វាជារឿងសំខាន់ណាស់ដែលត្រូវសួរថាតើទីផ្សារទ្រព្យសកម្មធំបំផុតអាចកើតឡើងយ៉ាងដូចម្តេចប្រសិនបើភាពតានតឹងផ្នែកពាណិជ្ជកម្មកើនឡើងបែបនេះ?
សម្រាប់ចំនុចនេះដែរ ធនាគារអាមេរិក Merrill Lynch បានលើកឡើងដែរថា វានឹងមានផលវិបាកសម្រាប់សេដ្ឋកិច្ចអាមេរិកខណៈចិននឹងបង្វែរការទិញសណ្តែកសៀងពីប្រទេសប្រស៊ីលវិញ ជំនួសឲ្យការទិញពីអាមេរិកដូចសព្វមួយដង ពេលនោះវានឹងក្លាយជាសម្ពាធមួយសម្រាប់កសិករផលិតសណ្តែកសៀងរបស់អាមេរិក។
សេដ្ឋកិច្ច
ខណៈដែលកំពុងមានភាពក្តៅគគុកសម្រាប់សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយនិងចិននេះ គេបានកត់សម្គាល់ថាការរីកចម្រើននៃសេដ្ឋកិច្ចសកលនឹងត្រូវបានកាត់បន្ថយកំណើនប្រមាណ ៤៥ points ជាមូលដ្ឋាន ដោយក្នុងនោះគឺដោយសារការធ្លាក់ចុះនៃ GDP របស់ចិនពី ១.២% ទៅ ១.៥%។
Morgan Stanley ប្រធានយុទ្ធសាស្ត្រគោលនយោបាយសាធារណៈរបស់សហរដ្ឋអាមេរិកបានសរសេរថា ការរីកចម្រើននៃ GDP របស់ចិននៅឆមាសទី ២ និងទី ៣ ឆ្នាំ ២០១៩ មានរហូតទៅដល់ ៦.៥% តែដោយសារតែដាក់តម្លើងពន្ធរបស់អាមេរិកវាត្រូវកាត់មកវិញ ០.៣%។
តើ Federal Reserve នឹងលូកដៃក្នុងរឿងនេះទេ?
ដើម្បីជាភាពច្បាស់លាស់មួយនៃការចូលរួចចំណែកក្នុងទីផ្សារមួយវាមិនមែនជាការចូលរួមឬដើរតួដោយភាពគីតែម្ខាងទេ។ ភាពចលាចលរវាងសហរដ្ឋអាមេរិកនិងចិន អាចត្រូវបានសម្របសម្រួលដោយសហព័ន្ធបម្រុង Federal Reserve ដោយការកាត់បន្ថយអត្រាការប្រាក់។
ជាមួយនឹងការប្រែប្រួលតម្លៃនិងសន្ទស្សន៍ភាគហ៊ុនរបស់អាមេរិកដែលកំពុងត្រូវបានគេសម្លឹងមើលឃើញថាកើនឡើងនៅសប្តាហ៍នេះ ទីផ្សារនឹងវិលត្រឡប់ទៅរកភាពដែលមិនធ្លាប់មានពីមុនជាមួយនឹងការផ្លាស់ប្តូរគោលនយោបាយរបស់ Federal Reserve។ បន្ថែមពី នេះគួរមានការកំណត់តម្លៃភាគហ៊ុនឡើងចុះប្រចាំថ្ងៃ នៅពេលមានការធ្លាក់ចុះបែបនេះ Federal Reserve គួរនៅជាជំហរដ៏រឹងប៉ឹងមួយខ្លាំងជាងមុន។ ហើយវានឹងអាចជួយដល់វិនិយោគិនកាន់តែមានទំនុកចិត្តលើការជួញដូរភាគហ៊ុន ធ្វើបែបនេះការជួញដូរនឹងនៅដែលមានចលនា មានសកម្មភាព ហើយកាត់បន្ថយការឡើង ឬ ធ្លាក់់ចុះខ្លាំងនៃតម្លៃភាគហ៊ុន៕
ដោយ៖ យ៉ាយ៉ា