ទម្លាប់ធ្វើការអាក្រក់៤យ៉ាង ដែលកំពុងបំផ្លាញសុខភាពរបស់អ្នក ដោយមិនដឹងខ្លួន
ថ្វីត្បិតតែការងារគឺពិតជាសំខាន់សម្រាប់ មនុស្សគ្រប់គ្នា ប៉ុន្តែទម្លាប់ការងារអាក្រក់មួយចំនួន ក៏កំពុងតែបំផ្លាញសុខភាពរបស់អ្នកដែរ។ ដូច្នេះហើយ អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះសុខភាពរបស់ខ្លួន ដើម្បីធានាថា លុយដែលបានមកនោះ មិនមែនសម្រាប់តែយកទៅព្យាបាលជំងឺ។ ខាងក្រោមនេះ ជាទម្លាក់អាក្រក់៤យ៉ាង ដែលគួរជៀសវាង៖
១) ធ្វើការលើសម៉ោងហួសហេតុ
ចំពោះអ្នកដែលស្រលាញ់ការងារ គឺពិតជាមិនចង់ទុកកិច្ចការទាំងនោះនៅពាក់កណ្ដាលទីនោះឡើយ ពោលគឺតែងខិតខំធ្វើយ៉ាងណាដើម្បីបញ្ចប់វា ឲ្យបានឆាប់។ ទោះបីជា នេះជាចំណុចល្អមួយក្តី ប៉ុន្តែសូមកុំព្យាយាមបំពេញការងារលើសម៉ោងហួសហេតុខ្លាំងពេក ព្រោះវានឹងធ្វើឲ្យសុខភាពរបស់លោកអ្នកចុះខ្សោយ ហើយអាចប្រឈមបញ្ហាធ្ងន់ធ្ងរនៅពេលអនាគត។
២) អង្គុយតែមួយកន្លែងយូរពេក៖
ការអង្គុយធ្វើការតែមួយកន្លែង គឺមិនមែនជារឿងល្អនោះឡើយសម្រាប់ សុខភាព ជាពិសេសផ្នែកសាច់ដុំ និង ភ្នែក។ នេះបើតាមការសិក្សារបស់សមាគមនៃការព្យាបាលបញ្ហាសន្លាក់ដោយចលនាអាមេរិក។
៣) ធ្វើការជាមួយអ្វីដែលខ្លួនមិនពេញចិត្ត
ជាធម្មតាទេ នៅពេលធ្វើការអ្វីដែលខ្លួនមិនពេញចិត្តនោះ វាតែងផ្ដល់នូវភាពតានតឹងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ។ តែអ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះ ការស៊ូទ្រាំជាមួយការងារដែលខ្លួនមិនពេញចិត្តនេះ នឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នកខ្លាំងផងដែរ។ បើផ្នែកតាមការសិក្សារបស់ទស្សនាវដ្ដីHuman Relations បានឲ្យដឹងថា បុគ្គលិកណាដែលកំពុងធ្វើការនៅស្ថាប័ន ឬ ជាមួយការងារដែលខ្លួនមិនពេញចិត្ត គឺប្រឈមនឹងបញ្ហាផ្លូវចិត្តជាច្រើន ដែលបណ្ដាលឲ្យអស់កម្លាំងល្ហិតល្ហៃ និង តប់ប្រមល់ខ្លាំងក្នុងចិត្ត។
៤) ធ្វើការដោយមិនគិតពេលសម្រាក
កុំថាឡើយរាងកាយ និង ខួរក្បាលរបស់មនុស្ស សូម្បីតែគ្រឿងម៉ាស៊ីនក៏ត្រូវការពេលវេលាសមស្របដើម្បីសម្រាកបន្តិចដែរ មុនពេលធ្វើការបន្តទៀត។ ចំពោះអ្នកដែលចូលចិត្តធ្វើការ ដោយមិនព្រមសម្រាក ជាពិសេសសម្រាកដើម្បីទទួលទានអាហារថ្ងៃត្រង់នោះ គឺប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសនោះភាពតានតឹង និង តប់ប្រមល់។ ដូច្នេះហើយជម្រើសល្អ គួរតែព្យាយាមសម្រាកឲ្យទៀងទាត់ ឬ អាចគេងមួយស្រលេតនៅពេលថ្ងៃដើម្បីប្រមូលថាមពលឡើងវិញ មុនពេលចាប់ផ្ដើមការងារបន្តទៀត៕
ដោយ៖ អ៊ុន ភក្តី