មានដឹងទេថាវិស័យអ្វីខ្លះដែលជួយសេដ្ឋកិច្ចសិង្ហបុរីឲ្យរឹងមាំដល់សព្វថ្ងៃ?
ភាពរឹងម៉ាំនៃសេដ្ឋកិច្ចសឹង្ហបុរីបានជំរុញឲ្យអ្នកជំនាញរាប់ពាន់នាក់ពីបណ្តាក្រុមហ៊ុនធំៗលើសកលលោកមកកាន់ទឹកដីប្រទេសដែលជាដែនកោះហ៊ុមព័ទ្ធដោយសមុទ្រមួយនេះ។ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសសិង្ហបូរីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតមួយក្នុងពិភពលោក។
ក្នុងឆ្នាំ ២០១៧ សឹង្ហបុរីឈរនៅលេខរៀងទី ២ ចំណោមប្រទេសដែលមានការបើកចំហរសេដ្ឋកិច្ច នេះបើតាមការលើកឡើងពី Heritage Foundation’s Index of Economic Freedom និងជាប្រទេសមួយដែលមានភាពឈានមុខនេះការធ្វើពាណិជ្ជកម្មលំដាប់ទី ២ លើពិភពលោកតាមរបាយការណ៍ពីធនាគារពិភពលោក។ទោះបីសិង្ហបុរីជាប្រទេសមួយដែលខ្វះខាតធនធានធម្មជាតិ មើលទៅហាក់ដូចជាមានទីផ្សារតូចក៏ពិតមែន តែប្រទេសមួយនេះទទួលបានភាពជោគជ័យក្នុងការឆ្លងកាត់វិបត្តិហិរញ្ញវត្ថុអំឡុងឆ្នាំ ១៩៩៧ ដល់ ២០០៨ ដែលជាហេតុនាំឲ្យប្រទេសដែលមានស្ថេរភាពផ្នែកសេដ្ឋកិច្ចបំផុតលើពិភពលោក គ្មានបំណុលបរទេស មានចំនូលជាតិខ្ពស់ និងមានអតិរេកវិជ្ជមានជាប់លាប់។ តើអ្វីទៅដែលជាភាពទាក់ទាញដើម្បីស្រូបយកវិនិយោគិនរបស់ប្រទេសមួយនេះ?
១) វិស័យដែលជំរុញដល់ការរីកលូតលាស់របស់សិង្ហបុរី
ឧស្សាហកម្មដែលធំជាងគេក្នុងប្រទេសត្រូវបានគេផ្តោតសំខាន់លើ ការផលិត (manufacturing) ដែលវារួមចំណែកពី ២០% ទៅ ២៥% ក្នុងផលិតផលជាតិសរុប (GDP) ក្នុងមួយឆ្នាំៗ។ ចង្កោមឧស្សាហកម្មដែលជាគន្លឹះនៃការផលិតនោះមានដូចជា ការផលិតគ្រឿងអេឡិចត្រូនិច គីមី ជីវវេជ្ជសាស្រ្ត ភស្តុភារកម្ម និងវិស្វកម្មដឹកជញ្ជូន។ ត្រីមាសទី ៣ ឆ្នាំ ២០១៧ វិស័យផលិតកម្មមានការកើនឡើង ៣៥% ដោយសារមានតម្រូវការខ្ពស់លើផលិតផលអេឡិចត្រូនិច និងវិស្វកម្ម។
តែអ្វីដែលនៅពីក្រោយភាពលូតលាស់នៃវិស័យផលិតកម្មនោះគឺ វិស័យហិរញ្ញវត្ថុដ៏រឹងម៉ាំ ដោយសារ ភាពឈានមុខនៃបរិយាកាសធ្វើពាណិជ្ជកម្ម និង ស្ថេរភាពនយោបាយ។ ទីស្នាក់ការរបស់ធនាគារជាង ២០០ និងមជ្ឈមណ្ឌលផ្តល់ជំរឿនក្នុងតំបន់សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មហិរញវត្ថុសកលជាច្រើនកន្លែង ទីផ្សារសេវាកម្មហិរញ្ញវត្ថុសិង្ហបុរីសម្របសម្រួលដល់ការផ្ទេរចំណេះដឹង ដំណើរការបច្ចេកវិជ្ជានិងជំនាញរវាងទីផ្សារសកលនិងតំបន់។ ក្រៅពីនេះ បច្ចេកវិទ្យាក៏ជាឧស្សាហកម្មមួយដែលកំពុងផ្ទុះឡើងដែរ គេសង្កេតឃើញមានការចូលរួមពី បច្ចេកវិទ្យាវេជ្ជសាស្រ្ត វិស្វកម្មអាកាស ថាមពលសម្អាត សុខភាពជាដើម។
២) ធនធានធម្មជាតិដែលសិង្ហបុរីមាន
ដោយសារប្រទេសនេះមានទីតាំងនៅភាពខាងត្បូងប្រទេសម៉ាឡេស៊ី មានផ្ទៃដីតូច ហ៊ុមព័ទ្ធទៅដោយសមុទ្រជាហេតុនាំឲ្យប្រទេសនេះមិនមានធនធានធម្មជាតិច្រើនដូចប្រទេសដទៃ សូម្បីទឹកសាបសម្រាប់ប្រើប្រាស់ និងបរិភោគក៏ត្រូវផ្គត់ផ្គង់ពីប្រទេសក្រៅដែរ។ តែទោះជាយ៉ាងណាវាមិនបានបញ្ឈប់ការអភិវឌ្ឍប្រទេសសិង្ហបុរី ក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលប្រេង និងឧស្ម័នទេ។ គំនិតមួយដែលនាំឲ្យប្រទេសតូចមួយនេះទទួលបានភាពរីកចម្រើនគឺជាការតាំងចិត្តមួយ ធនធានដែលសំខាន់សម្រាប់ប្រទេសគឺធនធានមនុស្ស។ ធនធានមនុស្សគឺជាធនធានដែលពោរពេញចំណេះដឹង ពេលមានចំនេះដឹងគ្រប់គ្រាន់គ្មានអ្វីដែលថាមិនអាចធ្វើបានទេ។ ផ្នត់គំនិត គោលដៅបែបនេះហើយដែលនាំឲ្យប្រទេសនេះមានសេដ្ឋកិច្ចរីកចម្រើន ហើយក៏ជាការទាក់ទាញមួយស្រូបយកក្រុមហ៊ុនពីបណ្តាប្រទេសនានាមកវិនិយោគកាន់តែច្រើនឡើងៗ។ ពេលមនុស្សមានចំនេះដឹង ក្រុមហ៊ុនក្នុងស្រុកមិនព្រួយបារម្ភពីការខ្វះធនធានមនុស្សដើម្បីបំពេញការងារ ចំនែកក្រុមហ៊ុនបរទេសវិញក៏មិនខ្លាចបណ្តាក់ទុនវិនិយោគដែរ។
៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
ក) ផ្លូវទឹក
ប្រទេសដែលធ្លាប់ជាមជ្ឍមណ្ឌលកំពង់ផែសមុទ្រផ្នែកពាណិជ្ជកម្ម និងយោធាកំឡុងសម័យអាណានិគមអង់គ្លេស ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសសិង្ហបុរីត្រូវបានអភិវឌ្ឍយ៉ាងល្អចាប់តាំងពីពេលនោះមក។ បន្ទាប់ពីប្រទេសសឹង្ហបុរីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥ រដ្ឋាភិបាលក្រោយអាណានិគមបានបន្តធ្វើឱ្យប្រសើរឡើង និងពង្រីកប្រព័ន្ធដឹកជញ្ជូនប្រព័ន្ធឧស្សាហកម្មទូរគមនាគមន៍ និងលំនៅឋានរបស់ប្រទេស។
កត្តាអំណោយផលមួយទៀតគឺទីតាំង ដោយសារសឹង្ហបុរីស្ថិតនៅចំទីតាំងល្អមួយសម្រាប់ចរាចរណ៍តាមដែលទឹក (ផ្លូវសមុទ្រ) ខណៈពេលដែលទីតាំងភូមិសាស្ត្ររបស់សិង្ហបុរីនៅឯផ្លូវបំបែកនៃខ្សែសង្វាក់ពាណិជ្ជកម្មដ៏សំខាន់បានផ្តល់នូវអំណោយផល ភាពលេចធ្លោរបស់ខ្លួនជាកំពង់ផែមជ្ឈមណ្ឌលសកលមិនមានឱកាស ។ ចក្ខុវិស័យជាយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំដោយមានភាពក្លាហានក្នុងការសម្រេចចិត្តយ៉ាងក្លៀវក្លាត្រូវបានផ្តល់សារៈសំខាន់ក្នុងការជួយប្រទេសសឹង្ហបុរី ក្នុងការរៀបចំខ្លួនឱ្យបានទាន់សម័យ ក្លាយជាអ្នកទទួលបានផលល្អ ទទួលបានផលប្រយោជន៍ដំបូងនិងរីកចម្រើននៅក្នុងឧស្សាហកម្មសកល។ ការដឹកជញ្ជូនតាមផ្លូវទឹកផ្តល់ឱ្យអ្នកដឹកជញ្ជូននូវជម្រើសជាង ២០០ ខ្សែ និងអាចចូលទៅកាន់កំពង់ផែចំនួន ៦០០ ក្នុង ១២៣ប្រ ទេស ដែលគេចាត់ទុកថាជាកំពង់ផែដែលមមាញឹកជាងគេលើលោក។
ខ) ផ្លូវគោក និងផ្លូវដែក
ផ្លូវគោកសម្រាប់ប្រទេសសឹង្ហបុរីមានប្រវែងប្រមាណ ៩,៣១០ គីឡូម៉ែត្រ ផ្លូវដែក មានប្រវែង ១៩៩.៦ គីឡូម៉ែត្រ ប្រព័ន្ធដឹកជញ្ជូនមានប្រសិទ្ធិភាព សុវត្ថិភាព និងទៀតទាត់ពេលវេលាណាស់។
គ) ផ្លូវអាកាស
ចំពោះផ្លូវអាកាស Changi International Airports បានភ្ជាប់ទំនាក់ទំនងហោះហើរជាមួយទីក្រុងចំនួន ៣៨០ ក្នុង ៩០ ប្រទេសលើពិភពលោក។
ការហោះហើរប្រចាំសប្តាហ៍ច្រើនជាង ៧,០០០ជើង ដែលដឹកជញ្ជូនមនុស្សនិងទំនិញទូទាំងពិភពលោក។
ឃ) គមនាគមន៍
ប្រព័ន្ធគមនាគមន៍គ្មានអ្វីដែលជាបញ្ហាគួរឲ្យកត់សម្គាល់ឡើយ ដោយសិង្ហបុរីជាប្រទេសមូយដែលមានអត្រាអ្នកប្រើប្រាស់ទូរស័ព្ទចល័តខ្ពស់ជាងគេលើពិភពលោក គិតជាមធ្យមមនុស្សម្នាក់ប្រើទូរស័ព្ទ ១.៥ គ្រឿង (នេះតាមការវិភាគជាតួលេខរកមធ្យមភាគ) ហើយក្នុងនោះតាមផ្ទះប្រជាជន ៩០% សុទ្ធតែមានអ៊ីនធឺណេតប្រើប្រាស់។
៤) ផលិតផលក្នុងស្រុកបច្ចុប្បន្នសម្រាប់ប្រទេសសិង្ហបុរី
ត្រីមាសទីបីនៃឆ្នាំ ២០១៧ GDP សរុបគឺ ១០៧ ប៊ី លានដុល្លារ សេដ្ឋកិច្ចមានការកើនឡើង ៥.២% នៅខណៈនោះ ហើយបើតាមការព្យាករណ៍ពី Bloomberg វានឹងមានការកើនឡើងជាងនេះទៀតនៅ ៣ឆ្នាំខាងមុខ។
អាជ្ញាធររូបិយវត្ថុសឹង្ហបុរីបានប៉ាន់ស្មានថា សេដ្ឋកិច្ចសឹង្ហបុរីទំនងជានឹងកើនឡើងនៅថេរប៉ុន្ដែមានល្បឿនយឺតបន្តិចក្នុងឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ។
៥) បំណុលសាធារណៈ
សិង្ហបុរីជាប្រទេសដែលរក្សាបានបំណុលបរទេសកម្រិតសូន្យ តាំងពីឆ្នាំ ១៩៩៥។ បំណុលក្នុងស្រុក កម្ចីសរុបរបស់រដ្ឋាភិបាលមាន ៤៩៦ ប៊ីលានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៧ ដែលក្នុងនោះមានដូចជា មូលបត្រកម្មសិទ្ធិ មូលបត្របំណុល ប័ណ្ណរតនាគារ និង advance deposits។
៦) ប្រភពសំខាន់នៃចំណូលសម្រាប់រដ្ឋាភិបាលសឹង្ហបុរី
ចំណូលជាតិសរុបនៅត្រីមាសទី ៣ ២០១៧ មានចំនួន ៦៩ ប៊ីលានដុល្លារសឹង្ហបុរី ដែលចំណូលជាតិបានមកពីការប្រមូលពន្ធលើប្រាក់បៀវត្ស ពន្ធលើអចលនទ្រព្យ និងពន្ធគយ។
៧) រូបិយវត្ថុរបស់សិង្ហបុរី
គិតត្រឹមខែវិច្ឆិកា ២០១៧ អត្រាប្តូប្រាក់របស់សិង្ហបុរីគឺ ១.៣៤៦៧ ដុល្លារសិង្ហបុរី = ១ ដុល្លារអាមេរិក។
ដោយ៖ យ៉ាយ៉ា