ឥណ្ឌូនេស៊ីបង្វែរការផ្តោតអារម្មណ៍ទៅលើវិស័យផលិតកម្មដើម្បីគិតគូរពីចំណូលជាតិ
រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីមានការជឿជាក់យ៉ាងមុតម៉ាំថា វិស័យផលិតកម្មនឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសខ្លួនឲ្យកាន់តែរីកចម្រើនខ្លាំងឡើងក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀតនេះ។ ដោយប្រទេសរបស់ខ្លួនឈរនៅលំដាប់អ្នកមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ី ដូច្នេះហើយឥណ្ឌូនេស៊ី បាននិងកំពុងធ្វើការយកចិត្តទុកដាក់លើវិស័យផលិតកម្មក្នុងប្រទេសដើម្បីឲ្យមានសន្ទុះកាន់តែខ្លាំងដើម្បីស្របនឹងផែនការអភិវឌ្ឍប្រទេស ២០២០-២០២៤ និងឈានដល់ទទួលបានអត្រាកំណើនសេដ្ឋកិច្ច ៧% តាមការរំពឹងទុក។ នេះជា GDP ប្រទេសឥណ្ឌូនេស៊ីគិតពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០១៩៖
យោងតាមភា្នក់ងារអភិវឌ្ឍផែនការជាតិ (BAPPENAS) លោក Bambang Brodjonegoro បានឲ្យដឹងថា រដ្ឋាភិបាលបានខិតខំអភិវឌ្ឍវិស័យផលិតកម្មក្នុងប្រទេសដើម្បីភាពរីកចម្រើនយូរអង្វែងនៃសេដ្ឋកិច្ចជាតិ។ ការយកចិត្តទុកដាក់លើវិស័យនេះត្រូវបានគេជឿជាក់ថាជាកំលាំងចលករថ្មីមួយ ដែលជួយឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលល ១៥ឆ្នាំខាងមុខទៀត ពោលគឺនៅក្នុងឆ្នាំ ២០៣៤។
វិស័យផលិតកម្មត្រូវបានគេដឹងថាចូលរួមផ្តល់ការងារប្រមាណ ១៤.៧៤% នៃកម្លាំងពលកម្មសរុបក្នុងប្រទេស នេះបើយោងតាមទិន្នន័យពីស្ថាប័នស្ថិតិឥណ្ឌូនេស៊ីខែសីហា ឆ្នាំ ២០១៨ ខណៈដែលវិស័យកសិកម្មចូលរួមផ្តល់ការងារប្រមាណ ២៨.៧៩% នៃកម្លាំងពលកម្ម។ ខាងក្រោមនេះជាកម្លាំងពលកម្មក្នុងប្រទេសឥណ្ឌូនេស៊ី៖
យុទ្ធសាស្រ្តពង្រឹងផលិតកម្មគឺនឹងបង្កើនតម្លៃសម្រាប់ការនាំចេញ
ផែនការថ្មីពាក់ព័ន្ធនឹងការជំរុញផលិតកម្មនេះ បានបង្កើនការងារប្រមាណ ២០% លើពលកម្មជាតិសម្រាប់ឆ្នាំ ២០២៤ ជាមួយនឹងភាពតានតឹងលើការពង្រីកតម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្ម។ ការធ្វើពិពិតកម្មលើផលិតផលនាំចេញ និងការអភិវឌ្ឍទៅរកទំនើបកម្មនៃវិស័យផលិតកម្មគឺជាសំខាន់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដោយសារប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយដែលធ្វើការនាំចេញវត្ថុធាតុដើមច្រើនដូចជាផលិតផលកសិកម្ម ទំនិញមួយចំនួនដែលអាចយកទៅកែច្នៃបាន រ៉ែ លោហៈ ផលិតផលកសិ-ឧស្សាហកម្មជាដើម។
ដូច្នេះការអភិវឌ្ឍវិស័យផលិតកម្មក៏បានរួមចំនែកក្នុងការកាត់បន្ថយការនាំចេញវត្ថុធាតុដើម និងនិងបង្កើនការកែច្នៃឲ្យអស់ពីលទ្ធភាព។ យោងតាទិន្នន័យពី BAPPENAS បានឲ្យដឹងពីការនាំចេញក្នុងឆ្នាំ ២០១៨ របស់ប្រទេសឥណ្ឌូនេស៊ីទាំងអស់ ៣០% ជាការនាំចេញវត្ថុធាតុដើមដូចជា ធ្យូងថ្ម ឧស្ម័នធម្មជាតិ ប្រេងបន្លែ និងផលិតផលនានាទៀត។ ប្រទេសឥណ្ឌូនេស៊ីចង់ធ្វើតាមប្រទេសអភិវឌ្ឍន៍ដទៃទៀត ដើម្បីនាំចេញផលិតផលដែលមានតម្លៃខ្ពស់ដូចជាផលិតផលអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងផលិតផលគីមី ហើយក៏មានបំណងពង្រឹងជំហរយុទ្ធសាស្រ្តរបស់ខ្លួនឈានចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មសកលផងដែរ។
លើសពីនេះប្រទេសឥណ្ឌូនេស៊ីក៏មានមហិច្ឆតាអភិវឌ្ឍខ្លួនឲ្យទៅជា Indonesia 4.0 ដែលជាលទ្ធភាពក្នុងការវិវត្តន៍បច្ចេកទេសក្នុងប្រទេស ក៏ដូចជាបំពាក់បន្ថែមដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការប្រើប្រាស់ ឬបញ្ជាដោយម៉ាស៊ីនលើផលិតកម្មជំនួសមនុស្ស និង 3D printing ឲ្យបានកាន់តែច្រើន។ គំនិតផ្តួចផ្តើមថ្មីនេះមានមហិច្ឆតាចង់ធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំង ១០ នៅលើពិភពលោកនៅឆ្នាំ ២០៣០។
តើធ្វើយ៉ាងណាទើបអាចសម្រេចបំណងដ៏ធំមួយនេះ?
រដ្ឋាភិបាលត្រូវចូលរួមយ៉ាងជិតស្និតជាមួយវិស័យឯកជន ដើម្បីឲ្យគោលបំណងមួយនេះសម្រេចបាន។ យោងតាមប្រសាសន៍អ្នកគ្រប់គ្រងធនាគារអភិវឌ្ឍអាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ Ramesh Subramaniam បានឲ្យដឹងថា ការសហការការលូកដៃជួគ្នាទៅវិញទៅមករវាងរដ្ឋាភិបាល និងវិស័យឯកជនជាផ្នែកមួយសំខាន់បំផុតក្នុងការកំណត់ជោគវាសនាប្រទេសជាតិទាំងមូល។ អ្នកគ្រប់គ្រងប្រចាំតំបន់របស់ធនាគារពិភពលោករូបនេះក៏បានផ្តល់ជាការណែនាំដែរថា រដ្ឋាភិបាលត្រូវបង្កើនសម្ព័ន្ធភាពឲ្យបានកាន់តែល្អ និងរឹងម៉ាំជាមួយវិស័យឯកជន ក៏ដូចជាព្យាយាមសម្របសម្រួលរាល់ការផលិតរបស់វិស័យឯកជនឲ្យបានកាន់តែច្រើន ដើម្បីជម្រុញសេដ្ឋកិច្ចនិងការនាំចេញបានកាន់តែច្រើន។ ប្រទេសឥណ្ឌូនេស៊ីបានត្រៀមថវិកាយ៉ាងច្រើន ដើម្បីដោះស្រាយបញ្ហាជាមូលដ្ឋាន ពិសេសហេដ្ឋារចនាសម្ព័ន្ធដែលជាបញ្ហាមួយរារាំងដល់ដំណើរការផលិតកម្ម។
តើរដ្ឋាភិបាលឥណ្ឌូនេស៊ីត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?
បំលាស់់ប្តូរមួយដែលត្រូវយកចិត្តទុកដាក់លើការនាំចេញផលិតផល និងវត្ថុធាតុដើម (commodities) ទៅជាការនាំចេញនូវផលិតផលសម្រេច (manufacturing) វានាំឲ្យមានផលចំនេញដល់សេដ្ឋកិច្ចច្រើន ព្រោះវាបានបំលែងពីចំណូលទាបនៃវត្ថុធាតុដើម ទៅជាចំណូលខ្ពស់នៃផលិតផលសម្រេច។ តែទោះជាយ៉ាងណាវាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ហើយការចំណាយក៏មិនតិចដែរ ការសាងសង់រោងចក្រថ្មីទាមទារការនាំចូលគ្រឿងចក្រមួយចំនួនដើម្បីបំពេញតម្រូវការបន្ថែម។ ផ្លាស់ប្តូររបស់ប្រទេសក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតកម្មរបស់ខ្លួនគឺជាជំហានបន្ទាប់ដ៏ល្អមួយ ប៉ុន្តែការខិតខំប្រឹងប្រែងនៅតែជាអ្វីដែលត្រូវគិតគូរនិងមានអាទិភាព។
ជាងនេះទៅទៀត រដ្ឋាភិបាលត្រូវធ្វើឲ្យមានតុល្យភាពរវាងផលប្រយោជន៍វិនិយោគិនក្នុងប្រទេស និងវិនិយោគិនក្រៅប្រទេស ខណៈដែលគោលនយោបាយគាំពាររបស់ប្រធានាធិតី Joko Wododo រួមមាន ការកំណត់វិនិយោគិនបរទេសចូលរូមក្នុងសកម្មភាពរបស់សហគ្រាសខ្នាយតូច និងមធ្យម គាំទ្រដល់ការរីកលូតលាស់នៃក្រុមហ៊ុននិងសហគ្រាសក្នុងប្រទេស។ គោលនយោបាយគួរមានការបន្ធូរបន្ថយមួយចំនួនដើម្បីផ្លាស់ប្តូរបរិយាកាសវិនិយោគ និងទាក់ទាញវិនិយោគិនថ្មីៗពីបរទេសកាន់តែច្រើនក្នុងវិស័យផលិតកម្មនេះ។
ប្រទេសនេះត្រូវការការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់ក្រុមហ៊ុនបរទេសដើម្បីផ្តល់នូវការចាប់ផ្តើមឈានដល់ឧស្សាហកម្មផលិតដ៏ទំនើប។ ការបណ្តុះបណ្តាលលើធនធានមនុស្សក៏ជារឿងមួយសំខាន់ណាស់ដែរ ដើម្បីផ្តល់ចំនេះដឹងថ្មីៗពាក់ព័ន្ធនឹងផលិតកម្មទំនើបអាចប្រកួតប្រជែងជាមួយទីផ្សារបរទេសបានកាន់តែខ្ពស់។ ការដែលអាចធ្វើបែបនេះបាន ឥណ្ឌូនេស៊ីនឹងឈរក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចយក្សក្នុងតំបន់ ដែលអាចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់តាមអ្វីដែលរដ្ឋាភិបាលរំពឹងចង់បាន ក៏ដូចជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ៧%។
ដោយ៖ យ៉ាយ៉ា