ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់ថៃកំពុងជំរុញពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា
ប្រទេសថៃបានធ្វើការបង្ហាញពីផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បី បង្កើនលទ្ធភាពធ្វើពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែននេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ប្រសិនបើផែនការមួយនេះទទួលបានផ្លែផ្កាតាមការរំពឹងទុក។
វាជាការតាំងចិត្តមួយក្នុងការដែលយកព្រំដែនជាកន្លែងផ្តល់ប្រយោជន៍សេដ្ឋកិច្ច ជាជាងកន្លែងជម្លោះ ហើយការផ្តួចផ្តើមគំនិតលើផែនការអភិវឌ្ឍមួយនេះចាប់ផ្តើមដោយប្រទេសប្រទេសថៃ តែវាទាមទារឲ្យមានការចូលរួមពីប្រទេសទាំងពីរ។ ការធ្វើពាណិជ្ជកម្មតាមព្រំដែនត្រូវបានគេកត់សម្គាល់ថាមានប្រមាណ ៨០% ដែលវាផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចប្រទេសទាំងពីរនេះក្រាស់ក្រែលដែរ។
ផែនការវិនិយោគរបស់ប្រទេសថៃ
កំពង់ផែសមុទ្រទឹកជ្រៅនៅ លាមឆាបាង (Leam Chabang) កំពុងស្ថិតក្នុងដំណើរការសាងសង់ ក៏នឹងមានការតភ្ជាប់ផ្លូវដែកពីកំពង់ផែម៉ាតាភុត (Ma Ta Phut) ទៅកំពង់ផែសាតាហ៊ីប (Sattahip)។ ការពង្រឹងសមត្ថភាពដឹកជញ្ជូននឹងជួយបង្កើនល្បឿនលំហូរនៃការផ្ទេរទំនិញពីភាគីម្ខាងទៅភាគីម្ខាងទៀត ហើយវានឹងជួយបង្កើនការប្រកួតប្រជែងពាណិជ្ជកម្មកាន់តែខ្ពស់។ ភាពរីកលូតលាស់នៃដំណើរការកំពង់ផែនេះ ក៏នឹងជួយដល់ការផ្លាស់ប្តូរទំនិញទៅកាន់មហាសមុទ្រឥណ្ឌានិងច្រកសមុទ្រម៉ាឡាកា (Malacca)ថែមទៀផង។
នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិបានបង្ហាញពីផែនការជំរុញពាណិជ្ជកម្មឆ្លងដែននិងការវិនិយោគ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការប្រកួតប្រជែង រវាងក្រុមហ៊ុនក្នុងប្រទេសទាំងពីរ។ ជាងនេះប្រទេសថៃក៏បានគ្រោងបង្កើតកំពង់ផែស្ងួត និងឃ្លាំងកុងតឺន័រផងដែរ។ យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ចកម្មមីយ៉ាន់ម៉ាបានបង្ហាញថា គិតត្រឹមខែមករាឆ្នាំ ២០១៩ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនលើស ១ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះដែលក្រសួងដឹកជញ្ជូនរបស់ថៃក៏បានឲ្យដឹងដែរថា ដោយសារប្រទេសថៃជាប្រទេសមួយដែលមានទីតាំងយុទ្ធសាស្រ្តល្អក្នុងតំបន់អាស៊ីអាគ្នេយ៍ វាបានក្លាយជាផ្នែកមួយសំខាន់ក្នុងវិស័យភស្តុភារកម្ម (Logistic) សម្រាប់ពិភពលោកនិងជាថាមវន្តសព្វថ្ងៃនេះ។ ភស្តុភារកម្ម និងការដឹកជញ្ជូនជាឧបករណ៍មួយសំខាន់ ដើម្បីជួយប្រទេសថៃមានការប្រកួតប្រជែងខ្ពស់ជាមួយទីផ្សារសកល ដែលបច្ចុប្បន្នវាបានចូលរួមប្រមាណ ១៤% ក្នុងការជំរុញកំណើន GDP របស់ប្រទេស។
ប្រទេសទាំងពីរបានបង្ហាញពីការតាំងចិត្ត ផ្តោតទៅលើការអភិវឌ្ឍរួមគ្នាមួយនេះធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ចប្រទេសដើរទៅរកភាពរីកចម្រើនរួមគ្នា ហើយពួកគេក៏បានធ្វើការពិភាក្សាបន្ថែមលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) ថ្មីបន្ថែមទៀតផង ។
ទំហំនៃភាពរីកចម្រើនពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ានិងថៃ
ខណៈទំហំពាណិជ្ជកម្មដែលមីយ៉ាន់ម៉ាមានជាមួយប្រទេសចិនប្រមាណ ៨៧% គេបានឃើញថាមានត្រឹមតែ ១២% ប៉ុណ្ណោះពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ានិងថៃ ក្រៅពីនោះគឺរវាងឥណ្ឌា ០.៨% និងបង់ក្លាដេស ០.២%។
គិតត្រឹមខែ មីនា ឆ្នាំ២០១៧ ពាណិជ្ជកម្មឆ្លងប្រទេសទាំងពីរមានចំនួន ១.៣ប៊ីលានដុល្លារ វាមានការកើនឡើងប្រមាណ ២០០លានដុល្លារធៀបនឹងឆ្នាំ ២០១៦។
អត្ថប្រយោជន៍ដែលប្រទេសទាំងពីរនឹងទទួលបាន
ការដែលខិតខំវិនិយោគនិងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនេះ ប្រទេសថៃយល់ថាខ្លួនកំពុងគាំទ្រដល់ការនាំចេញផលិតផលរបស់ប្រទេសមីយ៉ាន់ម៉ា ក៏កំពុងពង្រីកទីផ្សាររបស់ខ្លួនដូចគ្នា។ វាជាឱកាសដ៏ធំសម្បើមមួយក្នុងការឈានជើងចូលទៅវិនិយោគក្នុងប្រទេសភូមិផងរបងជាមួយគ្នានេះដូចជា ការពង្រីកសមត្ថភាពនាំចេញនាំចូលតាមផ្លូវទឹក ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែខ្លាំង គម្រោងសាងសង់នានា ការចូលរូមអភិវឌ្ឍផ្លូវថ្នល់ទាំងពីរប្រទេស ការវិនិយោគ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតពិសេសតាមខ្សែបន្ទាត់ព្រំដែនតែម្តង។
ថៃលូកដៃចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាស្របពេលដែលប្រទេសចិនកំពុងចូលកៀកជាមួយមីយ៉ាន់ម៉ា
ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាការបង្កើនផលិតភាពឲ្យកាន់តែប្រសើរ ស្របពេលជាមួយគ្នានេះដែរ មីយ៉ាន់ម៉ាបានបង្ហាញថាផលិតផលថៃគឺមានគុណភាពខ្ពស់ជាចំនុចដែលប្រទេសខ្លួនគួររៀនសូត្រតាមដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ ប្រទេសថៃអាចចាត់ទុកថាច្រករបៀងរវាងសេដ្ឋកិច្ចចិននិងមីយ៉ាន់ម៉ា ហើយថៃក៏អាចក្លាយជាអ្នកជ្រៀតជ្រែកសេដ្ឋកិច្ចចិនក្នុងប្រទេសមីយ៉ាន់ម៉ាដូចគ្នា ព្រោះប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាធំជាងគេបច្ចុប្បន្នមានតែចិនប៉ុណ្ណោះ (៨០% នៃសេដ្ឋកិច្ចអងន្តរជាតិសរុប)។ ការលូកដៃរបស់ថៃនេះក៏អាចកាត់បន្ថយទំហំពាណិជ្ជកម្មជាមួយឥណ្ឌា និងបង់ក្លាដេសដែរ។ ចិនអាចនឹងពិបាកបង្កើនការធ្វើពាណិជ្ជកម្មរវាងគ្នា ខណៈដែលថៃនិងមីយ៉ាន់ម៉ាបង្ហាញពីជំហរដ៏រឹងម៉ាំនៃសម្ព័ន្ធភាពពាណិជ្ជកម្មជាមួយគ្នាបែបនេះ។ ជាងនេះទៅទៀតមីយ៉ាន់ម៉ា និងថៃបានមើលឃើញពីផលចំនេញរយៈពេលវែងរៀងៗខ្លួនប្រសិនបើពួកគេភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាកាន់តែល្អ។
បញ្ហាដែលនឹងត្រូវប្រឈម ពិសេសមីយ៉ាន់ម៉ា
ភ្ជាប់ទំនាក់ទំនងព្រំដែនចៀសវាងជម្លោះ ហើយប្រែក្លាយទៅជាផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរវាងពីរប្រទេស នាំឲ្យបង្កើននូវលទ្ធភាពប្រកួយតប្រជែងផ្នែកពាណិជ្ជកម្ម ពិសេសរដ្ឋាភិបាលថៃជឿជាក់ថាខ្លួននឹងទទួលបានចំណូលកាន់តែច្រើនពីការអភិវឌ្ឍមួយនេះ។ មីយ៉ាន់ម៉ាមានព្យាករណ៍ថាខ្លួនច្បាស់ជាជួបបញ្ហាលើសកម្មភាពល្មើសច្បាប់ និងត្រូវចំណាយលើការបង់ពន្ធប្រមាណ ៥០០ ប៊ីលានដុល្លារក្នុងមួយឆ្នាំ។ ក្រុមមន្ត្រីបានអះអាងថាភ្នាក់ងាររដ្ឋាភិបាលមីយ៉ាន់ម៉ាមិន អាចតាមដានការជួញដូរតាមព្រំដែនបានដូចមុនទេ បន្ទាប់ពីមានការបើកច្រកព្រំដែនជាសេរីបែបនេះ៕
ដោយ៖ យ៉ាយ៉ា