ហេតុផល ១០ ដែលសហគ្រិនថ្មីថ្មោង ឬ ស្ថាបនិក Startup បើកអាជីវកម្មហើយដួលទៅវិញ
ជាសារមួយសម្រាប់សហគ្រិនទាំងអស់ត្រូវដឹងថា ភាពជោគជ័យក្នុងអាជីវកម្ម ក៏វាមានន័យស្មើនឹងការបរាជ័យដែរ។ តើអ្នកជំនួញប៉ុន្មាន% ដែលជោគជ័យនៅពេលចាប់ផ្តើមអាជីវកម្មដំបូង? បើយើងតាមរបាយការណ៍ស្រាវជ្រាវនានាបានបង្ហាញថា ជាទូទៅនៅក្នុងរយៈពេល ៥ឆ្នាំដំបូង អត្រានៃភាពបរាជ័យមានដល់ ៥០%។ នេះមានន័យថា ឱកាសជោគជ័យ មាន ៥០%។
ប៉ុន្តែហេតុអ្វីបានជាឱកាសជោគជ័យ ៥០% នៅក្នុងរយៈពេល៥ឆ្នាំដំបូងដែលនៅសេសសល់ មានសហគ្រិនតិចតួចអាចដណ្តើមវាបាន? ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗចំនួន ១០ ដែលធ្វើឲ្យសហគ្រិនថ្មីថ្មោងបរាជ័យទៅវិញ។
១.មិនសរសេរផែនការអាជីវកម្ម
កុំជឿលើគំនិតមួយដែលថា មានផែនការអាជីវកម្មមួយគឺមិនល្អដូចការខិតខំប្រឹងប្រែងរបស់អ្នកនោះទេ។ គោលការណ៍នៃការសរសេរផែនការអាជីវកម្ម គឺជាវិធីល្អបំផុតដើម្បីធ្វើឲ្យប្រាកដថា អ្នកពិតជាយល់ពីរបៀបផ្លាស់ប្ដូរគំនិតរបស់អ្នកទៅជាអាជីវកម្ម។
២.គ្មានប្រាក់ចំណូលតិចតួច ឬគ្មានសោះត្រឡប់មកវិញ
សូម្បីតែអង្គការ ឬស្ថាប័នមិនស្វែងរកប្រាក់ចំណេញក៏មានផែនការចំណូលចំណាយរបស់ខ្លួនច្បាស់លាស់ដែរ។ ដូចនេះប្រសិនបើផលិតផលរបស់អ្នកផ្តល់ជូនដោយឥតគិតថ្លៃ ឬអ្នកបាត់ចំណូលរាល់លើកពេលដែលអ្នកលក់ អ្នកនឹងមានហានិភ័យជាមិនខាន។ សូមចាំថា នៅពេលអ្នកមិនអាចទាញលុយចេញពីហោប៉ៅរបស់អតិថិជនបានទេនោះ អាជីវកម្មរបស់អ្នកមិនអាចរស់ទៅ មុខយូរអង្វែងបានឡើយ។
៣.ឱកាសក្នុងមុខជំនួញមានដែនកំណត់
មិនមែនសុទ្ធតែគំនិតល្អទាំងអស់អាចធ្វើឲ្យអ្នកបង្កើតអាជីវកម្មមួយជោគជ័យបានទេ។ ដោយសារតែអ្នកជឿជាក់ថា ផលិតផល ឬសេវាកម្មរបស់អ្នកពិតជាអស្ចារ្យ ហើយគ្រប់គ្នាត្រូវការវា នោះមិនមែនមានន័យថា គ្រប់គ្នានឹងទិញវាពីអ្នកនោះទេ។ អ្វីៗគឺពឹងអាស្រ័យលើការស្រាវជ្រាវទីផ្សារ ការក្តោបបានព័ត៌មាន យុទ្ធសាស្ត្រ ឱកាស និងគន្លឹះផ្សេងៗទៀតដែលអ្នកមាន។
៤.មិនអាចអនុវត្តបាន
វាជារឿងដ៏គួរឲ្យអស់សំណើច នៅពេលដែលអ្នកគិតថា អ្នកមានគំនិត ១ លានដុល្លារ ហើយថា វាគ្រប់គ្រាន់ដែលធ្វើឲ្យអាជីវកម្មអ្នកលេចរូបរាងឡើង និងជោគជ័យ។ សូមបញ្ជាក់ថា កុំគេងស្រមៃបែបនេះអី! ជាក់ស្តែងវាអាស្រ័យថា តើអ្នកយកវាទៅអនុវត្តបានដែរឬអត់? ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ និងហ៊ានប្រឈមទៅនឹងហានិភ័យដែលកើតមានឡើងទេនោះ អាជីវកម្មដែលជោគជ័យ នឹងកាន់តែឆ្ងាយពីដៃរបស់អ្នក។
៥.មានគូប្រជែងច្រើនពេក
ប្រសិនបើទីផ្សារជំនួញរបស់អ្នកគ្មានគូប្រជែងសោះ វាគឺជាសញ្ញាណអវិជ្ជមាន ពីព្រោះបង្ហាញថា មុខជំនួញរបស់អ្នកមានតម្រូវការទីផ្សារតិចតួច ឬគ្មានសោះ។ ប៉ុន្តែបើមុខជំនួញរបស់អ្នកកំពុងមានទីផ្សារខ្ពស់ ហើយមានគូប្រជែងខ្លាំងៗច្រើនជុំវិញអ្នកទៀតនោះ វាជាសញ្ញាណមួយបញ្ជាក់ថា អ្នកត្រូវតែមានចំណុចពិសេសមួយលើសគេ ប្លែកពីគេ និងទាក់ទាញជាងគេ បើមិនដូច្នេះទេ អ្នកនឹងស្លាប់។
៦.មុខជំនួញគ្មានស្តង់ដារស្របតាមច្បាប់
ប្រសិនបើអ្នករំពឹងថា នឹងស្វែងរកអ្នកវិនិយោគ ឬរំពឹងថានឹងមានប្រៀបក្នុងការប្រកួតប្រជែង ជាលក្ខណៈយូរអង្វែងនៅលើទីផ្សារជាមួយក្រុមហ៊ុនយក្សនៅក្នុងវិស័យណាមួយ អ្នកត្រូវតែចុះបញ្ជីក្រុមហ៊ុនរបស់អ្នកដើម្បីទទួលបានសិទ្ធិរកស៊ីពេញលេញដូចជា ប័ណ្ណប៉ាតង់ ពាណិជ្ជសញ្ញា និងកម្មសិទ្ធិបញ្ហាជាដើមពីក្រសួងស្ថាប័នដែលពាក់ព័ន្ធ។ ធ្វើបែបនេះបង្ហាញថា ក្រុមហ៊ុនរបស់អ្នកមានស្តង់ដារត្រឹមត្រូវ និងអាចការពារពីការរំលោភបំពានណាមួយដូចជាការប្រកួតប្រជែងមិនស្មោះត្រង់។
៧.ក្រុមការងារគ្មានបទពិសោធន៍ច្បាស់លាស់
នៅក្នុងការអនុវត្តិជាក់ស្តែង អ្នកវិនិយោគត្រូវការមនុស្សដែលមានធនធានពិតប្រាកដ មិនមែនត្រឹមតែគំនិតនោះទេ។ អ្នកវិនិយោគចង់មានក្រុមការងារដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងការចាប់ផ្តើមបង្កើតជំនួញរបស់ខ្លួន។ ប្រសិនបើអ្នកមិនមានបទពិសោធន៍ទេនោះ អ្នកគួរស្វែងរកដៃគូណាម្នាក់ដែលធ្លាប់ធ្វើ និងកំពុងធ្វើការងារដែលទាក់ទងទៅនឹងជំនួញរបស់អ្នកដើម្បីយកមកដាក់ចូលទៅក្នុងក្រុមការងាររបស់អ្នក។
៨.មើលរំលងលើតម្រូវការធនធានផ្សេងៗ
ធនធានសំខាន់បំផុតដែលអ្នកត្រូវមានដើម្បីចាប់ផ្តើមអាជីវកម្ម គឺដើមទុន។ ក៏ប៉ុន្តែធនធានដូចជា ការធ្វើទីផ្សារ ការចំណាយលើការផ្សព្វផ្សាយ និងការចំណាយផ្សេងៗទៀត វាអាចមានសារសំខាន់នៅក្នុងលក្ខខណ្ឌណាមួយ។ មានដើមទុនច្រើនហើយ ប៉ុន្តែបើគ្រប់គ្រងចាត់ចែងមិនបានល្អ និងមិនបានត្រៀមធនធានទុកជាមុនឲ្យបានគ្រប់គ្រាន់ទេនោះ អាជីវកម្មរបស់អ្នកនឹងបរាជ័យ។
៩.យុទ្ធសាស្ត្រទីផ្សារនៅស្តួចស្តើង
ការមានយុទ្ធសាស្ត្រទីផ្សារជាមួយពាក្យស្លោកមួយឃ្លាៗ មិនគ្រប់គ្រាន់ទេដើម្បីធ្វើឲ្យផលិតផល និងស្លាកសញ្ញាអាជីវកម្មរបស់អ្នកអាចមើលឃើញក្នុងការវាយលុកឥតឈប់ឈរនៅលើប្រព័ន្ធផ្សព្វផ្សាយនៅពេលបច្ចុប្បន្ននេះ។ បើគ្មានយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាព និងច្នៃប្រឌិតទេនោះ អ្នកមិនអាចទាក់ទាញអតិថិជនបានទេ។
១០.ឆាប់បោះបង់ពេក
នៅក្នុងទិដ្ឋភាពជាក់ស្តែង គេសង្កេតឃើញថា មានមូលហេតុចម្បងធំមួយដែលធ្វើឲ្យម្ចាស់អាជីវកម្មថ្មីថ្មោងបរាជ័យទៅវិញ គឺថា ម្ចាស់អាជីវកម្មទាំងនោះអត់ទ្រាំមិនបាន នឿយហត់ ខ្វះការតស៊ូ ឆាប់ចុះចាញ់ បោះបង់ ហើយក៏បិទអាជីវកម្មចោលតែម្តង។ តាមពិតទៅ អ្នកជំនួញដែលគេចាត់ទុកថា ជោគជ័យលុះត្រាតែអ្នកហ៊ានប្រឈមនឹងឧបសគ្គ ការបរាជ័យ និងមានយុទ្ធសាស្ត្រដែលត្រូវដើរទៅមុខ៕
ប្រភព៖ Entrepreneur