តើការវិនិយោគផ្ទាល់ពីបរទេសផ្លាស់ប្តូរសេដ្ឋកិច្ចវៀតណាមដូចម្តេចខ្លះ?​



មិនខុសពីកម្ពុជាប៉ុន្មានទេ វៀតណាមក៏ជាប្រទេសមួយដែលរងការញាំញីដោយសារសង្គ្រាមដែរ។ ស្ថិតក្នុងសង្គ្រាមនៃតំបន់ឥណ្ឌូចិន (កម្ពុជា-វៀតណាម-ឡាវ) ពីឆ្នាំ ១៩៥៥ ដល់ ១៩៧៥ ហើយក៏បានបែងចែកវៀតណាមជាពីរគឺ វៀតណាមខាងជើង និងវៀតណាមខាងត្បូង។ វៀតណាមខាងជើងមានការគាំទ្រពីអតីតសហភាពសូវៀត ចិន និងបណ្តាប្រទេសកុម្មុនីស្តផ្សេងទៀត រីឯវៀតណាមខាងត្បូងទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងប្រទេសដែលប្រឆាំងនឹងលទ្ធិកុម្មយនីស្ត។

 

អតីតប្រទេសកុម្មុយនីស្តមួយនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេក្នុងពិភពលោក ដោយសារតម្លៃកម្លាំងពលកម្មទាប ភាពអំណោយផលនៃបរិយាកាសវិនិយោគ និងការផ្លាស់ប្តូរគោលនយោបាយមួយចំនួនទៀត។ តើការវិនិយោគផ្ទាល់ពីបរទេសផ្លាស់ប្តូរសេដ្ឋកិច្ចវៀតណាមដូចម្តេចខ្លះ? 

ដំណើរងើបឡើងចេញពីសង្គ្រាមបន្តិចម្តងៗ ប្រទេសដែលជាសមាជិកអាស៊ានមួយនេះត្រូវបានគេសង្កេតឃើញថាមានការអភិវឌ្ឍនិងជំរុញឲ្យផលិតផលក្នុងស្រុក GDP របស់ខ្លួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរាប់ចាប់ពីទសវត្សរ៍ ៩០ មក។ អ្វីដែលនៅពីក្រោយកំណើត GDP មួយនេះគឺតម្លៃពលកម្មទាប ការកើនឡើងនៃរោងចក្រផលិតទំនិញសម្រាប់ការនាំចេញ និងក្រុមហ៊ុនរកស៊ីបានរីកដុះដាលសាយភាយបន្តកន្ទុយគ្នាពិសេសការវិនិយោគពីបរទេសតែម្តង។

អ្នកនៅក្នុងតំបន់ជាទូទៅគ្មាននរណាចង់បានផលិតផលដែលភ្ជាប់ជាមួយពាក្យថា “Made in Vietnam” ទេព្រោះវាជាសញ្ញាបង្ហាញពីគុណភាពអន់ តែវៀតណាមខ្លួនឯងផ្ទាល់បានព្យាយាមយ៉ាងខ្លាំងក្នុងការឈានជើងចូលទៅក្នុងការធ្វើពាណិជ្ជកម្មសកល ដោយមិនចង់ឲ្យពិភពលោកមើលរំលងផលិតផលខ្លួនលើទីផ្សារ។

 

លោក Ousmane Dione ប្រធានធនាគារពិភពលោកប្រចាំប្រទេសវៀតណាមបនាលើកឡើងថា “អ្វីដែលយើងទាំងអស់គ្នាបានខិតខំកាលពី ៣០ ឆ្នាំមុនវាមិនអត់ប្រយោជន៍ទេ ព្រោះវាផ្តល់ជាផ្លែផ្លានៅពេលអនាគត ទោះបីមានការរងផលប៉ះពាល់មួយចំនួនតែអត្ថប្រយោជន៍គឺមានច្រើនជាង”។ 

 

ការលើកឡើងបែបនេះគឺលោកសំដៅដល់កំណែទម្រង់ដូយម៉ើយ (Doi Moi) ដែលប្រើកាលពីបីទសវត្សរ៍កន្លងមកនេះ នៅពេលដែលវៀតណាមចាប់ផ្តើមដាក់ចេញកំណែទម្រង់នេះលើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ឯកជនភាពលើលំនៅដ្ឋាន និងក្រុមហ៊ុនជាដើម។ កំណែទម្រង់ដូយម៉ើយសម្រាប់ ៥ឆ្នាំដំបូងវៀតណាមជួបប្រទះបញ្ហាជាច្រើនដោយសារការបង្រួបបង្រួមសេដ្ឋកិច្ចពីរតំបន់បញ្ចូលគ្នា (ខាងជើង និងខាងត្បូង) ការដែលប្តូរសេដ្ឋកិច្ចពីកុម្មយនីស្តមកសេដ្ឋកិច្ចបែបទីផ្សារសង្គមនិយមធ្វើឡើងស្ទើរតែជាការចាប់បង្ខំ។ កំណែទម្រង់ប្រព័ន្ធច្បាប់ដើម្បីទាក់ទាញវិនិយោគិនបរទេសត្រូវធ្វើឡើងជាបន្តបន្ទាប់ និងផ្តល់ជាការអនុគ្រោះសម្រាប់ការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ជាហេតុនាំឲ្យប្រទេសមួយនេះមានសេដ្ឋកិច្ចរីកចម្រើនលឿនបែបនេះ។

 

រយៈពេល ៤ខែ នៃឆ្នាំ ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសកើនឡើង ៧.៥%  គិតជាទឹកប្រាក់ ៥.៧ ប៊ីលានដុល្លារ រួមទាំងការវិនិយោគសម្រាប់គម្រោងថ្មីៗបន្តបន្ទាប់។ ឧស្សាហកម្មផលិតកម្មត្រូវបានគេកត់សម្គាល់ថា មានទំហំធំជាងគេនៃការវិនិយោគបរទេស (ប្រមាណ ៧២%) តាមពីក្រោយដោយការវិនិយោគលើអចលនទ្រព្យ (៧.៥%) និងការលក់ដុំ និងរាយប្រមាណ ៥%។ ការវិនិយោគពីបរទេសពីឆ្នាំ ១៩៩១ ដល់ ២០១៩ គិតជាមធ្យមស្មើនឹងទឹកប្រាក់ប្រមាណ ៦.២៩ ប៊ីលានដុល្លារក្នុងមួយឆ្នាំ។

 

ប្រភពពី៖ Trading Economics

វិនិយោគិនមកពីជាង ១០០ ប្រទេសលើពិភពលោកបាននិងកំពុងឈានជើងចូលក្នុងទឹកដីមួយនេះ ហើយប្រទេសវៀតណាមបានក្លាយជាគោលដៅនិងជម្រើសក្នុងការវិនិយោគបន្ថែម។ លើសពីនេះបន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក ក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមបង្វែរការបោះទីតាំងរកស៊ីរបស់ខ្លួនពីចិនទៅវៀតណាម។

បន្ទាប់ពី មានការវិនិយោគពីបរទេសហូរចូលក្នុងប្រទេសកាន់តែច្រើនឡើងៗ គេសង្កេតឃើញថាស្ថានភាពសេដ្ឋកិច្ចវៀតណាមមានការផ្លាស់ប្តូរជាច្រើនដូចជាកំណើន GDP ក្នុងរង្វង់ជាមធ្យម ៧.៥% ក្នុងមួយឆ្នាំ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺមាន ៤ ចំនុចសំខាន់ៗដូចជា៖

ទី១ ការវិនិយោគពីបរទេសចូលរួមចំណែកប្រមាណ ២០% ក្នុងកំណើន GDP វាបានជួយកាត់បន្ថយភាពក្រីក្រនៃប្រជាជនក្នុងប្រទេស។ ការវិនិយោគមានការកើនឡើងជាបន្តបន្ទាប់ ដែលនាំឲ្យវិស័យឯកជនក្នុងស្រុកសុទ្ធក៏បានរីកលូតលាស់ធំធាត់ជាងមុនច្រើនដែរ។ ការប្រកួតប្រជែងទាំងក្នុងតំបន់ និងខ្នាតអន្តរជាតិក៏មានកំណើនកាន់តែច្រើន។

 

ទី២ បន្ទាប់ពីមានលំហូរវិនិយោគបរទេស ការអប់រំក៏ត្រូវបានគេយកចចិត្តទុកដាក់ កម្រិតវប្បធម៌ និងធនធាមមនុស្សមានការកើនឡើងខ្ពស់ព្រោះដើម្បីទាក់ទាញវិនិយោគិន ដូចនេះវានាំអត្រាបោះបង់ចោលការសិក្សាត្រូវបានកាត់បន្ថយ។ 

 

ទី៣ ការវិនិយោគក្នុងប្រទេសនេះបច្ចុប្បន្នភាគច្រើនគឺខាងផ្នែកឧស្សាហកម្មផលិតកម្ម ដែលទាមទារឲ្យប្រើប្រាស់បច្ចេកវិទ្យាក្នុងដំណើរការផលិតកម្ម។ បន្ថែមពីចំណេះដឹងទូទៅបុគ្គលិកក៏ដូចជាកម្មករដែលបម្រើការងារបានទទួលចំណេះដឹងបន្ថែមលើបច្ចេកវិទ្យាទំនើប ទោះបីជានៅថ្ងៃអនាគតក្រុមហ៊ុនមួយចំនួនចង់ដកការវិនិយោគចេញពីប្រទេសខ្លួន ក៏វៀតណាមទទួលបានចំណេះដឹងច្រើនលើបច្ចេកវិទ្យានេះរួចទៅហើយ។

 

ទី៤ ការវិនិយោគពីបរទេសមានការកើនឡើងក៏ដោយសារការចូលជាសមាជិកនៃអង្គការនានាដូចជា WTO ជាដើមវាបានជួយឲ្យប្រទេសនេះមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មឆ្លងប្រទេសជាមួយបណ្តាប្រទេសនានាលើពិភពលោកតាមរយៈការនាំចេញនាំចូល។ លើសពីនេះវិស័យហិរញ្ញវត្ថុ មូលបត្រ និងអចលនាទ្រព្យមានការរីកស្គុះស្គាយដូចគ្នាដែរ។ 

 

ទន្ទឹមនេះដែរធនាគារពិភពលោកបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមអាចនឹងឈានដល់កម្រិតកំពូលមួយវ៉ារដាច់គេក្នុងតំបន់អាស៊ានយើងនេះនៅឆ្នាំ ២០១៥ ខាងមុខ៕

ដោយ៖ យ៉ាយ៉ា

 

 

 

 

 

X
5s