អ្នកជំនាញ​បញ្ជាក់​ថាបច្ចេក​វិទ្យា​ឌីជី​ថល​នឹង​នាំអាជីវកម្ម​អ្នក​ ក៏​ដូចជា​ Startup ជោគជ័យ​យ៉ាងពិតប្រាកដ​​



ការធ្វើអាជីវកម្មទាមទារឲ្យបុគ្គលដែលជាម្ចាស់មានគំនិតច្នៃប្រឌិតថ្មី ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ ក៏ដូចជាជួយដោះស្រាយបញ្ហានានាដែលកំពុងកើតមានក្នុងសង្គម។ 

ជាក់ស្តែងដើរមកដល់សម័យបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម ឬសហគ្រិនត្រូវមានចំនេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលនេះឲ្យបានទូលំទូលាយដើម្បីអាចបន្សាំខ្លួន និងទាញយកបច្ចេកវិទ្យាទាំងនោះជាប្រយោជន៍ដល់ដំណើរការអាជីវកម្មរបស់ខ្លួន។ មកដល់ចំណុចនេះ បើម្ចាស់អាជីវកម្មដើរមិនទាន់ការវិវត្តិនៃបច្ចេកវិទ្យានោះអាជីវកម្មរបស់ខ្លួនមិនអាចរក្សាតំណែង ឬឈរជើងប្រកួតប្រជែងលើទីផ្សារបាននោះទេ។ 

ឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា អាជីវកម្មមួយមិនអាចបន្តការធ្វើអាជីវកម្មតាមបែប Traditional way ទេបើពួកគេចង់រីកចម្រើន និងមានជីវិតរស់រាននៅលើទីផ្សារ។

បច្ចុប្បន្នអ្វីៗបានផ្លាស់ទាំងរបៀបរបបនៃការរស់នៅ ទំនាក់ទំនងពី បុគ្គលម្នាក់ទៅបុគ្គលម្នាក់ ក៏ដូចជាពីធុរកិច្ចមួយទៅធុរកិច្ចមួយតាមរយៈនៃការប្រើប្រាស់បច្ចេកវិទ្យា។ ដូច្នេះការផ្លាស់ប្តូររបៀបរបបនៃការធ្វើពាណិជ្ជកម្ម ដោយងាកមករកការប្រើបច្ចេកវិទ្យាឌីជីថលជារឿងមួយចាំបាច់ ព្រោះសព្វថ្ងៃបើបុគ្គលម្នាក់មិនចេះប្រើប្រាស់បណ្តាញសង្គម ឬប្រើ App បុគ្គលនោះអាចនឹងត្រូវបានគេចាត់ទុកថានៅដាច់ដោយឡែកពីសង្គមរស់នៅប្រចាំថ្ងៃ។ ពេលដែលគាត់នៅតែបន្តការធ្វើអាជីវកម្មតាមបែបបុរាណ គ្មានការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ឬបង្កើតបណ្ដាញតាមប្រព័ន្ធបច្ចេកវិទ្យា នោះអាជីវកម្មរបស់គាត់មិនអាចធ្វើការប្រកួតប្រជែងជាមួយដៃគូរបានឡើយ។

ងាកទៅរកប្រសាសន៍របស់ឯកឧត្តម ហុង សុខហួរ នាយកគ្រប់គ្រងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាក៏ធ្លាប់បានលើកឡើងដែរថា ការប្រើប្រាស់ ឬការបញ្ជៀតខ្លួននៃបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងដំណើរការអាជីវកម្មគឺពិតជាសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មក្នុងសម័យឌីជីថលនេះ។

ឯកឧត្តមបានបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះនឹងជួយឲ្យកេរ្តិ៍ឈ្មោះអាជីវកម្មអាចរីកសាយដល់អតិថិជនបានឆាប់ជាង រហ័សជាង និងងាយស្រួលច្រើនជាការធ្វើអាជីវកម្មបែបបុរាណ។ សន្ទុះនៃការលក់ផលិតផលអាចនឹងមានច្រើនជាងមុនបើគាត់អាចរៀបចំយុទ្ធសាស្រ្តទីផ្សារ និងការលក់បានត្រឹមត្រូវល្អ មួយវិញទៀតគាត់អាចនឹងមានពេលគ្រប់គ្រាន់ក្នុងការសំរាក ឬជួបជុំគ្រួសារព្រោះការប្រើប្រព័ន្ធគ្រប់គ្រងរាប់ចាប់តាំងពីស្តុកទំនិញ គ្រប់គ្រងប្រតិបត្តិការ ហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិកជាដើម។ 

ក្រៅពីនេះលោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងនៃសមាគមអ្នកវិនិយោគកម្ពុជា (CIC) ក៏បាននិយាយដែរថា មកដល់សម័យប្រើប្រាស់បច្ចេកវិទ្យាអ្វីៗបានផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរនោះក្នុងទំហំធំទៀត។

អតិថិជនផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ ទម្លាប់នៃការទទួលបានព័ត៌មានរបស់ពួកគេដោយចាប់យកភាពងាយស្រួលនៃបច្ចេកវិទ្យា គូប្រកួតប្រជែងក៏ផ្លាស់ប្តូរទៅមុខតាមការប្រើបច្ចេកវិទ្យាដើម្បីអភិវឌ្ឍអាជីវកម្មរបស់គេ។ ដោយឡែកខ្លួនឯងយើងក៏អាចនឹងផ្លាស់ប្តូរដែរប្រសិនបើយើងមិនព្យាយាមតាមឲ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា តែការផ្លាស់ប្តូរនោះគឺជាការដើរថយក្រោយ និងគ្មានថ្ងៃតាមទាន់ដើម្បីប្រកួតប្រជែងជាមួយដៃគូប្រជែងបានឡើយ៕

ដោយ៖ យ៉ាយ៉ា 

 

X
5s