ហេតុអ្វីបានជាប្រទេសស្វីសសំបូរទៅដោយកម្មករជំនាញខ្ពស់ជាងគេបំផុតក្នុងលោក?
ក្នុងនាមជាប្រទេសមួយដែលមានសុវត្ថិភាព សុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនជាងគេបំផុតក្នុងលោក ប្រទេសស្វីសកំពុងឈរនៅលើកំពូលតារាងជាប់ឈ្មោះជាប្រទេសដែលដែលមានកម្មករជំនាញខ្ពស់ជាងគេបំផុតក្នុងលោក។ នេះបើយោងតាមរបាយការណ៍ស្ដីពីការប្រកួតប្រជែងសាកល (Global Competitiveness Report)។
របាយការណ៍ខាងលើបានទទួលស្គាល់ថា ស្វីសជាអាណាចក្រដ៏សំបូរបែបលើធនធានមនុស្ស (Human Capital) ដែលទទួលបានចំណាត់ថ្នាក់ល្អបំផុតលើការបណ្ដុះបណ្ដាលរយៈពេលខ្លី ការបណ្ដុះបណ្ដាលសម្រាប់ការអភិវឌ្ឍអាជីពការងារ និងលទ្ធភាពទទួលបានឱកាសការងារខ្ពស់សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាពីថ្នាក់មហាវិទ្យាល័យ។
តើអ្វីទៅជាមូលហេតុនៅពីក្រោយភាពជោគជ័យរបស់ស្វីសក្នុងការបណ្ដុះបណ្ដាលឲ្យពលរដ្ឋរបស់ខ្លួនក្លាយជាកម្មករមានជំនាញខ្ពស់ជាងគេបំផុតក្នុងលោក?
គេសង្កេតឃើញថា នៅក្នុងប្រទេសស្វីស សិស្សានុសិស្សរហូតដល់ទៅ ៧០% ដែលបានចូលរៀននៅថ្នាក់អនុវិទ្យាល័យត្រូវតែទទួលបានប្រព័ន្ធបណ្ដុះបណ្ដាលដែលគេហៅថា VET (vocational education training) ដើម្បីត្រៀមបំពេញការងារនៅពេលថ្ងៃខាងមុខ។ ការបណ្ដុះបណ្ដាលនេះផ្តោតលើការបណ្ដុះបណ្ដាល Gold-standard System (ប្រព័ន្ធរូបិយវត្ថុដែល រូបិយប័ណ្ណឬក្រដាសប្រាក់របស់ប្រទេសនោះមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃមាស)។
យុវជនស្វីសដែលមានវ័យចាប់ពីអាយុ ១៦ ឆ្នាំឡើងទៅ ភាគច្រើនឈប់សិក្សាពេញម៉ោងហើយជំនួសមកវិញដោយការចំណាយពេលទៅរៀនជំនាញវគ្គបណ្តុះបណ្តាលខ្លីៗដែលរៀបចំឡើងនៅតាមបណ្ដាក្រុមហ៊ុនជាច្រើន និងចុះធ្វើការយកបទពិសោធន៍ផ្ទាល់នៅកន្លែងធ្វើការនោះចាប់ពី ៣ ទៅ ៤ឆ្នាំ។ ការចំណាយពេលនៅទីនោះ និស្សិតទាំងនេះនឹងទទួលបានទាំងប្រាក់ខែ និងចំណេះដឹងជំនាញវិជ្ជាជីវៈដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់តម្រង់ទិសអាជីពទីផ្សារការងារនៅពេលអនាគត។
ការគាំទ្រយ៉ាងពេញទំហឹងពីនិយោជក
មជ្ឈមណ្ឌលស្ដីពីស្តង់ដារអប់រំអន្តរជាតិ (Center on International Education Benchmarking) ដែលមានក្រុមហ៊ុនស្វីសប្រមាណ ៣០% បានចូលរួមរៀបចំវគ្គបណ្ដុះបណ្ដាលលើមុខជំនាញយ៉ាងច្រើនសំបូរបែបដើម្បីជួយសម្រួល និងពង្រឹងអាជីពការងារដល់និស្សិតម្នាក់ៗនៅពេលពួកគេកំពុង និងបញ្ចប់ការសិក្សា។ ក្រុមហ៊ុនទាំងនោះ ដើរតួនាទីសំខាន់ណាស់សម្រាប់ជួយឲ្យសេដ្ឋកិច្ចស្វីសរឹងមាំ ជាពិសេសគឺការផលិតធនធានមនុស្សចេញពីនិស្សិតគ្រប់ថ្នាក់ប្រកបដោយស្តង់ដារ មានជំនាញខ្ពស់ និងមានគុណភាពសម្រាប់ទីផ្សារការងារ។
ដោយសារតែការផ្តោតលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈក្លាយជារឿងសំខាន់ទៅហើយ ទើបទីផ្សារការងារចាប់អារម្មណ៍កាន់តែតិចឡើងៗលើលទ្ធផលសិក្សានៅមហាវិទ្យាល័យ និងសញ្ញាប័ត្រដែលពួកគេទទួលបាន។ គេសង្កេតឃើញថា មាននិស្សិតស្វីសតិចជាង ១ភាគ៣ ប៉ុណ្ណោះដែលមានអាយុក្រោម ២៥ ឆ្នាំបានរៀនចប់នៅថ្នាក់មហាវិទ្យាល័យក្នុងឆ្នាំ ២០១២ កន្លងទៅ បើធៀបទៅនឹងប្រទេសអូស្ត្រាលី និងន័រវែសដែលចំនួននេះមានរហូតដល់ទៅជាងពាក់កណ្ដាល។ នេះបើយោងតាមទិន្នន័យរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD)។
តាមពិតមូលហេតុសំខាន់មួយដែលធ្វើឲ្យនិស្សិតស្វីសមានចំនួនតិចរៀនចប់ថ្នាក់មហាវិទ្យាល័យគឺដោយសារតែពួកគេយល់ថា ការរៀនជំនាញខ្លីៗនៅតាមបណ្ដាក្រុមហ៊ុនផ្សេងៗក្នុងប្រទេស ជួយឲ្យពួកគេមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ប្រកបដោយគុណភាព ហើយទទួលបានឱកាសការងារល្អប្រសើរជាងនិស្សិតដែលចំណាយពេលរៀនយកសញ្ញាប័ត្រនៅសាកលវិទ្យាល័យ។
នៅក្នុងរបាយការណ៍ស្ដីពីការប្រកួតប្រជែងសកលខាងលើក៏បានឲ្យដឹងផងដែរថា ប្រទេសស្វីសក៏ជាប់ឈ្មោះជាប្រទេសដែលមានក្រុមហ៊ុនបណ្ដុះបណ្ដាលដល់បុគ្គលិកល្អជាងគេបំផុតក្នុងលោក ដោយសារតែក្រុមហ៊ុនទាំងនោះបានទទួលស្គាល់ពីពីសារសំខាន់ និងផលប្រយោជន៍ដែលពួកគេទទួលបានពីការអភិវឌ្ឍន៍វិជ្ជាជីវៈទាំងនោះដល់និស្សិតនានានៅទូទាំងប្រទេស៕
ប្រភព៖ Weforum