៨ ចំណុចប្រហែលជាអ្នកមិនបានដឹងពីប្រទេសដែនកោះដ៏តូច កាតា​



នៅ​ថ្ងៃ​ទី ១ កញ្ញា​ឆ្នាំ ១០៧១ កាតា​បាន​ប្រកាស​ឯករាជ្យ​ពី​កណ្តាប់ដៃ​អាណានិគមអង់គ្លេស។ កាតា​កាល​នោះ​គ្រាន់តែ​ជា​ប្រទេស​ដែនកោះ​ដ៏​តូច​មួយ​ និង​​ក្រីក្រ​​មួយប៉ុណ្ណោះ​។ យ៉ាងណាមិញ ជាមួយ​នឹង​ផ្ទៃដី​ត្រឹមតែ ១១ ៥៨១ គីឡូម៉ែត្រ​ក្រឡា និង​​មាន​ប្រជាជន​រស់នៅ​ត្រឹមតែ​ជាង ២,៦ លាន​នាក់​ ប្រទេស​ស្តេច​ប្រេង​មួយ​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ 

ភាព​អស្ចារ្យ និង​ការ​អភិវឌ្ឍប្រទេស​យ៉ាង​រលឿន​រហ័ស​បែបនេះ ទើប Bizkhmer លើក​យក​ចំណុច​ពិសេស​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំនួន ៨ របស់​កាតា​ដូច​ខាងក្រោម៖ 

១.កាតាជាប្រទេសមានជាងគេបំផុតនៅលើភពផែនដីនេះ
យោងតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានឲ្យដឹងថា GDP របស់មនុស្សម្នាក់ៗនៅប្រទេសកាតាគឺមានចំនួន ១៣០ ៤៧៥ ដុល្លារ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រទេសនេះមានជាងគេបំផុតនៅលើពិភពលោក។ ប្រជាជនលុចសំបួឈរនៅលេខរៀងទី២ មានចំនួន ១១៦ ៨០៨ ដុល្លារ។ ដោយសារតែសំបូរទៅដោយឧស្ម័នធម្មជាតិ និងប្រេងបម្រុងទុកធំជាងគេបំផុតទី៣ នៅលើសាកលលោក ទើបធ្វើឲ្យប្រទេសដ៏តូចមួយនេះមានជីវភាពធូរធារជាងគេ។

២.ប្រជាជនកាតាស្ទើរតែទាំងអស់រស់នៅទីក្រុង
ដោយសារតែទឹកដីតូច ហើយកត្តាសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាទាំងក្រុងទាំងជនបទ ធ្វើឲ្យគម្លាតរស់នៅរវាងទីក្រុង និងជនបទមិនខុសគ្នានោះឡើយ។ ហេតុដូច្នេះហើយទើប ប្រជាជនកាតា ៩៩% គេចាត់ទុកថាជាអ្នកក្រុង ឬរស់នៅទីក្រុង។

៣.គ្មានឡើយព្រៃឈើនៅប្រទេសកាតា
អាណាចក្រប្រេងនៅតំបន់មជ្ឈឹមបូព៌ាមួយនេះ មិនមានព្រៃឈើនោះឡើយ ពោលគឺគ្របដណ្តប់ទៅដោយវាលខ្សាច់តែប៉ុណ្ណោះ។ ប៉ុន្តែមានសមុទ្រព័ន្ទនៅជុំវិញ ហើយបើយោងតាមការអះអាងរបស់ធនាគារពិភពលោក (World Bank) មានប្រទេសចំនួន ៦នៅលើពិភពលោកដែលមិនមានព្រៃឈើគឺ ១ សាន់ម៉ារីណូ(San Marino) ណូរួ(Nauru) ហ្គីប្រាតា(Gibraltar) កាតា ដែនដី Greenland និងអូម៉ង់។

៤.ប្រទេសនេះក៏ជាប់ឈ្មោះជាប្រទេសមានសុវត្តិភាពជាងគេបំផុតផងដែរ
បើនិយាយពីគ្រោះធម្មជាតិវិញ អ្នកវិទ្យាសាស្រ្តបានអះអាងថា ប្រទេសនេះមានឱកាសអាចទទួលរងគ្រោះធម្មជាតិដូចជារញ្ជួយដីត្រឹមកម្រិត ០,១% ប៉ុណ្ណោះ។ ជាមួយនឹងវប្បធម៌សំបូរបែបប្រទេសនេះ មានសន្តិសុខសង្គម និងសន្តិភាពល្អដែលនេះបានធ្វើឲ្យកាតាជាប់ឈ្មោះជាប្រទេសមានសុវត្តិភាពជាងគេបំផុតមួយនៅលើលោក។

៥.កាតាប្រឈមមុខទៅនឹងវិបត្តិបុរសច្រើនជាងស្រ្តី
ក្នុងចំណោមប្រជាជនសរុបជាង ២,៦ លានអ្នក ប្រទេសនេះមានស្រ្តីសរុបត្រឹមតែជាង ៧ សែនអ្នកប៉ុណ្ណោះ។ អតុល្យភាពនេះជាវិបត្តិគួរឲ្យកង្វល់មួយរបស់រដ្ឋាភិបាលដែលវាប៉ះពាល់ខ្លាំងក្លាដល់កំណើនប្រជាជន និងកម្លាំងពលកម្ម។ នេះជាមូលហេតុដែលប្រទេសនេះត្រូវបានកសាងឡើងដោយពឹងលើពលករដ៏ច្រើនលើសលប់មកពីក្រៅប្រទេស។

៦. អង់គ្លេសជាគោលដៅវិនិយោគធំជាងគេរបស់កាតា
គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៧ កន្លងទៅ រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ខ្លួនគឺលោក Ali Shareef al-Emadi បានលើកឡើងថា កាតាបានវិនិយោគក្នុងកញ្ចប់ទឹកប្រាក់ប្រមាណជាង ៣៥ ទៅ ៤០ ពាន់លានដុល្លាររួចទៅហើយនៅអង់គ្លេស ហើយខ្លួនមានគម្រោងបន្ថែមទឹកប្រាក់វិនិយោគ ៥ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងរយៈពេល ២ ឬ៣ឆ្នាំខាងមុខនេះលើវិស័យអចលនទ្រព្យ។

៧.កាតារួមចំណែកស្មើនឹង ១២% នៃធនធានឧស្ម័នធម្មជាតិបម្រុងទុកនៅលើសាកលលោក
ថ្វីត្បិតតែមានទឹកដីតូចក៏ពិតមែន ក៏ប៉ុន្តែមានធនធានឧស្ម័នធម្មជាតិបម្រុងទុកសរុបដល់ទៅ ១២%នៃធនធានឧស្ម័នធម្មជាតិបម្រុងទុករបស់ពិភពលោកទាំងមូល ឬស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៣ មានធនធានឧស្ម័នធម្មជាតិបម្រុងទុកច្រើនជាងគេបង្អស់។

៨.ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិគឺដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបានរបស់កាតា
ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសកាតា ហើយវាបានរួមចំណែកដល់ទៅ ជាង ៧០% នៃប្រាក់ចំណូលសរុប (GDP)របស់ជាតិ និងប្រហែល ៨៥% នៃប្រាក់ចំណូលដែលបានមកពីការនាំចេញរបស់ខ្លួន។

ប្រភព៖ Telegraph&BBC& globalcastaway

 

X
5s