កញ្ញា យ៉ាយ៉ា៖ ចង់ស្រវាចាប់ឱកាសអភិវឌ្ឍខ្លួនបានច្រើន និសិ្សតគួរចាប់អាជីពការងារជាមួយ Startup
បន្ទាប់ពីបញ្ចប់ការសិក្សា ការចាប់យកអាជីពការងារគឺជារឿងសំខាន់បំផុតសម្រាប់បុគ្គលគ្រប់រូប។ ការជ្រើសរើសក្រុមហ៊ុន ឬកន្លែងការងារជារឿងសំខាន់ដើម្បីទទួលបានទាំងកម្រៃ និងចំណេះដឹងក្នុងការកសាងសមត្ថភាពរបស់ខ្លួនបន្តទៅថ្ងៃអនាគត។
កញ្ញាយ៉ាយ៉ា អ្នកបកប្រែអត្ថបទនិងទទួលបន្ទុកជាប្រធានក្រុម Local News នៅក្រុមហ៊ុន BizKhmer បានលើកឡើងថា បើចង់រៀនសូត្រស្វែងរកឱកាសអភិវឌ្ឍន៍ខ្លួននិស្សិតគួរចាប់ផ្ដើមអាជីពការងាររបស់ខ្លួនជាមួយក្រុមហ៊ុន Startup ជាជាងធ្វើការនៅក្នុងក្រុមហ៊ុនដែលមានស្តង់ដាខ្ពស់។ មូលហេតុដែលកញ្ញាលើកឡើងបែបនេះព្រោះថា ក្រុមហ៊ុន Startup ជាក្រុមហ៊ុនដែលទើបចាប់ដំណើរការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនថ្មីថ្មោង ជាកន្លែងដែលបុគ្គលិកអាចរៀនសូត្រពីការងារ និងទទួលបានការបណ្តុះបណ្តាលច្រើន។
កញ្ញាបានរៀបរាប់ថា៖ “ជាក់ស្តែងធ្វើការនៅក្រុមហ៊ុនស្តង់ដារ ឬក្រុមហ៊ុនអន្តរជាតិដឹងតែមានប្រព័ន្ធការងារច្បាស់លាស់ត្រឹមត្រូវ ព្រោះក្រុមហ៊ុនទាំងនោះមានអាយុកាលប្រតិបត្តិការយូរមកហើយ ក្រុមហ៊ុនខ្លះអាចលើសពី ១០០ឆ្នាំទៀតក៏មាន។ តែក្នុងពេលបំរើការងារ បុគ្គលិកម្នាក់ៗត្រូវធ្វើការងារតាមមុខដំណែងតួនាទីដែលខ្លួនបានជ្រើសរើសតែប៉ុណ្ណោះ មិនអាចទៅធ្វើការងារផ្សេងរបស់អ្នកដទៃក្រៅពីការងារខ្លួនឯងផ្តេសផ្តាសឡើយ ឧទាហរណ៍ដូចជា បើតួនាទីយើងជាបុគ្គលិកធនធានមនុស្ស យើងត្រូវធ្វើការងារតែក្នុងផ្នែកធនធានមនុស្សប៉ុណ្ណោះ មិនអាចនៅសុខៗចង់ទៅធ្វើការងារផ្នែកទីផ្សារ ឬផ្នែកហិរញ្ញវត្ថុបានតាមចិត្តចង់ទេ។ ដោយឡែក នៅក្រុមហ៊ុន Startup បុគ្គលិកអាចមានឱកាសរៀនសូត្រពីការងារបានច្រើនក្រៅតែពីការងាររបស់ខ្លួន ព្រោះពួកគេត្រូវរួមកម្លាំងជួយគ្នា ធ្វើយ៉ាងណាឲ្យក្រុមហ៊ុននិងអាជីវកម្មតូចនេះបានលូតលាស់ និងមានសន្ទុះអភិវឌ្ឍទៅមុខដើម្បីភាពរីកចម្រើនទាំងអស់គ្នា”។
យ៉ាយ៉ា ក៏បានបន្តទៀតថា ដូចជារូបកញ្ញាផ្ទាល់ កញ្ញាចូលបម្រើការងារនៅក្រុមហ៊ុន BizKhmer ដំបូងគឺក្នុងតួនាទីជាអ្នកសរសេរ និងបកប្រែអត្ថបទអន្តរជាតិតែប៉ុណ្ណោះ។ បន្ទាប់ពីបញ្ចប់ពេលសាកល្បងការងារ កញ្ញាក៏ទទួលបានការបណ្ដុះបណ្ដាលបន្ថែមលើផ្នែកសរសេរអត្ថបទព័ត៌មានក្នុងស្រុក។ លើសពីនេះ កញ្ញាក៏បានសាកល្បងចាប់ជំនាញមួយបន្ថែមទៀតគឺ ផ្នែកបញ្ចូលសម្លេងសម្រាប់វីឌីអូពាណិជ្ជកម្មឲ្យអតិថិជន ដែលជាជំនាញថ្មីបំផុតមួយសម្រាប់កញ្ញា។ “ការបញ្ចូលសម្លេងក្នុងវីឌីអូមិនមែនជារឿងងាយស្រួលទេ ពីដំបូងឡើយខ្ញុំប្រកែកព្រោះដឹងថាសម្លេងខ្ញុំប្រើការមិនកើតទេ ណាមួយមកពីដង្ហើមខ្លួនឯងខ្លីផងឲ្យធ្វើអ្នកបញ្ចូលសម្លេងម៉េចនឹងកើត តែពេលនោះក្រុមការងារយើងតិច ខ្វះគ្នាបើមិនមិនជួយគ្នាដោះស្រាយបញ្ហាចំពោះមុខមិនកើត ក៏សម្រេចចិត្តសាកល្បងមើលទៅ យូរៗទៅក៏មានជំនាញបន្ថែម” កញ្ញាយ៉ាយ៉ាបានបញ្ជាក់បន្ថែម។
ទន្ទឹមគ្នានេះដែរ កញ្ញាយ៉ាយ៉ាក៏បានពន្យល់ទៀតថា៖ “ទទួលស្គាល់ថា ធ្វើការងារក្នុងក្រុមហ៊ុន Startup ពេលខ្លះវារាងហត់បន្តិចមែនព្រោះម្នាក់ៗមិនមែនធ្វើតែការងារខ្លួនឯងទេ តែពួកយើងដែលជាក្រុមការងារក្នុងក្រុមហ៊ុនត្រូវចេះជួយគ្នា ពេលខ្លះពួកយើងអាចមានការផ្លាស់ប្តូរ (Switch) គ្នាការងារតិចតួចដើម្បីកុំឲ្យរាំងស្ទះការងារទាំងមូល ហើយអ្វីដែលពួកយើងទទួលបានគឺចំណេះដឹង ចំណេះធ្វើ និងជំនាញលើសពីអ្វីដែលបានរៀននៅសាលា”។
ក្នុងន័យនេះដែរ ការលើកឡើងរបស់កញ្ញាមិនមែនមានន័យថាជាការបង្អាក់ទឹកចិត្ត ឬអូសទាញឲ្យម្នាក់ៗសុទ្ធតែត្រូវបម្រើការនៅក្រុមហ៊ុន Startup ហើយបោះបង់ឱកាស និងគំនិតធ្វើការនៅក្នុងហើយអន្តរជាតិមានស្តង់ដារនោះទេ វាគ្រាន់តែជាការលើកឡើងពីអត្ថប្រយោជន៍ពិសេសមួយដែលនិសិត្សទើបបញ្ចប់ការសិក្សា ឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្រហើយមានបំណងស្វែងរកបទពិសោធន៍ ជំនាញ ចំណេះដឹងបន្ថែមសម្រាប់ខ្លួនឯងដើម្បីអភិវឌ្ឍខ្លួនក្នុងអាជីពការងារឲ្យបានកាន់តែល្អប៉ុណ្ណោះ៕