ហេតុ​ផល​ ៤ យ៉ាង​​បញ្ជាក់​ថា​តួឯក COVID-19 កំពុង​អុកឡុក​សេដ្ឋកិច្ច​ពិភព​លោក​​



វីរុសកូរ៉ូណា នៅពេលនេះបានវិវត្តន៍ទៅជាវិបត្តិកូរ៉ូណាកំពុងបំផ្លាញសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។ កម្រិតនៃការបំផ្លាញនេះខ្លាំងជាងវិបត្តិសេដ្ឋកិច្ចសកលទៅទៀត ហើយប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺប្រទេសចិន។ 

និយាយពីប្រទេសចិន មនុស្សប្រហែលជាង ៥លាននាក់បានបាត់បង់ការងារដោយសារការគម្រាមកំហែងខ្លាំងបំផុតពីវីរុសកូវីដ ១៩គិតត្រឹមរយៈពេលតែពីរខែដើមឆ្នាំ ២០២០ ពោលគឺគិតត្រឹមខែកុម្ភៈតែប៉ុណ្ណោះ នេះ​បើ​យោង​តាមទិន្នន័យពី CNBC កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍។ ការរិយាល័យស្ថិតិជាតិចិន បានលើកឡើងថាកត្តានេះបាននាំឲ្យអត្រានិកម្មភាពក្នុងទីក្រុងបានលោតដល់ ៦.២% ក្នុងខែកុម្ភៈ ដែលជាអត្រាខ្ពស់បំផុតធៀបជាមួយខែមករា ២០២០ និងខែធ្នូ ២០១៩រៀងគ្នាគឺ ៥.៣% និង ៥.២% ខណៈការអត្រានិកម្មភាពសម្រាប់ប្រទេសចិនមិនធ្លាប់ហក់លើស ៥%ឡើយក្នុងរយៈពេល ២០ឆ្នាំមកនេះ។ 

ការបិទច្រកព្រំដែន ការហាមឃាត់ការធ្វើដំណើរចេញ និងចូលក្នុងប្រទេសចិនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសពីបណ្ដាប្រទេសលើពិភពលោកដើម្បីការពារការឆ្លងរាលដាលនៃកូវីដ ១៩ បានទាញតម្លៃប្រេងសាំង និងម៉ាស៊ូតឲ្យដាំក្បាលចុះស្ទើរហៅលែងឮ។ ទាក់ទងនឹងបញ្ហាប្រេងនេះដែរ ចិនជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខមួយក្នុងការនាំចូលប្រេង តែបន្ទាប់ពីជួបវិបត្តិកូវីដ ១៩ ចិនបានបន្ថយតម្រូវការប្រេងជាង ៣លានបារ៉ែលក្នុងមួយថ្ងៃតិចជាងទម្លាប់ ២០%។

យោងតាមការចេញផ្សារពី Energy Institute Blog បានឲ្យដឹងថា គិតចាប់ពីខែកុម្ភៈមកតម្លៃប្រេងឆៅបានធ្លាក់ចុះជិត ៤០% ដោយសារការកាត់បន្ថយតម្រូវការ និងកំណើននៃការផ្គត់ផ្គង់។ ទីភ្នាក់ងារថាមពលអន្តរជាតិកាលពីសប្តាហ៍មុន បានកែសំរួលការព្យាករណ៍របស់ខ្លួនសម្រាប់តម្រូវការប្រេងឆៅពិភពលោកនៅឆ្នាំ ២០២០ ដែលបញ្ជាក់ថាមានការថយចុះ ៩០,០០០ បារ៉ែលក្នុងមួយថ្ងៃ ផ្ទុយពីការព្យាករណ៍ក្នុងឆ្នាំ ២០១៩ ថាមានតម្រូវការរហូតដល់ ១លានបារ៉ែលក្នុងមួយថ្ងៃ។ រ៉ែដែក ស្ពាន់ ក៏ទទួលរងការប៉ះពាល់នៃការធ្លាក់ថ្លៃយ៉ាងគំហុកដូចគ្នា។ តម្លៃគ្រាប់កាហ្វេ បានធ្លាក់ចុះរហូតដល់ទៅ ២០% គ្រាប់ធញ្ញជាតិ សណ្តែក ល្ងរ ពោត ស្រូវសាលី ដូងប្រេង និងទំនិញដទៃទៀត សុទ្ធតែធ្លាក់ថ្លៃក្រោមហេតុផលតែមួយគត់គឺការធ្លាក់ចុះនៃតម្រូវការ គួបផ្សំពីការបិទព្រំដែនរបស់ប្រទេសជាច្រើនលើពិភពលោក។ 

១. ផលប៉ះពាល់លើផលិតផលជាតិសរុប GDP 
ដោយសារការរីករាលដាលនៃវីរុសកូវីដ ១៩ មួយនេះ វាបានដាក់សម្ពាធយ៉ាងខ្លាំងដល់សម្រេចគោលដៅនៃផលិតផលជាតិសរុបដែលគេចង់បាន។ អ្នកជំនាញសេដ្ឋកិច្ចចិនបានព្យាករណ៍ និងរំពឹងថាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២០ នឹងកើនឡើងត្រឹមតែ ២.៤% ទាបជាងអត្រាដែលបានព្យាករណ៍ទុកក្នុងឆ្នាំ ២០១៩គឺ ៥.៧%។ សេដ្ឋវិទូនៅសកលវិទ្យាល័យ Johns Hopkins University បានរៀបរាប់ថា៖ “យើងរំពឹងថានឹងមានការខូចខាតខាងសេដ្ឋកិច្ចយ៉ាងច្រើននោះមិនមែនតែនៅក្នុងប្រទេសចិនទេ តែសម្រាប់ប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន (ដូចជាអូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ថៃ និងអាឡឺម៉ង់) និងប្រទេសដែលវីរុសកំពុងរាលដាលយ៉ាងឆាប់រហ័សពោលគឺអ៊ីតាលីជាដើម។ 

Source: Macrobond, IMF, RaboResearch

 

២. កូវីដ ១៩ ជះឥទ្ធិពលដល់ពិភពលោកទាំងមូល
ការផ្ទុះឡើង និងរីករាលដាលយ៉ាងខ្លាំងនៃវីរុសកូវីដ ១៩ បានធ្វើឲ្យផលិតកម្មក្នុងប្រទេសចិនមានការជាប់គាំង ធ្វើឲ្យវិស្សមកាលដ៏សំខាន់ក្នុងប្រទេសចិនប្រែក្លាយជាពេលមួយដ៏អាក្រក់បំផុតគឺ ប្រជាជនគ្រប់គ្នាត្រូវដាក់ឲ្យនៅដាច់ឡែក ពិសេសសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងវូហាន។ ការដែលត្រូវបិទទីក្រុង បង្កជាភាពអសកម្មដល់ដំណើរការនៃច្រវ៉ាក់ផលិតកម្ម (Product Chain) សេដ្ឋកិច្ចក្នុងតំបន់ជាប់គាំង មិនអាចធ្វើការផ្គត់ផ្គង់ទៅកាន់អ្នកដែលមានតម្រូវការ (ទាំងក្នុងប្រទេសចិន និងប្រទេសនានាលើពិភពលោកដែលពឹងផ្អែកនាំចូលវត្ថុធាតុដើមពីប្រទេសចិន)។

Source: Macrobond, IMF, RaboResearch

 

វិស័យឧស្សាហកម្មនិងសេវាកម្មសុទ្ធតែរងផលប៉ះពាល់ខ្លាំងព្រោះកម្មករនិងអតិថិជនកំពុងស្នាក់នៅផ្ទះ ការនាំចេញក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរដោយតួលេខថ្មីៗនេះបានបង្ហាញថា តម្លៃនៃការនាំចេញរបស់ចិនបានធ្លាក់ចុះ ១៧% ក្នុងខែមករានិងខែកុម្ភៈឆ្នាំនេះ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ជាក់ស្តែង បើគិតពីបញ្ហានៃវិស័យឧស្សាហកម្មនេះ សូម្បីកម្ពុជាក៏ក្លាយប្រទេសដែលរងផលប៉ះពាល់លើវិស័យមួយនៃដែរ ព្រោះកង្វះវត្ថុធាតុដើមសម្រាប់រោងចក្រ ជាហេតុនាំឲ្យរោងចក្រមួយចំនួនបិទទ្វារ ផ្អាកដំណើរការមួយរយៈ និងធ្វើឲ្យកម្មករជិត ១០ម៉ឺននាក់ត្រូវព្យួរការងារ នេះបើតាមការឲ្យដឹងពី អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ការរំខានដល់ពាណិជ្ជកម្មអន្តរជាតិដែលបណ្តាលមកពីវីរុសកូវីដ ១៩ រួមជាមួយផលប៉ះពាល់ពីភាពតានតឹងនៃសង្គា្រមពាណិជ្ជកម្មអាមេរិក អាចជាហេតុនាំឲ្យចិនកាន់តែព្យាយាមចាប់ដៃគូពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដទៃទៀត ពោលគឺថៃ ម៉ាឡេស៊ី វៀតណាមជាដើម។ កត្តានេះអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសជាដៃគូរបស់ចិន ក្នុងការចាប់ឱកាសទាញផលប្រយោជន៍ពីការអភិវឌ្ឍ និងពង្រឹងសេដ្ឋកិច្ច។ 

៣. ការជះឥទ្ធិពលលើទីផ្សារដែលកំពុងរីកចម្រើន
ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ភាគច្រើនជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចលូតលាស់ ឬហៅថាជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចផុសឡើង។ វាពិតជាអាក្រក់ខ្លាំងណាស់ដែលប្រទេសទាំងនេះត្រូវមកជួបបញ្ហាដូចពេលនេះ ជាក់ស្តែងម៉ាឡេស៊ីបានក្លាយជាប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតមួយក្នុងចំណោមប្រទេសទាំងដប់នៅអាស៊ីអាគ្នេយ៍។ ការបិទប្រទេស បិទព្រំដែន បិទការធ្វើដំណើរចេញចូលទាំងស្រុងដើម្បីការពារការឆ្លងរាលដាលនៃវីរុសនេះ វាមិនខុសអីពីការបិទឆ្នាំងបាយ ព្យួរក្រពះចោលនោះទេ។ ហានិភ័យខ្ពស់នៃការរីករាលដាលវីរុសនៅអាស៊ីអាគ្នេយ៍ គឺបណ្តាលមកពីដង់ស៊ីតេប្រជាជនខ្ពស់ រួមផ្សំជាមួយសេវាថែទាំសុខភាពដែលមិនសូវសំបូរបែបដូចបណ្តាប្រទេសលោកខាងលិច តែវានៅតែមិនជាក់លាក់ព្រោះប្រទេសនៅលោកខាងលិចពេលនេះ កំពុងទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុតស្ទើរខ្លាំងជាងបណ្ដាប្រទេសនៅអាស៊ីផង នេះបើតាមការទិន្នន័យពី Organisation for Economic Co-operation and Development (OECD)។ 

Source: Macrobond,

 

៤. បង្កហានិភ័យលើស្ថានភាពហិរញ្ញវត្ថុពិភពលោក
ចំនួននៃការក្ស័យធនអាជីវកម្មនៅក្នុងប្រទេសចិនអាចនឹងកើនឡើងយ៉ាងឆាប់រហ័ស ប្រសិនបើសកម្មភាពសេដ្ឋកិច្ចមិនបានកើនឡើងឆាប់ៗនេះទេ ក្នុងនោះសហគ្រាសធុនតូចនិងមធ្យម  ជាអ្នកងាយរងគ្រោះថ្នាក់បំផុត។ ការស្ទង់មតិនាពេលថ្មីៗនេះដោយសាកលវិទ្យាល័យចិនពីរបានរកឃើញថា សហគ្រាសធុនតូចនិងមធ្យមរបស់ចិនចំនួន ២/៣ មានសាច់ប្រាក់តិចជាងបំណុលរយៈពេលខ្លីរបស់ពួកគេដល់ទៅ ២ ខែ។ អាជីវកម្មផ្សេងទៀតរបស់ចិនក៏មានបន្ទុកបំណុលយ៉ាងច្រើនផងដែរ ដែលមានតម្លៃស្មើនឹង ១៥០% នៃផលិតផលក្នុងស្រុកសរុប។ បើគិតត្រឹមការធ្លាក់ចុះ និងភាពថមថយនៃតម្រូវការប្រេង គ្រាប់ធញ្ញជាតិដូចដែលបានរៀបរាប់ខាងលើ ក៏អាចប៉ាន់ប្រមាណបានដែរថាស្ថានភាពហិរញ្ញវត្ថុពិភពលោកពេលនេះកំពុងធ្លាក់ដាំក្បាលចុះយ៉ាងណា។ មនុស្សភាគច្រើនមិនសូវហ៊ានចំណាយផ្តេសផ្តាសព្រោះមិនអាចព្យាករណ៍បានថាការគំរាមកំហែងនៃវីរុសមួយនេះអាចថមថយទៅវិញនៅពេលណា លើសពីនេះ មនុស្សមួយចំនួនក៏មិនទុកសាច់ប្រាក់ក្នុងធនាគារដែរ ព្រោះខ្លាចវិបត្តិមួយនេះត្រូវធ្វើឲ្យសាច់ប្រាក់របស់ពួកគេបង្កកក្នុងធនាគារ។

គិតមកទល់ពេលនេះ ថ្ងៃទី ១៥ ខែ​មេសា ឆ្នាំ២០២០ គេហទំព័រ World O Meter បាន​បង្ហាញ​ថាចំនួនអ្នក​ឆ្លង​នៅ​ទូទាំងពិភព​លោក​បាន​កើន​ឡើង​លើ​ស ២លាន​នាក់​ហើយ ខណៈអ្នក​ស្លាប់​ដោយសារ​កូវីដ ១៩ កើនឡើង​ជិត​ដល់ ១៣ម៉ឺននាក់​ ក្នុ​ងនោះ​សហរដ្ឋអាមេរិក​ជាប្រទេ​ស​នាំ មុខគេ​ទាំងអ្នក​ឆ្លង​ និង​អ្នកស្លាប់​។ កូវីដ ១៩ នឹងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកខ្លាំងជាង SARS ឆ្នាំ ២០០២-២០០៣ ទៅទៀតដោយសារអត្រានៃការឆ្លងរាលដាលមានទំហំធំ ព្រោះចំនួនអ្នកស្លាប់ដោយសារជំងឺសារមានត្រឹមតែ ៧៧៤នាក់ ខណៈអ្នកឆ្លងសរុបទូទាំងពិភពលោកមានចំនួន ៨,០៩៨នាក់ នេះបើយោងតាមរបាយការណ៍ពី អង្គការសុខភាពពិភពលោក

ដោយ៖ យ៉ាយ៉ា

 

 

X
5s