ហេតុអ្វី​បាន​ជា​ មេរោគ​កាច​សាហាវ​ថ្មីៗ ភាគច្រើន​មាន​ប្រភព​មក​ពី​​ចិនប៉ុន្មានឆ្នាំចុងក្រោយនេះ?​



ជំងឺ​ផ្ដាសាយ​អាស៊ី (Asian Flu) ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៥៦    បាន​សម្លាប់​មនុស្ស​​យ៉ាងហោចណាស់​ចន្លោះ​ពី​មួយ​ទៅ​បួន​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ចំណែក​ជំងឺ SARS ក្នុង​ឆ្នាំ ២០០៣ វិញ បាន​ឆ្លង​​ដល់​មនុស្ស​ប្រមាណ  ៨០៩៨ នាក់ និង​បាន​សម្លាប់​មនុស្ស ​៧៧៤ នាក់​​នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ១៧។ ១០ ឆ្នាំ​ក្រោយ​មក​ជំងឺ​ផ្ដាសាយ​ ​ថ្មី​ទៀត H7N9 បាន​ផ្ទុះ​ឡើង ហើយ​​មាន​មនុស្ស​ប្រមាណ  ១ ២២៣ នាក់​បាន​ឆ្លង​ជំងឺ​នេះ​ ​​ហើយ​​៤​នាក់​ក្នុង​ចំណោម​ ១០ នាក់​បាន​ស្លាប់។  

ឥឡូវ​នេះ​ជំងឺ​​ថ្មី​មួយ​ទៀត​គឺ​​ COVID-19 ដែល​គេ​ជឿជាក់​ថា ហាក់​ដូច​ជា​មាន​អាការៈ​​មិន​សូវ​សាហាវ​ដូច​សិស្ស​ច្បង​នោះ បែរ​ជា​ធ្វើ​ឲ្យ​ពិភពលោក​ភ័យខ្លាច​ និង​គ្មាន​នរណា​នឹកស្មាន​ដល់​ ត្បិតអី​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ១​លាន​នាក់​ធ្លាក់​ខ្លួន​ឈឺ និង​ឆក់​យក​ជីវិត​មនុស្ស​រហូត​ដល់​ទៅ​ជាង ៨​ម៉ឺន​នាក់​​នៅ​ជុំវិញ​ពិភពលោក​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​មេសា​នេះ។

ផ្អែក​លើ​ការ​លើកឡើង​ខាងលើ​នេះ​វា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ការ​ផ្ទុះឡើង​នៃ​ជំងឺ​ទាំងអស់​នេះ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន។ ប៉ុន្តែ​សំនួរ​សួរ​ថា ហេតុ​អ្វី​​មហាអំណាច​មួយ​នេះ​ជា​ចំណុច​ក្តៅ​​នៃ​ប្រភព​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ជាច្រើន​របស់​ពិភពលោក?

«នេះ​វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​អ្វី​ទេ​ដែល​វា​បាន​កើតឡើង....មាន​មនុស្ស​ជា​ច្រើន​បាន​រស់នៅ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​សត្វ​គ្រប់​ប្រភេទ​ដែល​ពេញ​និយម​សម្រាប់​ទុក​ធ្វើ​ជា​ម្ហូប ហើយ​ពួកគេ​​រស់នៅ​មិន​មាន​អនាម័យ​ខ្ពស់​ទេ។ នេះ​ជា​កាដូ​មួយ​ដ៏​​ល្អ​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង​​នានា​រាតត្បាត​ឡើង»។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​លោក Steven Novella  ជា​សាស្ត្រាចារ្យ​អាមេរិក​​ផ្នែក​ប្រសាទសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Yale។

ផ្សារលក់សាច់សត្វព្រៃ Nanning   ប្រភពរូបភាព៖ thetelegraph

ចំណែក​លោក​បណ្ឌិត Peter Daszak ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ​EcoHealth Alliance វិញ បាន​​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ទៅ​កាន់​ទូរទស្សន៍ PBS ក្នុង​ឆ្នាំ ២០១៦​កន្លង​ទៅ​ថា  នៅ​តំបន់​កណ្ដាល​នៃ​ភាគ​ខាងត្បូង​ប្រទេស​ចិន​គឺ​ជា​ "​តំបន់​លាយឡំ​គ្នា​" ​ដ៏​គួរឲ្យ​កត់សម្គាល់​បំផុត​មួយ​សម្រាប់​បង្ក​ឲ្យ​មាន​មេរោគ​ផ្សេងៗ​កើត​មាន​ឡើង។ លោក​បន្ត​ថា  កសិករ​តែងតែ​នាំ​សត្វពាហណៈ​របស់​ពួកគេ​ទៅ​លក់​នៅ​ទីផ្សារ​សត្វព្រៃ ពោល​គឺ​ជា​ទីកន្លែង​ដែល​ពួកគេ​ទាំង​នោះ​​​អាច​ប៉ះ​សត្វ​កម្រ​គ្រប់​ប្រភេទ​មក​ពី​គ្រប់​ទិសទី។ 

ពពួក​សត្វ​បក្សី ថនិកសត្វ និង​សត្វ​ល្មូន​ផ្សេងៗ​គ្នា​ជា​ច្រើន​ត្រូវ​បាន​នាំចូល​មក​​ពី​គ្រប់​ទិសទី​ជុំវិញ​ពិភពលោក ហើយ​មាន​​ផ្ទុក​វីរុស​ដែល​អាច​​វិវត្ត​ខ្លួន និង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​​នៅ​ក្នុង​ចំណោម​សត្វ​ដូចគ្នា​រហូត​ដល់​មនុស្ស​។ អ្នក​ជំនាញ​​បាន​ដឹង​ច្បាស់​រួច​ទៅ​ហើយ​ថា នេះ​ជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​កើត​​មាន​ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​កូវីដ១៩  ហើយ​ដែល​បាន​បង្ខំ​ចិត្ត​ឲ្យ​រដ្ឋ​អាជ្ញា​ចិន ​​​បិទ​ខ្ទប់​ទីក្រុង​វ៉ូហាន​​​ទាំងមូល​តាំង​ពី​ដើម​ឆ្នាំ ២០២០ នេះ​ ដែលជា​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​នេះ។

​ទន្ទឹម​នឹង​នេះ​​ហេតុផល​មួយ​ដែល​ជា​ជំងឺ​ទំនៀមទម្លាប់​វប្បធម៌​របស់​ជនជាតិ​ចិន​​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នាំ​ឲ្យ​មាន​ការ​ផ្ទុះ ឡើង​ជំងឺ​​នានា។ 

បើ​យោង​តាម​ការ​​លើកឡើង​របស់​លោកស្រី Melinda Liu ដែល​ជា​អ្នក​យក​ព័ត៌មាន​​ប្រចាំ​កាសែត Foreign Policy ដែល​បាន​ចេញផ្សាយ​កាល​ពី​ឆ្នាំ ២០១៧ បាន​លើកឡើង​ដូច្នេះ​ថា« ប្រជាជន​ចិន​ជា​ច្រើន​សូម្បីតែ​អ្នក​រស់នៅ​ទីក្រុង​​អះអាង​ថា ពួកគេ​ចូលចិត្ត​ទទួលទាន​សាច់​សត្វ​ស្រស់​ដូច​ជា​ពពួក​សត្វព្រៃ​ពីព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ប្រយោជន៍​ដល់​សុខភាព​ជាង​សាច់​ក្លាសេ និង​សាច់​សត្វ​ស្រុក​​។ នេះ​វា​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន​​ទាំង​នោះ​មាន​ប្រាស្រ័យ​ទំនាក់ទំនង​ដោយផ្ទាល់​​​ជា​មួយ​សត្វ​ទាំង​នោះ​កាន់តែ​ច្រើន​ឡើង»

 

លោកស្រី​បាន​បន្ត​ទៀត​ថា ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​តាម​រយៈ​ការ​ប្រើប្រាស់​ឱសថ​បុរាណ​ផ្សំ​ឡើង​ពី​សត្វ​ព្រៃ​ផ្សេងៗ​​អាច​មាន​ប្រសិទ្ធភាព​ធ្វើ​​ឲ្យ​សុខភាព​របស់​ពួកគេ​ល្អ។ ក៏ប៉ុន្តែ​ការពិត​ជាក់ស្ដែង​វា​មិន​ដូច្នេះ​ទាំង​អស់​នោះ​ទេ។ អ្នក​ទាំង​នោះ​បាន​ចម្លង​ទៅ​ដល់​អ្នក​ផ្សេង​ទៀត​ដោយសារតែ​ការ​ព្យាបាល​តាម​វិធី​បុរាណ​ខ្វះ​ឧបករណ៍​បច្ចេកទេស គ្មាន​ការ​ត្រួតពិនិត្យ​ ពិសោធន៍​តែម​បែប​វិទ្យាសាស្ត្រ​ និង​គ្មាន​អនាម័យ​ដែល​ជា​ហានិភ័យ​បង្ក​ឲ្យ​មាន​ជំងឺ​រីក​រាលដាល​ជា​បន្តបន្តបន្ទាប់​។ ​

សត្វព្រៃ​គឺ​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ធ្វើ​ជា​ឱសថ​បុរាណ ប្រភពរូបភាព HealthCMI

​មហាយក្ស​ចិន​ក៏​មាន​កេរ្តិ៍ឈ្មោះ​​មិន​ល្អ​ប៉ុន្មាន​ដែរ​​ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ លាក់ការ​សម្ងាត់ និង​មាន​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​​ផង​ដែរ​ទាក់ទង​ទៅ​នឹង​ជំងឺ​រាតត្បាត​ដែល​នេះ​អាច​​ផ្ដល់​ឱកាស​​ឲ្យ​ជំងឺ​ថ្មីៗ​រីក​រាលដាល​កាន់តែ​ខ្លាំង​។ កាល​ពី​ដើម​ខែ​មករា​មន្ត្រី​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​បាន​​ប្រកាស​ប្រាប់​សាធារណជន​ថា​  ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ថ្មី​​នៃ​ជំងឺ​កូវីដ ១៩​នេះ ត្រូវ​បាន​បញ្ឈប់​ប្រកប​ដោយ​ប្រសិទ្ធភាព ខណៈ​ដែល​ជាក់​ស្តែង​វា​បាន​​ផ្ទុះ ឡើង​កាន់តែ​ខ្លាំង។

លោកស្រី Melinda Liu បាន​បន្ត​ថា  ពេល​ខ្លះ​របប​ផ្ដាច់ការ​​មួយ​នេះ​បាន​​​បិទមាត់​អ្នក​ជំនាញ​ខាង​សុខភាព​ដែល​ប៉ុនប៉ង​​​បង្ហាញ​សារ​ព្រមាន​ពី​ហានិភ័យ​ដ៏​​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​។  លោក​វេជ្ជបណ្ឌិត​វ័យក្មេង Li Wenliang ដែល​ធ្លាប់​បាន​ព្យាយាម​ព្រមាន​​មនុស្ស​គ្រប់គ្នា និង​សហការី​របស់​លោក​អំពី​មេរោគ​ថ្មី​នេះ ត្រូវ​បាន​ទទួល​រង្វាន់​ស្ដីបន្ទោស​យ៉ាង​ចាស់​ដៃ​ពី​​រដ្ឋាភិបាល។ ប៉ុន្តែ​ទីបំផុត​ ជំងឺ​កូវីដ ១៩ បាន​ផ្តាច់​ជីវិត​របស់​លោក​នៅ​ថ្ងៃ​ទី ៧ ខែ កុម្ភៈ​ ឆ្នាំ ២០២០ ថ្មីៗ​កន្លង​ទៅ​នេះ។

មាន​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន​​​ដែល​បង្ហាញ​ថា​  ​រដ្ឋាភិបាល​ចិន​បាន​​​ចាត់​វិធានការណ៍​​យ៉ាង​​សម្ងាត់​​មួយ​ចំនួន​ដែល​រារាំង​ដល់​ការ​ឆ្លើយតប​ជា​សាកល​ចំពោះ​ការ​ផ្ទុះឡើង​នៃ​មេរោគ​នេះ​មុន​វា​ផ្ទុះ​ឡើង។ ក្រោយ​មក ​​​ រដ្ឋាភិបាល​​មួយ​នេះ​ចាប់​ផ្តើម​ចែករំលែក​ទិន្នន័យ​កាន់តែ​​ច្រើន​​ពេល​មេរោគ​នេះ​ផ្ទុះ​​រាតត្បាត​កាន់តែ​ខ្លះ ​ហើយ​អ្នកវិទ្យាសាស្ត្រ​ចិន​​បន​​បោះពុម្ព​ផ្សាយ​ឯកសារ​ជាច្រើន​ដែល​អាច​រួមចំណែក​ដល់​​ការ​ទប់ស្កាត់​ជំងឺ​នេះ​នៅ​តាម​សហគមន៍​នានា​នៅ​ទូទាំង​ពិភពលោក។

ទោះ​ជា​យ៉ាងណា​ក៏ដោយ យន្តការ​ វិធានការណ៍ និង​គោលនយោបាយ​ការពារ​ជំងឺ​រាតត្បាត​ថ្មីៗ​នៅ​ពេល​អនាគត​សម្រាប់​ប្រជាជន​របស់​ខ្លួន​ជាង ១​ពាន់​លាន​នាក់​​នៅ​តែ​ស្រពិចស្រពិល​ថា តើ​​មហាអំណាច​មួយ​នេះ​​នឹង​ត្រូវ​​ធ្វើ​ឡើង​​ដោយ​វិធី​ណា?    ការ​ហាមឃាត់​ជា​អចិន្ត្រៃយ៍​នូវ​ការ​ជួញដូរ​លក់​សត្វ​ព្រៃ​គ្រប់​ប្រភេទ ​នៅ​តាម​ទីផ្សារ​សាធារណៈ ការ​បង្កើត និង​អនុវត្ត​បទបញ្ជា​សុវត្ថិភាព​ចំណី​អាហារ  និង​ការ​បដិសេធ​ការ​ប្រើប្រាស់​ឱសថ​បុរាណ​ចេញ​ពី​សត្វ​ព្រៃ​​​គឺ​ជា​ជម្រើស​ដែល​គួរតែ​មាន​​សម្រាប់​យក​មក​ពិភាក្សា​នៅ​លើតុ៕

អត្ថបទទាក់ទង៖

ដោយ៖ ណារិន
ប្រភព៖ realclearscience

X
5s