ហេតុអ្វីបានកូរ៉េខាងជើងក្លាយជាប្រទេសឯកោជាងគេបំផុតក្នុងលោក?
កូរ៉េខាងជើងដែលមានប្រជាជនប្រមាណជាង ២៥ លាននាក់នៅពេលបច្ចុប្បន្ននេះ មិនមែនជារដ្ឋឯកោទើបនៅក្រោយពេលបញ្ចប់សង្គ្រាមស៊ីវិល ១៩៥០ -១៩៥៣ នោះទេ។ តាមពិតទៅនៅមានមូលហេតុជាច្រើនទៀតដែលធ្វើឱ្យកូរ៉េខាងជើងមិនសូវមានមិត្តនៅលើឆាកអន្តរជាតិច្រើនរហូតមកដល់សព្វថ្ងៃនេះ។ ខាងក្រោមនេះជាហេតុផលសំខាន់ៗចំនួន៣ដែលធ្វើឲ្យរដ្ឋដ៏ក្រីក្របំផុតមួយក្នុងលោកឯកោរហូតមកដល់សព្វថ្ងៃនេះ៖
១) កូរ៉េខាងជើងជាប្រទេសឯកោនិយមតាំងពីសតវត្សទី១៤ម្ល៉េះ
កូរ៉េមានប្រវត្តិផ្ដាច់ខ្លួនមិនរាប់រកគេតាំងពីយូរលង់ណាស់មកហើយ ពោលគឺមុនមានសង្គ្រាមនៅឧបទ្វីបនេះទៅទៀត។ រាជវង្សជូសុង ដែលគ្រប់គ្រងកូរ៉េតាំងពីសតវត្សទី១៤ ដល់ទី ២០ មិនរាប់អានប្រទេសជិតខាងនោះទេ ពោលគឺដាក់ប្រទេសឲ្យនៅឯកោពីពិភពលោក ក្នុងហេតុផលដើម្បីការពារការឈ្លានពានរបស់សត្រូវផង និងជឿទៅលើភាពខ្លាំងនៃវប្បធម៌ខុងជឿផង។ ការធ្វើដំណើររបស់ជនបរទេសទៅកាន់ទឹកដីខ្លួនត្រូវបានហាមឃាត់ ក្នុងនោះរួមបញ្ជូនទាំងប្រទេសជិតខាងមានចិន និងជប៉ុនផង។
២) គេធ្វើឲ្យកូរ៉េមានសង្គ្រាមយូរអង្វែង
បន្ទាប់ពីកូរ៉េបានធ្លាក់ទៅក្នុងកណ្ដាប់ដៃបរទេសនៅសតវត្សទី២០ សង្គ្រាមបានជំរុញឲ្យកូរ៉េផ្ដាច់ខ្លួនចេញ។ ជប៉ុនបានដាក់កូរ៉េទៅក្នុងឧបសម្ពន្ធរបស់ខ្លួននៅឆ្នាំ១៩១០។ ក្រោយចប់សង្គ្រាមលោកលើកទី២ ជប៉ុនចាញ់សង្គ្រាមលោក កូរ៉េត្រូវបានបែងចែកជាពីរក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀត។ តាមពិតទៅកាលនោះ ការបំបែកឧបទ្វីបកូរ៉េជាពីរនេះ គឺគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់ និងហេតុផលភូមិសាស្ត្រនយោបាយផងនោះ ធ្វើឲ្យមហាអំណាចទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងបង្រួបបង្រួមប្រទេសទាំងពីរនោះបាននោះ ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលពីរបានកើតឡើង។
យោធាកូរ៉េខាងជើង (ឆ្វេង) ចាប់ដៃយោធាកូរ៉េខាងត្បូង (ស្តាំ) ប្រភពរូបភាព៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង
លោក ចូសេហ្វ ស្តាលីនបានជ្រើសរើសត្រកូលគីម គឺលោក Kim II Sung ជាប្រមុខដឹកនាំកូរ៉េខាងជើង។ កម្លាំងនៃសង្គ្រាមត្រជាក់កាន់ក្ដៅឡើងៗ ធ្វើឲ្យបងប្អូនទាំងពីរផ្ទុះសង្គ្រាមនៅឆ្នាំ១៩៥០ ខណៈប្រទេសកូរ៉េខាងជើងរងការខូចខាតពីការទម្លាប់គ្រាប់បែកដោយកងកម្លាំងសហរដ្ឋអាមេរិកយ៉ាងដំណំ។ ចាប់តាំងពីចប់សង្គ្រាមមក កូរ៉េខាងជើងបានរស់នៅក្នុងស្ថានភាពមួយដែលមានការគំរាមកំហែងសង្គ្រាម ដែលធ្វើឲ្យលោក Kim Il Sung បង្កើតទ្រឹស្ដី "រស់ដោយខ្លួនឯង"ដែលត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃ។ទ្រឹស្ដីរស់នៅដោយខ្លួនឯង គឺសំដៅទៅលើ ចំណុចបីគឺ «ឯករាជ្យផ្នែកនយោបាយ ស្វយ័តសេដ្ឋកិច្ច និងស្វយ័តយោធា»។ នេះបើតាមអ្នកស្រាវជ្រាវការសិក្សាពីឧបទ្វីបកូរ៉េលោក Charles Armstrong។
ចាប់តាំងពីសហភាពសូវៀតដួលរលំមក កូរ៉េខាងជើងកាន់តែឯកោឡើងៗ ស្របពេលដែលក្រុងប៉េកាំងបានបើកចំហទៅលោកខាងលិច។ កូរ៉េខាងជើងចាប់ផ្ដើមបង្ហាញសាច់ដុំយោធារបស់ខ្លួន បន្ទាប់ពីខ្លួនផលិតបានអាវុធនុយក្លេអ៊ែរ។
៣) តើកូរ៉េខាងជើងអាចនឹងបើកចំហគោលនយោបាយការបរទេសទេ?
មានការលើកឡើងពីក្រុមអ្នកជំនាញថា កូរ៉េខាងជើងអាចនឹងដួលរលំ ហើយត្រូវកូរ៉េខាងត្បូងលេបត្របាក់យកវិញ។ ការជ្រៀតចូលព័ត៌មានពីក្រៅប្រទេស ការរើបម្រាស់ខាងក្នុង អាចនឹងធ្វើឲ្យរបបព្យុងយ៉ាងអស្ថិរភាពបើទោះបីការវិភាគទៅលើពេលវេលានៃការដួលរលំមិនច្បាស់លាស់ក៏ដោយ។ ទោះជាយ៉ាងណា បើសិនជាមានហេតុភេទកើនឡើងបែបនេះមែន នោះក្រុងប៉េកាំងនឹងលូកដៃ ដែលអាចនឹងធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងជើងមានរបបថ្មីដែលទោរទន់ទៅរកចិន ឬក៏រដ្ឋាភិបាលចាស់នៅរស់រានប៉ុន្តែត្រូវត្រដរអភិវឌ្ឍសេដ្ឋកិច្ច៕
ទីក្រុងព្យុងយ៉ាង ប្រភពរូបភាព៖ UPI
អត្ថបទទាក់ទង៖
- តើជោគវាសនាកូរ៉េខាងជើងនឹងទៅជាយ៉ាងណាប្រសិនបើលោក គីម ជុងអ៊ុនស្លាប់មែននោះ?
- អាថ៌កំបាំង ១០ យ៉ាងដែលអ្នកអាចមិនបានដឹងពីកូរ៉េខាងជើង
ដោយ៖ រតនៈវិភូ
ប្រភព៖ huffingtonpost