ចង់​​បង្កើត Startup មិន​ចាំបាច់​​រៀន​នៅ​មហាវិទ្យាល័យ?​



ភាព​ជា​សហគ្រិន អាច​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ឈាន​ទៅ​រក​​សេរីភាព​ហិរញ្ញវត្ថុ (Financial Freedom)។ ក៏ប៉ុន្តែ​​ដើម្បី​កសាង​​អាជីវកម្ម​ជោគជ័យ​មួយ ត្រូវ​ការ​ពេលវេលា​ ការ​ខិតខំ​ប្រឹងប្រែង និង​ការ​អត់ធ្មត់​ច្រើន​ណាស់។ មាន​មនុស្ស​ជាច្រើន​​ជា​​ពិសេស​យុវជន​តែ​ម្តង​ដែល​តែងតែ​ឆ្ងល់​ថា តើ​ពួកគេ​គួរ​តែ​ចេញ​រកស៊ី​ឬ​អត់? គួរ​ចាប់​ផ្តើម​ជំនួញ​នៅ​ពេល​ណា? ហើយ​ថា តើ​គួរ​រៀន​​ជំនាញ​អ្វី​ខ្លះ​ដើម្បី​ស័ក្ដិសម​នឹង​ការ​ធ្វើ​ជំនួញ? 

តាម​ពិត​ទៅ ដើម្បី​ចាប់​ផ្តើម​ជំនួញ​ ឬ អាជីវកម្ម​មួយ អ្នក​មិន​ចាំបាច់​​បន្ត​រៀន​នៅ​មហាវិទ្យាល័យ​នោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​អ្នក​បាន​នៅ​ក្នុង​ករណី​មួយ​ចំនួន។ ការ​រៀន​នៅ​មហាវិទ្យាល័យ​មិន​ត្រឹមតែ​អាច​ជួយ​និស្សិត​ឲ្យ​​ទទួល​បាន​​មេរៀន​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​​ក៏​អាច​ជួយ​ឲ្យ​និស្សិត​​ទទួល​បាន​ចំណេះ​ដឹង​ផ្សេងៗ​ដូចជា​​​ជំនាញ​ទន់ (Soft Skill) ​ជាដើម។

នៅ​ពេល​ដែល​ចាប់​អារម្មណ៍​ធ្វើ​ជំនួញ​​ខាង​ផ្នែក​អ្វី​មួយ អ្នក​នឹង​ដឹង​ថា តើ​ការ​អប់រំ​ប្រភេទ​ណា​ដែល​អ្នក​ត្រូវ​រៀន? ប៉ុន្តែ​យ៉ាងហោចណាស់​អ្នក​ក៏​ត្រូវ​ចេះ​មេរៀន​​​មូលដ្ឋាន​គ្រឹះ​អាជីវកម្ម​មួយ​ចំនួន​​ផង​ដែរ​ដូច​ជា ការ​គ្រប់គ្រង​អាជីវកម្ម (Business Management) ការ​ធ្វើ​ទីផ្សារ (Marketing) ​ចំណេះដឹង​ពន្ធដារ (Taxes) ច្បាប់ (Law) និង​ផ្នែក​លក់​ (Sales) ជាដើម។

ទោះបីជា​អ្នក​អាច​ដឹង​ថា​ អ្នក​មាន​ចំណេះដឹង​បច្ចេកទេស​​ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​​ដោយ​​មិន​ចាំបាច់​រៀន​នៅ​មហាវិទ្យាល័យ​ក៏ដោយ តើ​អ្នក​ដឹង​ទេ​​ថា​ ​អាជីព​មួយ​ណា​ដែល​សមស្រប​សម្រាប់​អ្នក? ហេតុដូច្នេះ​ហើយ  វា​ចាំបាច់​​ណាស់​នៅ​ទី​នេះ​​ដើម្បី​ឆ្លើយ​សំនួរ​សំខាន់ៗ​មួយ​ចំនួន​មុន​ពេល​​អ្នក​ធ្វើ​ការ​​សម្រេចចិត្ត​​​ថា គួរ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​ដោយ​មិន​ចាំបាច់​រៀន​នៅ​មហាវិទ្យាល័យ​ឬ​អត់? សូម​ឆ្លើយ​សំនួរ​ដោយ​ស្មោះត្រង់ និង​ថ្លឹងថ្លែង​ឲ្យ​បាន​ល្អិតល្អន់​បន្តិច​មុន​អ្នក​សម្រេចចិត្ត​ថា គួរ​បន្ត​រៀន​​ ឬ​ឈប់​រៀន​នៅ​មហាវិទ្យាល័យ? 

១.តើ​​​​​ចំណេះដឹង​ដែល​អ្នក​ទទួល​បាន​ពី​មហាវិទ្យាល័យ​ពិត​ជា​អាច​ជួយ​ពង្រឹង​អាជីព ឬ​វិស័យ​ជំនួញ​ដែល​អ្នក​ចង់​ធ្វើ​ដែរ​ឬទេ?
តើ​អ្នក​ត្រូវការ​សញ្ញាប័ត្រ​ដែរ​ឬទេ​ដើម្បី​ធ្វើ​ជំនួញ? ជា​ចម្លើយ​បែប​បច្ចេកទេស គឺ​អ្នក​មិន​ចាំបាច់​ទេ។ ប៉ុន្តែ​នេះ​មិនមែន​មានន័យ​ថា អ្នក​មិន​ចាំបាច់​រៀន​មុខ​វិជ្ជា​ជំនួញ​ណាមួយ​នោះដែរ។ សម្រាប់​​មុខ​ជំនួញ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ និង​ត្រូវ​ការ​បច្ចេកទេស ការ​រៀន​នៅ​មហាវិទ្យាល័យ (ពេល​ខ្លះ ហើយ​អាច​ចាំបាច់​) គឺ​សំខាន់​សម្រាប់​អ្នក​ដើម្បី​ជោគជ័យ​ក្នុង​ការ​ធ្វើ​​ជំនួញ។ ប្រសិន​បើ​អ្នក​មិន​បាន​ដឹង​ថា អាជីវកម្ម​ដំណើរការ​ដូច​ម្តេច ឬ​គេ​គ្រប់គ្រង និង​ដំណើរការ​​ធ្វើ​​ឯកសារ​ស្មុគស្មាញ​​ដោយ​របៀបណា វា​ជា​រឿង​ល្អ​​ដែល​អ្នក​ត្រូវ​ពង្រឹង​ជំនាញ​មួយ​នេះ​​តាមរយៈ​វគ្គសិក្សា​ខ្លីៗ​មួយ​ចំនួន។

ថ្វីត្បិត​តែ​​​អ្នក​មិន​ត្រូវ​ការ​ជំនាញ​ទាំងអស់​ មេរៀន​ដែល​អ្នក​រៀន​នៅ​មហាវិទ្យាល័យ​មួយ​ចំនួន​ដែល​ត្រូវ​នឹង​អាជីវកម្ម​របស់​អ្នក​ អាច​បង្រៀន​អ្នក​ពី​ការ​ធ្វើ​ជំនួញ​បាន​ដូចជា ​របៀប​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង ភាព​ជា​ម្ចាស់​អាជីវកម្ម គំរូ​អាជីវកម្ម  គណនេយ្យភាព ការ​គ្រប់គ្រង​ពេលវេលា របៀប​ចាត់ចែង​ការងារ​តាម អាទិភាព និង​ការ​វិភាគ​ទិន្នន័យ​អាជីវកម្ម​ជាដើម។ ទន្ទឹម​នឹង​នេះ​បើ​ទោះបីជា​​អ្នក​ជោគជ័យ​ក្នុង​ជំនួញ​ដោយ​មិន​បាច់​ឈាន​ជើង​រៀន​នៅ​មហាវិទ្យាល័យ​ក៏ដោយ អ្នក​ទំនង​ជា​ត្រូវការ​​រៀន​បន្ត​នូវ​ការ​អប់រំ​ណាមួយ​ក្រៅ​ផ្លូវការ (Informal)​​ ដើម្បី​ធ្វើ​ជា​សហគ្រិន។ 

២.តើ​អ្នក​មាន​បេះដូង​ជា​សហគ្រិន ឬ​ជំនាញ​ផ្សេងៗ​​ដែល​ចាំបាច់​ដើម្បី​ភាព​ជោគជ័យ​ដែរ​ឬទេ?
មុន​ពេល​អ្នក​ឈាន​ជើង​ប្រឡូក​ក្នុង​អាជីវកម្ម អ្នក​ត្រូវ​តែ​ច្បាស់​ខ្លួនឯង​ថា វា​ជា​​ការងារ​ដែល​អ្នក​ចង់​ធ្វើ និង​ស្រលាញ់​បំផុត។ ការ​​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង វា​ខុស​ពី​ធ្វើ​ការ​ឲ្យ​គេ ត្បិតអី​មាន​​ហានិភ័យ​ខ្ពស់ ការ​បរាជ័យ​មាន​ច្រើន មាន​ភាព​អត់ធ្មត់​ខ្លាំង តស៊ូ​ក្រាញននៀល​ ត្រូវ​ការ​គ្រប់គ្រង​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព មាន​ទំនួល​ខុសត្រូវ​ច្រើន​ជាង​មុន​ និង​មាន​សម្ពាធ​កាន់តែ​ច្រើន​ជា​ពិសេស​នៅ​ពេល​ជំនួញ​ដំណើរ​ការ​មិន​បាន​ល្អ​ដូច​ការ​គ្រោងទុក។ ប្រសិន​បើ​អ្នក​មាន​មហិច្ឆតា និង​ពុះកញ្ជ្រោល​ចង់​ធ្វើ​ខ្លាំង សូម​កុំ​មាន​ការ​សង្ស័យ​ចំពោះ​ខ្លួនឯង។ ប៉ុន្តែ​បើ​អ្នក​មិន​មាន​អារម្មណ៍​ល្អ​ពី​វា​ ១០០%​ ទេ សូម​កុំ​ប្រញាប់​​ធ្វើ​ជំនួញ​ពេក​អី។ 

៣.តើ​ចំណង់​របស់​អ្នក​មាន​លើស​ពី​ភាព​អត់ធ្មត់​របស់​អ្នក​ដែរ​ឬទេ?
ពេល​ខ្លះ​គំនិត​​ធ្វើ​ជំនួញ​ដ៏​ល្អ​មួយ​ វា​មិន​អាច​រង់ចាំ​ត​ទៅ​ទៀត​ទេ​ដើម្បី​ធ្វើ​វា ហេតុដូច្នេះ​ហើយ​ការ​ចំណាយ​ពេល​រហូត​ដល់​ទៅ ៤​ឆ្នាំ​នៅ​មហាវិទ្យាល័យ វា​អាច​ធ្វើ​ឲ្យ អ្នក​បាត់បង់​ឱកាស​ល្អ​បាន។ នៅ​ក្នុង​ស្ថានភាព​នេះ ប្រសិន​បើ​អ្នក​ជឿជាក់​ថា គំនិត​អាជីវកម្ម​របស់​អ្នក​មិន​អាច​រង់ចាំ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​បាន ការ​បោះបង់​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ អាច​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែរ។  មាន​សហគ្រិន​ច្រើន​ណាស់​ដែល​ដាក់​​មហិច្ឆតា​ធ្វើ​ជំនួញ​​នៅ​ពេល​កំពុង​រៀន​នៅ​មហាវិទ្យាល័យ។ ប៉ុន្តែ​រឿង​ដ៏​សំខាន់​ត្រង់​ថា ​តើ​ចំណុច​ណា​មួយ​ដែល​ជំនួញ​របស់​អ្នក​ត្រូវការ​យកចិត្ត​ទុកដាក់​ពី​អ្នក​ខ្លាំង​បំផុត​ដើម្បី​ធ្វើ​វា?

៤.តើ​អ្នក​មាន​បទពិសោធន៍​ក្នុង​មុខ​ជំនួញ​ដែល​អ្នក​ចង់​បង្កើត​ឡើង​ដែរ​ឬទេ? 
ដើម្បី​ធានា​ថា អ្នក​បាន​ដើរ​លើ​ផ្លូវ​ត្រូវ​ក្នុង​ការ​ចាប់​ផ្តើម​ធ្វើ​ជំនួញ​ណា​មួយ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​មាន​បទពិសោធន៍​រួច​ហើយ​ពី​មុខ​ជំនួញ​នោះ។ ប្រសិន​បើ​អ្នក​មិន​ប្រាកដ​​ក្នុង​ចិត្ត​ដើម្បី​ចាប់​ផ្តើម​ជំនួញ​មួយ​ដោយ​មិន​បាន​រៀន​បន្ត​នៅ​មហាវិទ្យាល័យ សូម​​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ណាមួយ​​ដែល​​​ទទួល​បាន​ពិសោធន៍​​សម្រាប់ខ្លួ​នឯងដើម្បី​​ធ្វើ​ជំនួញ​នៅ​ពេល​អនាគត។ វា​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​កំណត់​ថា ​អ្នក​មាន​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​ហើយ​ឬ​នៅ​ ដើម្បី​ដាក់ចិត្ត​ដាក់​កាយ​ចាប់​ផ្តើម​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង និង​ជួយ​ឲ្យ​អ្នក​ដឹង​ថា តើ​អ្នក​គួរ​រៀន​បន្ថែម​អ្វី​​ខ្លះ​ទៀត​ដើម្បី​​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​​​មាន​សមត្ថភាព​ខ្លាំង​ឡើង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់?

បទពិសោធន៍​ការងារ​​របស់​អ្នក​អាច​បង្រៀន​អ្នក​ឲ្យ​ស្វែងយល់​ពី​របៀប​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​បាន​ឆាប់រហ័ស ខណៈ​ដែល​​និស្សិត​មហាវិទ្យាល័យ​ភាគច្រើន​ចងចាំ​តែ​ទ្រឹស្ដី និង​បច្ចេកទេស​ជា​សំខាន់។ នៅ​ពេល​អ្នក​ធ្វើ​ជំនួញ​ដោយ​ផ្ទាល់ អ្នក​នឹង​ដឹង​​ពី​អ្វី ដែល​ត្រូវ​ធ្វើ និង​មិន​គួរ​ធ្វើ។ ទោះបី​ជា​នៅ​មហាវិទ្យាល័យ​ អ្នក​ទទួល​បាន​មេរៀន​​អាជីវកម្ម​មួយ​ចំនួន​​ក៏​ពិតមែន ក៏ប៉ុន្តែ​អ្នក​មិន​អាច​រៀន​សូត្រ​ពី​របៀប​ធ្វើ​ជំនួញ​បាន​ទេ​ដរាបណា​អ្នក​មិន​ទាន់​ចេញ​ធ្វើ​ជា​អ្នក​​រកស៊ី​នៅ​ឡើយ។

៥.តើ​អ្នក​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ហើយ​ឬ​នៅ?  
គេ​និយាយ​ថា ការ​រៀន​សូត្រ​គឺ​ជា​ការ​វិនិយោគ​មួយ ហើយ​ការ​ធ្វើ​ជំនួញ​ក៏​ដូចគ្នា​ដែរ។ អ្នក​ត្រូវ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ពី​​ចំណេះដឹង​​ហិរញ្ញវត្ថុ ដើមទុន ការ​គ្រប់គ្រង​ចំណូល​ចំណាយ បង្កើត​គម្រោង​ហិរញ្ញវត្ថុ និង​រៀបចំ​គម្រោង​ពេលវេលា​ចាត់ចែង​ការងារ​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​​ផង​ដែរ​មុន​នឹង​​បូជា​ជីវិត​របស់​អ្នក​ទៅ​នឹង​គម្រោង​រកស៊ី​របស់​អ្នក។

ពេល​ខ្លះ​និស្សិត​ជា​ច្រើន ត្រូវ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ និង​ធ្វើ​ការ​​នៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ​​ឲ្យ​ត្រូវ​នឹង​មុខ​ជំនួញ​​របស់​ខ្លួន​ជា​ច្រើន​ឆ្នាំ​ដើម្បី​យក​លុយ​មក​ជួយ​ផ្គត់ផ្គង់​ជំនួញ​របស់​ពួកគេ។ ប្រសិន​បើ​អ្នក​យល់​ថា អ្នក​មិន​អាច​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ជម្រើស​នេះ​បាន ដូចនេះ ការ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ គឺ​ជា​រឿង​ល្អ​សម្រាប់​អ្នក។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​យល់​ថា ​អ្នក​ជឿជាក់​ខ្លួនឯង ហើយ​អាច​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង​បាន នោះ​ការ​​ដក​ខ្លួន​ពី​មហាវិទ្យាល័យ​ទៅ​បើក​ជំនួញ​ ក៏​វា​មិន​ខុស​អី​សម្រាប់​អ្នក​ដែរ។ 

៦.តើ​អ្នក​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ដែរ​ឬទេ? 
ថ្វីត្បិត​តែ​អ្នក​ចាប់​ផ្តើម​ជំនួញ​ដោយ​ខ្លួនឯង​ ក៏ប៉ុន្តែ​ការ​ធ្វើ​ជា​សហគ្រិន មិនមែន​ជា​​ដង​វិថី​ដែល​មាន​តែ​អ្នក​ម្នាក់ឯង​ប៉ុណ្ណោះ​ទេ។ អ្នក​ត្រូវការ​​មនុស្ស​ជា​ទី​ស្រលាញ់​ ក្រុម​គ្រួសារ មិត្ត​ភក្តិ ដៃគូ​អាជីវកម្ម សហគ្រិន​ដូចគ្នា និង​បុគ្គល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ជួយ​គាំទ្រ​អ្នក។ ប៉ុន្តែ​រឿង​មួយ​ដែល​អ្នក​ត្រូវ​ចាំ មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក គឺ​ដៃគូ​ជីវិត គ្រួសារ និង​មិត្ត​ភក្តិ​គឺ​ពិត​ជា​សំខាន់​ជាងគេ។ នៅ​ពេល​អ្នក​មាន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​រឹងមាំ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក អ្នក​នឹង​ពង្រីក​ខ្លួន​ទៅ​កាន់​មនុស្ស​ផ្សេង​ទៀត​​​ដែល​រកស៊ី​ក្នុង​វិស័យ​ជាមួយ​អ្នក​ដូច​ជា ដៃគូ​អាជីវកម្ម អ្នក​រកស៊ី​ បុគ្គល​ជោគជ័យ និង​គ្រូ​បណ្តុះ​បណ្តាល​ជាដើម ត្បិតអី​បុគ្គល​ទាំង​នេះ​អាច​ជួយ​តម្រែតម្រង់​ទិស​អ្នក​ឲ្យ​ជោគជ័យ​ដូចពួកគេ​បាន។ ​

៧.តើ​អ្នក​មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ចាប់​ផ្តើម​ជំនួញ​ដោយ​មិន​បាច់​រៀន​នៅ​មហាវិទ្យាល័យ​ដែរ​ឬទេ? 
នេះ​ប្រហែល​ជា​សំនួរ​ដ៏​សំខាន់​បំផុត​មួយ​​ដែល​អ្នក​ត្រូវ​សួរ។ តើ​អ្នក​មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​​ធ្វើ​ជំនួញ​ដោយ​បោះបង់ ឬ​បន្ត​រៀន​នៅ​មហាវិទ្យាល័យ​ដែរ​ឬទេ? អ្នក​គ្រប់គ្នា​​គួរ​គិត​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​គុណ​តម្លៃ​​នៃ​ការ​វិនិយោគ​ពេលវេលា និង​លុយកាក់​របស់​អ្នក​​​អស់​រយៈពេល​ ៤​ឆ្នាំ​នៅ​មហាវិទ្យាល័យ។ អ្នក​អាច​ចោទ​សួរ​ខ្លួនឯង​បាន​ថា តើ​មាន​កន្លែង​ណា​ផ្សេង​ក្រៅ​ពី​នេះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​រៀន​បាន​លឿន​ជាង​នេះ អាច​ជួប​មនុស្ស​ថ្មីៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ធ្វើ​គម្រោង​ការងារ​ដែល​អ្នក​ចង់​ធ្វើ​ដែរ​ឬទេ? តើ​អ្នក​ចង់​បោះបង់​មហាវិទ្យាល័យ​ចោល​ដើម្បី​បង្កើត​អ្វី​មួយ​ដែល​អ្នក​យល់​ថា ការ​ចំណាយ​ពេល​រៀន​នៅ​មហាវិទ្យាល័យ​ជា​ឧបសគ្គ​​សម្រាប់​អ្នក​ដែរ​ឬ​អត់? ឬ​​មួយ​អ្នក​យល់​ថា ចង់​បោះបង់​មហាវិទ្យាល័យ​ចោល​ដោយសារតែ​អ្នក​​​បាន​​ឃើញ Bill Gates និង Mark Zuckerberg ​ធ្វើ​អញ្ចឹង?

នេះ​ជា​សំនួរ​សំខាន់​ដែល​អ្នក​ត្រូវ​ឆ្លើយ​​ជា​មួយ​ហេតុផល​​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​អ្នក​។ ការ​បោះបង់​មហាវិទ្យាល័យ​ចោល​ទៅ​ធ្វើ​ជំនួញ​ដោយ​គ្មាន​ហេតុផល​ពិតប្រាកដ​​វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ដែល​មិន​ខុស​​អី​​ពី​​ចំណាយ​ពេល​អង្គុយ​រៀន​នៅ​សាលា​ ហើយ​​មិន​បាន​ចេះ​អ្វី​ទាល់តែសោះ៕

អត្ថបទទាក់ទង៖ 
មេរៀន​ ៩​យ៉ាង​ដែល​និស្សិត​មហាវិទ្យាល័យ​ត្រូវ​ដឹង​
៦ ដំណាក់កាលនៃដំណើរការអាជីវកម្ម Startup តើម្ចាស់អាជីវកម្មគួរធ្វើអ្វីខ្លះក្នុងដំណាក់កាលនីមួយៗ?​

ដោយ​៖ ខេវិន
ប្រភព៖ businessnewsdaily

 

X
5s