កំហុស ១៥ ចំណុចដែលអ្នកត្រូវជៀសវាងនៅពេលបង្កើត Startup
វាជារឿងធម្មតាទៅហើយដែលសហគ្រិនថ្មីថ្មោងភាគច្រើនបានបង្កើតកំហុសរាប់មិនអស់នៅពេលបង្កើត Startup ដំបូងៗដែលជាមូលហេតុធ្វើឲ្យពួកគេបរាជ័យទៅវិញ។ នេះក៏ដោយសារតែពួកគេបានសិក្សាស្វែងយល់ មើលស្រាលស្ថានភាព និងបានត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់មុននឹងឈានជើងចូលក្នុងសមរភូមិអាជីវកម្មរបស់ពួកគេ។ ប្រសិនបើអ្នក ស្ថិតនៅក្នុងចំណោមអ្នកទាំងនោះ តើអ្នកអាចផ្តល់ចម្លើយបានទេថា តើបណ្តាលមកពីអ្វីបានជាធ្វើឲ្យជំនួញរបស់អ្នកបរាជ័យ?
អត្ថបទនេះព្យាយាមបង្ហាញចំណុចកំហុសត្រួសៗរបស់ម្ចាស់ Startup ភាគច្រើនបានបង្កើតឡើងដែលក្នុងនោះមានដូចជា៖
១.ខ្លាចការបរាជ័យ
ការភ័យខ្លាចទៅនឹងបរាជ័យ គឺជាកំហុសដ៏ធំមួយរបស់អ្នកនៅពេលចាប់ផ្តើមរកស៊ី (Startup)។ ភាពបរាជ័យគឺជាកូនសោសម្រាប់ភាពជោគជ័យ ត្បិតអីវាផ្តល់បទពិសោធន៍ដ៏ មានតម្លៃសម្រាប់អ្នក។ ហ៊ានប្រឈមមុខនឹងវា ហើយមើលវាក្នុងន័យវិជ្ជមាន។ រៀនក្រោកឈរ ហើយរៀនសូត្រពីវាក្រោយបរាជ័យ។
២.គ្មានផែនការអាជីវកម្មត្រឹមត្រូវ
អាជីវកម្មច្រើនណាស់ដែលបង្កើតឡើងដោយគ្មានផែនការអាជីវកម្មច្បាស់លាស់។ វាប្រៀបដូចជាប្រទីបមួយសម្រាប់បង្ហាញផ្លូវថា អ្នកត្រូវធ្វើអ្វីខ្លះ? ចាប់ផ្ដើមពីកន្លែងណាទៅកន្លែងណា? ដោយរបៀបណា? អ្នកនឹងក្លាយជាអ្វីនៅរយៈពេល ៥ឆ្នាំខាងមុខ? ទោះបីជាផែនការអាជីវកម្មរបស់អ្នកមានត្រឹមតែមួយទំព័រក៏ដោយ យកល្អអ្នកត្រូវតែមានវា។
៣.មិនបានរៀបចំចាត់ចែងការងារតាមលំដាប់លំដោយ
ការចាត់ចែងការងារឲ្យបានត្រឹមត្រូវគឺជាកូនសោដ៏សំខាន់ក្នុងនាមជាអ្នករកស៊ី។ ធ្វើជំនួញ អ្នកមិនសូវមានពេលទំនេរទេ។ ការងារជាច្រើននឹងធ្លាក់មក ហើយអ្នកមានគម្រោងជាច្រើនដែលត្រូវធ្វើក្នុងពេលតែមួយ។ អ្វីដែលសំខាន់ គឺស្ថិតនៅលើសមត្ថភាពរបស់អ្នកថា តើអ្នកអាចចាត់ចែងក្ដោបក្ដាប់ធ្វើការការងារទាំងនោះតាមលំដាប់លំដោយ ឬអាទិភាពរបស់វាឬអត់? តើអ្នកមានកាលវិភាគធ្វើវាដែរឬទេ?
៤.យល់មិនច្បាស់ពីទីផ្សារ និងគោលដៅអតិថិជនរបស់អ្នក
កំហុសដ៏ធំមួយក្នុងចំណោមកំហុសផ្សេងៗទៀតរបស់ម្ចាស់ Startup គឺការមិនបានយកចិត្តទុកដាក់ចំណាយពេលស្វែងយល់ពីទីផ្សារ និងអតិថិជនគោលដៅរបស់ខ្លួន។ អ្នកត្រូវចាំថា ទោះបីជាអ្នកមានផលិតផល ឬសេវាកម្មល្អក៏ដោយ បើអ្នកមិនដឹងតម្រូវការទីផ្សារប៉ុណ្ណា ហើយអតិថិជនរបស់អ្នកជានរណាទេ ជំនួញរបស់អ្នកនៅតែមិនអាចងើបទៅមុខរួចបានឡើយ។
៥.មិនបង្កើត Startup ឲ្យស្របទៅនឹងច្បាប់
បញ្ហាផ្លូវច្បាប់ជាចំណុចសំខាន់ដែល Startup ទាំងអស់មិនត្រូវមើលរំលង។ បើអ្នកស្រលាញ់ និងចង់ឲ្យជំនួញរបស់អ្នកមានអនាគតវែងឆ្ងាយនៅពេលអនាគត អ្នកត្រូវតែគិតគូរចុះបញ្ជីក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។ ក្រៅពីនេះត្រូវរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឲ្យបានត្រឹមត្រូវ និងធ្វើឲ្យវាមានលក្ខណៈស្តង់ដារដើម្បីអន្ទងចិត្តទាញយកទំនុកចិត្តពីសាធារណជន និងដៃគូជំនួញ។
៦.ព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាងដោយខ្លួនឯងនៅពេលធ្វើជំនួញ
នេះជាកំហុសដ៏ធំមួយ ហើយវាមិនអាចធ្វើឲ្យ Startup របស់អ្នកមានដង្ហើមជីវិតយូរអង្វែងឡើយ។ កុំព្យាយាមធ្វើជំនួញតែម្នាក់ឯងដោយមិនបានគៀងគរអ្នកផ្សេងៗទៀតដែលឆ្លាត និងមានជំនាញផ្សេងៗមកធ្វើការជាមួយអ្នក។ អ្នកគួរចាប់ដៃគ្នាជាមួយដៃគូជំនួញ ជួលបុគ្គលិក និងអ្នកប្រឹក្សាផ្សេងៗអមដំណើរជាមួយអ្នកដើម្បីរកមើលឱកាស សក្ដានុពល និងចំណុចប្រហោងនៅក្នុងជំនួញរបស់អ្នក។
៧.ចាប់ដៃរកស៊ីជាមួយដៃគូជំនួញខុស
ចំណុចមួយទៀតដែលម្ចាស់ Startup ត្រូវដឹងមុនពេលចាប់ផ្តើមជំនួញគឺថា ដៃគូជំនួញមិនមែនត្រឹមតែជាអ្នកផ្តល់ទុនឲ្យ អ្នករកស៊ីប៉ុណ្ណោះទេ។ អ្នកអាចធ្វើដំណើរយ៉ាងល្អូកល្អិនជាមួយគ្នានៅពេលដំបូង ក៏ប៉ុន្តែអ្នកអាចក្លាជាសត្រូវនៅពេលទំនាស់ផលប្រយោជន៍កើតមានឡើង។ សូមចាំថា ជ្រើសដៃគូជំនួញប្រៀបដូចជាអ្នកជ្រើសរើសដៃគូជីវិត បើអ្នកជ្រើសរើសបានត្រឹមត្រូវ ជីវិតអាជីវកម្មរបស់អ្នកនឹងរីកចម្រើន។
៨.មើលរំលងកិច្ចសន្យា
កិច្ចសន្យា គឺជារឿងចាំបាច់សម្រាប់គ្រប់ទិដ្ឋភាពទាំងអស់នៃអាជីវកម្មរបស់អ្នក។ ក្នុងសកម្មភាពអាជីវកម្មប្រចាំថ្ងៃ ទោះបីជាអ្នកទុកចិត្ត ឬស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ កិច្ចសន្យានឹងជួយធានាថា ជំនួញរបស់អ្នកនឹងប្រព្រឹត្តទៅតាមផ្លូវច្បាប់ មានស្តង់ដារ ផ្ដល់ទំនុកចិត្តខ្ពស់ដល់ភាគីពាក់ព័ន្ធ និងជំរុញផលិតភាពក្នុងការងារ។
៩.ប្រញាប់ប្រញាល់ជួលបុគ្គលិកលឿនពេក
ការប្រញាប់ប្រញាល់ជួលបុគ្គលិកលឿនពេកក៏ជាកំហុសមួយផងដែររបស់សហគ្រិនថ្មីថ្មោង។ ទោះបីជាអ្នកមានទំនុកចិត្តខ្ពស់លើជំនួញរបស់អ្នកយ៉ាងណាក៏ដោយ បើសិនជាអាចអ្នកគួរជួលបុគ្គលិកធ្វើការក្រៅម៉ោងសិន ឬ Freelancer ក៏បាន។ វាមិនយឺតពេលទេរក្នុងការជួលបុគ្គលិក ពេញម៉ោងមកធ្វើការ ប្រសិនបើជំនួញរបស់អ្នកដើរទៅ មុខយ៉ាងរលូនមែននោះ។
១០.មើលរំលងលើតម្រូវការដើមទុន
សហគ្រិនជាច្រើនគិតថា ជំនួញរបស់ពួកគេអាចមុជទៅមុខបានឆ្ងាយដោយមិនចាំបាច់ប្រើដើមទុនច្រើន។ ក៏ប៉ុន្តែនៅក្នុងទិដ្ឋភាពជាក់ស្ដែងពួកគេមិនបានមើលឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយថា នៅមានឧបសគ្គ បញ្ហា និងហេតុការណ៍ដែលឥតគ្រោងទុកជាច្រើនទៀតនឹងកើតមានឡើង។ នេះហើយជាមូលហេតុដែលអ្នកត្រូវធ្វើផែនការលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់អ្នកថា តើអ្នកនឹងចំណាយលើអ្វីខ្លះ? តើជំនួញរបស់អ្នកអាចរស់បានប៉ុន្មានខែដោយគ្មានចំណូលជាដើម?
១១.ចំណាយលុយខ្ជះខ្ជាយ
ការចំណាយលុយដោយខ្ជះខ្ជាយ ឬមិនចំទិសដៅ មិនយូរមិនឆាប់នឹងធ្វើឲ្យកិច្ចការជំនួញរបស់អ្នកដួលរលំ។ នៅពេលអ្នកចាប់ផ្តើមចំណាយ អ្នកគួរគិតថា តើអ្នកគួរចំណាយអ្វីខ្លះដែលចាំបាច់? ជួលបុគ្គលិកបែបណាឲ្យត្រូវកន្លែង? តើចំណាយបែបណាដែលធ្វើឲ្យអ្នកទទួលបានផលចំណេញមកវិញ? ទាំងអស់នេះសុទ្ធតែជារឿងចាំបាច់ដែលអ្នកត្រូវគិតនៅពេលចាប់ផ្តើមដកលុយចេញពីហោប៉ៅរបស់អ្នក។
១២.បន្ទាប់តម្លៃផលិតផល ឬសេវាកម្មរបស់អ្នក
រឿងមួយដែលអ្នកត្រូវចាំនៅពេលចាប់ផ្តើម Startup គឺគប្បីកុំលក់ផលិតផល ឬសេវាកម្មក្នុងតម្លៃខ្ពស់ពេក ឬថោកពេកដើម្បីគ្រាន់តែចង់បានចំណែកទីផ្សារនោះ។ ប្រសិនបើប្រេន (Brand) របស់អ្នកខ្លាំង មនុស្សមិនខ្វល់ពីតម្លៃរបស់អ្នកទេ។ អ្វីដែលសំខាន់លក់ផលិតផល ឬសេវាកម្មរបស់អ្នកក្នុងតម្លៃមួយសមរម្យស្របតាមទីផ្សារ និងមានគុណភាពគឺជារឿងសំខាន់ដែល អ្នកត្រូវយកចិត្តទុកដាក់។
១៣.ប្រញាប់ប្រញាល់បើក Startup លឿនពេក
អ្នកនឹងបង្កើតកំហុសឡើងប្រសិនបើអ្នកមិនបានត្រៀមខ្លួនឲ្យបានរួចរាល់មុនចាប់ផ្តើម Startup របស់អ្នក។ ការត្រៀមខ្លួនឲ្យបានត្រឹមត្រូវ វាល្អប្រសើរជាងគំនិតល្អឥតខ្ចោះមួយ។ ក្រៅពីមានផែនការអាជីវកម្មច្បាស់លាស់មួយ អ្នកមានបានរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុនហើយឬនៅ? អ្នកមានផលិតផល ឬសេវាកម្មអ្វីខ្លះ? តើអ្នកចែកចាយវាដោយរបៀបណា? ទំនាក់ទំនងអតិថិជនរបៀបម៉េច? ទាំងអស់នេះសុទ្ធតែជាអ្វីដែលអ្នកត្រូវមានរួចជាស្រេចមុនពេលចាប់ផ្តើមបើករកស៊ី។
១៤.ឆាប់ពង្រីកជំនួញរបស់អ្នកលឿនពេក
នៅពេលអ្នកឃើញលទ្ធផលជោគជ័យបណ្តើរៗ វាទំនងជាធ្វើឲ្យអារម្មណ៍របស់អ្នករំភើប ហើយបន្តសម្រេចក្តីស្រមៃពង្រីកវាឲ្យកាន់តែធំឡើង។ យ៉ាងណាក៏ដោយ ការធ្វើជំនួញ សូមកុំតក់ក្រហល់ពេកអី! ធ្វើវាសន្សឹមៗ ពីតូចទៅធំ។ ពេលវេលានឹងបង្រៀនអ្នកថា តើពេលណាអ្នកត្រូវតែហ៊ានហក់លោត? ពេលណាអ្នកត្រូវតែមានភាពអត់ធ្មត់? ប្រសិនបើជំនួញរបស់អ្នកមានស្ថិរភាពល្អ ការពង្រីក ជំនួញឲ្យកាន់តែធំវាមិនយឺតពេលទេរសម្រាប់អ្នក។
១៥.ជួលបុគ្គលិកខុសមកធ្វើការ
ការជ្រើសរើសបុគ្គលិក គឺជារឿងសំខាន់មួយទៀតដែលអ្នកត្រូវយកចិត្តទុកដាក់។ នៅពេលអ្នកយល់ថា ជំនួញរបស់អ្នកដល់ស្ថានភាពមួយដែលត្រូវពង្រីកបន្ថែមទៀត អ្នកគួរជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពមកធ្វើការឲ្យអ្នក។ នេះជាចំណុចប្រុងប្រយ័ត្នពីព្រោះថា បើអ្នកជ្រើសរើសពួកគេមិនបានត្រឹមត្រូវ ជំនួញរបស់អ្នកនឹងមិនអាចដើរទៅមុខបានឡើយ ហើយថែមទាំងខាតបង់ប្រាក់កាសរបស់អ្នកទៀតផង៕
ចុះប្រិយមិត្តវិញ មានរកឃើញកំហុសផ្សេងក្រៅពីនេះដែរឬអត់?
ដោយ៖ ខេវិន
ប្រភព៖ businessnewsdaily