ហេតុអ្វីបានជាបណ្ដាប្រទេសអាស៊ានមួយចំនួនបង្វែរទិសដៅទៅចែចូវទិញអាវុធរុស្ស៊ី?
រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធធំជាងគេបំផុតមួយនៅតំបន់ អាស៊ីអាគ្នេយ៍។ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហម (Stockholm International Peace Research Institut) បានឲ្យដឹងថា ទំហំទឹកប្រាក់ដែលទីក្រុងមូស្គូទទួលបានពីការលក់គ្រឿងសព្វាវុធរបស់ខ្លួនទៅកាន់តំបន់នេះគឺមានចំនួន ៦,៦ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧ ឬស្មើនឹង ១២% នៃការនាំចេញសព្វាវុធសរុបរបស់រុស្ស៊ីទាំងមូល។
វៀតណាមត្រូវបានគេមើលឃើញថា គឺជាដៃគូនាំចូលគ្រឿងសព្វាវុធធំជាងគេពីរុស្ស៊ីដែលមានចំនួនស្មើនឹង ៧៨% នៃការនាំចូលសព្វាវុធសរុបនៅក្នុងរយៈពេលដូចគ្នានេះក្នុងនោះមានដូចជា នាវាមុជទឹកចំនួន ៦គ្រឿង នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ ចំណែកឥណ្ឌូណេស៊ីឈរនៅចំណាត់ថ្នាក់ទីពីរ មានចំណែកស្មើនឹង ១០% នៃការនាំចូលគ្រឿងសព្វាវុធសរុបរបស់រុស្ស៊ី។
យ៉ាងណាមិញបើគេក្រឡេកទៅមើលការនាំចូលគ្រឿងសព្វាវុធសម្រាប់បម្រើឲ្យវិស័យការពារជាតិរបស់បណ្តាប្រទេសអាស៊ានមកពីអាមេរិកវិញគឺមានទំហំត្រឹមតែ ៤,៥ ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧ ឬស្មើនឹង ៦% នៃការនាំចេញគ្រឿងសព្វាវុធសរុបរបស់ទីក្រុងវ៉ាស៊ីនតោន។ បើនិយាយពីទូទាំងតំបន់អាស៊ីទាំងមូល ការនាំចេញគ្រឿងសព្វាវុធ ៤០% នៃការនាំចេញគ្រឿងសព្វាវុធទាំងអស់របស់ពិភពលោកគឺបាននាំចូលមកក្នុងតំបន់នេះនៅចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨។
ប្រព័ន្ធខែលមីស៊ីលទំនើបរបស់រុស្ស៊ី S-400 ប្រភពរូបភាព៖ scmp
មូលហេតុចម្បងសំខាន់មួយដែលធ្វើឲ្យបណ្ដាប្រទេសអាស៊ានខ្លះចាប់ផ្តើមបោះដៃទៅរករុស្ស៊ីសម្រាប់ធ្វើជាដៃគូផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់ខ្លួនគឺដោយសារតែពួកគេចង់បង្កើនសមត្ថភាពវិស័យការពារជាតិស្របពេលដែលចិនកំពុងមានឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ជាពិសេសជុំវិញបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង។ ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីនដែលកំពុងជាប់ពាក់ព័ន្ធនឹងជម្លោះនេះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ត្រូវបានគេមើលឃើញថា បានសកម្មជាងគេក្នុងការនាំចូលគ្រឿងសព្វាវុធថ្មីៗ។ នេះបើយោងតាមការលើកឡើងរបស់អតីតមន្ត្រីការទូតអាមេរិកលោក William Courtney។
នៅចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧ ការនាំចូលគ្រឿងសព្វាវុធសរុបរុស្ស៊ីដែលធ្វើឡើងនៅជុំវិញពិភពលោកគឺមានទំហំ ៥៤,៦ ពាន់លានដុល្លារ។ អ្វីដែលជាចំណុចទាក់ទាញនៃគ្រឿងសព្វាវុធ របស់មហាអំណាចពិភពលោកមួយនេះគឺថា វាមានតម្លៃថោក ប៉ុន្តែគុណភាព និងសមត្ថភាពខ្លាំងមិនចាញ់គ្រឿងសព្វាវុធអាមេរិកឡើយ ហើយធន់ប្រើប្រាស់បានយូរទៀតផង។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរុស្ស៊ីមិនប្រើអំណាច ឬឥទ្ធិពលរបស់ខ្លួនដើម្បីកេងយកផលប្រយោជន៍ដាក់សម្ពាធមនោគមន៍វិជ្ជា ឬឥទ្ធិពលនយោបាយទៅលើប្រទេសនាំចូលដូចជាអាមេរិក និងចិនឡើយ។
បើយោងតាមការលើកឡើងរបស់លោក Siemon Wezeman អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថាន Sipri ខាងលើបានឲ្យដឹងថា បណ្ដាប្រទេសអាស៊ានចាប់ផ្តើមសម្រុកនាំចូលគ្រឿងសព្វាវុធរៀងៗខ្លួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា ការលូតលាស់យ៉ាងឆាប់រហ័សនៃសក្ដានុពលសេដ្ឋកិច្ចនៅក្នុងតំបន់អស់រយៈពេលប៉ុន្មានទសវត្សចុងក្រោយគឺជាមូលហេតុសំខាន់មួយទៀតផងដែរដែលធ្វើឲ្យប្រទេសអាស៊ានទាំងនេះចាប់ផ្តើមមានលទ្ធភាពនាំចូលគ្រឿងសព្វាវុធថ្មីៗពីមហាអំណាចនានា។
នាវាមុជទឹករុស្ស៊ី ប្រភពរូបភាព៖ sputniknews
លោក Siemon Wezeman បញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហើយសូម្បីតែសម្ព័ន្ធមិត្តដ៏ស្អិតល្មួតរបស់អាមេរិកគឺថៃ និងនិងហ្វីលីពីនក៏បានសម្លឹងមើលសព្វាវុធរបស់រុស្ស៊ីផងដែរ។ ខុសពីអាមេរិក រុស្ស៊ីលក់គ្រឿងសព្វាវុធ និងសម្ភារៈយោធាក្នុងតម្លៃថោក ហើយមិនបាច់ពិនិត្យពិចារណាច្រើនទៅលើគោលបំណង ឬរបាយការណ៍សិទ្ធិមនុស្សរបស់ប្រទេសនាំចូលគ្រឿងសព្វាវុធទាំងនោះទេ។ ទន្ទឹមនឹងនេះនីតិវិធីទូទាត់ប្រាក់មានភាពងាយស្រួល ហើយរដ្ឋាភិបាលក្រុងមូស្គូបានអនុញ្ញាតឲ្យប្រទេសទាំងនោះទិញអាវុធដោះដូរជាមួយប្រេងដូង ឬទំនិញផ្សេងៗទៀតនៅក្នុងតម្លៃមួយទាបជាងទីផ្សារ។
ក្រឡេកទៅមើលប្រទេសចិនវិញ ការនាំចូលគ្រឿងសព្វាវុធរបស់ខ្លួនទៅកាន់តំបន់នេះគឺមានទំហំត្រឹមតែ ១,៨ ពាន់លានដុល្លារប៉ុណ្ណោះនៅចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧។ មីយ៉ាន់ម៉ា គឺជាដៃគូនាំចូលគ្រឿងសព្វាវុធធំជាងគេបំផុតរបស់ចិននៅក្នុងតំបន់ដែលមានទំហំស្មើនឹង ៦៦% នៃការនាំចូលសរុប។ ម៉ាឡេស៊ីបាននាំចូលនាវាចម្បាំង ខណៈដែលថៃនាំចូលនាវាមុជទឹក នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Sipri៕
ដោយ៖ ខេវិន
ប្រភព៖ scmp