ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី ៣)​



៣- ការចូលប្រឡូកនៅក្នុងអាជីពនយោបាយជាលើកដំបូង

ឆ្នាំ១៩៥០ ក្នុងវ័យ២៥ឆ្នាំ លោកស្រីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សអភិរក្សនិយមនៅមណ្ឌលដាតហ្វឺត (Dartford) ជាទីតាំងឈរជើងដ៏រឹងមាំរបស់គណបក្សការងារ។ ដូច្នេះ បក្សដទៃមិនងាយដណ្ដើមអាសនៈនៅមណ្ឌលនេះទេ។

លោកស្រីឈរឈ្មោះនៅមណ្ឌលនេះឆ្នាំ១៩៥០ម្ដង និងឆ្នាំ១៩៥១ម្ដងទៀត។ លទ្ធផលចាញ់ទាំង២ដង។ តាមពិត លោកស្រីថេតឆឺអាចយល់ច្បាស់តាំងពីដំបូងដៃ មកម៉្លេះថា លោកស្រីប្រហែលជាគ្មានក្រឡាឈ្នះអាសនៈនៅមណ្ឌលនេះទេ។ ប៉ុន្តែលោកស្រីនៅតែជម្នះចិត្ត ដោយប្រកាន់គោលការណ៍ថា «មិនត្រូវទម្លាក់អាវុធចុះចាញ់មុនពេលប្រកួតជាដាច់ខាត»។

លោកស្រីថេតឆឺនៅក្នុងថ្ងៃរៀបការ 

អ្វីដែលគេកត់សម្គាល់នៅក្នុងគ្រានោះនៅត្រង់ថា «ថ្វីដ្បិតមិនបានឈ្នះអាសនៈក្ដី ក៏លោកស្រីមានប្រជាប្រិយភាពគ្រាន់បើជាងបេក្ខជនរបស់បក្សអភិរក្សនិយមជំនាន់មុនៗ ដែលធ្លាប់ឈរឈ្មោះនៅមណ្ឌលនេះ»។ មិនតែប៉ុណ្ណោះ សកម្មភាពមោះមុតរបស់លោកស្រីនៅក្នុងការចុះឃោសនារកសំឡេងឆ្នោតបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង និងត្រូវសារព័ត៌មានចុះផ្សាយព្រោងព្រាត។ សូម្បីតែមនុស្សនៅក្នុងជួរបក្សជាមួយគ្នាក៏មិនហ៊ានមើលស្រាលលោកស្រីថេតឆឺដែរ។ ពួកគេពិតជាមិនអាចបដិសេធបានទេនូវសមត្ថភាព កិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់លោកស្រីនៅក្នុងគ្រានោះ (ជាពិសេស សមត្ថភាពនៅក្នុងការនិយាយបញ្ចុះបញ្ចូលប្រជារាស្ត្រដែលជាម្ចាស់ឆ្នោត)។ បរាជ័យនេះជាបទពិសោធល្អណាស់សម្រាប់លោកស្រីយកទៅសិក្សារៀនសូត្រ។  

លោកស្រីថេតឆឺ និងកូនៗរបស់លោកស្រី

ក្រោយមក លោកស្រីសម្រេចចិត្តដកឃ្លាមួយគ្រាសិន ដើម្បីរៀនយកសញ្ញាបត្រច្បាប់។ ២ខែក្រោយការទទួលបរាជ័យលើកទី២នៅឆ្នាំ១៩៥១នោះ លោកស្រីថេតឆឺរៀបការជាមួយលោកដេនីសថេតឆឺ ជាអ្នកជំនួញខាងវិស័យឧស្សាហកម្មដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជាអ្នកដែលតែងតែគាំទ្រលោកស្រីថេតឆឺជានិច្ចនៅក្នុងអាជីពនយោបាយ។ អាពាហ៍ពិពាហ៍នេះកើតឡើងបន្ទាប់ពីអ្នកទាំង២ជួបប្រាស្រ័យទាក់ទងស្នេហាគ្នាបាន២ឆ្នាំ ដោយចាប់ផ្ដើមពន្លកស្នេហ៍ដំបូងកាលពីខែកុម្ភៈ ឆ្នាំ១៩៤៩។ ឆ្នាំ១៩៥៣ បន្ទាប់ពីរៀបការជិត២ឆ្នាំ អ្នកទាំង២បង្កើតបានកូនភ្លោះ (ស្រី១ ប្រុស១) ជាចំណងដៃអាពាហ៍ពិពាហ៍៕

 

 

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

X
5s