ទម្លាប់ ៤ប្រភេទ នេះហើយ ដែលធ្វើឲ្យអ្នកងើបមុខមិនរួចពីភាពក្រីក្រ
បញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់ បំផុតសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះហើយបានជាម្នាក់ៗខិតខំធ្វើការងារគ្រប់យ៉ាងដើម្បីទទួលបានប្រាក់ខែ និង ចំណូលខ្ពស់។ ប៉ុន្តែ អ្វីដែលគ្រប់គ្នាកំពុងជួបបញ្ហានោះ គឺ ទោះមានចំណូលច្រើនក៏ដោយ ក៏មិនដែលសល់លុយដែរ។ បញ្ហានេះ បណ្ដាលមកពីទម្លាប់មិនល្អមួយចំនួន ដែលមនុស្សគ្រប់គ្នាខ្វះការយកចិត្តទុកដាក់។
១) ចំណាយច្រើនជាងចំណូល៖ ការចំណាយគឺជារឿងសំខាន់មួយ ដែលមនុស្សគ្រប់រួប តែងខ្វះការយកចិត្តទុកដាក់ ដោយចាយច្រើនខ្ជះខ្ជាយ។ ការចាយលើសពីប្រាក់ចំណូល គឺជារឿងដ៏គ្រោះថ្នាក់បំផុត ព្រោះគ្មានថ្ងៃណាដែលលោកអ្នកអាចមានលទ្ធភាពសល់លុយកាក់សមរម្យសម្រាប់ការចំណាយ ឬ ប្រើប្រាស់ទៅលើអ្វីចាំបាច់នោះទេ។ ដូច្នេះព្យាយាមកាត់បន្ថយការចំណាយ ហើយព្យាយាមសន្សំឲ្យបានច្រើន។
២) គ្មានទម្លាប់សន្សំ៖ មនុស្សមួយចំនួន មិនសូវមានទម្លាប់សន្សំប្រាក់នោះទេ ពោលគឺមានប៉ុន្មានចាយប៉ុណ្ណឹងតែម្តង។ មនុស្សប្រភេទនេះ គ្មានថ្ងៃអាចមានជីវភាពប្រសើរឡើយ ទោះបីជាប្រាក់ខែច្រើន ឬ ចំណូលផ្សេងៗច្រើនក៏ដោយ។ ដូច្នេះហើយទោះតិចក្តីច្រើនក្តី ត្រូវតែចេះលៃលកសន្សំឲ្យបានទៀងទាត់។
៣) មិនចេះគ្រប់គ្រងការចំណាយ៖ អ្នកខ្លះមិនមែនដោយសារតែគាត់ជាមនុស្សចូលចិត្តចាយលុយខ្ជះខ្ជាយនោះទេ ប៉ុន្តែដោយសារតែមិនសូវចេះគ្រប់គ្រងការចំណាយឲ្យបានច្បាស់លាស់។ មានន័យថា ឲ្យតែមានលុយក្នុងហោប៉ៅប៉ុន្មាន គឺដកមកចេះតែអស់ ហើយមិនដឹងថា ចាយទៅលើអ្វីខ្លះនោះទេ។ ដើម្បីជៀសវាងបញ្ហានេះ លោកអ្នកគួរគិតឲ្យច្បាស់ថា អ្វីដែលត្រូវចំណាយ ហើយត្រូវកត់ត្រាឲ្យបានច្បាស់ដើម្បីប្រាកដថា អ្នកពិតជាបានចំណាយត្រូវខ្ទង់ ហើយវាក៏ជាទិន្នន័យមួយដើម្បីគិតគូរកែតម្រូវនៅពេលក្រោយ។
៤) មិនសូវខ្វល់ពីបំណុល៖ មនុស្សភាគច្រើន គឺតែងតែជំពាក់បំណុលគេ ដោយសារតម្រូវការ ពង្រីកអាជីវកម្ម ដោះស្រាយជីវភាព ការសិក្សា និង ការព្យាបាលសុខភាពជាដើម។ ក្នុងស្ថានភាពណាក៏ដោយ បំណុលគឺពិតជាបង្កហានិភ័យធ្ងន់ធ្ងរប្រសិនបើលោកអ្នកខ្វះការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ជាពិសេសនៅពេលលោកអ្នកគ្មានចំណូលច្បាស់លាស់។ លើសពីនោះទៀតពេលដែល លោកអ្នកមិនព្រមព្យាយាមរកវិធីសងបំណុលគេឲ្យបានឆាប់នោះ ជាហេតុនាំឲ្យបំណុលកើនឡើងកាន់តែច្រើនទៅៗ។ ដូច្នេះហើយ ត្រូវចាត់ទុកការសងបំណុលគេ ជាជម្រើសទីមួយ ដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរនៅពេលក្រោយ។ បើមិនដូច្នោះទេ លោកអ្នកនឹងបាត់បង់អ្វីៗគ្រប់យ៉ាង ជាពិសេសដី និង ផ្ទះក៏ត្រូវគេរឹបអូសយកដែរ៕