​ហេតុផល​៥​យ៉ាង​ ដែល​និស្សិត​គួរ​រៀន​បណ្ដើរ​​ ឆ្លៀត​ធ្វើ​ការ​បណ្ដើរ​ ទោះ​លំបាក​បន្តិច​ក្ដី​​​



​បច្ចុប្បន្ន​ទីផ្សារ​ការងារ​ គឺ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ណាស់​។ ដូច្នេះ​ដើម្បី​ទទួល​បាន​ការងារ​ល្អ​​ក្រោយ​ពេល​រៀន​ចប់​នោះ ​​សិស្ស​និស្សិត​ទាំង​ឡាយ​ ត្រូវ​តែ​មាន​បទពិសោធន៍​សមស្រប​ដើម្បី​​យក​ទៅ​ប្រកួត​ប្រជែង​ មិន​មែន​ត្រឹម​តែ​ពិន្ទុ​ពី​សាលា​ល្អ​តែ​មួយ​មុខ​នោះ​ទេ​។ ដូច្នេះ​ហើយ ជម្រើស​ដ៏​ល្អ ​​​អ្នក​គួរ​តែ​រៀន​បណ្ដើរ​ ​​​ធ្វើ​ការ​​បណ្ដើរ​​​។ ​ខាងក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ចាប់​ផ្ដើម​សន្សំ​បទពិសោធន៍​ការងារ​បណ្ដើរៗ​ ក្នុង​ពេល​រៀន​នៅ​មហាវិទ្យាល័យ​៖

១) ​​ទទួល​បាន​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​៖ បើ​អ្នក​រៀន​នៅ​តែ​សាលា​ ​ហើយ​មិន​ព្រម​ចេញ​មក​ប្រឡូក​ក្នុង​ការងារ​សង្គម​នោះ​​ទេ ​​អ្នក​ពិត​ជា​មិន​ងាយ​នឹង​អាច​បណ្ដុះ​ជំនាញ​ទំនាក់ទំនង​បាន​ឡើយ​។ ​ជំនាញ​ទំនាក់ទំនង​មិន​អាច​កើត​ឡើង​ តាមរយៈ​អាន​សៀវភៅ​តែ​មួយ​មុខ​បាន​ទេ ​គឺ​ទាល់​តែ​ចេញ​ទៅ​ជួប​បញ្ហា​ផ្សេងៗ​ ​​ទើប​​បាន​ផល​ច្រើន​។

២) ​ដឹង​ច្បាស់​អំពី​តម្រូវការ​ទីផ្សារ​៖ ​ជា​ទូទៅ​ ​អ្នក​ដែល​​ធ្វើ​ការ​ ​ប្រាកដ​ជា​ដឹង​ច្បាស់​ពី​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន​ជាង​ ​អ្នក​ដែល​មិន​ទាន់​មាន​ការងារ​ធ្វើ​។ ​​​ដូច្នេះ​ហើយ ​អ្នក​គួរ​តែ​​ព្យាយាម​សន្សំ​បទពិសោធន៍​​ ​​​ចាប់​ពី​ឆ្នាំ​ទី២​ទៅ ​ដើម្បី​​មាន​ឱកាស​​ពិនិត្យ​មើល​តម្រូវ​ការ​ទីផ្សារ​ ​ដើម្បី​​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​។

៣) ​​​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​មុន​៖​ ​គំនិត​ច្នៃប្រឌិត ​អាច​កើត​ឡើង​បាន​ លុះ​ត្រា​តែ​អ្នក​ចេញ​ទៅ​ប្រឡូក​នៅ​ពិភព​​ខាងក្រៅ​ ព្រោះ​នៅ​ពេល​ជួប​រឿង​ថ្មីៗ ​និង ប្លែក​ៗ​ជាក់​ស្ដែង​ក្នុង​សង្គម​នោះ ​វា​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ភ្លឺ​ថ្លា​ជាង​អ្នក​ដទៃ​។

​៤) ​​ចាប់​ផ្តើម​រៀន​រស់​ដោយ​ខ្លួន​ឯង​៖ ត្បិត​តែ​​ប្រាក់​ខែ​ដំបូង​ដែល​អ្នក​ទទួល​បាន​​ គឺ​មិន​ច្រើន​ក៏​ដោយ ​ប៉ុន្តែ​នេះ​ជា​ចំណុច​ដ៏​ល្អ​មួយ​ ដែល​បញ្ជាក់​ច្បាស់​ថា ​អ្នក​អាច​ចាប់​ផ្ដើម​រៀន​រស់​ និង រៀន​ស្គាល់​ការ​លំបាក​ដោយ​ខ្លួន​ឯង​ហើយ ​ពោល​គឺ​មិន​មែន​ចាំ​តែ​ហុច​ដៃ​​យក​លុយ​ពី​ឪពុក​ម្ដាយ​ទៀត​នោះ​ទេ។ ​នេះ​ជា​មេរៀន​ជីវិត​មួយ​ដ៏​ល្អ ដែល​អ្នក​គួរ​ចាប់​ផ្ដើម​សាកល្បង​ទោះបី​ជា​លំបាក​បន្តិច​ក្តី​ ​ប៉ុន្តែ​វា​ជា​រសជាតិ​ដ៏​សែន​មាន​ន័យ​​សម្រាប់​មនុស្ស​ម្នាក់ៗ​។

៥) ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​៖ ​​បើ​​ប្រៀប​ធៀប​រវាង​ ​និស្សិត​ដែល​មាន​ការងារ​ធ្វើ ​និង និស្សិត​ដែល​គិត​តែ​រៀន​តែ​មួយ​មុខ​នោះ ​​​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​និស្សិត​ដែល​មាន​បទពិសោធន៍​ការងារ​ស្រាប់​ប្រាកដ​ជា​ ​​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​មិន​ខាន​។ ​​ព្រោះ​ថា ​បើ​អ្នក​ចាប់​ផ្ដើម​ធ្វើ​ការ​តាំង​ពី​ឆ្នាំ​ទី២​ ​​នោះ​ទម្រាំ​បញ្ចប់​ការ​សិក្សា​ អ្នក​​មាន​បទពិសោធន៍​រហូត​ដល់​៣​ឆ្នាំ​ទៅ​ហើយ​ ​ដូច្នេះ​ហើយ​ ​​សម្រាប់និស្សិតដែលមាន​បទពិសោធន៍​ការងារ​ស្រាប់​ប្រាកដ​ជា ​​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង តំណែង​ការងារ​ល្អ​​មិន​ខាន​ ខណៈ​អ្នក​​ដែល​មិន​ទាន់​មាន​បទពិសោធន៍​គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​ប្រាក់ខែ​ដំបូង​មក​សិន​៕ ​

ដោយ​៖ អ៊ុន ​ភក្តី

X
5s