រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ​



​​ក្នុង​មួយ​ថ្ងៃៗ​ មនុស្ស​ម្នាក់ៗ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ មាន​ទាំង​រឿង​អត់ប្រយោជន៍ និង មាន​ប្រយោជន៍​។ ​ពេល​ខ្លះ​មនុស្ស​បាន​ធ្វើ​រឿង​អត់ប្រយោជន៍​ជាច្រើន​ដោយ​មិន​ដឹង​ខ្លួន​ ដោយសារតែ​ទម្លាប់​អាក្រក់​មួយ​ចំនួន​របស់​ខ្លួន​ ជាហេតុ​នាំ​ឲ្យ​ពួកគេ​មិន​អាច​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​បាន​។ ​​​ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​តែ​គិត​​ឲ្យ​បាន​ច្បាស់​ថា ​អ្វី​ដែល​មាន​ប្រយោជន៍​ និង គ្មាន​ប្រយោជន៍​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​វា ដើម្បី​កុំ​ឲ្យ​ខាតបង់​ពេលវេលា​ចោលទទេៗ​។

ង​ក្រោម​នេះ គឺជា​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​តែ​លះបង់៖

១) ​ដេកចាំ​ព្រេងសំណាង៖ ​​​ត្រូវ​ចងចាំ​ថា រាល់​​អ្វីៗ​អស្ចារ្យ​ទាំង​អស់​ គឺ​ត្រូវ​តែ​កើត​ចេញ​ពី​ការ​ប្រឹងប្រែង​របស់​មនុស្ស​ ពោល​គឺ​មិន​អាច​ដេក​ចាំ​ព្រេងសំណាង​បាន​នោះ​ទេ​។ ​បើ​អ្នក​​មិន​ព្រម​ធ្វើ​ ហើយ​ដេក​ចាំ​​ឲ្យ​មាន​រឿង​ល្អ​កើតឡើង​​នោះ ​គឺ​អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​អាច​ឃើញ​ពន្លឺជីវិត​នោះ​ឡើយ​។ ​នេះ​គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​ត្រូវ​តែ​ផ្លាស់ប្ដូរ​ជា​ដាច់ខាត។

២) បារម្ភ​ហួសហេតុ៖ មនុស្ស​ម្នាក់ៗ​ សុទ្ធតែ​ធ្លាប់​បារម្ភ​ចំពោះ​រឿង​​ផ្សេងៗ ដែល​យល់​ថា​​អាច​នាំ​ផល​អាក្រក់​ដល់​ពួកគេ​។ ប៉ុន្តែ​បើ​អ្នក​មាន​ការ​បារម្ភ​ហួសហេតុ​ពេក​ វា​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ឡើយ​ តែ​វា​កាន់តែ​នាំ​មក​នូវ​ភាព​ស្មុគស្មាញ​​កាន់តែ​ខ្លាំង​ ហើយ​ក៏​មិន​អាច​ធ្វើ​អ្វី​សម្រេច​បាន​ដែរ​។ ដូច្នេះ​ហើយ អ្នក​​ត្រូវ​ចេះ​សម្រួល​អារម្មណ៍​ ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​វា​ឲ្យ​អស់​ពី​លទ្ធភាព​ ​បើ​ទោះ​បី​លទ្ធផល​យ៉ាងណា​ក៏​ត្រូវ​ទទួលស្គាល់​ ព្រោះ​អ្នក​បាន​ព្យាយាម​អស់​លទ្ធភាព​ទៅ​ហើយ​។

​៣) ​និយាយ​រឿង​អាក្រក់​ពី​គេ​៖​ ​ក្នុង​ជីវិត​មនុស្ស​ ​គឺ​ជៀស​មិន​ផុត​ពី​និយាយ​អំពី​រឿង​របស់​គេ​នោះ​ឡើយ​ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ ​បើ​និយាយ​ពី​គេ​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ជា​ប្រយោជន៍​ដល់​យើង​។ មាន​ន័យ​ថា ​អ្នក​និយាយ​អំពី​រឿង​អ្នកដទៃ​ ដើម្បី​វិភាគ​ និង ស្វែងរក​មូលហេតុ​ផ្សេងៗ​សម្រាប់​​ជា​ពន្លឺ​ ឬ គន្លឹះ​ក្នុង​ការ​ធ្វើ​​កិច្ចការ​របស់​អ្នក ពោល​គឺ​មិន​មែន​និយាយ​អាក្រក់​ពី​គេ​ ដើម្បី​ឲ្យ​គេ​ខឹង​អត់​ប្រយោជន៍​នោះ​ទេ។ ​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ និយាយ​រឿង​អាក្រក់ៗ​ពី​គេ​រាប់​មិន​អស់​ ប៉ុន្តែ​ពួកគេ​មិន​បាន​យក​ចំណុច​អាក្រក់​អ្នកដទៃ​នោះ​មក​ធ្វើ​ជា​មេរៀន​សម្រាប់​ខ្លួន​ឯង​នោះ​ទេ​ ហើយ​លើស​ពី​នេះ​ទៀត​ ​មិន​បាន​ធ្វើ​ខ្លួន​ឲ្យ​ល្អ​លើស​គេ​ទេ​ ដូច្នេះ​ហើយ​វា​ជា​រឿង​អត់​ប្រយោជន៍​។

៤) ​ពូកែ​ខាង​​បន្ទោស​៖ ​​​​មនុស្ស​ខ្លះ​មិន​ពូកែ​ធ្វើ​ទេ​ ប៉ុន្តែ​ជំនាញ​មែនទែន​ខាង​ស្តី​បន្ទោស​អ្នកដទៃ​។ ​វា​ជា​ចំណុច​អវិជ្ជមាន​មួយ​ដែល​គួរ​ជៀសវាង​ ព្រោះ​បើ​ការ​ស្តី​បន្ទោស​របស់​អ្នក​អាច​ផ្លាស់ប្ដូរ​ពី​រឿង​អាក្រក់​មក​​ល្អ​ អ្នក​គួរតែ​បន្ត​ធ្វើ​ ប៉ុន្តែ​ជាក់ស្តែង​វា​មិន​អាច​ផ្លាស់ប្ដូរ​អ្វី​បាន​នោះ​ទេ​ ហើយ​ពេល​ខ្លះ​វា​កាន់តែ​បង្ក​ការ​ស្មុគស្មាញ​កាន់​តែ​ខ្លាំង​។ ដូច្នេះ​ហើយ​នៅ​ពេល​មាន​បញ្ហា​កើតឡើង​ អ្នក​គួរ​ឈប់​បន្ទោស​អ្នកនេះ​ខុស​អ្នកនោះ​ត្រូវ​ទៀត​ទៅ​ ប៉ុន្តែ​​គួរ​ចាប់​ផ្ដើម​​កែ​ប្រែ​ស្ថានការណ៍​ដោយ​ ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​​។

៥) ​ការ​ពន្យារពេល​៖ ​​​​មិន​ថា រឿង​ធំ​ឬ​តូច​នោះ​ទេ​ បើ​អ្នក​អាច​ធ្វើ​វា​ចប់​បាន​រហ័ស​នោះ ​គឺ​កាន់តែ​ប្រសើរ​ ​ព្រោះ​ថា​បើ​អ្នក​កាន់តែ​ពន្យារពេល​នោះ​អ្នក​គឺ​នៅ​តែ​បន្ត​ខាតបង់​ពេលវេលា​ មិន​អាច​ធ្វើ​អ្វី​ផ្សេង​បាន​ឡើយ​។ ​ចំពោះ​រឿង​ណា​ដែល​វា​ស្មុគស្មាញ​ខ្លាំង​ពេក​ អ្នក​អាច​ប្រើ​ពេល​យូរ​បន្តិច​​ក៏​បាន​ ​ប៉ុន្តែ​ត្រូវ​ចាំ​ថា​ អ្នក​បាន​ព្យាយាម​អស់​ពី​លទ្ធភាព​ហើយ​។ មានន័យថា ​ការ​អូស​បន្លាយ​ពេលវេលា​នេះ​ គឺ​មិន​មែន​ដោយសារតែ​អ្នក​ចង់​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​វា​លំបាក​ ឬ ស្មុគស្មាញ​ពេក​ដែល​ត្រូវ​ការ​ពេលវេលា​សមស្រប​ដើម្បី​ធ្វើ​។ ចំណែក​រឿង​ណា​ដែល​ អាច​បញ្ចប់​បាន​ គឺ​ត្រូវ​តែ​ធ្វើ​វា​ភ្លាម​ ​​ដោយ​មិន​បង្អង់​ឡើយ​៕

​ដោយ៖ អ៊ុន ភក្តី

X
5s