គន្លឹះ៤យ៉ាងដើម្បីធ្វើទីផ្សារបានជោគជ័យតាមរយៈពាក្យសម្ដីអតិថិជន (Word of Mouth)
និយាយពីការធ្វើទីផ្សារតាមរយៈពាក្យសម្ដី ឬ គេហៅតាមភាសាអង់គ្លេសថា Word-of-Mouth Marketing មិនមែនជារឿងងាយស្រួលនោះទេ ក៏ប៉ុន្តែវានឹងនាំមកនូវជោគជ័យយ៉ាងសម្បើមចំពោះក្រុមហ៊ុនប្រសិនបើលោកអ្នកធ្វើវាបានជោគជ័យ។
ឧទាហរណ៍ដោយងាយថា បើសិនលោកអ្នកផ្ដល់សេវាកម្ម ឬលក់ផលិតផលដែលបំពេញបានតាមការចង់បានរបស់អតិថិជន នោះអតិថិជនអាចនឹងស្មោះស្ម័គ្រជាមួយផលិតផល ឬសេវាកម្មរបស់អ្នក ហើយពួកគេអាចនិយាយទៅកាន់មិត្តភ័ក្ដិ ឬបងប្អូនរបស់គេបន្តទៀត។
នេះជានិយមន័យដោយខ្លីអំពីការធ្វើ word-of-mouth marketing។
ចុះធ្វើយ៉ាងណាទើបធ្វើទីផ្សារតាមពាក្យសម្ដីនេះបានជោគជ័យ?
១) កំណត់មុខសញ្ញា និងគោលដៅអ្នកដែលមានឥទ្ធិពល (influencers) អ្នកដែលមានឥទ្ធិពលទៅលើផលិតផល ឬសេវាកម្មរបស់អ្នកគឺអ្នកទាំងឡាយណាដែលសកម្មនៅលើបណ្ដាញសង្គម ឬ ប្លុក ដែលអាចជួយផ្សព្វផ្សាយផលិតផល ឬម៉ាករបស់អ្នកទៅកាន់អ្នកផ្សេង។ អ្នកជំនាញផ្នែកទីផ្សារបានពន្យល់ថា ៖«ឥទ្ធិពលពិតប្រាកដ នឹងជំរុញឱ្យមានសកម្មភាព មិនមែនត្រឹមតែផ្ដល់ដំណឹងនោះទេ»។ តាមពិតនោះគឺ អតិថិជនទុកចិត្តទៅលើភាគីទីបីច្រើនជាងពួកគេទុកចិត្តទៅលើម៉ាករបស់លោកអ្នកទៅទៀត។ ដូច្នេះការជ្រើសរើសសារដ៏ត្រឹមត្រូវសម្រាប់អ្នកមានឥទ្ធិពលទៅលើផលិតផល និងសេវាកម្មរបស់អ្នក គឺជារឿងសំខាន់។
២) ផ្សារភ្ជាប់ទៅនឹងការរំញោចរបស់មនុស្ស ការធ្វើឱ្យមនុស្សស្គាល់ពីម៉ាករបស់លោកអ្នកគឺជារឿងមួយ ប៉ុន្តែការរក្សាបាននូវការសន្ទនាជាមួយអតិថិជនគឺជារឿងមួយផ្សេងទៀត។ នៅក្នុងទស្សនទានសម័យទំនើបនេះ នៅបណ្ដាប្រទេសជឿនលឿនបានបង្កើតគេហទំព័រមានគោលដៅជួយសង្គម។ ជាឧទាហរណ៍ មូលនិធិគេហទំព័រ Make-A-Wish បង្កើតឡើងដើម្បីជូនពរដល់ក្មេងៗដែលប្រឈមនឹងនឹងការគំរាមកំហែងដោយសារជំងឺផ្សេងៗ។ ជាលទ្ធផលគេហទំព័រនេះ ទទួលបានការគាំទ្រយ៉ាងច្រើន។ ដូច្នេះ អាជីវកម្មរបស់អ្នកមិនត្រូវគិតតែពីចំណេញនោះទេ ប៉ុន្តែត្រូវគិតពីការបង្កើតតម្លៃមួយដែលមនុស្សទូទៅកាន់តែនិយាយពីផលិតផល ឬម៉ាករបស់អ្នក។
៣) បន្តសកម្មភាពជាមួយនឹងសហគមន៍ ជាឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុនគោជល់ (Red Bull) តែងតែរៀបចំកម្មវិធីជាញឹកញាប់ដែលមានការចូលរួមពីមនុស្សជាច្រើន។ ក្រុមហ៊ុនបានរៀបចំកម្មវិធីសប្បាយៗដើម្បីប្រម៉ូតម៉ាកដូចជា Red Bull Wings Team, កម្មវិធីជាមួយនិស្សិត student-brand manager program, កម្មវិធីបង្ហាញសមត្ថភាព Red Bull bedroom jam និងកម្មវិធីជាមួយអ្នកកាសែត Red Bull program។ ទាំងនេះ ជាកម្មវិធីមួយដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សទូទៅ។
៤) បន្តពង្រឹងការផ្ដល់សេវាកម្មបម្រើអតិថិជន ការបន្តពង្រឹង និងកែលម្អការផ្ដល់សេវាកម្មបម្រើអតិថិជន គឺជាគន្លឹះមួយដែលបន្តឱ្យអាជីវកម្មទទួលបានជោគជ័យ ជាពិសេសអាចទាក់ទាញអតិថិជនថ្មីៗបានបន្ថែមទៀត។ ការសិក្សាថ្មីមួយដែលចេញផ្សាយដោយ Entrepreneur នៅឆ្នាំ២០១៥ បានឱ្យដឹងថា អាជីវកម្មតូចៗលក់ផលិតផល និងសេវាកម្មទៅឱ្យអតិថិជនពី ៦០ ទៅ ៧០% ខណៈ ៥ ទៅ ២០% លក់ទៅឱ្យអតិថិជនថ្មី។ ដូច្នេះការរំពឹងសេវាកម្មគឺជាចំណុចមិនអាចខ្វះបានសម្រាប់អាជីវកម្ម៕
ដោយ៖ រតនៈវិភូ