ហេតុអ្វីគេផ្ដល់តម្លៃ លើការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឬអនុបណ្ឌិតនៅបរទេសដល់ម្ល៉ឹង?
ការចាកចេញទៅសិក្សានៅបរទេស គឺធ្វើឲ្យអ្នកមានគម្លាតពីក្រុមគ្រួសារ ហើយធ្វើដំណើរទៅកាន់ពិភពលោកថ្មីមួយដែលអ្នកមិនដែលស្គាល់ពួកគេទាល់តែសោះ។ ប៉ុន្តែ បន្ទាប់ពីអ្នកបញ្ចប់ការសិក្សារួច អ្នកនឹងទទួលបានគុណប្រយោជន៍ជាច្រើន លើសពីអ្វីដែលអ្នករំពឹងទុក នៅពេលត្រលប់មកស្រុកកំណើតវិញ។ ក្នុងនោះមាន៖
១) មានបទពិសោធន៍ជាមួយនឹងវប្បធម៌បរទេស៖ ជាការពិតណាស់ នៅលើលោកនេះអ្នកមិនអាចរស់នៅដាច់ដោយឡែកពីពិភពលោកបានទេ។ ហេតុនេះហើយ បានជាគេផ្ដល់តម្លៃដល់អ្នកដែលមានបទពិសោធន៍នៅក្រៅប្រទេស ព្រោះ ពួកគេស្គាល់ថាអ្វីទៅជាវប្បធម៌បរទេស រួមទាំងការរស់នៅរបស់បរទេសនោះផងដែរ។ ពេលត្រលប់មកវិញ ពួកគេក៏អាចមានលទ្ធភាពចែករំលែកបទពិសោធន៍ល្អ ៗទាំងនោះ ទៅកាន់មនុស្សដទៃទៀតផងដែរ។
២) អាចចេះច្រើនភាសា៖ អ្នកប្រហែលជាចេះស្ទាត់ខ្លាំងនូវភាសាដើមកំណើតរបស់ខ្លួន។ តើវាមិនល្អទេ បើអ្នកចេះភាសាមួយទៀតយ៉ាងស្ទាត់ដែរនោះ ព្រោះ អ្នកបានប្រើប្រាស់វាជារៀងរាល់ថ្ងៃពេលអ្នកនៅបរទេស។ ភាសាកាន់តែច្រើនដែលអ្នកចេះ ឱកាសល្អ ៗកាន់តែមានច្រើនសម្រាប់អ្នក។
៣) កាន់តែមានភាពឯករាជ្យលើខ្លួន៖ អ្នកអាចនឹងមិនត្រូវការ ការពឹងផ្អែកទៅលើគ្រួសារ ឬមិត្តភ័ក្ដិទៀតនោះ ទេ ដោយសារតែគម្លាតឆ្ងាយពីពួកគេ។ វាគឺជារឿងល្អខ្លាំងណាស់ ដែលអ្នកចេះរៀនរស់ដោយគ្មានជំនួញពីអ្នកដទៃ ព្រោះ អ្នកមិនអាចពឹងពាក់លើអ្នកដទៃរហូតនោះទេ។
៤) បង្កើនចំណងមិត្តភាពជាមួយអ្នកដទៃច្រើន៖ អាចថាមិត្តរួមថ្នាក់អ្នកនឹងក្លាយជាដៃគូរកស៊ីក្រៅប្រទេសក៏បាន នៅពេលអ្នកមានគំនិតចង់បង្កើតក្រុមហ៊ុនរកស៊ីអ្វីមួយនោះ ។ ដូច្នេះអ្នកកាន់តែពង្រីកបណ្ដាញរកស៊ី ជាមួយជនបរទេសបានយ៉ាងងាយស្រួល៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.moneycrashers.com