ភាព​ខុស​គ្នា​ទាំង​ ១០​នៅ​ពេល​និយាយ​ដល់​មនុស្ស​ដែល​ងប់ងុល​ក្នុង​ភាព​មមាញឹក ​និង​មនុស្ស​ដែល​មមាញឹក​ក្នុង​ភាព​ឆ្លាតវៃ​



មានមនុស្សជាច្រើនសុទ្ធតែគិតថា នៅពេលដែលរវល់ច្រើនគឺធ្វើឲ្យទទួលចំណូលបានច្រើនក៏ដូចជាមានអត្រាខ្ពស់ក្នុងការទទួលភាពជោគជ័យនៅក្នុងឆាកជីវិត ដោយអ្នកខ្លះសុខចិត្តធ្វើការមួយថ្ងៃលើសពី៨ម៉ោង នៅឆ្លៀតយកកិច្ចការមកធ្វើនៅផ្ទះទៀត ដែលនៅក្នុងចិត្តរំពឹងថា នេះគឺជាខិតខំប្រឹងប្រែងមួយដ៏អស្ចារ្យ តែវាមិនដូចអ្នកគិតទាំងអស់នោះទេ។ ផ្ទុយទៅវិញ វាផ្ដល់នូវផលប៉ះពាល់មួយចំនួនដែលអ្នកមិនដែលចាប់អារម្មណ៍ ឬមិនអាចនឹកស្មានដល់ ហើយមនុស្សដែលដែលរវល់ទាំងងងឹតងងុល និងមនុស្សដែលរវល់នៅក្នុងផ្លូវវាងវៃមានភាពខុសគ្នាដូចនៅខាងក្រោមនេះ៖

១) អ្នកឆ្លាតមានការងារតិចល្មមដែលសុទ្ធតែជាការងារចំពោះមុខ រីឯអ្នករវល់ទាំងត្រដរខ្យល់វិញមានការងាររាប់មិនអស់ តែមិនមែនសុទ្ធតែសំខាន់ទាំងអស់នោះទេ

២) អ្នកឆ្លាតដឹងថាពេលណាត្រូវបដិសេធអ្នកដទៃ រីឯអ្នករវល់ទាំងត្រដរខ្យល់វិញយល់ព្រមចំពោះសំណូមពរគ្រប់បែបយ៉ាង

៣) អ្នកឆ្លាតតែងតែគិតមុនគូរជានិច្ចរីឯអ្នករវល់ទាំងត្រដរខ្យល់វិញមិនសូវបានគិតម៉ត់ចត់មុននឹងធ្វើអ្វីមួយនោះទេ ហើយតែងតែស្ដាយក្រោយនៅពេលក្រោយ

៤) អ្នកឆ្លាតធ្វើកិច្ចការមួយនៅក្នុងពេលតែមួយរីឯអ្នករវល់ទាំងត្រដរខ្យល់វិញចូលចិត្តយកកិច្ចការច្រើនមកធ្វើច្របល់ចូលគ្នា

៥) អ្នកឆ្លាតមើលបញ្ហានិងអ្វីគ្រប់យ៉ាងនៅក្នុងរូបភាពធំ រីឯអ្នករវល់ទាំងត្រដរខ្យល់វិញចូលចិត្តយករឿងតូចតាច បន្តិចបន្តួចមកធ្វើជាបញ្ហា

៦) អ្នកឆ្លាតដឹងថាពេលណាដែលពួកគេគួរទទួលខុសត្រូវលើអ្វីមួយ រីឯអ្នករវល់ទាំងត្រដរខ្យល់វិញចង់ទទួលខុសត្រូវលើរឿងគ្រប់យ៉ាងតែម្នាក់ឯង

៧) អ្នកឆ្លាតចេះរកពេលសម្រាកដើម្បីលំហែខួរក្បាល រីឯអ្នករវល់ទាំងត្រដរខ្យល់វិញចូលចិត្តរៀបចំពេលវេលារបស់ពួកគេឲ្យរវល់ជាប់ៗគ្នាតែម្ដង

៨) អ្នកឆ្លាតចេះរក្សាធ្វើយ៉ាងណាដើម្បីឲ្យមានកម្លាំងបំពេញការងារមានស្ថិតស្ថេរយូរ  រីឯអ្នករវល់ទាំងត្រដរខ្យល់វិញងាយនឹងមានអារម្មណ៍ថាឆាប់ហត់នឿយរហូត

៩) អ្នកឆ្លាតមិនងាយអួតពីអ្នកដែលខ្លួនមាននោះទេ  រីឯអ្នករវល់ទាំងត្រដរខ្យល់វិញតែងតែនិយាយពីអ្វីដែលខ្លួនចង់បាន ឬមានហើយជារឿយៗ

១០) អ្នកឆ្លាតមានគោលដៅពិតប្រាកដ  រីឯអ្នករវល់ទាំងត្រដរខ្យល់វិញចេះតែខំប្រឹងដោយមិនដឹងថាត្រូវទៅដល់ចំណុចណាមួយឲ្យប្រាកដនោះទេ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.com

X
5s