ចង់​រក​ការងារ​ថ្មី​ដែល​ល្អ​ជាង​ការងារ​នៅ​កន្លែង​ចាស់​របស់​អ្នក​មែន​ទេ? គួរអានចំណុចទាំងនេះសិន​



ករណីនេះកើតមានច្រើនណាស់ ហើយវាក៏មានមូលហេតុច្រើនរាប់មិនអស់ទៅតាមកត្តាផ្សេងៗគ្នា តែអ្វីដែលបុគ្គលិកមួយចំនួនធ្វើខុសនោះគឺ ពួកគេតែងតែធ្វើវាឲ្យក្លាយជាកំហុសដ៏ធ្ងន់នៅក្នុងរយៈពេលរកការងារថ្មីនេះ។ 

ដូចនេះបើអ្នកចង់បានតុល្យភាពដ៏ល្អមួយរវាងការងារចាស់និងការងារថ្មី អ្នកអាចធ្វើតាមគន្លឹះខាងក្រោមនេះ៖

១) កុំគិតពីការងារថ្មីនៅពេលដែលអ្នកកំពុងធ្វើការនៅក្រុមហ៊ុនចាស់

សូមអ្នកព្យាយាមតាំងចិត្តលើការងារដែលអ្នកកំពុងដែលរ៉ាប់រង ព្រោះថាប្រសិនយកពេលវេលា ទៅគិតរឿងការងារថ្មី នោះអ្នកនឹងមិនមានសមាធិក្នុងការធ្វើការបច្ចុប្បន្ននោះទេ ផ្ទុយទៅវិញបើអ្នកចង់គិតពីវា អ្នកអាចយកវាមកគិតនៅពេលសម្រាកចេញពីធ្វើការ ឬពេលចុងសប្ដាហ៍ជាដើម។

២) ជ្រើសរើសដៃគូពិភាក្សា

អ្នកមិនគួរយករឿងបែបនេះយកទៅពិភាក្សាជាមួយមនុស្សគ្រប់គ្នានោះទេ តែអ្នកអាចជ្រើសយកអ្នកណាដែលជិតស្និទ្ធ ហើយអ្នកគិតថាអ្នកអាចពឹងពាក់គេបាន ព្រោះអ្នកទាំងអស់នោះក៏សុទ្ធតែមានចំណែកក្នុងការសម្រេចចិត្តរបស់អ្នក រួមទាំងយោបល់ដែលអ្នកទាំងអស់នោះផ្ដល់ឲ្យអ្នកផងដែរ។

៣) ធ្វើការប្រៀបធៀប

នៅពេលដែលអ្នកនឹងទទួលបានការងារថ្មីម្ដងៗ អ្នកមិនគួរយល់ព្រមភ្លាមៗនោះទេ ផ្ទុយទៅវិញ អ្នកអាចយកពេលខ្លះមកប្រៀបធៀបរវាងកន្លែងធ្វើការចាស់និងថ្មី ថានៅកន្លែងធ្វើការងារថ្មីនោះ គេផ្ដល់អ្វីដល់អ្នកខ្លះ? ហើយការផ្ដល់ទាំងអស់នោះ អាចជាផ្នែកមួយដែលជួយសម្រេចគោលដៅរបស់អ្នកទៅថ្ងៃមុខដែរទៀតឬមួយក៏អត់ទេ?

៤) បំពេញការងារឲ្យបានល្អបំផុត

មិនថាការសម្រេចចិត្តរបស់អ្នកនឹងក្លាយជាយ៉ាងណានោះទេ តែអ្វីដែលអ្នកត្រូវចងចាំនោះគឺ ត្រូវបំពេញការងាររបស់អ្នកឲ្យបានល្អជាទីបំផុត ព្រោះបើអ្នកនៅតែរក្សាការព្យាយាមរបស់អ្នក មិនថា ធ្វើការនៅកន្លែងចាស់ឬថ្មីនោះទេ អ្នកនឹងអាចទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.lifehack.org

X
5s