តើធ្វើ​យ៉ាង​ណាដើម្បីកាត់ចិត្តពីមនុស្សដែលអ្នក​គិត​ថា​អ្នកស្រលាញ់បំផុតបាន?​



វាពិតជារឿងដ៏ពិបាកធ្វើមួយនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ ជាពិសេសបើអ្នកជាមនុស្សម្នាក់ដែលមិនងាយស្រលាញ់នរណាម្នាក់ដោយងាយនោះទេ ឬមកពីអ្នកធ្លាប់រាប់អានគ្នាមកយូរហើយ បន្ទាប់មកស្រាប់តែជួបរឿងប្រេះឆាជាដើម។ 

វាត្រូវការទាំងពេលវេលារួមទាំងការតាំងចិត្តខ្ពស់ផងដែរ ក្នុងការទៅប្រឈមមុខជាមួយមនុស្សដែលយើងស្រលាញ់នោះ បូកផ្សំជាមួយដំណោះស្រាយទាំងប៉ុន្មានខាងក្រោមនេះទៀត៖

១) កុំកំណត់ពេល

ទោះបីអ្នកធ្លាប់បានលឺឃ្លាមួយដែលនិយាយថា ពេលវេលាគឺជាថ្នាំដើម្បីដោះស្រាយអ្វីៗគ្រប់យ៉ាងក៏ពិតមែន ក៏ប៉ុន្តែការគិតបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសម្ពាធ ដូចនេះអ្នកមិនចាំបាច់ចាប់អារម្មណ៍អ្វីពេក ទៅលើបញ្ហាពេលវេលានោះទេ គ្រាន់តែរស់នៅជីវិតរបស់អ្នកតាមសម្រួលនិងឲ្យបានល្អបំផុតតាមតែអ្នកអាចធ្វើបានទៅបានហើយ។

២) កុំកុហកពីអារម្មណ៍ដែលខ្លួនឯងមាន៖

អ្នកខ្លះព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យអ្នកដទៃយល់ថាពួកគេគ្មានបញ្ហា ទាំងដែលការពិតនៅក្នុងចិត្តពួកគេដូចជាមានអ្វីមកសង្កត់រកទៅណាមិនរួចបែបនេះ។ ផ្ទុយទៅវិញ អ្វីដែលអ្នកគួរធ្វើនោះគឺទទួលស្គាល់ថាអ្នកពិតជាឈឺចាប់មែន តែអ្នកក៏មិនត្រូវយកការឈឺចាប់នោះមកបំផ្លាញជីវិតរបស់អ្នកនោះដែរ។

៣) ស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ

តើអ្នកព្យាយាមធ្វើបាបខ្លួនឯងធ្វើអ្វីទៀត? បើមនុស្សអ្នកដែលអ្នកស្រលាញ់មិនមើលឃើញតម្លៃរបស់អ្នកផង តើអ្នកចង់បន្ទាបតម្លៃរបស់អ្នកដល់កម្រិតណាទៀត? ហេតុនេះ រយៈពេលមួយនេះគឺជារយៈពេលដ៏ស័ក្ដិសមបំផុតសម្រាប់អ្នក ក្នុងការមើលថែទាំក៏ដូចជាស្រលាញ់ខ្លួនឯងឲ្យច្រើនៗ។

៤) មានមនុស្សច្រើនទៀតដែលចាំគាំទ្រអ្នក

សូមកុំធ្វើឲ្យឥទ្ធិពលនៃការស្រលាញ់មនុស្សម្នាក់មកគ្របដណ្ដប់អ្វីៗគ្រប់យ៉ាងទៀតនៅក្នុងជីវិតរបស់អ្នកឲ្យសោះ។ អ្នកនៅមានប៉ាម៉ាក់ បងប្អូន មិត្តភ័ក្ដិនិងមនុស្សជាច្រើនទៀតដែលគាំទ្រដោយអ្នកអាចនឹងមិនដឹងខ្លួនផង ហេតុនេះអ្នកមិនត្រូវមើលរំលងការស្រលាញ់ក៏ដូចជាការយកចិត្តទុកដាក់របស់ពួកគេនោះទេ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.lifehack.org

X
5s