តើ​ធ្វើយ៉ាងណាដើម្បីមានពេលវេលា​សម្រាប់ខ្លួនឯងបាន​ច្រើន​ជាង​មុន?​



មនុស្សសឹងតែគ្រប់ៗរូបរអ៊ូរហូតថាពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងារដែលពួកគេចង់ធ្វើនោះទេ ដូចនេះមនុស្សភាគច្រើនតែងតែយកពេលវេលាផ្ទាល់ខ្លួនដើម្បីទៅធ្វើការងារនោះបង្ហើយ រួចដល់ចង់ក្រោយក្លាយទៅជាលែងមានពេលវេលាសម្រាប់ខ្លួនឯងទៅវិញ។ អានចំណុចខាងក្រោមនេះហើយ  អ្នកនឹងដឹងថាតើធ្វើយ៉ាងណាទើបអាចមានពេលវេលាដើម្បីខ្លួនឯងឲ្យច្រើនបាន៖ ១) សរសេរនូវអ្វីដែលអ្នកប៉ងប្រាថ្នាចង់បាន៖ នៅខណៈពេលដែលអ្នកសរសេរបំណងប្រាថ្នារបស់អ្នកចូល នៅក្នុងខួរក្បាលរបស់អ្នកប្រាកដជាគិតថាតើអ្នកគួរធ្វើយ៉ាងណាដើម្បីទទួលបានរបស់មួយនោះ ហើយនៅពេលដែលអ្នកកំពុងតែគិតនោះ អ្នកក៏កំពុងតែបង្កើតពេលវេលាផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងដោយអ្នកមិនបានដឹងខ្លួនផងដែរ។ ២) កាត់បន្ថយការរំខាននានា៖ នៅពេលដែលអ្នកនៅកន្លែងមួយដ៏ស្ងប់ស្ងាត់ហើយចំណាយពេលដើម្បីគិតទាំងបច្ចុប្បន្ន អតីតកាល ក៏ដូចជាអនាគតកាលនោះអ្នកនឹងអាចគិតឃើញនូវសមិទ្ធផលមួយដែលអ្នកមិនទាំងដែលរំពឹងទុកទៀតនោះ ដោយសារវាអាចជាការដាស់តឿន ជាការភ្ញាក់គំនិត ជាដើមដែលវាជាចំណែកមួយជួយឲ្យអ្នកមានគំនិតប្រសើរឡើងរាល់ថ្ងៃ។ ៣) រៀបរៀងកាលវិភាគរបស់អ្នកឡើងវិញ៖ អ្នកគួរតែចំណាយពេលទៅមើលកាលវិភាគរបស់អ្នកថាតើរាល់ថ្ងៃនេះ អ្នកចំណាយពេលធ្វើអ្វីច្រើនជាងគេ? ហើយថាតើការងារមួយនោះស័ក្ដិសមជាមួយពេលវេលាដែលអ្នកចំណាយដែរឬមួយក៏អត់ទេ? ហើយបើការងារណាដែលអ្នកគិតថាវាមិនចាំបាច់ អាចកាត់ចោលបានក៏កាត់វាទៅ ដើម្បីទុកពេលវេលាទៅធ្វើអ្វីផ្សេង។ ៤) ស្វែងរកពេលសម្រាក៖ អ្នកគួរតែកំណត់ពេលសម្រាករបស់ខ្លួនឯងផងដែរ ថាអ្នកគួរសម្រាកប៉ុន្មានថ្ងៃក្នុងមួយខែ ឬប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ព្រោះវាក៏ជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយមកវិញបាន ក៏ដូចជាមានសុខភាពឋិតថេរល្អផងដែរ៕ ប្រែសម្រូល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.realsimple.com
X
5s