ចំណុច ៤យ៉ាងដែលគួរចាប់អារម្មណ៍ចំពោះ មនុស្សដែលមានបញ្ហាបាក់ទឹកចិត្ត តែងព្យាយាមលាក់បាំង
មិនមែនគ្រប់ពេលទាំងអស់នោះទេ ដែលអ្នកអាចសង្កេតដឹងពីឥរិយាបថឬទឹកមុខខុសប្លែកអ្វីម្យ៉ាងដែលបង្ហាញពីទុក្ខកង្វល់របស់បុគ្គលណាម្នាក់បាន ព្រោះថាក្នុងចំណោមពួកគេនោះគឺ ប្រហែលជាមានម្នាក់ជាអ្នកផងដែរដែលពូកែសម្ដែងឲ្យផ្ទុយពីអារម្មណ៍ដែលពួកគេមានពិតប្រាកដក្នុងចិត្ត។ ទោះជាបែបនេះក្ដី ក៏អ្នកនៅតែអាចសង្កេតដឹងពីទុក្ខកង្វល់របស់គេបានតាមរយៈចំណុចទាំង ៤នេះ៖
១) ពួកគេអាចនឹងរួសរាយ សើចសប្បាយ៖ វាជារឿងពិបាកក្នុងការកត់សម្គាល់ថានរណាម្នាក់កំពុងប្រយុទ្ធជាមួយទុក្ខលំបាករបស់ខ្លួនស្របពេលដែលពួកគេកំពុងសើចសប្បាយរីករាយ។ ដូច្នេះអ្នកត្រូវតាមដានមើលចំណុចបន្ថែមផ្សេងទៀតដើម្បីបញ្ជាក់ថាពួកគេមានបញ្ហាមែនឬអត់។
២) ពួកគេអាចនឹងត្រូវការការព្យាបាលពីបទពិសោធន៍ជូរចត់របស់ខ្លួន៖ ការសម្ដែងខាងក្រៅដែលបង្ហាញពីទំនុកចិត្តនិងសេចក្ដីសុខគ្រាន់តែជាទេពកោសល្យរបស់ពួកគេ ដើម្បីបំភ័ន្តភ្នែកអ្នកដទៃពីការពិត នៃអារម្មណ៍ឈឺចាប់របស់គេប៉ុណ្ណោះ។ ពួកគេអាចនឹងគ្មានភាពក្លាហានក្នុងការនិយាយឲ្យអ្នកដឹង ដូច្នេះអ្នកត្រូវស្ដាប់ពួកគេដោយម៉ត់ចត់នៅពេលគេត្អូញត្អែរពីភាពហត់នឿយនិងការព្រួយបារម្ភរបស់ខ្លួន ព្រោះពួកគេត្រូវការអ្នកយល់ចិត្តដើម្បីជួយដោះស្រាយបញ្ហាទុក្ខលំបាកក្នុងចិត្ត។
៣) ពួកគេអាចនឹងគ្មានការប្ដេជ្ញាចិត្តចំពោះក្ដីសុខរបស់ខ្លួនឯង៖ ជាញឹកញាប់ដែលអ្នកមានទុក្ខកង្វល់ភាគច្រើនបង្ហាញនូវការអស់ចំណាប់អារម្មណ៍ទៅលើអ្វីដែលខ្លួនធ្លាប់ពេញចិត្តធ្វើ។ វាក៏អាចជាសញ្ញាណមួយទៀតដែលអាចសម្គាល់ថាពួកគេមានរឿងពិបាកចិត្តអ្វីដែរ បើបែបនេះមែន អ្នកត្រូវជំរុញពួកគេឲ្យនិយាយចេញមកសិនទើបអាចដោះស្រាយបញ្ហាក្នុងចិត្តពួកគេបាន។
៤) ពួកគេអាចនឹងបង្ហាញអារម្មណ៍ដែលអស់ការអត់ធ្មត់និងកំហឹង៖ ការបញ្ចេញកំហឹងអាចនឹងត្រូវបានគេមើលរំលងដោយហេតុថាវាគ្រាន់តែកើតឡើងក្នុងរយៈពេលមួយខ្លីប៉ុណ្ណោះ។ តែតាមការពិតវាក៏ជាសញ្ញាណមួយដែលបញ្ជាក់ពីទុក្ខកង្វល់របស់ពួកគេផងដែរ៕
ដោយ៖ ស្រីពៅ