គន្លឹះអប់រំកូនប្រកបដោយគន្លងធម៌ ទាំង១០ប្រការដែលលោកអ្នកគួរដឹង!
មានទ្រឹស្ដីមួយនិយាយថា បុគ្គលម្នាក់ ប្រសិនបើគេសង្កេតមើលបច្ចុប្បន្នកាលរបស់គេ អាចដឹងដល់អតីតកាលរបស់គេ ព្រោះជីវិតរបស់គេបច្ចុប្បន្ន មានសាវតាតភ្ជាប់ទៅអតីតកល។ នៅក្នុងពាក្យទំនឹមទំនៀមខ្មែរមួយចំនួនក៏បានលើកឡើងថា៖ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ឬ «ឪពុកធ្វើចោរ កូនធ្វើចោរ» «សេពគប់ពាលក្លាយជាពាល សេពគប់បណ្ឌិតក្លាយជាបណ្ឌិត»។ល។
ទាំងនេះត្រូវបានចាត់ចូលក្នុងទស្សនៈអប់រំបែប «អាកប្បកិរិយានិយម – behaviorism» ដែលមានន័យថាមនុស្សធំដឹងក្ដីនិងមានអាកប្បកិរិយា និងដំណើរជីវិតរបស់គេបែបណា អាស្រ័យលើមជ្ឈដ្ឋានខាងក្រៅដែលគេរស់នៅហ្នឹងឯង ព្រោះអ្វីដែលឆ្លងកាត់តាមសរីរញាណទាំងប្រាំរបស់មនុស្ស មានឥទ្ធិពលយ៉ាងធំធេងលើឥរិយាបថបីយ៉ាង៖
ការគិត – ការនិយាយស្ដី និងការប្រព្រឹត្តទង្វើផ្សេងៗ។ តាមទ្រឹស្ដីនេះ ប្រសិនបើគេបកស្រាយមិនច្រឡំទេ អ្នកជំនាន់មុន ឬមនុស្សចាស់ជាអ្នកជះឥទ្ធិពលល្អ ឬអាក្រក់លើអ្នកជំនាន់ក្រោយ ឬនិយាយឲ្យស្រួលស្ដាប់ថា «មិនត្រូវបន្ទោសក្មេងទេ ព្រោះក្មេងរៀនសូត្រពីមនុស្សចាស់» ឬ «បើចង់អប់រំ ត្រូវចាប់ផ្ដើមពីមនុស្សចាស់មុនក្មេង»។ លោកស្រីបណ្ឌិតDorothy Law Nolte ជាអ្នកសិក្សាស្រាវជ្រាវអំពីក្បួនអបរំកុមារ បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «Children Learn What They Live» ដែលមានន័យថា «កុមារកើតចេញពីត្រកូលបែបណា គេមានមាយាទបែបហ្នឹង» ស្របតាមពាក្យទំនឹមទំនៀមមួយឃ្លាថា «ត្រកូលសជាតិ មាយាទសពូជ»។ កូនរបស់លោកអ្នកនឹងក្លាយជាមនុស្សមានអាកប្បកិរិយាបែបណា អាស្រ័យលើបរិស្ថានជុំវិញខ្លួនគេ ដែលគេធំដឹងក្ដីឡើងនៅក្នុងមជ្ឈដ្ឋាននោះ។ នេះបើយោងតាមសំណេររបស់លោកស្រីបណ្ឌិត Dorothy Law Nolte។
១- បើកុមាររស់ក្នុងបរិស្ថានដែលរិះគន់វាយប្រហារគ្នា គេនឹងក្លាយជាមនុស្សអង្គុយចាំតែចាប់កំហុសអ្នកដទៃ ហើយអ្នកដទៃធ្វើអ្វីក៏មិនងាយត្រូវចិត្តដែរ។
២- បើកុមាររស់ក្នុងបរិស្ថានដែលប្រព្រិត្តហិង្សាដាក់គ្នា គេនឹងក្លាយជាមនុស្សដែលចូលចិត្តបង្កជម្លោះ។
៣- បើកុមាររស់ក្នុងគ្រួសារដែលបង្អាប់បង្អោនគ្នា គេនឹងក្លាយជាមនុស្សមឹះៗ ហើយខ្លាចគេ។ ៤- បើកុមាររស់ក្នុងគ្រួសារដែលរងការមាក់ងាយពីសង្គម (ឧ. ម្ដាយផិតប្ដី ឪពុកធ្លាប់ជាប់គុក...) គេនឹងទទួលអារម្មណ៍ថាខ្លួនគេហាក់ជាប់ពិរុទ្ធ ឬមានកំហុស។
៥- បើកុមាររស់ក្នុងបរិស្ថានដែលជំរុញឲ្យមានភាពក្លាហាន គេនឹងក្លាយជាមនុស្សមានទំនុកចិត្តលើខ្លួនឯង ធ្វើអ្វីក៏មិនចេះសុញ ហើយមិនងាយបោះបង់ក្ដីសង្ឃឹមដោយងាយទេ។
៦- បើកុមាររស់ក្នុងបរិស្ថានដែលមានការអត់ឱនអធ្យាស្រ័យគ្នា គេនឹងក្លាយជាមនុស្សដែលមានចិត្តអំណត់។
៧- បើកុមាររស់ក្នុងបរិស្ថានដែលផ្ដល់ការសរសើរ គេនឹងក្លាយជាមនុស្សដែលចេះវាយតម្លៃប្រកបដោយគតិ។
៨- បើកុមាររស់ក្នុងបរិស្ថានដែលផ្ដល់ការសន្ដោសប្រណី គេនឹងក្លាយជាមនុស្សដែលផ្ដល់សេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ។ ៩- បើកុមាររស់ក្នុងចំណោមអ្នកសុច្ចរិត គេនឹងក្លាយជាមនុស្សទៀងត្រង់ គ្មានពុតត្បុតអាក្រក់។
១០- បើកុមាររស់នៅក្នុងបរិស្ថានដែលប្រកបដោយភារតភាព និងភាពស្និទ្ធស្នាល គេនឹងក្លាយជាមនុស្សដែលចូលចិត្តបង្កើតមិត្តជាជាងសត្រូវ។
កំណត់សម្គាល់៖ ខាងលើនេះជាទ្រឹស្ដីរបស់លោកស្រីបណ្ឌិត ហើយមិនមែនសុទ្ធតែឆ្លុះបញ្ចាំងថាពិតជាបែបហ្នឹង១០០% គ្មានការលើកលែងសោះនោះទេ ព្រោះនៅមានទ្រឹស្ដី ឬក្បួនអប់រំមនុស្សជាច្រើនទៀត។ ប៉ុន្តែតិចឬច្រើន មជ្ឈដ្ឋានជុំវិញខ្លួនជាអ្នកជះឥទ្ធិពលលើផ្នត់គំនិតរបស់មនុស្ស៕
ដោយ៖ សម្អាង