​​​​​អ្នក​ត្រូវ​ដឹង​ថា​ មេ​របស់​អ្នក​តែង​​វាយ​តម្លៃ​អ្នក​ជា​សម្ងាត់​លើ​រឿង​​៥​យ៉ាង​នេះ​​



ថ្នាក់ដឹកនាំភាគច្រើន តែងតែវាយតម្លៃទៅលើការបំពេញការងាររបស់បុគ្គលិកថ្នាក់គ្រប់បែបយ៉ាងដើម្បីដឹងពីបញ្ហាប្រឈម និងដឹងពីចំណុចដែលត្រូវកែលំអ។ ជាទូទៅ មេតែងតែចាត់ថ្នាក់ និងវាយតម្លៃទៅលើបុគ្គលិកថ្នាក់ក្រោមជាសម្ងាត់លើរឿង ៥យ៉ាងនេះ៖

១) ម៉ោងពេលអ្នកធ្វើការ

ម៉ោងពេលដែលអ្នកធ្វើការ គឺត្រូវបានឃ្លាំមើលដោយមេរបស់អ្នក។ ជាពិសេសពេលចូល និងពេលចេញ។ ពេលខ្លះ មេមិនរអ៊ូរឿងយឺតយ៉ាវនោះទេ ក៏ប៉ុន្តែ គាត់ប្រាកដជាកត់សម្គាល់ចំពោះអ្នកដែលមកធ្វើការលឿន ហើយបំពេញការងាររហូតដល់លើសម៉ោង។ មិនមែនដល់ម៉ោង ចេញប្រូចទាំងកាលគេអាចបង្ហើយបាននៅថ្ងៃនេះនោះទេ។ នេះជាលក្ខណៈនៃភាពលេចធ្លោមួយប្រសិនបើអ្នកធ្វើបាន។  

២) អ្នកយល់បានប៉ុណ្ណាពីគោលដៅនៃការងាររបស់អ្នកនិងការងាររបស់មេអ្នក«

កុំសួរខ្លួនឯងថាតើមេរបស់អ្នកអាចធ្វើអ្វីខ្លះដើម្បីអ្នក តែអ្នកត្រូវសួរខ្លួនឯងថា អ្នកអាចធ្វើអ្វីខ្លះដើម្បីមេរបស់អ្នក»។ អ្នកត្រូវគិតថាតើការងាររបស់អ្នកអាចជួយបំពេញការងារធំនៃផ្នែក (Department) របស់អ្នកបានកម្រិតណាហើយត្រូវតែធ្វើការងារបន្ថែម និងធ្វើឱ្យល្អជាងមុន។

៣) ជំនាញរៀបចំ (Your Organization Skill)

ពាក្យថា រៀបចំនេះមិនមែនសំដៅទៅលើការរៀបចំកុំព្យូទ័រ ឬតុរបស់អ្នកតែមួយមុខនោះទេ ប៉ុន្តែសំដៅលើការត្រៀមខ្លួនរបស់អ្នកបានល្អនៅពេលប្រជុំម្ដងៗ ផងដែរ។ មកឱ្យទាន់ពេល និងបញ្ចេញគំនិតឆ្លើយសំណួរ និងជួយស្វែងរកដំណោះស្រាយដល់ផ្នែក (Department) ក៏ដូចជាក្រុមហ៊ុនរបស់ខ្លួន។ បន្ថែមពីលើនេះ គឺត្រូវចេះរៀបចំឯកសារដែលមេ ឬកិច្ចប្រជុំត្រូវការឱ្យមានរបៀបរៀបរយ។

៤) ទំនាក់ទំនងជាមួយមិត្តរួមការងារ

 ការចុះសម្រុង និងទំនាក់ទំនងល្អជាមួយអ្នកដទៃមិនថា ថ្នាក់ក្រោមដូចអ្នក និងថ្នាក់មេៗ កឺជាចំណុចលេចធ្លោមួយ។ អ្នកគឺស្ថិតនៅក្នុងភ្នែករបស់ថ្នាក់ដឹកនាំរបស់អ្នកហើយ។

៥) សមត្ថភាពគិតរកវិធីធ្វើឱ្យកាន់តែប្រសើរ

ជាការពិតការងារមិននៅតែមួយកន្លែង ហើយក្ដីរំពឹងពីមេរបស់អ្នកក៏មិននៅដដែលដែរ។ ធ្វើល្អប៉ុណ្ណេះថ្ងៃនេះ គាត់ប្រាកដជារំពឹងទុកថា ថ្ងៃខាងមុខធ្វើល្អលើសមុនថែមទៀត។ យើងត្រូវរកវិធីធ្វើកិច្ចការឱ្យកាន់តែប្រសើរឡើង។ ប្រសិនបើអ្នកអាចស្វែងរកវិធីបាន នេះជាចំណុចលេចធ្លោមួយដែលមេរបស់អ្នកតែងតែវាយតម្លៃ និងកត់ចំណាំដោយសម្ងាត់៕

ដោយ៖ រតនៈវិភូ

X
5s