បើរិះគន់បែបជាន់ពន្លិច (Destructive Criticism) គ្មានរណាអាចទទួលយកបានឡើយ!
ជាទូទៅមនុស្សតែងមានគំនិតផ្សេងគ្នា។ គំនិតផ្សេងគ្នា ព្រោះ បទពិសោធន៍ផ្សេងគ្នា ស្ថានភាពហិរញ្ញវត្ថុផ្សេងគ្នា សាសនាផ្សេងគ្នា ប្រពៃណីផ្សេងគ្នា ឬ មួយក៏អាយុផ្សេងគ្នា។ ដោយហេតុដូច្នេះហើយ បានជាមនុស្សម្នាក់ៗតែងតែលើកជាគំនិតថា វាមិនត្រូវ ហើយនិយាយថាគួរតែបែបនេះគួរតែបែបនោះ។ ដោយសារតែបែបនេះហើយ បានជាអ្នកខ្លះបានបង្ហាញពីការមិនពេញចិត្ត ក៏ព្រោះតែការលើកជាគំនិតទាំងនោះ ហាក់មិនបានជួយអ្វីទាល់តែសោះ ពោលគឺមានតែស្ដីបន្ទោស និង រិះគន់ខ្លាំងៗថា ចរិតមិនកើត ការងារមិនកើត ឬ មួយក៏គំនិតមិនកើតជាដើម។
ការរិះគន់គឺពិតជាសំខាន់ ព្រោះថា បើគ្មានការរិះគន់ថា ក៏គ្មានការកែប្រែ និង អភិវឌ្ឍទៅមុខដែរ ប៉ុន្តែគេក៏ត្រូវគិតដែរថា តើការរិះគន់នោះ ជាប្រភេទណា ពោលគឺ ការរិះគន់បែបស្ថាបនា (Constructive Criticism) ឬ ការរិះគន់បែបជាន់ពន្លិច (Destructive Criticism)។
គេអាចនឹងទទួលយកការរិះគន់បាន លុះត្រាណាវាស្ថិតក្នុងប្រភេទ ការរិះគន់បែបស្ថាបនា(Constructive Criticism)។ ការរិះគន់បែបស្ថាបនា មានន័យថា វាជាការលើកឡើងច្បាស់ៗពីចំណុចខ្សោយ និង ចំណុចអវិជ្ជមាននៃការងារ ឬ គំនិតអ្វីមួយ ហើយតែងភ្ជាប់ជាមួយនូវគន្លឹះ ដំណោះស្រាយ ក៏ដូចជាការលើកទឹកចិត្តផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ មនុស្សភាគច្រើនចូលចិត្តរិះគន់បែបជាន់ពន្លិច (Destructive Criticism)។ ការរិះគន់បែបជាន់ពន្លិច គ្មានឡើយហេតុផលច្បាស់លាស់ ហើយក៏គ្មានការបង្ហាញជាដំណោះស្រាយ ឬ ការជួយលើកទឹកចិត្ត។ ពោលគឺរិះគន់ដើម្បីឲ្យអ្នកដទៃបាក់ទឹកចិត្ត ងើបមុខមិនរួចតែម្ដង។
ហេតុដូច្នេះហើយ គេពិតជាមិនអាចទទួលយកការរិះគន់បែបនេះឡើយ។ យើងមិនគួរបណ្ដុះវប្បធម៌រិះគន់បែបជាន់ពន្លិចនោះទេ ព្រោះគ្មាននរណាល្អគ្រប់ដប់ឡើយ ហើយការធ្វើបែបនេះគឺ គ្មានចំណេញអ្វីឡើយក្រៅតែពីការឆ្លើយតបមកវិញទាំងក្ដៅស្លឹកត្រចៀក។ ផ្ទុយទៅវិញ បើការរិះគន់នោះ គឺធ្វើឡើងតាមបែបស្ថាបនា គឺប្រាកជាទទួលបានផលល្អមិនបាន ព្រោះភាគីទាំងសងខាង (អ្នករិះគន់ និង អ្នកដែលត្រូវបានគេរិះគន់) សុទ្ធតែអាចប្ដូរយោបល់គ្នាបាន ហើយអាចសហការគ្នាបានយ៉ាងល្អទៀតផង ព្រោះគ្មាននរណាចង់ខុសទេ៕
ដោយ៖ រតនា វិចិត្រ