វិធីសាស្ត្រ​៤​យ៉ាង​ ក្នុង​ការ​សរសេរ​​​«តែង​សេចក្ដី​» ​​ដ៏​ល្អ​បំផុត​



សំណេរតែងសេចក្ដី ឬក្នុងភាសាអង់គ្លេសនិយមត្រូវគេស្គាល់ជាessay មានលក្ខណៈពិសេសម្យ៉ាងដែលវាឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌិត ភាពពិសេសរបស់ស្មេរ ឬអ្នកសរសេរ សមត្ថភាពនៅក្នុងការប្រើប្រាស់ពាក្យពេចន៍ ឃ្លោងឃ្លា សំណង់ប្រយោគ ការរៀបចំគំនិតឲ្យមានភាពលំដាប់លំដោយ និងជាពិសេសគឺជាសមត្ថភាពនៅក្នុងការពន្យល់អ្នកអានឲ្យទទួលបាននូវខ្លឹមសារនៃចំណេះដឹងដែលអ្នកសរសេរមានបំណងចង់ផ្ទេរទៅកាន់អ្នកអាន។

ការរចនាតាក់តែងអត្ថបទមួយឲ្យចេញជារូបរាងឡើងប្រកបដោយភាពសាមញ្ញ តែមានលក្ខណៈពិសេសជារបស់ខ្លួន និងមានការវិវត្តទៅមុខជាលំដាប់ គឺជាបញ្ហាសំខាន់មួយដែលស្មេរជាច្រើននាក់តែងជួបប្រទះនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍសំណេររបស់ខ្លួន ដូច្នេះងាកមកស្វែងយល់ពីគន្លឹះដ៏មានប្រសិទ្ធភាព២ប្រការនេះ អ្នកអាចចាប់ផ្ដើមអនុវត្ត និងសង្កេតមើលពីភាពរីកចម្រើននៅក្នុងសំណេររបស់អ្នកដោយសន្សឹមៗបាន៖

១) អានសំណេររបស់អ្នកដទៃ៖ ការអានសំណេររបស់អ្នកដទៃច្រើន អាចជួយឲ្យអ្នកមានគំនិតច្រើន ក្នុងការយល់ដឹងអំពីរបៀប ឬ បែបបទនៃសំណេរ។ អ្នកអាចស្គាល់ពីចំណុចខ្លាំងអ្នកចំណុចខ្សោយរបស់សំណេររបស់អ្នកដទៃ។ ដូច្នេះហើយអ្នកអាចចាប់ផ្ដើមសរសេរដោយរំលេចនូវលក្ខណៈពិសេសរបស់ខ្លួន។

២) បង្កើននូវចំណេះដឹងទៅលើពាក្យគន្លឹះ និងប្រើប្រាស់វាឲ្យបានត្រឹមត្រូវ៖ ចូលទៅសង្កេតឲ្យកាន់តែជ្រៅជាងមុនទៅលើការសរសេរសំណេរមួយដែលមានភាពពិសេសអាចអូសទាញចិត្តអ្នកអានបាន ការស្វែងយល់ពីពាក្យគន្លឹះក្នុងភាសាដែលសំណេររបស់អ្នកប្រើប្រាស់ គឺជាប្រការមួយដ៏សំខាន់បំផុត។ សំណេរដ៏ល្អមួយ ជាទូទៅ«ខ្លីតែខ្លឹម» បកស្រាយខ្លឹមសារច្បាស់ៗ និងផ្ដល់ភាពងាយស្រួលដល់អ្នកអានក្នុងការយល់បានពីអ្វីដែលអ្នកចង់ប្រាប់ពួកគេ ម្យ៉ាងទៀត ពួកគេក៏មិនមានពេលគ្រប់គ្រាន់សម្រាប់អានសំណេរដ៏វែងអន្លាយ និងគ្មានចំណុចសំខាន់ច្បាស់លាស់នោះដែរ ហេតុនេះ អ្នកត្រូវសិក្សាស្វែងយល់ជាប្រចាំនូវពាក្យគន្លឹះទាំងឡាយដែលអាចបកស្រាយបានចំអត្ថន័យនូវអ្វីដែលអ្នកចង់បង្ហាញ។ ការពង្រីកចំណេះដឹងក្នុងការប្រើប្រាស់ពាក្យគន្លឹះ អាចធ្វើបានតាមរយៈការអានសៀវភៅច្រើនប្រភេទ និងឆែកមើលពាក្យគន្លឹះណាដែលអ្នកមិនយល់នៅក្នុងវចនានុក្រម រួចធ្វើការកត់ចំណាំទុក ម្យ៉ាងទៀត អ្នកអាចប្រើប្រាស់នូវវចនានុក្រមដែលបង្ហាញពីពាក្យដែលមានអត្ថន័យស្រដៀងគ្នា(thesaurus) និង ធ្វើការសិក្សាស្វែងយល់ពីស្ថានភាពពេលណាដែលពាក្យនីមួយៗត្រូវបានគេយកមកប្រើ។

មួយវិញទៀត ការរៀនពីពាក្យបន្ថែមនៅខាងមុខ(prefixes) ពាក្យបន្ថែមនៅខាងចុង(suffixes) និងឬសគល់នៃពាក្យនីមួយៗ នឹងជួយបង្កើនចំណេះដឹងក្នុងការប្រើប្រាស់ពាក្យពេចន៍របស់អ្នកបានកាន់តែទូលំទូលាយដោយនឹកស្មានមិនដល់។ រីឯការរៀនសរសេរពីនិយមន័យនៃពាក្យគន្លឹះទាំងនោះព្រមជាមួយនឹងការផ្ដល់ឧទាហរណ៍អមជាមួយនឹងពាក្យថ្មីៗ នៅក្នុងសៀវភៅដាច់ដោយឡែកពីគ្នាទៅតាមប្រភេទនៃមុខវិជ្ជាផងដែរនោះ នឹងជួយឲ្យអ្នកយល់ដឹងកាន់តែច្រើន និងមានការចងចាំពាក្យទាំងនោះបានយូរអង្វែងទៀតផង។ យ៉ាងណាមិញ ចំណុចដែលអ្នកគួរចងចាំនោះគឺ បើកាលៈទេសៈដែលខ្លឹមសាររបស់អ្នក អាចប្រើប្រាស់ពាក្យសាមញ្ញបាន អ្នកត្រូវប្រើប្រាស់វាជំនួស ជាជាងពាក្យគន្លឹះដែលបង្កើតការភ័ន្តច្រឡំដល់អ្នកអានរបស់អ្នកទៅលើអ្វីដែលអ្នកចង់សំដៅទៅលើ។

៣) ប្រាប់ទៅកាន់អ្នកអានរបស់អ្នកពីអ្វីដែលអ្នកដទៃបានលើកឡើងសំណេររបស់អ្នកប្រៀបដូចជាស្ពានចម្លងមួយ ដើម្បីបង្ហាញទៅកាន់អ្នកអានថាតើអ្នកបានអានសិក្សាស្រាវជ្រាវច្រើនកម្រិតណា ដូច្នេះរបៀបនៃការសរសេរអត្ថបទរបស់អ្នកក្នុងគោលបំណងអូសទាញចំណាប់អារម្មណ៍អ្នកអានទាំងឡាយ ការលើកឡើងពីសម្ដីរបស់បុគ្គលណាម្នាក់ ឬខ្លឹមសារក្នុងអត្ថបទណាមួយមកបន្ថែមសេចក្ដីលម្អិតដល់សំណេររបស់អ្នក ដោយបញ្ជាក់ពីប្រភពដែលអ្នកយកវាមកផងដែរនោះ គឺជាវិធីម្យ៉ាងដ៏មានប្រសិទ្ធភាព និងមានភាពទាក់ទាញដល់សំណេររបស់អ្នក។

ប៉ុន្តែ អ្នកមិនត្រូវលើកឡើងតែពីអ្វីដែលអ្នកដទៃនិយាយម្យ៉ាងនោះទេ ចំណុចជាភាពទាក់ទាញ គឺបើអ្នកយល់ស្របនឹងគំនិតនោះ អ្នកត្រូវបូកបញ្ចូលបន្ថែមនូវគំនិតរបស់អ្នកពីលើនោះ ផ្ទុយទៅវិញ បើអ្នកមានគំនិតជំទាស់ អ្នកត្រូវផ្ដល់ហេតុផល និងភស្តុតាងមកបញ្ជាក់ថាហេតុអ្វីអ្នកយល់ឃើញខុសពីនេះ ដែលការមានគំនិតប្រឆាំងបែបនេះ គឺជាប្រការល្អបំផុត ព្រោះវាបានបង្ហាញពីសមត្ថភាពវែកញែកសីុជម្រៅទៅលើគំនិតអ្នកដទៃប្រកបដោយការមើលឃើញពីបញ្ហាបានគ្រប់ជ្រុងជ្រោយ និងមានភាពល្អិតល្អន់។

) ភ្ជាប់ជាមួយឯកសារជាសំអាង៖ ត្រូវចាំថា ដើម្បីឲ្យសំណេររបស់អ្នកពោរពេញទៅដោយអត្ថន័យ និង ខ្លឹមសារច្បាស់លាស់ និង គួរជាទីទុកចិត្តសម្រាប់អ្នកអាននោះ អ្នកត្រូវប្រាកដថា រាល់ការលើកឡើងផ្សេងៗ ត្រូវតែខ្ជាប់មកជាមួយនូវឯកសារជាសំអាង មិនថា ជាទិន្នន័យ លទ្ធផលនៃការស្រាវជ្រាវ ឬ របាយការណ៍ពីស្ថាប័នផ្សេងៗ ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ oxford royale academy

X
5s