អាវុធដ៏មុតស្រួចសម្រាប់ខួរក្បាលទាំង៥ក្បាលដែលអ្នកគួរកាន់អានចាប់ពីពេលនេះតទៅ
ខួរក្បាលរបស់មនុស្សប្រៀបដូចជាគ្រឿងម៉ាសីុនដែលមានតួនាទីបញ្ជាទៅលើការគិត ការសម្រេចចិត្តដែលផលិតនូវគ្រប់ការប្រព្រឹត្ត ឬទង្វើ ឬសកម្មភាពរបស់អ្នកគ្រប់ពេលវេលាជាប្រចាំថ្ងៃ។
ដើម្បីសម្រេចនូវកិច្ចការផ្សេងៗនៅក្នុងជីវិតឲ្យទទួលបានលទ្ធផលជាទីមោទនភាព អ្នកត្រូវមានគ្រឿងម៉ាសីុនបង្គាប់បញ្ជាដ៏មានសមត្ថភាពមួយ ដែលបញ្ហាមិនស្ថិតនៅត្រង់ថាខួរក្បាលល្អអាចមានមកពីកំណើតជាមួយមនុស្សនោះទេ ព្រោះមនុស្សគ្រប់គ្នាអាចមានគ្រឿងម៉ាសីុនដ៏អស្ចារ្យសម្រាប់ជាអាវុធប្រយុទ្ធនឹងឧបសគ្គផ្សេងៗនៅក្នុងជីវិតបាន ដរាបណាពួកគេបានហ្វឹកហាត់ខួរក្បាលរបស់ខ្លួនយ៉ាងមានភាពតស៊ូស្វិតស្វាញ អត់ធ្មត់ហ្វឹកហាត់ជាប្រចាំ នោះការហ្វឹកហាត់នឹងដើរតួប្រៀបប្រដូចទៅនឹងការសំលៀងកាំបិតដូច្នោះ ដែលកាន់តែសំលៀងញឹកញាប់ប៉ុណ្ណា កាំបិតនឹងកាន់តែមុតស្រួចប៉ុននោះ។ ដោយហ្វឹកហាត់ខួរក្បាលរបស់អ្នកតាមរយៈការអានសៀវភៅទាំង៥ក្បាលខាងក្រោមនេះ ផ្លែផ្កាដែលអ្នកទទួលបានមកវិញនឹងធ្វើឲ្យអ្នកយល់ថា សក្ដិសមនឹងតម្លៃបំផុត៖
១) 'Moonwalking with Einstein: The Art and Science of Remembering Everything' Joshua Foer៖ សៀវភៅដែលបាននិពន្ធមកដោយឆ្លងកាត់ការធ្វើការសិក្សាស្វែងយល់ពីការចងចាំអស់រយៈពេល១២ខែរួចមករបស់លោក Foer នេះ នឹងបកស្រាយប្រាប់អ្នកអំពីការធ្វើការនៃផ្នែកខាងក្នុងរបស់វា ដំណើរការណ៍នៃការគិតដោយធម្មជាតិដែលមានលក្ខណៈបែបអនុសម្បជញ្ញៈ និងសក្ដានុពលលាក់កំបាំងរបស់វា។ មិនតែប៉ុណ្ណោះ លោកក៏បានប្រាប់ពីវិធីសាស្ត្រសម្រាប់ហ្វឹកហាត់ការចងចាំផងដែរ។
២) 'Train Your Brain For Success: Read Smarter, Remember More, and Break Your Own Records' Roger Seip៖ គ្រឿងផ្សំដែលជាខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះ ត្រូវបានគេទទួលស្គាល់ពីប្រសិទ្ធភាពរបស់វា ដែលនៅពេលអ្នកអាន អ្នកអាចនឹងយល់ថាវាមិនសូវមានភាពសំខាន់ ប៉ុន្តែដំណើរការណ៍ឆ្ពោះទៅរកលទ្ធផលរបស់វា មានប្រសិទ្ធភាពដូចជាអំណាចវេទមន្តដ៏អស្ចារ្យដូច្នោះ។ ក្រោយពីអ្នកបានសាកល្បងប្រើប្រាស់វារួច អ្នកនឹងភ្លេចថាកន្លងមកអ្នកមានបញ្ហាជាមួយការចងចាំរបស់អ្នកមិនខាន។
៣) 'Stay Smart: 100 Exercises to Keep Your Brain Sharp' Charles Phillips៖ សៀវភៅមួយក្បាលនេះគឺជាកំណប់ទ្រព្យនៃប្រស្នាដ៏មានតម្លៃយ៉ាងពិតប្រាកដ ដែលចំណុចចាប់ផ្ដើមនៃសៀវភៅនេះ នឹងផ្ដល់នូវមេរៀនសម្រាប់កម្ដៅសាច់ដុំរបស់អ្នក បន្ទាប់មកក៏ឈានដល់ការធ្វើលំហាត់ប្រាណផ្នែកគំនិត មុនពេលជាចុងក្រោយអ្នកសម្រេចបាននូវភាពវៃឆ្លាតក្នុងឧបសគ្គកម្រិតដ៏ខ្ពស់មួយ។ លើសពីការហ្វឹកហាត់ខួរក្បាលឲ្យទទួលបាននូវសមត្ថភាពដ៏អស្ចារ្យពីមេរៀនទាំងនេះ អ្នកនឹងបានស្វែងយល់បន្ថែមទៅលើការពិតដ៏គួរឲ្យចាប់អារម្មណ៍អំពីខួរក្បាលរបស់អ្នកទៀតផង។
៤) 'Your Brain: The Missing Manual' Matthew MacDonald៖ ខ្លឹមសារដ៏មានប្រយោជន៍លើសលុបដែលសៀវភៅនេះផ្ដល់ឲ្យ នឹងឆ្លើយនូវសំណួរសំខាន់ៗជាច្រើនដូចជា ហេតុអ្វីយើងធ្លាក់ក្នុងអន្លង់ស្នេហា? តើអ្វីទៅដែលធ្វើឲ្យយើងក្រោកពីគេងបានព្រឹកព្រលឹម? តើយើងគួរទទួលទានអាហារបែបណា និងថាតើអាហារអ្វីដែលយើងគួរទទួលទានដើម្បីមានសុខភាពល្អ ? តើយើងអាចធ្វើអ្វីបានខ្លះដើម្បីផ្ដល់ថាមពលដល់ខួរក្បាល ? តាមវិធីណាទើបយើងអាចបង្កើនការចងចាំរបស់យើងឲ្យប្រសើរជាងមុនបាន ? អ្នកនិពន្ធបានស្រង់យកខ្លឹមសារសំខាន់ៗដោយរៀបរាប់វាយ៉ាងសង្ខេប និងបកស្រាយអំពីការវិវត្តចុងក្រោយនៃការសិក្សាទៅលើប្រព័ន្ធប្រសាទ ចិត្តវិទ្យា និងអាហារផងដែរ។
៥) 'Your Brain at Work: Strategies for Overcoming Distraction, Regaining Focus, and Working Smarter All Day Long' David Rock៖ សៀវភៅនេះបកស្រាយទៅលើមូលហេតុដែលបណ្ដាលឲ្យខួរក្បាលរបស់អ្នកធ្វើការខ្លាំងហួសហេតុ។ លើសពីនេះ អ្វីដែលធ្វើឲ្យសៀវភៅមួយក្បាលនេះមានតម្លៃដែលអ្នកគួរជ្រើសរើសអាននោះ គឺការផ្ដល់នូវលំនាំយកទៅប្រតិបត្តិ ជាការណែនាំពីអ្នកនិពន្ធសម្រាប់អ្នកយកទៅអនុវត្ត ដើម្បីគាស់រំលើងឡើងមកវិញនូវអំណាចនៃការគិតរបស់អ្នក និងរុញច្រានវាទៅដល់ចំណុចកំពូលរបស់វាម្ដងទៀត។ តាមរយៈការប្រតិបត្តិនេះរួចមក អ្នកនឹងកត់សម្គាល់ថាខ្លួនអ្នកអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានកាន់តែស្ងប់ជាងមុន ព្រមទាំងអភិវឌ្ឍនូវសមត្ថភាពក្នុងការផលិតនូវការសម្រេចចិត្តដ៏ត្រឹមត្រូវនៅក្នុងបញ្ហាវិបត្តិផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព៕