លោក​អ្នក​ដឹង​ទេ​ថា​ ជនជាតិ​ជ្វីហ្វ​ (Jews) ​គឺ​ជា​នរណា?​



ប្រវត្តិសាស្ត្រ​សង្ខេប​របស់​ជនជាតិ​ជ្វីហ្វ តាម​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ជ្វីហ្វ​ ដែល​ត្រូវ​បាន​សរសេរ​ទុក​នៅ​ក្នុង​គម្ពីរ​ប៊ីប ជនជាតិ​នេះ​មាន​ដើម​កំណើត​ពី​បុព្វបុរស​របស់​ពួកគេ​ឈ្មោះ Abraham។ Abraham គឺ​ជា​មនុស្ស​ដំបូង​គេ​បង្អស់ ដែល​បាន​បំបាត់​ចោល​នូវ​ជំនឿ​ទៅលើ​អាទិទេព​​ជា​ច្រើន ហើយ​បំផុស​ជាតិសាសន៍​របស់​ខ្លួន​ឲ្យ​មាន​ការ​គោរព​ជឿជាក់​ទៅលើ​ព្រះអាទិទេព​តែ​មួយ។ រួម​ទាំង​កូន​ប្រុស​របស់​ Abraham គឺ​ Issac និង​កូន​ប្រុស​របស់​Issac គឺ​Jacob សុទ្ធ​តែ​ត្រូវ​បាន​ជនជាតិ​ជ្វីហ្វ​ចាត់​ទុក​ថា​ជា​បុព្វបុរស​របស់​ពួកគេ។

ប្រវត្តិ​របស់​កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​ទាំង ​១២​នាក់​របស់​Jacob គឺ​Joseph ក៏​ត្រូវ​បាន​ចារឹក​ទុក​នៅ​ក្នុង​គម្ពីរ​ប៊ីប​ដែរ។ Joseph​ត្រូវ​បាន​បង​ប្រុស​បង្កើត​របស់​ខ្លួន​យក​ទៅ​លក់​ជា​ទាសករ​ឲ្យ​ពួក​អេហ្ស៊ីប ក្រោយមក​ដោយសារ​ភាព​អត់​ឃ្លាន សមាជិក​គ្រួសារ​របស់​Joseph​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន នាំ​គ្នា​ប្ដូរ​ទី​លំនៅ​ទៅ​ប្រទេស​អេហ្ស៊ីប​វិញ ហើយ​សាង​ជីវិត​ប្រកប​ដោយ​សុខ​សន្តិភាព​ជា​ច្រើន​ជំនាន់​ត​មក។ ប៉ុន្តែ ក្រោយ​ការ​ឡើង​កាន់​រាជ​បល្ល័ង្ក​ថ្មី​របស់​ស្ដេច​អេហ្សីុប​ឈ្មោះ​ Pharaoh ទ្រង់​យល់ថា​ជាតិសាសន៍​ខ្លួន​ត្រូវ​បាន​ទទួល​រង​ការ​គំរាម​កំហែង​ពី​ជាតិសាសន៍​ជ្វីហ្វ ព្រមទាំង​ជាតិសាសន៍​ដទៃ​ដែល​បាន​មក​តាំង​ទី​លំនៅ​ក្នុង​ទឹកដី​របស់​ពួកគេ​នោះ ដូច្នេះ​ស្ដេច​ Pharaoh​ក៏​បាន​ធ្វើ​ឲ្យ​ពួកគេ​ទាំងអស់​ក្លាយ​ជា​ទាសករ​របស់​ខ្លួន។

Image result for Jews

នៅ​ក្នុង​សៀវភៅ ​Exodus ​ក្នុង​គម្ពីរ​ប៊ីប ក៏​បាន​រៀបរាប់​អំពី​ដំណើរ​រឿង​របស់​មេដឹកនាំ​សាសនា Moses និង​អំពី​សេរីភាព​របស់​គាត់​ចំពោះ​ទាសករ​ជនជាតិ​ជ្វីហ្វ ដែល​បាន​ដឹកនាំ​ពួក​ទាសករ​ទាំងនោះ ចាកចេញ​ពី​ទឹកដី​របស់​ប្រទេស​អេហ្សីុប ហើយ​ដំណើរ​ត្រាច់ចរ​គ្មាន​ទិសដៅ​ច្បាស់លាស់​របស់​ពួកគេ​នៅ​វាលខ្សាច់​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ ៤០​ឆ្នាំ។ កំឡុង​ពេល​នៃ​ការ​ត្រាច់ចរ​របស់​ពួកគេ​ក្នុង​តំបន់​វាលខ្សាច់​នោះ​ដែរ គឺ​ជា​ពេល​ដែល​ Moses បាន​ឡើង​ទៅកាន់​កំពូល​ភ្នំ​Sinai និង​បើ​និយាយ​តាម​វប្បធម៌​សាសនា គាត់​បាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ទាំង​ ១០​ពី​ព្រះ​ជា​ម្ចាស់ (Ten Commandments) រួម​ទាំង​ទស្សន​គតិ​របស់​វប្បធម៌​ជនជាតិ​ជ្វីហ្វ​មាន​ឈ្មោះ​ថា ​Torah​ ​ផង​​ដែរ ហើយ​ក៏​ជា​ពេល​ក្រោយ​ពី​ការ​ស្លាប់​បាត់បង់​ជីវិត​របស់ ​Moses​ដែរ ដែល​ជនជាតិ​ជ្វីហ្វ​​ស្វែងរក​ទឹកដី​សម្រាប់​តាំង​ទីលំនៅ​របស់​ខ្លួន​បាន​នៅ​ក្នុង​ប្រទេស​អីុស្រាអែល ជា​ទឹកដី​ដែល​ជា​ការ​សន្យា​របស់​ព្រះ​ជា​ម្ចាស់ ឬ​ហៅ​ថា Promised Land។

Image result for Jews

ក្រោយ​ពី​ការ​ស្លាប់​របស់ ​Moses ពួក​កុលសម្ព័ន្ធ​ទាំង ​១២​របស់​ជនជាតិ​ជ្វីហ្វ​ ដែល​កុលសម្ព័ន្ធ​នីមួយៗ​មាន​ពូជពង្ស​មក​ពី​កូន​ប្រុស​ម្នាក់ៗ​ទាំង ​១២​នាក់​របស់​ Jacob បាន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់ Joshua ហើយ​ចូល​ទៅ​តាំង​ទីលំនៅ​ក្នុង​ទឹកដី​ជា​ការ​សន្យា​របស់​ព្រះ​ជា​ម្ចាស់​នៅ​អីុស្រាអែល​នោះ ដែល​កន្លង​មក​ត្រូវ​បាន​ពួក​ Canaanites​ តាំង​ទីលំនៅ។ ក្រោយពី​ពួក​ជ្វីហ្វ​បាន​ដណ្ដើម​យក​ទីក្រុង Jericho ​បាន​មក ពួកគេ​ក៏​វាតទី​ដណ្ដើម​យក​ទឹកដី​ទាំងមូល​របស់​អីុស្រាអែល។ ពួក​Canaanites និង​ពួក​Philistines ត្រូវ​ប្រឈម​នឹង​ភាព​លំបាកលំបិន​ពី​ការ​ជម្លៀស​ចេញ ដោយ​ទ្រាំទ្រ​នឹង​ការ​រង​ទុក្ខ​បុក​ម្នេញ​ត​ទៅទៀត​លែង​បាន ចុង​បញ្ចប់​ពួក Philistines​ បាន​ទទួល​រង​នូវ​ភាព​បរាជ័យ​យ៉ាង​ដុនដាប​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់ Samson។ ក្រោយ​ពី​ទទួល​បាន​អំណាច​កាន់កាប់​ទាំង​ស្រុង​លើ​ទឹកដី​នៃ​ប្រទេស​អីុស្រាអែល​ហើយ ពួក​ជ្វីហ្វ​​ក៏​បាន​ស្វែងរក​ជម្រើស​ដោយ​ប្រើប្រាស់​នូវ​អំណាច​នៃ​សាសនា​ចំពោះ​ការ​ដឹកនាំ​ប្រទេស​របស់​ខ្លួន។ ពួកគេ​ក៏​បាន​ជ្រើសរើស ​Samuel ជា​មេដឹកនាំ​ថ្នាក់​ខ្ពស់​ជាង​គេ​របស់​វិហារ​សាសនា មក​ធ្វើ​ជា​បុគ្គល​ដែល​មាន​សិទ្ធិ​អំណាច​ជ្រើស​តែងតាំង​ស្ដេច​មក​គ្រប់គ្រង​ទឹកដី​របស់​ពួកគេ។ ហេតុនេះ ស្ដេច​ដំបូង​របស់​ទឹកដី​អីុស្រាអែល គឺ​ជា​ស្ដេច​ Saul (១០២០-១០០០​មុន​គ.ស) ដែល​ជា​សមាជិក​របស់​កុលសម្ព័ន្ធ Benjamin និង​ដែល​ធ្លាប់​មាន​ជ័យ​ជម្នះ​ទៅលើ​ពួកAmmonites និង​ពួកPhilistines។ យ៉ាងណាមិញ ពេលវេលា​កន្លង​មក Samuel​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​បែប​អំណាច​ផ្ដាច់ការ​របស់​ស្ដេចSaul។

ជំនួស​ឲ្យ​ការ​ផ្ទេរ​បន្ត​នូវ​របៀប​ដឹកនាំ​របស់​ជនជាតិ​ខ្លួន​ទៅកាន់​កូន​ប្រុស​របស់​ស្ដេចSaul ឈ្មោះJonathan Samuel​ក៏​បាន​តែងតាំង​David​ដែល​ជា​សមាជិក​របស់​កុលសម្ព័ន្ធ​Judah ជា​ស្ដេច​ទី​២​នៃ​ប្រទេស​អីុស្រាអែល​ដោយ​ស្ងាត់ៗ​វិញ។ រយៈកាល​មុន​ការ​គ្រង​រាជ្យ​សម្បត្តិ David​ធ្លាប់​ទទួល​បាន​ភាព​ល្បីល្បាញ​សុះសាយ​យ៉ាង​ខ្លាំង គឺ​ជា​អ្នក​ចម្បាំង​ដែល​មាន​ជ័យ​ជម្នះ​ទៅលើ​ការ​សម្លាប់​អ្នក​ចម្បាំង​ដ៏​ធំ​របស់​ពួក​Philistines គឺ​ពួក giant Goliath។ តែ​ទី​បំផុត​ទៅ ស្ដេច​ David​ បាន​ក្ដោបក្ដាប់​និង​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ពេញ​ទី ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ទ្រង់​ក្លាយ​ជា​ស្ដេច​គ្រប់គ្រង​មាន​ឥទ្ធិពល​លើ​ទឹកដី​អីុស្រាអែល​ទាំងមូល។ កំឡុង​ពេល​គ្រង​រាជ្យ​របស់​ស្ដេច​ David​ ផង​ដែរ ពួក​អីុស្រាអែល​ទាំងនេះ ក៏​បាន​ដណ្ដើម​យក​ទឹកដី​នៃ​ទីក្រុង Jerusalem ហើយ​បាន​កែប្រែ​វា​មក​ក្លាយ​ជា​ទាំង​រដ្ឋធានី​នៃ​សាសនា និង​រដ្ឋធានី​ដែល​មិន​ទាក់ទង​នឹង​សាសនា​របស់​ពួកគេ។ អ្នក​បន្ត​រាជ​បល្ល័ង្ក​ពី​ស្ដេច ​David គឺ​ជា​ស្ដេច ​Solomon ជា​កូន​របស់​ស្ដេច​ David និង​នាង​Bath Sheba។ ក្នុង​រាជ្យ​របស់​ស្ដេច ​Solomon (៩៦១-៩២២​មុន​គ.ស) គឺ​ជា​កំឡុង​ពេល​នៃ​ការ​រស់នៅ​ប្រកប​ដោយ​សន្តិភាព​របស់​ប្រជារាស្ត្រ។

ទោះជាយ៉ាងណាក៏ដោយ ទ្រង់​ត្រូវ​បាន​គេ​កត់​សម្គាល់​ទៅលើ​គម្រោង​សាងសង់​ដ៏​ប្រណិត​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​ទាំង​ប្រាសាទ​ដំបូង (the First Temple) ក្នុង​ទីក្រុង Jerusalem​ផង​ដែរ។ ដើម្បី​សម្រេច​នូវ​គោលបំណង​របស់​ខ្លួន​ដែល​ចង់​ស្ថាបនា​ប្រាសាទ​ទី ១​ ចេញ​ជា​រូបរាង​ឡើង ទ្រង់​បាន​ទទួល​រង​នូវ​ការ​មិន​ពេញចិត្ត​ពី​ពួក​ក្រុម​កុលសម្ព័ន្ធ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចំពោះ​ការ​ប្រមូល​ពន្ធ​ក្នុង​តម្លៃ​ខ្ពស់ និង​គោលនយោបាយ​របស់​ទ្រង់​ទៅលើ​កម្លាំង​ពលកម្ម។ ហេតុ​នេះ​ហើយ នៅ​ក្រោយ​ការ​ចូល​ទិវង្គត​របស់​ទ្រង់ ពួក​ក្រុម​កុលសម្ព័ន្ធ​នៅ​ភាគ​ខាង​ជើង​ទាំង​១០​បាន​បះបោរ និង​បង្កើត​អាណាចក្រ​ឯករាជ្យ​របស់​ខ្លួន ស្រប​ពេល​ដែល​កុលសម្ព័ន្ធ​២​ក្រុម​ទៀត គឺ​ក្រុម​របស់​Judah និង​ក្រុម​របស់​Benjamin នៅ​តែ​បន្ត​ការ​គាំទ្រ​ចំពោះ​អ្នក​បន្ត​រាជ​បល្ល័ង្ក​ថ្មី​ពី​ស្ដេច​Solomon គឺ​ស្ដេច​Rehoboam។ អាណាចក្រ​ខាងជើង​បាន​តាំង​រដ្ឋធានី​របស់​ខ្លួន​នៅ​ទីក្រុង Samaria រីឯ​រដ្ឋធានី​របស់​អាណាចក្រ​ខាង​ត្បូង​ស្ថិត​នៅ​ទីក្រុងJerusalem​ដដែល ហើយ​វា​ក៏​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​របស់​អាណាចក្រ​Judah​នៃ​ពួក​ខាង​ត្បូង​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ជ្វីហ្វ​​ផង​ដែរ។

ភាព​ចុះ​ខ្សោយ​នៃ​អំណាច​របស់​ប្រវត្តិសាស្ត្រ​ជនជាតិ​ជ្វីហ្វ​​ក៏​បាន​មក​ដល់។ ក្នុង​ឆ្នាំ​៧២២​មុន​គ.ស ទីក្រុង Samaria​ នៃ​អាណាចក្រ​ខាងជើង​ត្រូវ​បាន​ដណ្ដើម​យក​ដោយ​ពួក​Assyrians ប៉ុន្តែ​ដំណឹង​អំពី​ពួកគេ​មិន​ត្រូវ​បាន​លេច​ឮ​នោះ​ឡើយ ដូច្នេះ​ពួក​នេះ​ត្រូវ​បាន​គេ​លើកឡើង​ជា "ការ​បាត់បង់​ក្រុម​កុលសម្ព័ន្ធ​ទាំង​១០​របស់​អីុស្រាអែល"។ បន្ត​ពី​នេះ​ទៀត ឆ្នាំ​៥៩៨​ មុន​គ.ស អាណាចក្រ​ខាងត្បូង​ក៏​ត្រូវ​បាន​ចូល​លុកលុយ​ដោយ​ស្ដេច​ Nebuchadnezzar​នៃ​រដ្ឋ​Babylonia។ ប្រជាជន​មួយ​ភាគ​ធំ ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​រដ្ឋ​ Babylonia ឯ​ទីក្រុង​Jerusalem​របស់​អាណាចក្រ​ Judah​ ត្រូវ​ដួល​រលំ​ក្នុង​ឆ្នាំ​៥៨៦​មុន​គ.ស ចំណែក​ឯ​ប្រាសាទ​ទី១​របស់​ពួកគេ​ត្រូវ​រង​ការ​កម្ទេច​ចោល។ កំឡុង​ពេល​នៃ​ការ​ជម្លៀស​ចេញ​នោះ​ដែរ ពួក​អីុស្រាអែល​ទាំងនោះ​បាន​បន្សាំ​ខ្លួន​នឹង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​សង្គម​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​បាន​យ៉ាង​ល្អ​ប្រសើរ​នៅ​លើ​ទឹកដី​ថ្មី​របស់​ខ្លួន​ផង​ដែរ។

ទោះ​ជា​នៅ​ក្រោយ​ការ​វាយ​លុក​របស់​ពួក​Persians​ទៅ​លើ​ទឹកដី​Babylonia​នៅ​ឆ្នាំ​៥៣៨​មុន​គ.ស ដែល​ស្ដេច​របស់​ពួក​Persians គឺ​ស្ដេច​Cyrus បាន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ត្រូវ​បាន​ជម្លៀស​មក វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​ក្នុង​ទឹកដី​របស់​ខ្លួន​វិញ​ក៏​ដោយ ក៏​មាន​ប្រជាជន​អីុស្រាអែល​តែ​៥០,០០០​ប៉ុណ្ណោះ ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​អាណាចក្រ​Judah​របស់​ខ្លួន​វិញ រីឯ​អ្នក​ផ្សេង​ទៀត​ដែល​នៅ​សេសសល់ បាន​តាំង​ទីលំនៅ និង​សាង​ជីវិត​ខ្លួន​យ៉ាង​មាន​សេចក្ដី​សុខ​នៅ​លើ​ទឹកដី​ថ្មី​នេះ​ហើយ។ ក្រោយ​ការ​ពន្យារ​ពេល​ជា​ច្រើន​ទសវត្ស​កន្លង​មក ក្នុង​ឆ្នាំ​៥១៦​មុន​គ.ស ការ​ចាប់​កំណើត​ឡើង និង​ការ​គោរព​បូជា​នៃ​ប្រាសាទ​ទី២​របស់​ពួកគេ​ក៏​មាន​ជា​ថ្មី​ម្ដង​ទៀត។

ឆ្លង​ផុត​រាប់​សតវត្ស​នៃ​សុខ​សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​នៃ​ទឹកដី​អីុស្រាអែល ពួក​Syrians​ក៏​បាន​ដណ្ដើម​អំណាច​គ្រប់គ្រង​ទៅលើ​ទឹកដី​នេះ​ក្នុង​ឆ្នាំ​១៩៨​មុន​គ.ស។ ពី​ដំបូង​ឡើយ​ការ​គ្រប់គ្រង​របស់​ពួក​នេះ មាន​អត្តចរិត​ស្លូតបូត​នោះ​ទេ។ តែ​ក្រោយ​មក នៅ​ក្នុង​រាជ្យ​របស់​ស្ដេច​Antiochus IV Epiphanes ទ្រង់​បាន​បំបិទ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​គោរព​បូជា​ចំពោះ​សាសនា​យូដា (Judaism) របស់​ពួកគេ​នេះ​ឡើយ ព្រម​ទាំង​បង្ខំ​ឲ្យ​គោរព​លើ​សាសនា​Hellenism​របស់​ពួកគេ​វិញ។ មិនតែប៉ុណ្ណោះ ទ្រង់​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​សាងសង់​អាទិទេព​Zeus​របស់​ជនជាតិ​ក្រិក​នៅ​ក្នុង​ប្រាសាទ​ផង​ដែរ ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ពួក​អីុស្រាអែល។

ការ​ប្រយុទ្ធ​ឆ្លើយតប​ចំពោះ​ការ​ប្រឆាំង​នេះ​ក៏​បាន​កើតឡើង ដោយ​មាន​Judah Maccabee​ជា​មេបញ្ជាការ​ទាហាន ហើយ​ក៏​បាន​ដឹកនាំ​យក​ជ័យជម្នះ​ទៅលើ​កម្លាំង​ដ៏​ពូកែៗ​របស់​ពួក​Syrians​ជា​ច្រើន​ដង។ រហូត​ដល់​ជ័យជម្នះ​នេះ បាន​ធ្វើឲ្យ​Judah Maccabee​ចូល​ទៅ​ប្រាសាទ​ម្ដង​ទៀត និង​គោរព​បូជា​សារ​ជា​ថ្មី ហើយ​នេះ​ក៏​ជា​ដើមកំណើត​នៃ​បុណ្យ​Hanukkah​របស់​សាសនា​យូដា ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​អបអរ​ចំពោះ​ជ័យជម្នះ​នេះ​ចាប់​តាំង​ពី​ពេល​នោះ​មក​ដែរ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនា​របស់​ពួក​អីុស្រាអែល​ដែល​មាន​ជ័យជម្នះ​ទៅលើ​ពួក​Syrians មាន​ជីវិត​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ទឹកដី​អីុស្រាអែល​ត្រូវ​បាន​បន្ត​វាតទី​ដោយ​ចក្រភព​រ៉ូមាំុង និង​ត្រូវ​បាន​គេ​ស្គាល់​ជា​ប៉ាឡេស្ទីន​អស់​រយៈកាល​ជិត​៧០០​ឆ្នាំ។ ក្នុង​រាជ្យ​ស្ដេច​Herod (៣៧-៤មុនគ.ស) ការ​គ្រប់គ្រង​ប្រព្រឹត្ត​ទៅ​ដោយ​ប្រើប្រាស់​អំណាច​របស់​ព្រឹទ្ធសភា​រ៉ូមាំុង។ ទ្រង់​មាន​ស្នាដៃ​ដ៏​អស្ចារ្យ​ក្នុង​ការ​សាងសង់​ជា​ច្រើន ដូចជា​ប្រាសាទ អាគារ​សម្រាប់​បម្រើ​សាធារណជន កំពង់ផែ និង​រាជវាំង ហើយ​ស្នាដៃ​មួយ​ចំនួន​រួម​ទាំង​ប្រាសាទ​ទី២ ក៏​នឹង​អាច​មើល​ឃើញ​បាន​មក​ទល់​ពេល​នេះ​ផង​ដែរ។ ការ​ប្រឆាំង​របស់​ជនជាតិ​ជ្វីហ្វ​ទៅលើ​ការ​គ្រប់គ្រង​របស់​ចក្រភព​រ៉ូមាំុង​កើត​មាន​នៅ​ក្នុង​គ.ស​៧០។ នៅ​ក្រោយ​ការ​វាតទី​ដណ្ដើម​អំណាច ប្រាសាទ​ទី២​ត្រូវ​បាន​កម្ទេច​ចោល ហើយ​ការ​ប្រឆាំង​ពី​ពួក​ជ្វីហ្វ​ក៏​បាន​បំផ្លាញ​មិន​ឲ្យ​មាន​បន្ត​ទៀត​ដែរ។ យ៉ាងណាមិញ គំនិត​ប្រឆាំង​របស់​ប្រជាជន​ជ្វីហ្វ​មួយ​ក្រុម ដែល​បាន​កាន់កាប់​លើ​បន្ទាយ​មួយ​នៅ​Masada ក្បែរ​សមុទ្រ​Dead Sea នៅ​តែ​បន្ត​មាន​យ៉ាង​ពុះ​កញ្ជ្រោល។

កងទ័ព​របស់​រ៉ូមាំុង​បាន​ចំណាយ​ពេល​អស់​៣​ឆ្នាំ ដើម្បី​បំបាត់​ចោល​នូវ​ការ​ប្រឆាំង​នេះ ប៉ុន្តែ​ដោយ​មិន​អាច​ទប់ទល់​តទៅ​មុខ​ទៀត​បាន ពួកគេ​ក៏​សុខ​ចិត្ត​សម្លាប់​ខ្លួនឯង​ដោយ​ផ្ទាល់​ដៃ ជាជាង​ជ្រើស​យក​ការ​ចុះចាញ់។ ទីក្រុង​Jerusalem​ត្រូវ​បាន​ពួក​រ៉ូមាំុង​ស្ដារ​ឡើង​វិញ​ជា​ទីក្រុង​នៃ​ជំនឿ​ទៅលើ​អាទិទេព​ច្រើន។ នៅ​ស.វ​ទី​៧០ ទឹកដី​ដែល​ត្រូវ​បាន​ហៅ​ថា​ប៉ាឡេស្ទីន ត្រូវ​បាន​ពួក​អារ៉ាប់​ដណ្ដើម​បាន​ជា​បន្ត​ទៅ​ទៀត។ ពួក​ជ្វីហ្វជា​ច្រើន​បាន​ចូល​បម្រើ​ក្នុង​កងទ័ព​អារ៉ាប់ និង​បាន​ជួយ​ពួកគេ​យក​ឈ្នះ​លើ​ឧបទ្វីបIberian រួច​ពួក​ជ្វីហ្វ​ក៏​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ រាប់​សតវត្ស​កន្លង​ផុត​ទៅ ជនជាតិ​ជ្វីហ្វ​កាន់តែ​ច្រើន បាន​រីក​ដុះដាល​ពេញ​ទឹកដី​របស់​អេស្ប៉ាញ រួម​ទាំង​អាហ្វ្រិក​ខាង​ជើង ព្រម​ទាំង​បាន​បង្កើត​នូវ​កំណត់ត្រា​សមិទ្ធផល​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ ឱសថសាស្ត្រ តន្ត្រី ទស្សនវិជ្ជា និង​វប្បធម៌​ផង​ដែរ។ ដំណើរ​ជីវិត​របស់​ជនជាតិ​ជ្វីហ្វ​កំឡុង​ពេល​មជ្ឈិម​សម័យ​មួយ​ផ្នែក​ធំ គឺ​ជា​ភាព​កណ្ដោចកណ្ដែង​ខាង​ផ្នែក​សង្គម និង​ផ្នែក​សេដ្ឋកិច្ច អំពើ​សាហាវ​យង់​ឃ្នង និង​សោកនាដកម្ម​ចំពោះ​ជាតិសាសន៍​ពួកគេ។ ពួក​ជ្វីហ្វ ត្រូវ​បាន​បំបែក​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គេ ទាំង​ផ្នែក​រាងកាយ និង​ផ្នែក​សង្គម​តាំង​ពី​ក្នុង​កំឡុង​ពេល​មជ្ឈិម​សម័យ​រហូត​តទៅ​រយៈកាល​ក្រោយ​ពី​មជ្ឈិម​សម័យ​ត​ទៀត៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.remember.org

X
5s