​វិធីសាស្ត្រ​៤​យ៉ាង​ ដើម្បី​ចងចាំ​មេរៀន​ ​ដោយ​មិន​ចាំ​បាច់​​ប្រឹង​ទន្ទេញ​បែក​ពពុះ​មាត់​!​



ខួរក្បាល​របស់​អ្នក​មិន​មែន​ជា​កុំព្យូទ័រ​ដែល​អាច​ផ្ទុក​ទិន្នន័យ​បាន​រាប់​ពាន់​ក្នុង​ពេល​មិន​ដល់​ប៉ុន្មាន​វិនាទី​នោះ​ទេ ដូច្នេះ​វិធីសាស្ត្រ​ទន្ទេញ​ប្រើប្រាស់​សម្រាប់​ការ​ចងចាំ​ទិន្នន័យ មិន​អាច​មាន​ប្រសិទ្ធភាព​បាន​ក្នុង​រយៈពេល​វែង​នោះ​ទេ។ ការ​ទន្ទេញ​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​វិធីសាស្ត្រ​ដែល​អ្នក​ប្រើ​ខួរក្បាល​របស់​អ្នក​បញ្ច្រាស​ពី​វិធី​ធ្វើការ​តាម​ធម្មជាតិ​របស់​វា ហើយ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​គឺ​ជា​ភាព​គ្មាន​ប្រសិទ្ធ​ផល និង​ការ​ខាតបង់​ពេលវេលា។

ខួរក្បាល​របស់​អ្នក​នឹង​ធ្វើការ​បាន​ល្អ​បំផុត បើ​អ្នក​ចេះ​ប្រើប្រាស់​វា​ឲ្យ​បាន​ត្រឹមត្រូវ។ អ្នក​រៀន​សូត្រ​ដ៏​ឈ្លាសវៃ​មិន​មែន​ប្រើ​វិធីសាស្ត្រ​ទន្ទេញ ដើម្បី​ចងចាំ​ទិន្នន័យ​មេរៀន​ទាំងឡាយ​នោះ​ឡើយ ផ្ទុយទៅវិញ​ពួកគេ​ព្យាយាម​ស្វែងរក​ភាព​ជាប់​ទាក់ទង​គ្នា​នៃ​គំនិត​ក្នុង​មេរៀន​ទាំងនោះ ដើម្បី​ចងចាំ​និង​យល់​ស៊ីជម្រៅ​ទៅលើ​អ្វី​ដែល​ខ្លួន​បាន​រៀន។ ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ចំនួន​សម្រាប់​ចងចាំ​គ្រប់​យ៉ាង​នូវ​អ្វី​ដែល​អ្នក​បាន​រៀន៖

១) ការ​ប្រើ​ពាក្យ​ប្រៀបធៀប៖ ចំពោះ​វិធីសាស្ត្រ​មួយ​នេះ អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​គំនិត​ណាមួយ​ដែល​អ្នក​បាន​រៀន​ទៅ​នឹង​អ្វី​ដែល​អ្នក​ធ្លាប់​យល់​កន្លង​មក​ក្នុង​ជីវិត​រស់នៅ​ជាក់ស្ដែង។ ជា​ឧទាហរណ៍ អ្នក​អាច​នឹក​ស្រមៃ​ពី​កុងទ័រ​ល្បឿន​ឡាន​ជាមួយ​នឹង​សមីការ​ដេរីវេ​ដែល​អ្នក​កំពុង​សិក្សា ឬ​ស្រមៃ​ពី​ហ្គេម​Plink-O​ជាមួយ​នឹង​សមីការ​ទ្វេធា​ជា​ដើម។

២) ការ​បង្កើត​ដ្យាក្រាម៖ ដ្យាក្រាម​នឹង​បង្ហាញ​នូវ​ទិន្នន័យ​ដែល​មាន​ភាព​ជាប់​ទាក់ទង​គ្នា​អំពី​ប្រធានបទ​ជាក់លាក់​ណាមួយ​ប្រៀប​ដូច​ជា​គ្រួសារ​ដូច្នោះ។ ឧទាហរណ៍​ថា​អ្នក​កំពុង​សិក្សា​ពី​ពាក្យ​ភាសា​អង់គ្លេសfather ដែល​ប្រែ​ថា​ឪពុក​ក្នុង​ភាសាខ្មែរ ដូច្នេះ​អ្នក​អាច​ចងចាំ​ពាក្យ​នេះ​បាន ដោយ​គិត​ពី​ពាក្យ​ផ្សេងៗ​ទៀត​ដែល​មាន​ទំនាក់ទំនង​នឹង​វា​ដូចជា mother, sister, brother... រួច​បង្កើត​វា​ឡើង​មក​ជា​ដ្យាក្រាម​បែក​មែកធាង​ក្រោម​ប្រធានបទ​ជាក់លាក់​តែ​មួយ។ ការ​ធ្វើ​បែប​នេះ នៅ​ពេល​អ្នក​ភ្លេច​ពី​ពាក្យ​ណាមួយ អ្នក​អាច​ហៅ​រក​វា​មក​វិញ​បាន ដោយ​គ្រាន់តែ​នឹក​ដល់​ពាក្យ​ផ្សេង​ដែល​មាន​ទំនាក់ទំនង​នឹង​វា​តែ​ប៉ុណ្ណោះ។

៣) "វា​ដូច​គ្នា​ត្រង់​នេះ ប៉ុន្តែ​ខុស​គ្នា​ត្រង់​នោះ"៖ វិធីសាស្ត្រ​បែប​នេះ​ទាមទារ​ឲ្យ​អ្នក​ភ្ជាប់​ទំនាក់ទំនង​នូវ​គំនិត​ក្នុង​មេរៀន​ជាមួយ​នឹង​អ្វី​មួយ​ផ្សេង​ទៀត​ដែល​មាន​ចំណុច​ដូច​គ្នា​ណាមួយ ប៉ុន្តែ​ខុស​ពី​គ្នា​ត្រង់​ចំណុច​ណាមួយ ដូច​ជា​ការ​និយាយ​ថា "វា​ដូច​គ្នា​ត្រង់​នេះ ប៉ុន្តែ​ខុស​គ្នា​ត្រង់​នោះ"។ ឧទាហរណ៍​ថា "ការ​បង្កើន​ល្បឿន​ដូច​គ្នា​ទៅ​នឹង​ទំនាញ​ផែនដី ប៉ុន្តែ​ខុស​គ្នា​ត្រង់​វា​អាច​ទៅ​តាម​ទិសដៅ​ណា​ក៏​បាន"។ អ្នក​មិន​ចាំបាច់​ទាមទារ​ខ្លួនឯង​នូវ​ព័ត៌មាន​ដែល​អ្នក​ភ្ជាប់​ទំនាក់ទំនង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​១០០%​នោះ​ទេ ត្រឹម​តែ​កុំ​ឃ្លាត​ឆ្ងាយ​ពី​ការ​ពិត​ពេក​ទៅ​បាន​ហើយ សំខាន់​ការ​បង្កើត​ទំនាក់ទំនង​បែប​ច្នៃប្រឌិត​ឡើង​នឹង​បំផុស​នូវ​ការ​ចងចាំ​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង។

៤) ប្រើ​រូបារម្មណ៍​ស្រមើស្រមៃ៖ ព័ត៌មាន​ដែល​មាន​រូបភាព​កាន់តែ​ច្បាស់ នោះ​ការ​ចងចាំ​និង​សមត្ថភាព​ក្នុង​ការ​យល់ដឹង​របស់​អ្នក​ចំពោះ​វា​ក៏​មាន​ភាព​ច្បាស់លាស់ និង​ស្ថិត​បាន​យូរ​អង្វែង​ដូច​គ្នា​ដែរ។ ថ្វី​ដ្បិតតែ​អ្នក​មិន​អាច​មើល​ឃើញ​វា​បាន​ជាក់ស្ដែង​ផ្ទាល់​នឹង​ភ្នែក ឬ​ប៉ះពាល់​ដោយ​ផ្ទាល់​តាម​ញ្ញាណ​ទាំង​៥​បាន ប៉ុន្តែ​មនុស្ស​យើង​ម្នាក់ៗ​មាន​របស់​ដ៏​មាន​តម្លៃ​សម្គាល់​នូវ​ភាព​ពិសេស​របស់​មនុស្ស​ដែល​ជា​រូបារម្មណ៍ ឬ​ការ​នឹក​ស្រមៃ​នោះ​ឯង។ អ្នក​អាច​ប្រើ​ការ​ស្រមៃ​របស់​អ្នក​នឹក​គិត​ពី​រូបភាព​នៃ​ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​មក​ចាក់​បញ្ចាំង​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក ដែល​នឹង​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ដក់​ជាប់​នឹង​ព័ត៌មាន​នោះ ឯ​ការ​ចងចាំ​របស់​អ្នក​ក៏​នឹង​មាន​រយៈកាល​យូរ​ទៅ​តាម​នោះ​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ thinksimplenow

X
5s