រឿងរ៉ាវសំខាន់ៗ៧យ៉ាងដែលអ្នកគួរយល់ដឹងពីមហាវីរបុរសចិន ម៉ៅ សេទុង​



ក្រៅ​ពី​ត្រូវ​បាន​មនុស្ស​ទូទាំង​សកលលោក​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​របស់​មេ​ដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​ចិន ម៉ៅ សេទុង ថែម​ទាំង​ជា​មហា​វីរបុរស​មួយ​រូប​ដែល​ជា​ស្ថាបនិក​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រម​ទាំង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ប្រទេស​របស់​ខ្លួន ពី​ការ​ជ្រៀត​ចូល​វាយ​លុក​ពី​បរទេស និង​បង្កើត​នូវ​គោលនយោបាយ​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍន៍​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម​ផង​ដែរ។ តើ​រឿងរ៉ាវ​ពិត​របស់​មហា​វីរបុរស​របស់​ប្រទេស​ចិន​រូប​នេះ មាន​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ដែល​អ្នក​គួរ​ស្វែងយល់​បន្ថែម ?

១) ជា​ក្មេង​កើត​ក្នុង​ត្រកូល​អ្នក​ស្រែ​ចម្ការ​ដ៏​សាមញ្ញ​ម្នាក់ ភាព​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ បាន​ជំរុញ​គាត់​ឲ្យ​ចូលរួម​បង្កើត​គណបក្ស​កុម្មុយនិស្ត​ចិន Chinese Communist Party (CCP) ក្នុង​ឆ្នាំ១៩២១ កំឡុង​ពេល​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​ប៉េកាំង។

២) ដំបូង​ឡើយ​ក្នុង​ឆ្នាំ​១៩២៣ គណបក្ស​ជាតិ​និយម​ចិន Chinese Nationalist Party ឬ Kuomintang nationalist party (KMT) បង្កើត​ដោយ​បិតា​ស្ថាបនិក​សាធារណរដ្ឋ​ចិន លោក ស៊ុន យ៉ាតសេន និង​គណបក្សកុម្មុយនិស្តចិន(CCP) គឺ​ជា​សម្ព័ន្ធមិត្ត​រួម​បក្ស​ជាមួយ​គ្នា ដើម្បី​កម្ចាត់​ស្ដេច​ត្រាញ់​ដែល​គ្រប់គ្រង​ទៅលើ​ផ្នែក​ដ៏​ច្រើន​នៃ​ប៉ែក​ខាង​ជើង​ប្រទេស​ចិន។ តែ​ក្រោយពី​ការ​ស្លាប់​របស់​ស្ថាបនិក​របស់​គណបក្ស​ជាតិ​និយម ស៊ុត យ៉ាតសេន​ក្នុង​ឆ្នាំ១៩២៥​ទៅ លោក ចៀង កាយជៀក​ក៏​ចូល​មក​បន្ត​តំណែង ដឹកនាំ​ការ​លុប​បំបាត់​ចោល​នូវ​មនោគមន៍​កុម្មុយនិស្តក្នុង​ឆ្នាំ១៩២៨ ដែល​ជម្លោះ​ផ្ទៃ​ក្នុង​នេះ​បាន​បង្ក​ជា​សង្គ្រាម​សីុវិល រហូត​ដល់​គណបក្ស​ទាំង​២​បែក​ចេញ​ពី​គ្នា​ក្នុង​ឆ្នាំ១៩៤៦។

៣) លោក ចៀង កាយជៀក​ជា​អ្នក​ប្រកាន់​នូវ​គំនិត​អភិរក្ស​និយម ដែល​នេះ​ធ្វើឲ្យ​មេ​ដឹកនាំ​គណបក្ស​កុំមុយនិស ម៉ៅ សេទុង​មិន​សូវ​ជា​មាន​ការ​ពេញចិត្ត​នឹង​លោក​ប៉ុន្មាន​នោះ​ឡើយ។

៤) បើ​ទោះ​ជា​គណបក្ស​ទាំង​ពីរ​ធ្វើ​ពុត​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​ស្រប​ពេល​មាន​ជម្លោះ​ផ្ទៃ​ក្នុង អំឡុង​ពេល​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជប៉ុន​ចាប់​ពី​ឆ្នាំ១៩៣៧​ដល់​ឆ្នាំ១៩៤៥​ក៏​ដោយ ក៏​បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២​នេះ​ទៅ សង្គ្រាម​សីុវិល​ក៏​បាន​ផ្ទុះ​ឡើង​រវាង​គណបក្ស​ទាំង​ពីរ ហើយ​គណបក្ស​របស់​ម៉ៅ សេទុង​ក៏​ទទួល​បាន​ជ័យ​ជម្នះ ព្រមទាំង​ប្រកាស​នូវ​ការ​ចាប់​កំណើត​ឡើង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក៏​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ១៩៤៩។ ឯ​លោក ចៀង កាយជៀក និង​សមាជិក​រួម​គណបក្ស​តែ​មួយ​ដទៃ​ទៀត ភៀស​ខ្លួន​ទៅ​នៅ​លើ​ទឹកដី​តៃវ៉ាន់។

៥) ក្រោម​ការ​ដឹកនាំ​បែប​កុម្មុយនិស្ត​ដោយ​ដើរ​តាម​មនោគមន៍​របស់​លេនីន អ្នក​ធ្វើ​បដិវត្ត​របស់​រុស្ស៊ី ម៉ៅ សេទុង​បាន​បំផុស​នូវ​យុទ្ធនាការ "មហា​លោត​ផ្លោះមហាអស្ចារ្យ" ឬ​«Great Leap Forward» ក្នុង​ឆ្នាំ១៩៥៨ ក្នុង​គោលដៅ​ឆ្ពោះ​តម្រង់​ទៅ​រក​ការ​អភិវឌ្ឍន៍​ផលិតកម្ម​កសិកម្ម និង​ឧស្សាហកម្ម តែ​ត្រូវ​បញ្ចប់​ដោយ​ការ​ស្លាប់​បាត់បង់​ជីវិត​ប្រជាជន​អស់​ប្រមាណ​៤០លាន​នាក់​ដោយ​ការ​អត់​ឃ្លាន ដោយសារ​ជា​អកុសល​នៃ​គ្រោះ​ទឹក​ជំនន់ និង​ភាព​មិន​អំណោយផល​នៃ​ទិន្នផល​កសិកម្ម។

៦) ភាព​បរាជ័យ​ដ៏​ធំធេង​ដល់​ប្រជាជាតិ​ខ្លួន​នេះ បាន​នាំ​ភាព​អាម៉ាស់​ជា​ខ្លាំង​ដល់​មេ​ដឹកនាំ​ផ្ដាច់ការ​រូប​នេះ ទើប​ជំរុញ​ឲ្យ​មាន​កម្លាំង​សម្រាប់​បំផុស​នូវ​ការ​បដិវត្តន៍​វប្បធម៌ (Cultural Revolution) កើត​ឡើង​ជា​ថ្មី នា​ឆ្នាំ១៩៦៦។ តែ​ការ​បដិវត្តន៍​នេះ​ក៏​បាន​នាំ​មក​នូវ​ការ​ស្លាប់​បាត់បង់​ជីវិត​អស់​ប្រជាជាតិ​ចំនួន​១លាន​នាក់​កន្លះ​ទៅ​ទៀត ឯ​កេរ្តិ៍មរតក​វប្បធម៌​ជា​ច្រើន​របស់​ប្រទេស​ក៏​ត្រូវ​បាន​បំផ្លាញ​ផង​ដែរ រួម​ទាំង​ភាព​ឥត​សណ្ដាប់ធ្នាប់​នៃ​សេដ្ឋកិច្ច និង​សង្គម​ពេញ​មួយ​ផ្ទៃ​ប្រទេស​ថែម​ទៀត។

៧) អ្នក​ដឹកនាំ​ម៉ៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ១៩៧៦ ដោយសារ​បញ្ហា​សុខភាព។ ឯ​គោលបំណង​របស់​គាត់​ដែល​ចង់​បិទ​ផ្លូវ​ពាណិជ្ជកម្ម និង​ទីផ្សារ​របស់​ចិន​ក៏​មិន​ត្រូវ​បាន​អ្នក​បន្ត​តំណែង​ក្រោយៗ​មក​ទៀត គាំទ្រ​នោះ​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.bbc.co.uk & www.factslegend.org

X
5s