​ហេតុអ្វី​ខួរក្បាល​លោក​ ​​អាល់ប៊ឺត អាញស្តាញ (Albert Einstein) ​ត្រូវ​បាន​គេ​លួច​ក្រោយ​ពេល​​លោក​ស្លាប់?​



ខួរក្បាល​ដែល​បាន​នឹក​គិត​បង្កើត​ចេញ​នូវ​ទ្រឹស្ដី​ទំនាក់ទំនង​ទូទៅ e=mc2 ធ្វើឲ្យ​កក្រើក​ដល់​ប្រវត្តិសាស្ត្រ​នៃ​ពិភព​រូបវិទ្យា ហើយ​ច្បាប់​នេះ​ទៀត​សោត​ថែម​ទាំង​បាន​បន្សល់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​សិក្សា​ស្រាវជ្រាវ​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​បន្ថែម​ទៅលើ​រូបវិទ្យា​ទៀត​ផង។ ភាព​អច្ឆរិយ​ដ៏​វិសេសវិសាល​នៃ​ខួរក្បាល​ដែល​ជា​កម្មសិទ្ធិ​របស់​រូប​វិទូ លោក អាល់ប៊ឺត អាញស្តាញ​នេះ បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ស្រាវជ្រាវ​ជា​ច្រើន ពី​សំណួរ​ថា​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​រូប​វិទូ​ជនជាតិ​អាល្លឺម៉ង់ និង​មាន​ដើម​កំណើត​ជា​ជនជាតិ​ជ្វីស​រូប​នេះ មាន​ភាព​ឈ្លាសវៃ​ខ្លាំង​ម្ល៉េះ រហូត​ដល់​មាន​អ្នក​ដែល​​លួច​យក​ខួរក្បាល​ដ៏​វិសេស​អស្ចារ្យ​នេះ​បាន​សម្រេច។

ប្រភពរូប៖ entrepreneur

ក្រោយ​ពី​ការ​ស្លាប់​របស់​លោក អាញស្តាញ​ពី​រោគ​បេះដូង នា​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ១៩៥៥​នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​រដ្ឋ​ញូវជើសីុ​ភ្លាម អ្នក​រោគ​វិទ្យា​មួយ​រូប ដែល​មាន​កាតព្វកិច្ច​ត្រួតពិនិត្យ​សាកសព​របស់​អ្នក​ស្លាប់ ដើម្បី​សិក្សា​ស្វែងរក​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ពួកគេ មាន​ឈ្មោះ​ថា Thomas Harvey ក៏​បាន​ចាប់ផ្ដើម​ដំណើរការណ៍​ការងារ​របស់​ខ្លួន។ ប៉ុន្តែ​គាត់​បែរ​ជា​យក​ទាំង​ខួរក្បាល​របស់​រូប​វិទូ​ម្នាក់​នេះ ទុក​ក្នុង​ក្រឡ​កែវ​មួយ ហើយ​យក​ទៅ​កន្លែង​ធ្វើការ​របស់​ខ្លួន ដោយ​ឥត​មាន​ការ​អនុញ្ញាត​នោះ​ឡើយ ហើយ​នា​ពេល​នោះ​ក៏​មិន​មាន​អ្នក​ណា​ដឹង​ឲ្យ​ប្រាកដ​ដែរ​ថា​តើ​គាត់​យក​ខួរក្បាល​នោះ​ទៅ​ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ ឬ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។

តាម​ពិត​គាត់​មាន​ចេតនា​លួច​យក​ខួរក្បាល​ដ៏​អច្ឆរិយ​នេះ​ពិត​ប្រាកដ​មែន។ ពេល​លោក អាញស្តាញ​នៅ​រស់ គាត់​ក៏​អាច​ទាយ​ដឹង​ទុក​ជា​មុន​ដែរ ថា​ហេតុការណ៍​នេះ​នឹង​កើត​ឡើង​ក្រោយ​ពេល​គាត់​ស្លាប់ ដូច្នេះ​ហើយ​ទើប​បាន​ជា​គាត់​ចង់​ការពារ​ទុក​ជា​មុន ដោយ​ពាក្យ​ផ្ដែផ្ដាំ​របស់​គាត់​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​កាត​របស់​Brian Burrell​ពី​Brain Museum​មាន​ចំណងជើង​ថា The Improbable Search for Meaning in the Matter of Famous Minds ក្នុង​ន័យ​ដែល​គាត់​ចង់​ឲ្យ​សាកសព​ទាំងមូល​រួម​ទាំង​ខួរក្បាល​របស់​គាត់ ខ្ចាត់ខ្ចាយ​ទៅ​តាម​ទី​កំបាំង​ផ្សេងៗ​ពី​គ្នា ដើម្បី​ការពារ​ពី​អ្នក​ប៉ុនប៉ង​ចង់​បាន​វា។

អ្នក​រោគ​វិទ្យា​ម្នាក់​នេះ ក៏​បាន​សុំ​ការ​អនុញ្ញាត​ពី​កូន​ប្រុស​របស់​រូប​វិទូដើមកំណើត​អាល្លឺម៉ង់​នេះ​ដែរ តែ​អ្វី​ដែល​គាត់​ធ្វើ​គឺ​នៅ​ក្រោយ​ពេល​ដែល​គាត់​បាន​រំលោភ​សិទ្ធិ​ទៅលើ​ម្ចាស់​កម្មសិទ្ធិ​ខួរក្បាល​នោះ​បាត់​ទៅ​ហើយ។ ក្រោយមក គាត់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ ហើយ​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​សាកលវិទ្យាល័យPennsylvania​ព្រមទាំង​យក​ខួរក្បាល​នោះ​ទៅ​ជាមួយ​ផង​ដែរ។ ការ​ពិសោធន៍​របស់​លោក​ក៏​បាន​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ ដោយ​គាត់​បាន​កាត់​ចំណែក​ខ្លះ​នៃ​ខួរក្បាល​នោះ​យក​ទោ​ពិនិត្យ​ក្នុង​មីក្រូទស្សន៍ ហើយ​ទុក​ចំណែក​នៅ​សល់​ក្នុង​ក្រឡ​កែវ។ គាត់​បាន​ចាកចេញ​ទៅ​ប៉ែក​ខាងលិច​កណ្ដាល​ជាមួយ​ខួរក្បាល​នោះ ហើយ​យូរៗ​ម្ដង ទើប​គាត់​ផ្ញើ​រូបភាព​ខ្លះៗ​ឲ្យ​ទៅ​អ្នក​វិទ្យាសាស្ត្រ​ដែល​ចង់​បាន​វា។

ពេល​នោះ​ការ​សិក្សា​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ចេញ​ផ្សាយ ដោយ​លើកឡើង​ថា​ខួរក្បាល​របស់​អ្នក​ដែល​បាន​រក​ឃើញ​ទ្រឹស្ដី​ទំនាក់ទំនង​ទូទៅ​រូប​នេះ មាន​កោសិកា​ជំនួយ (glial cells) ដែល​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​ប្រព័ន្ធ​ប្រសាទ​ច្រើន​ជាង​ខួរក្បាល​មនុស្ស​ទូទៅ ដែល​ជា​ហេតុ​នាំឲ្យ​ការ​បំពេញ​មុខងារ​នៃ​ការ​យល់​ដឹង​មាន​ខ្ពស់​បែប​នេះ។ យ៉ាងណាមិញ ការ​សិក្សា​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​សម័យ​ទំនើប រិះគន់​ដោយ​អះអាង​ថា​ការ​សិក្សា​ទៅលើ​ខួរក្បាល​តែ​មួយ​មិន​អាច​កំណត់​បាន​នូវ​ព័ត៌មាន​ត្រឹមត្រូវ​យក​ជា​ការណ៍​បាន​ឡើយ។

បន្ទាប់​មក​ក្នុង​ទសវត្ស​ឆ្នាំ១៩៩០ អ្នក​រោគ​វិទូ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​ទី​កន្លែង​របស់​ចៅ​ស្រី​រូប​វិទូ​អាញស្តាញ​រស់នៅ ដើម្បី​ប្រគល់​ខួរក្បាល​នោះ​ទៅវិញ។ ប៉ុន្តែ​ដោយសារ​នាង​បដិសេធ​មិន​ត្រូវការ ដូច្នេះ​ហើយ​មុន​ពេល​លោក Harvey​ស្លាប់​ក្នុង​ឆ្នាំ២០០៧ លោក​ក៏​បាន​បរិច្ចាគ​វា​ទៅ​ឲ្យ​សាកលវិទ្យាល័យPrinceton​វិញ។ នៅ​ពេល​នេះ បើ​អ្នក​ចង់​ឃើញ​បំណែក​នៃ​ខួរក្បាល​ដែល​បាន​ធ្វើឲ្យ​កក្រើក​ដល់​ប្រវត្តិសាស្ត្រ​នៃ​ពិភព​រូបវិទ្យា​នេះ អ្នក​អាច​ទៅ​ទស្សនា​វា​បាន​នៅ​ឯ​សារមន្ទីរ​ឈ្មោះ​ថា Mütter Museum ក្នុង​ទីក្រុង​ហ្វីឡាដេលហ្វីយ៉ា​នៃ​សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.mic.com

X
5s