មេរៀនដ៏មានតម្លៃ៤ចំណុច​ដែល​អ្នក​អាច​រៀន​សូត្រ​​​ពី​សៀវភៅ «អ្នក​មាន​បំផុត​នៅ​បាប៊ីឡូន»​



អក្សរសាស្ត្រ​បែប​បុរាណ​ដ៏​ល្បី​ឈ្មោះ​មួយ​ក្បាល មាន​ចំណងជើង​ថា "អ្នក​មាន​បំផុត​នៅ​បាប៊ីឡូន" (The Richest Man in Babylon) ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​អ្នក​និពន្ធ លោក George Samuel Clason គឺជា​ប្រភេទ​រឿង​និទាន​ខ្លី​មួយ ដែល​មាន​គោលដៅ​ផ្ដល់​តម្លៃ​អប់រំ​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​អំពី​ហិរញ្ញវត្ថុ ដែល​ត្រូវ​បាន​តម្កល់​ទុក និង​ប្រើ​ជា​គោលការណ៍​ដឹកនាំ ប្រៀប​ដូចជា​ក្បួន​តម្រា​សម្រាប់​សាង​ភាព​មាន​បាន​នា​សម័យកាល​បុរាណ​នៃ​ទឹកដី​បាប៊ីឡូន ដែល​មាន​ប្រវត្តិសាស្ត្រ​ធ្លាប់​ជា​ទឹកដី​ដ៏​អច្ឆរិយ និង​ពោរពេញ​ដោយ​ឥទ្ធិពល​បំផុត​មួយ។

សៀវភៅ​ដែល​បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ១៩២៦​នេះ ក៏​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​យើង ហើយ​អ្នក​ក៏​អាច​រក​បាន​តាម​បណ្ណាគារ​ផង​ដែរ។ តើ​តាមរយៈ​សៀវភៅ​ដែល​បង្កប់​នូវ​គំនិត​អប់រំ​ដ៏​ពិសេស​អស្ចារ្យ​នេះ អ្នក​អាច​រៀន​បាន​អ្វី​ខ្លះ​ពី​វា​ដើម្បី​ប្រែ​ក្លាយ​ជីវិត​របស់​ខ្លួន​ឲ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​បាន ?

១) ចំណាយ​លើ​ខ្លួនឯង​មុន​គេ​បង្អស់

ហេតុអ្វី​មនុស្ស​មួយ​ចំនួន តែង​ជាប់​ខ្លួន​រត់​នៅ​ក្នុង​រង្វង់​វិល​ជុំ​នៃ​ប្រាក់​ចំណូល​ដែល​ខ្លួន​ទទួល​បាន​ជា​រៀងរាល់​ខែ និង​មិន​អាច​ស្វែងរក​ផ្លូវ​ចេញ​ពី​រង្វង់​នោះ​បាន ? បុគ្គល​ប្រភេទ​នេះ បើ​ទោះជា​មាន​ប្រាក់​សម្រាប់​ចាយវាយ​ប៉ុណ្ណា ក៏​ប្រាក់​ទាំងនោះ​ហាក់​ដូចជា​មិន​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​របស់​គេ​ដែរ ក៏​ព្រោះ​តែ​ហេតុផល​ម្យ៉ាង​គឺ​ពួកគេ​មិន​មាន​ទម្លាប់​សន្សំ​ប្រាក់​របស់​ខ្លួន ឬ​មិន​ចំណាយ​លើ​ខ្លួនឯង​មុន​នោះ​ឯង ដែល​បាន​កាត់​ផ្ដាច់​ពួកគេ​ពី​ភាព​មាន​បាន​នោះ។ នៅ​ក្នុង​ខ្លឹមសារ​នៃ​សៀវភៅ "អ្នក​មាន​បំផុត​នៅ​បាប៊ីឡូន"The Richest Man in Babylon បាន​ផ្ដល់​ដំបូន្មាន​ថា យ៉ាងហោចណាស់​ក៏​អ្នក​ត្រូវ​សន្សំ​ប្រាក់​១ភាគ​១០ ឬ​ស្មើ​នឹង​១០ភាគរយ​នៃ​ចំនួន​ប្រាក់​ដែល​អ្នក​រក​បាន​ជា​ប្រចាំ​ខែ​ជា​រៀងរាល់​ខែ​នោះ​ដែរ មិន​ថា​ប្រាក់​ចំណូល​នោះ​តិចតួច​ប៉ុណ្ណា​ក៏​ដោយ។

២) ត្រូវ​ចំណាយ​ក្រោម​ចំណូល​ដែល​អ្នក​ទទួល​បាន

បន្ទាប់​ពី​អ្នក​យក​១០ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​អ្នក ទៅ​ចំណាយ​លើ​ខ្លួនឯង​ជា​មុន​ហើយ ៩០​ភាគរយ​ទៀត​ដែល​នៅសល់​គឺ​ប្រាកដ​ជា​ការ​ចំណាយ​ឲ្យ​អ្នកដទៃ​ដើម្បី​ដោះដូរ​សេចក្ដី​ត្រូវការ​របស់​អ្នក​ហើយ។ ប៉ុន្តែ​នេះ​មិនមែន​បាន​ន័យ​ថា អ្នក​ត្រូវ​ចំណាយ​៩០ភាគរយ​ទាំងអស់​ដែល​នៅ​សេសសល់​នោះ​ឡើយ។ រាល់​ពេល​ចំណាយ អ្នក​ត្រូវ​បែងចែក​ឲ្យ​ដាច់​រវាង អ្វី​ដែល​អ្នក​ត្រូវការ និង​អ្វី​ដែល​អ្នក​ចង់​បាន។ ម្យ៉ាងទៀត បើ​ទោះជា​ប្រាក់​ចំណូល​របស់​អ្នក​កើន​ក៏​ដោយ ការ​ចំណាយ​មិន​ត្រូវ​បង្កើន​ដោយ​អារម្មណ៍​រំជើបរំជួល​ទៅ​តាម​ចំណូល​ដែល​កើន​នោះ​ឡើយ ផ្ទុយទៅវិញ​អ្នក​គួរ​តែ​យក​ប្រាក់​ទៅ​បង្កើត​ប្រាក់​បន្ត​ទៀត​ដោយ​ការ​បណ្ដាក់ទុន។

៣) ប្រើ​ប្រាក់​ឲ្យ​ធ្វើការ​ឲ្យ​អ្នក

មុន​នឹង​ប្រើប្រាស់​ប្រាក់​ដែល​នៅ​សេសសល់​ធ្វើការ​ឲ្យ​អ្នក​តាមរយៈ​ការ​បណ្ដាក់ទុន អ្នក​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​ទៅ​កាន់​ខ្លួនឯង​ជា​មុន​សិន​ថា តើ​ពេល​នេះ​អ្នក​មាន​ទ្រព្យសម្បត្តិ​ប៉ុន្មាន ? ជម្រះ​បំណុល​អស់​ឫ​នៅ ? មាន​ប្រាក់​សន្សំ​សម​ល្មម​ឫ​អត់ ? ចុះ​ប្រាក់​បម្រុង​សម្រាប់​ជួយ​អ្នក​ក្នុង​គ្រា​អាសន្ន​ជាយថាហេតុ​វិញ ? ការ​ប្រើប្រាស់​ប្រាក់​ដើម្បី​បណ្ដាក់ទុន មិនមែន​ចេះ​តែ​ធ្វើ​ឡើង​ផ្ដេសផ្ដាស​តាម​តែ​ចិត្ត​នឹក​ឃើញ​ចង់​ស្រូប​ទាញ​ភាព​មាន​បាន​នោះ​ឡើយ ចំណុច​ដ៏​សំខាន់​និង​ជា​មូលដ្ឋាន​គ្រឹះ​អំពី​ការ​វិនិយោគទុន គឺ​ជា​ការ​យល់​ដឹង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ ឬ​វិនិយោគ។ លើស​ពី​នេះ អ្នក​ត្រូវ​ចេះ​ប្រមើល​មើល​ឃើញ​ពី​លទ្ធផល​ដក​ដែល​អាច​កើតឡើង​ទាំងឡាយ ព្រមទាំង​ត្រូវ​មាន​យុទ្ធសាស្ត្រ​ការពារ​សម្រាប់​រក​ច្រក​ចេញ​នូវ​រាល់​គ្រោះ​អាសន្ន​ផង​ដែរ។

៤) វិនិយោគ​ទៅលើ​ខ្លួនឯង

ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ គឺជា​គ្រាប់​ពូជ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​ចង់​សាង​ភាព​មាន​បាន​របស់​ខ្លួន។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ឆ្លើយ​នឹង​សំណួរ​ថា តើ​អ្នក​កំពុង​ប្រើប្រាស់​ប្រាក់​របស់​ខ្លួន​ក្នុង​ពេល​ឥឡូវ​នេះ​យ៉ាង​ដូចម្ដេច ? ការ​ចំណាយ​ប្រាក់​ទៅលើ​ចំណេះដឹង​មិន​ដែល​ជា​រឿង​ដែល​ខាតបង់​ឥត​ប្រយោជន៍​នោះ​ឡើយ ទោះជា​វា​មិន​ផ្ដល់​ផល​ឲ្យ​អ្នក​ក្នុង​ពេល​នេះ តែ​វា​នឹង​ផ្ដល់​ផ្លែ​ផ្កា​ឲ្យ​អ្នក​ក្នុង​ពេល​ក្រោយ ដែល​ជា​ការ​វិនិយោគ​លើ​ខ្លួនឯង​ក្នុង​រយៈពេល​វែង​ដ៏​មាន​តម្លៃ​បំផុត​មួយ។ មិន​ថា​ជា​ការ​អាន​សៀវភៅ រៀន​តាម​អនឡាញ និង​ស្វែងរក​បទពិសោធន៍​ជាក់ស្ដែង​ក្នុង​ពិភព​ខាងក្រៅ​នោះ​ទេ ទាំងនេះ​សុទ្ធតែ​ជា​ស្ពាន​ចម្លង​អ្នក​ទៅ​រក​ភាព​មាន​បាន​យ៉ាង​ពិតប្រាកដ​ហើយ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.enlight8.com

X
5s