អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​​



សម្រាប់​ប្រជាជន​នៅ​​ប្រទេស​​លោក​ខាងលិច​ ក៏ដូចជា​ ប្រទេស​រីកចម្រើន​ជាច្រើន​ទៀត​នៅ​លើ​ពិភពលោក​ ​​គឺ​ចូលចិត្ត​អាន​សៀវភៅ​ខ្លាំង​ណាស់​ ព្រោះ​ពួកគេ​ទម្លាប់​​តាំង​ពី​កុមារ​មក​ម្ល៉េះ​។ ប៉ុន្តែ​សម្រាប់​ប្រជាជន​នៅ​ ប្រទេស​ក្រីក្រ​វិញ​​គឺ​មិន​សូវ​ចំណាយ​ពេល​ច្រើន​ជា​មួយ​នឹង​ ការ​អាន​សៀវភៅ​ឡើយ​។ ​​ជា​ទូទៅ​ បើ​មិន​ទម្លាប់​អាន​ទេ​ ប្រាកដ​ជា​មិន​អាច​អាន​បាន​យូរ​នោះ​ឡើយ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ធុញទ្រាន់​។ ​​​

បើ​អ្នក​មិនមែន​ជា​ ​មនុស្ស​មិន​ចូលចិត្ត​អាន​សៀវភៅ​ទេ​ អ្នក​គួរតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​​ ក្លាយ​ជា​មនុស្ស​ដែល​​ពូកែ​អាន់​​សៀវភៅ​វិញ ព្រោះ​ការ​អាន​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។ ខាងក្រោម​នេះ គឺ​ជា​គន្លឹះ​សំខាន់ៗ​ដែល​ ជួយ​ឲ្យ​អ្នក​អាច​ផ្លាស់​ប្ដូរ​ពី​ទម្លាប់​មិន​ចូលចិត្ត​អាន​សៀវភៅ​៖

១) ​ជ្រើសរើស​អ្វី​ដែល​យើង​ចង់​អាន៖ ជា​ធម្មតា​ទេ​ ​បច្ចុប្បន្ន​នេះ​មាន​សៀវភៅ​ជា​​ច្រើន​ប្រភេទ​ ​ដែល​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ជ្រើសរើស​​អ្វី​ដែល​អ្នក​ចង់​ដឹង​ និង ​គិត​ថា​សំខាន់​សម្រាប់​អ្នក​។ ការ​ធ្វើ​បែបនេះ​ ដើម្បី​​ឲ្យ​ខ្លួន​អ្នក​ចាប់ផ្តើម​ផ្សាំ​ និង​ អាច​អាន​បាន​ច្រើន​។ ប៉ុន្តែ​បើ​អ្នក​មិន​​ធ្វើ​ដូច​នេះ​ទេ​ អ្នក​ប្រាកដ​ជា​​ធុញទ្រាន់​មិន​ខាន​ ហើយ​នឹង​មិន​ចង់​អាន​បន្ត​ទៀត​ឡើយ។ ដូច្នេះ​ ត្រូវ​ចាប់ផ្តើម​អាន​ជាមួយ​អ្វី​ដែល​ងាយៗ​ និង ចូលចិត្ត​។​

២) ​ប្រើ​ប៊ិច ឬ ខ្មៅដៃ​​គូសចំណាំ៖ ក្នុង​ផ្នែក​នីមួយៗ​នេះ សៀវភៅ​គឺ​សុទ្ធតែ​មាន​​ចំណុច​សំខាន់​​ ដែល​ទាមទារ​ឲ្យ​អ្នក​អាន​ ត្រូវ​ចេះ​កត់ ឬ គូស​ចំណាំ​ដើម្បី​សម្គាល់​ឲ្យ​ច្បាស់​ថា​​ ​វា​ជា​ចំណុច​ដែល​ត្រូវ​ចងចាំ។ ​ការ​ធ្វើ​បែបនេះ​ ​បញ្ជាក់​​ថា​​វា​ជា​លទ្ធផល​ ក្រោយ​ពេល​ការ​អាន​ ​ហើយ​វា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ទៅ​ថ្ងៃ​ក្រោយ​ ​ព្រោះ​ថា​ ​អ្នក​អាច​​បើក​សៀវភៅ​ឡើង​វិញ​ ដោយ​អាន​តែ​ចំណុច​ដែល​បាន​ចំណាំ​ គឺ​ជា​ការ​ស្រេច​ ពោល​គឺ​មិន​បាច់​អាន​ឡើង​វិញ​ទាំង​អស់​នោះ​ទេ​។

​៣) បង្កើត​ជា​សំនួរ​ក្នុង​ពេល​អាន​៖ ក្នុង​ពេល​អាន​ ប្រាកដ​ជា​មាន​ចំណុច​ជាច្រើន​ដែល​អ្នក​ត្រូវ​តែ​វិភាគ​ និង ​កត់សម្គាល់​។ ជា​មួយ​គ្នា​នោះ​ដែរ​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​ការ​ចាប់អារម្មណ៍​លើ​ការ​អាន​កាន់តែ​ខ្លាំង អ្នក​គួរតែ​ចេះ​បង្កើត​ជា​សំនួរ​ ដើម្បី​ស្វែងរក​ចម្លើយ​ ព្រោះ​​សៀវភៅ​មិនអាច​បំភ្លឺ​ និង ពន្យល់​គ្រប់យ៉ាង​នោះ​ទេ​។ ដូច្នេះ​ហើយ​ ការ​បង្កើត​ជា​សំនួរ​នេះ នឹង​ជំរុញ​ឲ្យ​អ្នក​​បន្ត​ការ​អាន​ទៀត​​ ដើម្បី​ស្វែងរក​ចម្លើយ​ដែល​ចង់​បាន​។

៤) ​​លើក​យក​ចំណុច​សំខាន់​មក​ពិភាក្សា​ជាមួយ​មិត្តភក្ដិ​៖ ​​បើ​អ្នក​គ្រាន់តែ​អាន​ ហើយ​មិន​បាន​លើក​យក​ចំណុច​សំខាន់ៗ​មក​ពិភាក្សា​ទេ​ នោះ​អ្នក​នឹង​ភ្លេច​ទៅ​វិញ​យ៉ាង​ងាយ​នៅ​ថ្ងៃ​ណាមួយ​។ ប៉ុន្តែ​បើ​លើក​យក​មក​ពិភាក្សា​ជាមួយ​ មិត្តភក្ដិ​ឬ អ្នក​នៅ​ជុំវិញ​ខ្លួន​ អ្នក​នឹង​ទទួល​បាន​គំនិត​ថ្មីៗ​ថែម​ទៀត​ពី​អ្នក​ដទៃ​ ​ហើយ​អ្នក​នឹង​ចងចាំ​វា​បាន​យូរ​ផង​ដែរ​។​ លើស​ពី​នេះ​ទៀត​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​​បន្ត​ការ​អាន​ដើម្បី​ស្វែងរក​គំនិត​សំខាន់ៗ​ពី​ក្នុង​សៀវភៅ​ទៀត​​ ដើម្បី​លើក​យក​មក​ពិភាក្សា។​

៥) អាន​សេចក្តី​បញ្ចប់៖ ការ​អាន​សេចក្តី​បញ្ចប់​ គឺ​ជា​ភាព​ឆ្លាតវៃ​មួយ​សម្រាប់​ អ្នក​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់​ ​ព្រោះ​​សេចក្តី​បញ្ចប់​ជា​ទូទៅ​ គឺ​ជា​ផ្នែក​មួយ​ដែល​គេ​សរសេរ​ដោយ​សង្ខេប​ចំណុច​សំខាន់ៗ​ដែល​បាន​រៀបរាប់​នៅ​ផ្នែក​ខាង​លើ​។ ​ថ្វីត្បិត​តែ​ពេល​ខ្លះ​ អ្នក​មិន​អាច​យល់​ផ្នែក​ជាច្រើន​នៅ​ក្នុង​អត្ថបទ​ ប៉ុន្តែ​​យ៉ាង​ហោច​ណាស់​ អ្នក​ក៏​ដឹង​ចំណុច​សំខាន់​ខ្លះៗ​ ​ក្នុង​សៀវភៅ​ (ប្រសើរ​ជាង​មិន​បាន​ដឹង​អ្វី​សោះ​)។

​​ដោយ៖ អ៊ុន ភក្តី

X
5s