តើអ្វីជាភាពឆ្លាតវៃសិប្បនិមិត្ត(artificial intelligence) ហើយអ្នកជំនាញយល់ឃើញបែបណា?
បច្ចុប្បន្ននេះ មានគ្រឿងយន្ត និង គ្រឿងម៉ាស៊ីនជាច្រើន ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ ហើយបានជួយសម្រាលបន្ទុកការងាររបស់មនុស្សជាច្រើន។ គ្រឿងយន្ត និង គ្រឿងម៉ាស៊ីនទាំងនោះ មានសមត្ថភាពភាពខ្ពស់ ក៏ព្រោះថា អ្នកជំនាញបានបញ្ចូលទិន្នន័យជាច្រើន ជាហេតុនាំឲ្យការបំពេញការងារគឺមានប្រសិទ្ធភាពជាងមនុស្សធម្មតា។
ភាពឆ្លាតវៃរបស់គ្រឿងម៉ាស៊ីនទាំងនោះ ត្រូវបានគេ ហៅក្នុងភាសាបច្ចេកទេសថា «ភាពឆ្លាតវៃសិប្បនិមិត្ត» ឬ ជាភាសាអង់គ្លេសហៅថាartificial intelligence ។ តើបុគ្គលសំខាន់ៗក្នុងផ្នែកវិទ្យាសាស្ត្រមានការប្រមើលទុកដូចគ្នាបែបណាចំពោះភាពវៃឆ្លាតសិប្បនិម្មិត (artificial intelligence) ? រូបវិទូផ្នែកទ្រឹស្ដីដ៏សំខាន់មួយរូប Stephen Hawking បានផ្ដល់បទសម្ភាសន៍ទៅកាន់BBCកាលពីឆ្នាំ២០១៤ថា៖ «ធម្មជាតិរបស់មនុស្ស ដែលមានការវិវត្តន៍ផ្នែកជីវសាស្ត្រឋិតនៅក្រោមដែនកំណត់ មិនអាចយកឈ្នះ និងពិតត្រូវបានជំនួសដោយភាពវៃឆ្លាតបែបសិប្បនិម្មិត»។
រយៈពេលមួយឆ្នាំក្រោយមកនាខែមករា ក្នុងកម្មវិធីReddit ផ្នែកសំណួរចម្លើយ លោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក Microsoft ក៏បានបង្ហាញពីក្ដីបារម្ភជាខ្លាំងរបស់ខ្លួនទៅលើភាពវៃឆ្លាតបែបសិប្បនិម្មិតដូច្នេះថា៖ «ខ្ញុំកំពុងតែស្ថិតក្នុងទីកន្លែងមួយដែលមានការព្រួយបារម្ភជាខ្លាំងចំពោះភាពវៃឆ្លាតដ៏អស្ចារ្យនេះ។ វានឹងក្លាយជារឿងល្អទៅវិញ ប្រសិនបើពួកយើងចេះគ្រប់គ្រងបានត្រឹមត្រូវ»។ លោកបន្តថា៖ « ទោះជាប៉ុន្មានទសវត្សទៅមុខទៀតក៏ដោយ ក៏ភាពវៃឆ្លាតនេះនៅតែមានអានុភាពខ្លាំងក្លាសម្រាប់ជាអ្វីដែលគួរឲ្យបារម្ភ។ ខ្ញុំយល់ស្របជាមួយអ្នកដទៃទៀតទៅលើចំណុចនេះ ហើយខ្ញុំពិតជាមិនយល់សោះឡើយថា ហេតុអ្វីមនុស្សមួយចំនួនមិនព្រួយបារម្ភអំពីវានោះ» ។
គួរបញ្ជាក់ផងដែរថា បើផ្អែកតាមអ្នកវិទ្យាសាស្ត្រជាច្រើនរូប ភាពវៃឆ្លាតបែបសិប្បនិម្មិតត្រូវបានប្រើប្រាស់សម្រាប់សំដៅទៅលើសកម្មភាពនៃការគិត និងភាពវៃឆ្លាតទាំងឡាយដែលដំណើរការណ៍ដោយម៉ាស៊ីន។ បច្ចេកវិទ្យាទំនើបប្រៀបបានទៅនឹងអាវុធមុខពីរ ដែលបង្កើតឡើងដោយប្រើប្រាស់ភាពវៃឆ្លាតបែបធម្មជាតិរបស់មនុស្ស ដើម្បីជួយសម្រាលដល់ការប្រើប្រាស់កម្លាំងពលកម្មរាងកាយរបស់មនុស្ស ផ្ដល់ភាពងាយស្រួលជាងមុនដល់ការរស់នៅ។ អត្ថប្រយោជន៍ដ៏ចម្បងមួយនេះ គឺជាអ្វីដែលមនុស្សជាតិក្នុងពេលបច្ចុប្បន្ន ទទួលបានពីវា។
យ៉ាងណាមិញ ស្របពេលដែលមនុស្សជាតិកំពុងសោយសុខនឹងប្រយោជន៍ដ៏មហាសាលពីភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប អត្តចរិតរបស់មនុស្សចំពោះការប្រើប្រាស់បច្ចេកវិទ្យា កំពុងតែនាំមហន្តរាយដល់ជីវិតរស់នៅរបស់ពួកគេដូចគ្នា។ ក្នុងវិស័យសុខាភិបាល នៅអាមេរិកខាងជើងនិងខាងត្បូង អឺរ៉ុប និងអាសីុ បច្ចេកវិទ្យាវ៉ាត់សុនរបស់IBM (IBM’s Watson technology) កំពុងត្រូវបានប្រើប្រាស់ដោយគ្រូពេទ្យសម្រាប់ផ្ដល់ព័ត៌មានថ្មីៗបំផុតជួយដល់ការវិនិច្ឆ័យជំងឺ និងព្យាបាលអ្នកជំងឺ។ រីឯក្នុងវិស័យជំនួញ ការងារមួយចំនួនធំតាមរោងចក្រឧស្សាហកម្មធំៗនៅលើពិភពលោក ដែលធ្លាប់តែពឹងទាំងស្រុងលើកម្លាំងពលកម្មរាងកាយរបស់មនុស្ស ពេលនេះក៏កំពុងតែត្រូវបានជំនួសជាបណ្ដើរៗដោយម៉ាស៊ីនទំនើប និងមនុស្សយន្ត។
ឥឡូវនេះ ភាពវៃឆ្លាតបែបសិប្បនិម្មិតកំពុងតែជំនួសភាពវៃឆ្លាតបែបធម្មជាតិលើការងារសំខាន់ៗជាច្រើនស្ទើរតែគ្រប់ផ្នែកនៅក្នុងជីវិតមនុស្សជាតិ។ ភាពវៃឆ្លាតបែបសិប្បនិម្មិតនៃបច្ចេកវិទ្យាទំនើបដែលត្រូវបានបង្កើតនិងគ្រប់គ្រងដោយមនុស្ស បើមនុស្សជាតិជាអ្នកបង្កើតរបស់ទាំងនេះ មិនមានការប្រុងប្រយ័ត្នទុកជាមុនទេនោះ នាពេលអនាគត វានឹងគ្រប់គ្រងទៅលើជីវិតមនុស្សវិញមិនខាន សោកនាដកម្មនឹងជាអ្វីដែលកើតបន្ទាប់។ ដោយសម្លឹងមើលពីអ្វីដែលកើតឡើងជាក់ស្ដែងអំពីគ្រោះថ្នាក់នៃភាពវៃឆ្លាតបែបសិប្បនិម្មិតនេះ ដូចជាឧទាហរណ៍នៃសង្គ្រាមគ្រឿងសព្វាវុធរបស់ប្រទេសអ៊ីរ៉ាក់នាឆ្នាំ២០០១ជាដើម។
គ្រោះមហន្តរាយដ៏សាហាវបំផុតសម្រាប់ជីវិតមនុស្សជាតិនឹងកើតមានឡើង នៅពេលបច្ចេកវិទ្យាម៉ាស៊ីនយន្តហោះរួមបញ្ចូលគ្នាជាមួយភាពវៃឆ្លាតបែបសិប្បនិម្មិតបង្កើតបានជាគ្រឿងសព្វាវុធស្វយ័ត (autonomous weapons)។
លទ្ធផលរបស់វាគឺដូចលោក Stuart Russell ជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅឯ University of California នៃទីក្រុង Berkeley បានពញ្ញាក់ស្មារតីមនុស្សលោកដូច្នេះថា ៖«មនុស្សនឹងប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីបង្កើតនូវគ្រឿងសព្វាវុធនុយក្លេអ៊ែរដ៏សាហាវដល់មនុស្សជាតិ។ វាជាដំណាក់កាលដែលមនុស្សជាតិប្រឆាំងនឹងធម្មជាតិនៃលោក ព្រោះថានៅពេលគ្រឿងសព្វាវុធចាប់ផ្ដើមបង្ហាញខ្លួន ការស្រាវជ្រាវនឹងចាប់ផ្ដើមធ្វើការវិវត្តដំណើរការណ៍របស់វា នៅពេលមានការវិវត្តន៍នោះវានឹងឈានដល់ការផលិត។» ។ តើវត្តមានរបស់ភាពវៃឆ្លាតបែបសិប្បនិម្មិតនេះ នឹងផ្លាស់ប្ដូរពិភពលោកទៅជាយ៉ាងណាខ្លះនាពេលអនាគត ?
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.learningenglish.voanews.com & www.observer.com