លោក Park Chung-hee មេដឹកនាំនៅពីក្រោយភាពរីកចម្រើនរបស់កូរ៉េខាងត្បូង
តើសាធារណរដ្ឋកូរ៉េខាងត្បូងអាចវិវត្តខ្លួនចេញពីពិភពដ៏ងងឹតប្រែក្លាយទៅជាទឹកដីមួយ ដែលមានសន្ទុះសេដ្ឋកិច្ចរីកចម្រើនជឿនលឿនដូចសព្វថ្ងៃនេះបានយ៉ាងដូចម្ដេច ក្រោយពីស្ថិតនៅក្រោមអាណានិគមជប៉ុន និងបន្តមកដោយសង្គ្រាមជាមួយបងប្អូនខ្លួនឯង គឺពួកកូរ៉េខាងជើង ?
រំលឹកទៅដល់ភាពរុងរឿងនៃការមានជីវិតរស់រានឡើងវិញរបស់កូរ៉េខាងត្បូង នៅពីក្រោយនេះគឺជាការដឹកនាំរបស់អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង លោក Park Chung Hee បើទោះបីជាទម្រង់នៃការដឹកនាំរបស់លោក ត្រូវបានគេចាត់ទុកថាជាការដឹកនាំបែបផ្ដាច់ការក៏ដោយ។ ឪពុករបស់ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន អ្នកស្រី Park Geun-hyeរូបនេះ កើតចេញពីត្រកូលគ្រួសារក្រីក្រនៅតាមទីជនបទក្នុងភូមិមួយស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េ។
កើតក្នុងឆ្នាំ១៩១៧ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យពីសាលាដ៏មានកេរ្តិ៍ឈ្មោះមួយ ( Taegu Normal School )ក្រោយពីធ្វើជាគ្រូបង្រៀននៅថ្នាក់បឋមសិក្សា។ ក្រោយពីគាត់បានចូលហ្វឹកហាត់ក្នុងសាលារបស់ទាហានជប៉ុនប៉ុណ្ណោះ ទើបគាត់បានក្លាយជាអនុសេនីយ៍ទោរបស់ទាហានជប៉ុនក្នុងសង្គ្រាមលោកលើកទី២ និងក្លាយជាមន្ត្រីរបស់ទាហានកូរ៉េក្រោយពេលប្រទេសជាតិខ្លួនរួចផុតពីការគ្រប់គ្រងរបស់ជប៉ុន។ អំឡុងសង្គ្រាមរបស់កូរ៉េដែលមានរយៈកាលចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ ១៩៥៣ គាត់ត្រូវបានតែងតាំងជាឧត្ដមសេនីយ៍ផ្កាយ១ក្នុងឆ្នាំ១៩៥៣ និងដំឡើងយសស័ក្ដិជាឧត្ដមសេនីយ៍នៅឆ្នាំ១៩៥៨។ រហូតដល់ឆ្នាំ១៩៦៣ លោកក៏បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិដំបូង និងបន្តគ្រប់គ្រងទឹកដីនេះរហូតដល់ដង្ហើមចុងក្រោយក្នុងឆ្នាំ១៩៧៩។
ការដឹកនាំរបស់លោកមានលក្ខណៈដូចទៅនឹងការដឹកនាំរបស់ពួកជប៉ុនដែលយកគំរូតាមមេដឹកនាំផ្ដាច់ការរបស់អតីតសហភាពសូវៀត ស្តាលីន ដែលសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិសេរីភាពផ្ទាល់ខ្លួនត្រូវបានបំបិទហាមឃាត់ទាំងស្រុង មិនមានគណបក្សប្រឆាំង ព្រមទាំងត្រួតត្រាទៅលើប្រព័ន្ធតុលាការ និងសាកលវិទ្យាល័យ។ យ៉ាងណាមិញ លក្ខណៈសេដ្ឋកិច្ចផែនការនៅក្រោមរបបរបស់Park Chung Hee បានផ្លាស់ប្ដូរប្រវត្តិសេដ្ឋកិច្ចរបស់ទឹកដីដែលមានប្រវត្តិដ៏ជូរចត់ពីអតីតកាលមួយនេះ ឲ្យមានភាពរីកចម្រើនយ៉ាងជឿនលឿនគួរឲ្យកត់សម្គាល់។ ដើម្បីធានានូវប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចរបស់លោក លោកបានចាប់ផ្ដើមអនុវត្តគោលដៅនេះជាមួយនឹងការចាប់ខ្លួនអ្នកជំនួញធំៗរបស់កូរ៉េខាងត្បូងចំនួន២៤រូប ដែលបានកេងប្រវ័ញ្ចយកប្រាក់ចំណេញពីការប្រព្រឹត្តអំពើពុករលួយ ហើយចុងក្រោយពួកគេទាំងនេះ ក៏សុខចិត្តបរិច្ចាគប្រាក់របស់ខ្លួន ដើម្បីគាំទ្រដល់កម្មវិធីរបស់អតីតប្រធានាធិបតីរូបនេះ ជាជាងបោះបង់ជំនួញរបស់ខ្លួនទាំងស្រុង។
ភ្នាក់ងារដ៏មានអំណាចចំនួន៣ក៏បានបង្កើតដើម្បីអមដំណើរគាំទ្រទៅដល់ប្រសិទ្ធភាពនៃកម្មវិធីនេះ មានដូចជា ក្រុមប្រឹក្សាភិបាលផែនការសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម និងក្រសួងហិរញ្ញវត្ថុ។ ក្រោយមកទៀត ភ្នាក់ងារដ៏មានអំណាចទី៤គឺជា ភ្នាក់ងារស៊ើបអង្កេតកណ្ដាលរបស់កូរ៉េ។ របបរបស់Park Chung Hee គឺជារបបនៃកំណើតឧស្សាហកម្មជឿនលឿនជាច្រើនរបស់កូរ៉េខាងត្បូង ដោយរាជរដ្ឋាភិបាលបានមើលការខុសត្រូវជាខ្លាំងទៅលើរាល់ក្រុមហ៊ុនឯកជនទាំងឡាយ។ របបមួយដែលប្រជាជនកូរ៉េខាងត្បូងនិងមនុស្សជុំវិញពិភពលោក ចាត់ទុកជាការដឹកនាំផ្ដាច់ការមួយនេះ បានបញ្ចប់ទៅដោយការធ្វើឃាត ពីមិត្តជំនិតរបស់ខ្លួន ដែលជាប្រធានរបស់ភ្នាក់ងារស៊ើបអង្កេតកណ្ដាលរបស់កូរ៉េ លោក Kim Jae-kyu ដោយសារការទាមទាររបស់ប្រធានាធិបតីរូបនេះ បង្ខំឲ្យឆាប់បញ្ចប់ការប្រឆាំងរបស់ប្រជាជនក្នុងតំបន់Cholla ក្រោយពេលលោកបានដកតំណែងអ្នកដឹកនាំបក្សប្រឆាំងដ៏ល្បីល្បាញម្នាក់ពីសន្និបាតថ្នាក់ជាតិ។
យ៉ាងណាមិញ ដើម្បីសងចំពោះទោសសម្លាប់ប្រធានាធិបតីនេះ លោក Kim Jae-kyu ក៏ត្រូវបានគេចាប់ខ្លួននិងយកទៅសម្លាប់។ ឯការធ្វើអត្តឃាតទៅលើអ្នកដឹកនាំកូរ៉េខាងត្បូងរូបនេះ ក៏បានក្លាយជាការដាស់តឿនរបស់អ្នកមានអំណាចខាងបច្ចេកវិទ្យាក្នុងជួររដ្ឋាភិបាល ចំពោះអ្នកបន្តវេនក្រោយទៀតសម្រាប់ការកែសម្រួលឡើងវិញនូវកម្មវិធីសេដ្ឋកិច្ចនេះ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.sjsu.edu & www.britannica.com