ចំណុចលេចធ្លោ៤យ៉ាងរបស់ប្រទេសបារាំង ដែលអ្នកគួរដឹង!
សាធារណរដ្ឋបារាំង ដែលជាប្រទេសមួយស្ថិតនៅប៉ែកខាងលិចនៃអឺរ៉ុប តែងតែជាទីកន្លែងដើរកម្សាន្តគោលដៅរបស់អ្នកធ្វើដំណើររាប់លាននាក់នៅជុំវិញពិភពលោក។ ប្រទេសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយមានទីកន្លែងចំណាស់និងវប្បធម៌អរិយធម៌បុរាណដ៏ល្បីៗជាច្រើនកន្លែង ប្រមូលផ្ដុំគ្នានៅប្រទេសបារាំង។ ទាំងភាពស៊ីវិល័យនិងបុរាណ គោលដៅតំបន់ទេសចរណ៍របស់ពិភពលោកមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៨៤.៥លាននាក់កាលពីឆ្នាំ២០១៥។ តើអ្វីខ្លះគឺជាភាពទាក់ទាញរបស់ទឹកដីដែលជាកម្មសិទ្ធិរបស់ប្រជាជនជិត៦៧លាននាក់ដែលគិតត្រឹមខែមករាឆ្នាំ២០១៧នេះ ?
១) សារមន្ទីរ៖ នៅតំបន់មួយដែលជាបេះដូងរបស់ពលរដ្ឋបារាំងនិងជារាជធានីរបស់ប្រទេសនេះផងដែរ ដែលត្រូវបានគេស្គាល់ថា ទីក្រុងប៉ារីស ប្រជុំគ្នាដោយសារមន្ទីរបុរាណៗជាច្រើន។ ដោយឡែក នៅទីនោះមានសារមន្ទីរមួយឈ្មោះថា Louvre Museum គឺជាសារមន្ទីរធំជាងគេបំផុតនៅក្នុងពិភពលោក និងជាបូជនីយដ្ឋានប្រវត្តិសាស្ត្រប្រចាំរាជធានីនេះនិងប្រទេសបារាំងទាំងមូលផងដែរ។ កាលពីឆ្នាំ២០១៤ សារមន្ទីរជាតិមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៍រហូតដល់មានលើសពី៩.២៦លាននាក់ ជាតួលេខច្រើនជាងគេបំផុតលំដាប់ទី២បន្ទាប់ពីសារមន្ទីរព្រះបរមរាជវាំងរបស់ចិន។
២) រថភ្លើង៖ រថភ្លើងTGV (train à grande vitesse) ប្រែមកថា "រថភ្លើងមានល្បឿនយ៉ាងលឿន" របស់ប្រទេសបារាំងធ្វើដំណើរលឿនជាងយន្តហោះទៅទៀត។ ប្រសិនបើអ្នកចង់ធ្វើដំណើរពីទីក្រុងប៉ារីសទៅកាន់សមុទ្រមេឌីទែរ៉ាណេនោះ រយៈពេល៣ម៉ោងក្រោយអ្នកនឹងទៅដល់ទីនោះជាពុំខានឡើយ។
៣) ភាពទន់ភ្លន់៖ នៅតាមហាងសម្រាប់ពួកអ្នកមាននៅប្រទេសបារាំង អ្នកនឹងទទួលបទពិសោធន៍ដ៏ជក់ចិត្តពីភាពរួសរាយទន់ភ្លន់របស់អ្នកបម្រើសេវាកម្មទទួលភ្ញៀវ ប្រសិនបើអ្នកយល់ពីរបៀបរបបរបស់ពួកគេ។ នៅពេលពួកគេជួបអ្នក ពួកគេនឹងលើកចិញ្ចើមម្ខាង រួចនិយាយមកកាន់អ្នកថា "Monsieur" ប្រែថា "លោក" ឬ "Madame" ប្រែថា "លោកស្រី" ដែលបង្ហាញពីការផ្ដល់ការគោរពចំពោះវត្តមានអ្នកនៅទីនេះ។ អ្នកគួរឆ្លើយតបទៅវិញដោយនិយាយថា "bonjour!" ដែលមិនត្រឹមតែមានន័យថាសួស្ដីប៉ុណ្ណោះទេ តែវាមានអត្ថន័យថា "ចាសឬបាទ ខ្ញុំនៅទីនេះ ហើយខ្ញុំគោរពអ្នកដែលបានរួសរាយទន់ភ្លន់មកកាន់ខ្ញុំ ដូច្នេះអ្នកគួរតែផ្ដល់ការគោរពមកកាន់ខ្ញុំវិញ"។
៤) សកលភាវូបនីយកម្ម៖ រាប់តាំងពីចរន្តអគ្គិសនី ប្រព័ន្ធមធ្យោបាយធ្វើដំណើររបស់អ្នក ព្រមទាំងបង្គន់សាធារណៈប្រើប្រាស់នៅក្នុងទីក្រុងរបស់អ្នកទៀតនោះ សុទ្ធតែមានប្រភពចេញមកពីទឹកដីដ៏អស្ចារ្យមួយនេះទាំងអស់។ ពួកគេមានគោលនយោបាយដ៏ល្អបំផុតមួយទៅលើសកលភាវូបនីយកម្ម គឺថាពួកគេនឹងរអ៊ូរទាំពីការជ្រៀតជ្រែករបស់ពួកបរទេសទៅលើសេដ្ឋកិច្ចរបស់ពួកគេ ស្របពេលដែលម្នាក់ៗមិនចាប់អារម្មណ៍ទេថាផលិតផលរបស់បារាំងកំពុងវាយលុកយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ពិភពលោកដោយស្ងាត់ៗ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ edition.cnn.com & en.wikipedia.org & gouvernement.fr