គន្លឹះ​សំខាន់ៗ ​​​ក្នុង​ការ​​ចងចាំ​ចំណុច​សំខាន់ៗ​ដែល​អ្នក​​បាន​អាន​



មនុស្សភាគច្រើនតែងតែជួបនូវបញ្ហាមិនសូវចងចាំល្អរាល់ចំណុចសំខាន់ៗ នៅពេលអានសៀវភៅ អ៊ីចឹងហើយដល់មុខបែរជាភ្លេចក្រោយ។ វាជាហេតុផលមួយ តែប្រសិនបើអ្នកគិតឲ្យបានដិតដល់ជាងនេះបន្តិច វាប្រហែលជាអាចទាក់ទងជាមួយនឹងយុទ្ធសាស្ត្រក្នុងការអានសៀវភៅរបស់អ្នកច្រើនជាង។ យ៉ាងណាមិញ ខាងក្រោមនេះសុទ្ធតែគន្លឹះដ៏មានប្រយោជន៍សម្រាប់អ្នកក្នុងការយកទៅអនុវត្ត៖

១) មានគោលបំណង៖ វិធីក្នុងការអានសៀវភៅមានច្រើនបែបច្រើនសណ្ឋានណាស់ តែកំហុសដែលមនុស្សជាច្រើនធ្វើឡើងដោយមិនដឹងខ្លួននោះគឺការអានដោយគ្មានគោលដៅច្បាស់លាស់។ ប្រសិនបើអ្នកបានកំណត់គោលដៅច្បាស់លាស់មួយ នោះអ្នកនឹងដឹងថាខ្លួនឯងកំពុងតែអានពីអ្វី ហើយព្យាយាមស្វែងរកអ្វី មិនមែនចេះតែអានទាំងងងឹតងងុលនោះទេ។

២) សង្ខេបតាមអ្វីដែលខ្លួនយល់៖ នេះចាត់ទុកថាជាវិធីសាស្ត្រដ៏ល្អមួយព្រោះថាអ្នកនឹងមិនចាំបាច់ចំណាយពេលមកអានវាម្ដងទៀតនោះទេ​នៅពេលដែលចាំបាច់។ រីឯការសង្ខេបនេះទៀតសោតនឹងជួយឲ្យអ្នកប្រមួលបាននូវគំនិតសំខាន់ៗពីអ្វីដែលអ្នកទើបនឹងបានអាន ដែលធ្វើឲ្យខួរក្បាលរបស់អ្នកបានឆ្លងកាត់ពត៌មាននោះជាច្រើនលើកជាច្រើនសារ។

៣) ស្វែងយល់ពីចំណុចដែលអ្នកមិនយល់៖ សូមអ្នកកុំចេះតែអានឲ្យមានឈ្មោះថាបានអាន ហើយអ្នកក៏មិនគួរយល់ស្របជាមួយនឹងគំនិតរបស់អ្នកនិពន្ធទាំងស្រុងនោះដែរ។ អ្នកគួរតែអានដោយមានសតិគ្រប់គ្រាន់ក្នុងការពិចារណា មិនមែនអានឲ្យឆាប់ចប់នោះទេ។ ចំពោះចំណុចដែលអ្នកមិនសូវយល់ អ្នកអាចស្វែងរកក៏ដូចជាស្រាវជ្រាវនូវពត៌មានផ្សេងៗតាមដែលអាចធ្វើទៅបាន ព្រោះថាសម័យនេះវាមិនមែនជាបញ្ហាចោទអ្វីនោះទេ ប្រសិនបើអ្នកពេញចិត្តនឹងស្រាវជ្រាវមែន។

៤) ប្រៀបធៀបពត៌មានដែលអ្នកទទួលបានទៅនឹងជីវិតរបស់អ្នក៖ ការធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យអាចមានឱកាសចាំបានយូរនោះទេ វាក៏នឹងជួយឲ្យជីវិតរបស់អ្នកមានភាពប្រសើរឡើងផងដែរ ព្រោះការដែលចង់ចងចាំពត៌មានដែលអ្នកទទួលបាននៅមិនទាន់សំខាន់ស្មើនឹងការយកវាមកអនុវត្តផ្ទាល់នៅក្នុងជីវិតប្រចាំថ្ងៃនោះឡើយ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s