​អ្វីខ្លះ​ដែល​អ្នក​គួរ​ដឹង​ពី​​ លោក Benjamin Franklin ​បិតា​ស្ថាបនិក​របស់​អាមេរិក?​



បុរស​ដ៏​ជាទី​គោរព​ស្រឡាញ់​មួយ​រូប​ដែល​ត្រូវ​បាន​ប្រជាជាតិ​របស់​អាមេរិក​ជំពាក់​គុណ​ដ៏​ធំធេង​លើសលប់​របស់​លោក​អស់​មួយ​ជីវិត​ពួកគេ​នោះ​គឺ បិតា​ស្ថាបនិក​អាមេរិក Benjamin Franklin។ នា​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ១៧៧៦ ជា​ថ្ងៃ​ដែល​ប្រជាជន​អាមេរិក​ទាំងមូល​មិន​អាច​បំភ្លេច​បាន គឺជា​ថ្ងៃ​ដែល​ពិភពលោក​ទទួល​ស្គាល់​នូវ​ឯករាជ្យ​របស់​សហរដ្ឋអាមេរិក​រួច​ផុត​ពី​អាណានិគម​របស់​ចក្រភពអង់គ្លេស ហើយ​នេះ​អាច​កើត​មាន​ឡើង​ក៏​ដោយសារ​ការ​រួម​ចំណែក​របស់​លោក Benjamin Franklin​នោះ​ឯង។

តើ Benjamin Franklin ជា​នរណា ? កើត​នៅ​ថ្ងៃ​ទី១៧មករា ឆ្នាំ១៧០៦ នៅ​ក្នុង​ទីក្រុង Bostonនៃ​សហរដ្ឋអាមេរិក លោក​គឺជា​កូន​ប្រុស​ទី១០​របស់​គ្រួសារ​ដែល​មាន​ឪពុក​ជា​អ្នក​ផលិត​សាប៊ូ​ម្នាក់។ ស្នាដៃ​ដ៏​មាន​អត្ថន័យ​ខ្ពង់ខ្ពស់​ដក់​នូវ​ជាប់​ក្រអៅ​បេះដូង​របស់​ប្រជាជាតិ​អាមេរិក​គ្រប់​រូប​និង​គ្រប់​ជំនាន់ ស័ក្ដិសម​នឹង​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​នៃ​ការ​សិក្សា​បាន​ជ្រៅជ្រះ​របស់​លោក យ៉ាងណាមិញ ជីវភាព​គ្រួសារ​បង្ខំ​ឲ្យ​លោក​ត្រូវ​ទទួល​យក​ការ​អប់រំ​ក្នុង​សាលា​បាន​ត្រឹម​ពីរ​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំណេះដឹង​ជ្រៅជ្រះ​របស់​កុមារ​ដ៏​តស៊ូ​មួយ​នេះ​ក៏​មិន​បាន​បញ្ចប់​ត្រឹម​នេះ​ដែរ។ ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ការ​អាន​របស់​លោក នាំ​ឲ្យ​ឪពុក​បញ្ជូន​លោក​ឲ្យ​នៅ​ជាមួយ​បងប្រុស​របស់​ខ្លួន ផ្ដល់​ឱកាស​ដល់Benjamin​ក្លាយ​ជា​អ្នក​ហាត់​ការ​បោះពុម្ព​ផ្សាយ​អត្ថបទ​ម្នាក់​នៅ​អាយុ​១២ឆ្នាំ។

គាត់​ជួយ​បងប្រុស​តាក់តែង​និពន្ធ​នូវ​អត្ថបទ​និង​ដើរ​លក់​វា​នៅ​តាម​ផ្លូវ រហូត​មាន​ពេល​មួយ​លោក​មាន​បំណង​ចង់​សរសេរ​អត្ថបទ​របស់​ខ្លួន ហើយ​ក៏​បាន​សម្រេច​នៅ​ក្រោម​ឈ្មោះ​អ្នក​និពន្ធ​ក្លែងក្លាយ​ក៏​ព្រោះ​តែ​ដឹង​ថា​បងប្រុស​របស់​លោក​នឹង​បដិសេធ​ចំពោះ​ការ​និពន្ធ​អត្ថបទ​របស់​លោក។ អត្ថបទ​របស់​លោក​មាន​លក្ខណៈ​ជា​ការ​ផ្ដល់​ដំបូន្មាន វិភាគ​រិះគន់​ពី​ពិភពលោក​ជុំវិញ​គាត់ និង​ផ្ដោត​សំខាន់​ជាពិសេស​ទៅលើ​ការ​ប្រព្រឹត្ត​ទៅលើ​ស្ត្រី​នា​ពេល​នោះ។ នៅ​ពេល​អត្ថបទ​ចំនួន​១៦​បាន​លួច​ចេញ​ផ្សាយ​ហើយ ព្រម​ជាមួយ​នឹង​ការ​ពេញចិត្ត​និង​ភាព​ល្បីល្បាញ​របស់​អត្ថបទ​ទាំងនេះ​ពី​មហាជន លោក​ក៏​សម្រេច​ចិត្ត​ប្រាប់​ការ​ពិត​ទៅ​បងប្រុស​ហើយ​ក៏​ទទួល​រង​ការ​ប្រព្រឹត្ត​ដ៏​មិន​គប្បី​ចេញ​ពី​ចិត្ត​ច្រណែន​របស់​បងប្រុស​ចំពោះ​លោក។ ដោយ​មិន​អាច​ទ្រាំ​តទៅ​ទៀត​បាន លោក​ក៏​ចាកចេញ​ផ្លាស់ប្ដូរ​ទៅ​រស់នៅ​ទីក្រុង Philadelphia​វិញ​រហូត​ដល់​ដង្ហើម​ចុងក្រោយ​របស់​គាត់។

សមត្ថភាព​ដ៏​ប៉ិនប្រសប់ រួម​ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក បាន​នាំ​ភាព​ជោគជ័យ​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក​នៅ​ក្នុង​មុខ​ជំនួញ​ជា​អ្នក​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ជីវិត​សារ​ជា​ថ្មី​របស់​លោក​ម្ដង​ទៀត​នៅ​ទីនេះ ព្រម​ទាំង​បាន​រៀបការ​ជាមួយ​Deborah Read ដែល​ជា​នារី​ដែល​គាត់​ជួប​នៅ​ពេល​ការ​មក​ដល់​នៅ​ទីនេះ​ដំបូង​បំផុត និង​បន្ត​បន្ទាប់​មក​ដោយ​ធ្វើ​ជា​ម្ចាស់​លើ​មុខ​ជំនួញ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ពេល​តែមួយ​ផង​ដែរ។ ការ​រួម​ចំណែក​ដ៏​សំខាន់ៗ​បំផុត​របស់​លោក​ចំពោះ​ប្រជាជាតិ​អាមេរិក​បាន​ចាប់ផ្ដើម​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ១៧៣០​និង​ទសវត្ស​ឆ្នាំ១៧៤០។ នៅ​ឆ្នាំ១៧៣១ លេច​ឡើង​នូវ​ក្រុមហ៊ុន​បណ្ណាល័យ (The Library Company) ក្នុង​គោល​បំណង​ឲ្យ​អ្នក​អាន​សៀវភៅ​មាន​លទ្ធភាព​អាច​ទិញ​សៀវភៅ​ក្នុង​តម្លៃ​ទាប​ជាង​មុន ស្រប​ពេល​ភាព​លំបាក​និង​តម្លៃ​ដ៏​ថ្លៃ​របស់​សៀវភៅ​នា​ពេល​នោះ។

បន្ត​មក​ដោយ​ឆ្នាំ១៧៤៣ លោក​បាន​បង្កើត​នូវ​សង្គម​ទស្សនវិជ្ជា​របស់​អាមេរិក (American Philosophical Society) ជា​សង្គម​ដែល​ផ្ដល់​ការ​អប់រំ​ដំបូង​បង្អស់​របស់​អាមេរិក និង​មន្ទីរពេទ្យPennsylvania ក្នុង​ឆ្នាំ១៧៥១។ ម្យ៉ាងទៀត ស្នាដៃ​រួម​ចំណែក​ដល់​ប្រយោជន៍​សង្គម​ទាំង៣នេះ​ក៏​នៅ​តែ​មាន​អត្ថិភាព​មក​ទល់​បច្ចុប្បន្ន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដដែល។ មិនតែប៉ុណ្ណោះ ដោយ​បាន​មើល​ឃើញ​ពី​គ្រោះថ្នាក់​នៃ​អគ្គីភ័យ​ទៅលើ​ប្រជាជនPhiladelphia លោក​ក៏​បាន​បង្កើត​ក្រុមហ៊ុន​អគ្គីភ័យ​របស់​សហគមន៍Philadelphia (Philadelphia's Union Fire Company) នៅ​ឆ្នាំ១៧៣៦។ ទឹកចិត្ត​គិតគូរ​បារម្ភ​ពី​សុខទុក្ខ​និង​ការ​លំបាក​របស់​ប្រជាជន នាំ​លោក​ឲ្យ​មើល​ឃើញ​ហួស​ទៅដល់​ការ​រង​ទុក្ខ​វេទនា​ពី​វិបត្តិ​សេដ្ឋកិច្ច​នៅ​ពេល​ជួប​នឹង​គ្រោះ​អគ្គីភ័យ លោក​ក៏​បាន​បង្កើត​ការ​រួម​ចំណែក​របស់Philadelphia​សម្រាប់​ការ​ធានា​រ៉ាប់រង​ទប់ទល់​នឹង​ការ​ខូចខាត​ដោយ​អគ្គីភ័យ(Philadelphia Contribution for Insurance Against Loss by Fire) នៅ​ឆ្នាំ១៧៥២​ផង​ដែរ។

បិតា​ស្ថាបនិក​អាមេរិក​ថែម​ទាំង​បាន​បង្កើត​ស្នាដៃ​ច្នៃប្រឌិត​ដ៏​ល្បី​រន្ទឺ​របស់​លោក​មាន​ដូចជា អក្ខរក្រម​បន្លឺ​សំឡេង (phonetic alphabet) កែវ​យឹត ព្រុយ​ត្រី​សម្រាប់​ហែល​ទឹក ឧបករណ៍​តន្ត្រីglass amonica និង​ឡ​ផ្ដល់​កម្ដៅ​ដល់​ផ្ទះ។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​សមិទ្ធផល​របស់​លោក គឺជា​ការ​ចូលរួម​សរសេរ​សេចក្ដី​ប្រកាស​ទាមទារ​ឯករាជ្យ​របស់​សហរដ្ឋអាមេរិក គឺ​ជា​អ្វី​ដែល​ប្រជាជន​អាមេរិក​មិន​ភ្លេច​នូវ​គុណ​បំណាច់​ដ៏​ធំធេង​មួយ​នេះ មុន​ការ​ស្លាប់​របស់​លោក​នៅ​ថ្ងៃ​ទី១៧​មេសា ឆ្នាំ១៧៩០ ហើយ​ផ្ដល់​ប្រសិទ្ធិនាម​ដល់​លោក​ថា​ជា "មនុស្ស​ប្រកប​ដោយ​ភាព​ចុះ​សម្រុង​ម្នាក់​របស់​មហាជន"

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ history.com & ushistory.org

X
5s